មាឃបូជាជាបុណ្យដ៏ធំមួយក្នុងចំណោមបុណ្យសាសនាដទៃទៀត ដែលបណ្តាប្រទេសក្នុងពិភពលោកអ្នកកាន់ព្រះពុទ្ធសាសនាតែងប្រារព្ធធ្វើមិនដែលខាននៅពេលដល់ថ្ងៃពេញបូណ៌មីខែមាឃចូលមកដល់ម្តងៗ ។
នៅថ្ងៃនេះពុទ្ធមាមកជនបានមកប្រជុំគ្នារៀបចំគ្រឿងសក្ការបូជាទាំងឡាយមានចង្ហាន់ ទៀន ធូប និងផ្កាភ្ញីជាដើមយកទៅបូជានៅតាមទីវត្តអារាមដោយសេចក្តីគោរព ។ ពុទ្ធបរិស័ទតែងតែប្រារព្ធពិធីបុណ្យមាឃបូជានេះនៅថ្ងៃពេញបូណ៌មី (១៥កើត) ខែមាឃ ដើម្បីរំលឹកដល់ព្រះសម្ពុទ្ធដែលទ្រង់ដាក់អាយុសង្ខារនៅចំពោះមុខមារថា ម្នាលមារមានចិត្តបាបគិតពីថ្ងៃនេះទៅនៅខ្វះតែ៣ខែទៀតទេ តថាគតនឹងបំបែកធាតុរំលត់ខន្ធចូលកាន់ព្រះនិព្វានហើយ ។ លុះព្រះមានព្រះភាគទ្រង់ដាក់អាយុសង្ខារដូច្នេះហើយក៏មានការកក្រើករំពើកញាប់ញ័រផែនដីគួរឱ្យភ្លូកភ្លឹកព្រឺព្រួចទាំងមានផ្គរលាន់ឮផ្អើលអស់មនុស្សទេវតា ។ ពួកសាវ័កទាំងឡាយមានព្រះអានន្ទជាដើមក៏កើតក្តីសង្វេគសោយទុក្ខក្តុកក្តួលស្តាយស្រណោះគ្រប់ៗអាត្មា ។
ក្នុងថ្ងៃនេះដែរក៏ពុទ្ធបរិស័ទរំលឹកដល់កាលដែលព្រះអង្គទ្រង់ធ្វើចតុរង្គសន្និបាត ដែលមានភិក្ខុសង្ឃចំនួន១២៥០អង្គសុទ្ធតែជាព្រះអរហន្តខីណាស្រពមកប្រជុំគ្នាក្នុងសំណាក់ព្រះបរមសាស្តាឯវត្តវេឡុវ័ន ដែលការនិមន្តមកប្រជុំរបស់ព្រះអរហន្តទាំងអម្បាលនោះអត់បានកំណត់ពេលគ្នាជាមុនសោះ ក៏ស្រាប់តែមកប្រជុំគ្នាក្នុងសំណាក់ព្រះបរមសាស្តាដោយឯងៗ ។ ការប្រជុំបែបនេះក្នុងពុទ្ធសម័យគ្រប់ព្រះអង្គគឺមានតែម្តងគត់ដែលហៅថា ចតុរង្គសន្និបាត គឺការប្រជុំប្រកបដោយអង្គបួន ហើយព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងឱវាទបាតិមោក្ខក្នុងទីប្រជុំនៃភិក្ខុសង្ឃទាំងឡាយនោះ ដើម្បីជាប្រយោជន៍ចម្រើនរុងរឿងដល់ព្រះពុទ្ធសាសនា ។
ហេតុដូច្នេះហើយទើបពិធីនេះបានជាទីនិយមរាប់អានរបស់អ្នកប្រាជ្ញថាជាមហាមង្គលអស្ចារ្យ និងជាមហាសិរីសួស្តីដ៏ប្រសើរក្រៃលែងកាលបើដល់ថ្ងៃពេញបូណ៌មីខែមាឃដែលជាថ្ងៃប្រកបដោយអភិលក្ខិតកាលសប្បុរសអ្នកកាន់ព្រះពុទ្ធសាសនាក៏មកប្រជុំគ្នាចាត់ចែងគ្រឿងសក្ការៈដ៏ផ្ចិតផ្ចង់យកទៅបូជាដល់ព្រះពុទ្ធរូបក្នុងវត្តអារាមជាប់ជាបវេណីតមករហូតដល់សព្វថ្ងៃនេះ ៕ សាន សារិន
ចែករំលែកព័តមាននេះ