CMA ស្នើ​អោយ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្នក​ផ្សព្វផ្សាយ​អោយ​ខ្ចីប្រាក់​តាម​ទូរស័ព្ទ​និង​បិទ​ប្រកាស


រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​អាជីវកម្ម​ថ្មី​មួយ​ដែល​គេ​មិនដឹង​ស្របច្បាប់ ឬ​ខុសច្បាប់​នៅឡើយ ពោល​គឺ​ការ​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ជា​ភាសា​អង់គ្លេស​ផង​និង​ភាសា​ខ្មែរ​ផង ឬ​ក៏​ជា​រូបភាព​នាមប័ណ្ណ ឬ​ក៏​ជា​ក្រដាស​បិទ​ប្រកាស​តាម​ដើមឈើ បង្គោល​ភ្លើង ឬ​បិទ​តាម​របង​ផ្ទះ​ជាដើម ដោយ​បញ្ជាក់​ប្រាប់​ពី​ការ​ផ្ដល់​ប្រាក់​កម្ចី​ទៅ​ដល់​ពលរដ្ឋ​ដែល​កំពុង​ត្រូវការ​ប្រាក់​ដោះស្រាយ​បន្ទាន់ តែ​មិនដឹង​ប្រភព​ក្រុមហ៊ុន​ណា​ស្ថាប័ន​ណា​ច្បាស់លាស់ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ (CMA) លោក គា បូរាណ បាន​ស្នើ​អោយ​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ចំពោះ​ករណី​នេះ ។

លោក​គា បូរាណ បាន​មាន​ប្រសាសន៍​ថា ចំពោះ​ក្រុម​ដែល​ផ្ញើ​សារ​អោយ​ប្រើប្រាស់​ប្រាក់​កម្ចី​របស់​ពួក​គេ​តាម​រយៈ​ទូរស័ព្ទ និង​បិទ​ប្រកាស​តាម​ទីកន្លែង​សាធារណៈ សមាគម​ក៏​បាន​ទទួល​ព័ត៌មាន​នេះ​ដែរ​ហើយ​ក៏​បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន​ទាំងនោះ​វិញ ដើម្បី​ស៊ើប​ប្រភព​ក្រុមហ៊ុន​ណា​មកពីណា តែ​មិន​អាច​ទាក់ទង​បាន​ទេ ព្រោះ​តាម​លេខ​ទូរស័ព្ទ​នោះ​មិន​អាច​ទាក់ទង​បាន ដូច្នេះ​អ្វី​ដែល​សមាគម​បារម្ភ​នោះ គឺ​ខ្លាច​ពលរដ្ឋ​ចាញ់បោក​ក្រុម​នោះ​ដោយ​អោយ​ផ្ញើ​ប្រាក់​អោយ​គេ​សិន ដើម្បី​ទទួល​បាន​កម្ចី​កម្រិត​ណាមួយ​នោះ ។ ​លោក​បាន​បន្ត​ថា បច្ចុប្បន្ន​នេះ​សមាគម​បាន​ធ្វើ​កិច្ចការ​នេះ​ជា​ប្រចាំ​ដែរ ដើម្បី​កំណត់​អត្តសញ្ញាណ​ក្រុម​នោះ​អោយ​បាន​ច្បាស់លាស់ ហើយ​នៅ​ពេល​ដែល​សមាគម​បាន​កំណត់​អត្តសញ្ញាណ​បាន​ច្បាស់លាស់ នឹង​ធ្វើ​របាយការណ៍​ទៅ​កាន់​ធនាគារជាតិ​ដើម្បី​ចាត់ការ​ក្រុម​នោះ​អោយ​បាន​ទាន់​ពេលវេលា ប៉ុន្តែ​ពេល​ខ្លះ​មិន​អាច​កំណត់​ក្រុម​នេះ​បាន​នោះ​ទេ ដោយសារ​តែ​ឃើញ​តែ​បិទ​តាម​ផ្លូវ ឬ​ផ្ញើ​សារ​តាមតែ​ទូរ​សព្ទ ។

លោក គា បូរាណ បាន​ពោល​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ក្រុម​នេះ​អាច​ជា​ជន​បោកប​ញ្ឆោ​ទ​ដោយ​ប្រកាស​អោយ​ពលរដ្ឋ​ខ្ចីប្រាក់ ក៏​ប៉ុន្តែ​ត្រូវ​ដោះ​ដូរ​នឹង​អ្វីមួយ​សិន​មុន​នឹង​អោយ​លុយ​មក​ពលរដ្ឋ ដូច​ជា​ត្រូវ​ផ្ញើ​តាម​ក្រុមហ៊ុន​នេះ ក្រុមហ៊ុន​នោះ ដើម្បី​យក​លុយ​នោះ​មក​រត់​ការងារ​ផ្សេង សម្រាប់​ដាក់​ដំណើរ​ទៅ​កាន់​ក្រុមហ៊ុន​យក​ឥណទាន​មក​ប្រើប្រាស់​ជាដើម ។ ទាំងនេះ​ហើយ​ដែល​ពលរដ្ឋ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់ » ។ លោក​បាន​បន្ថែម​ថា សព្វ​ថ្ងៃនេះ ធនាគារជាតិ​នៃ​កម្ពុជា បាន​ជំរុញ​ការ​អនុវត្ត​ច្បាប់​អោយ​មាន​ប្រសិទ្ធភាព​កាន់តែ​ខ្លាំង​ដោយ​ក្នុង​នោះ គឹ​ឃើញ​ថា​គ្រឹះស្ថាន​ផ្ដល់​ឥណទាន​តូច​ៗ​និង​មិន​មានច្បាប់​ទំលាប់​ត្រឹមត្រូវ​បាន​កាត់​បន្ថយ​មួយ​ចំនួន​ធំ និង​បន្ត​ធ្វើ​កិច្ចការ​នេះ​បន្ថែម​ទៀត ហើយ​ក៏​សូម​អោយ​ពលរដ្ឋ​គួរ​រក​ស្ថាប័ន​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​ណា​ដែល​មានច្បាប់​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ដើម្បី​យក​កម្ចី​ទៅ​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព និង​មានការ​រីក​ចម្រើន​ទាំងអស់​គ្នា ព្រោះ​ស្ថាប័ន​ខ្លះ​មុន​នឹង​ផ្ដល់​ឥណទាន​ទៅ​អតិថិជន​របស់​គេ ក៏​បាន​សួរនាំ និង​ផ្ដល់​យោបល់​មួយ​ចំនួន​ផង​ដែរ ដើម្បី អោយ​ប្រើប្រាស់​ឥណទាន​ប្រកបដោយ​ភាព​ឆ្លា​តេ​វៃ​និង​រីក​ចម្រើន​ទាំងអស់​គ្នា ដោយ​មិន​ចង់​ឃើញ អតិថិជន​មាន​ផល​ពិបាក​ដោយ​ការ​ប្រើប្រាស់​ឥណទាន​មិន​ចំ​គោលដៅ​ឡើយ ។

​អ្នក​នាង រុន ណា​រ៉ា​ន់ ដែល​ជា​ប្រជាពលរដ្ឋ​មួយ​រូប​នៅ​ក្រុងភ្នំពេញ​បាន​ឲ្យ​ដឹង​ថា រូប​អ្នក​នាង​ផ្ទាល់​គឺ​ឧស្សាហ៍​បាន​ជួប​ករណី​ដែល​មាន​មនុស្ស​យក​នាមប័ណ្ណ ដែល​មិន​មានឈ្មោះ​ក្រុមហ៊ុន​ត្រឹមត្រូវ​នោះ​ទេ គឺ​មាន​តែ​លេខ​ទូរស័ព្ទ ដោយ​ភ្ជាប់​នូវ​ព័ត៌មាន​ថា​ទំហំ​ទឹកប្រាក់​ដែល​អាច​ខ្ចី​មាន​កម្រិត​ប៉ុន្មាន ជា​ពិសេស​គឺ​មាន​ទាំង​រូប​ឡាន ម៉ូតូ ផ្ទះ​និង​នាឡិកា​ជាដើម​សម្រាប់​ឲ្យ​យើង​បានឃើញ​ថា​អាច​ខ្ចី​លុយ​យក​ទៅ​ទិញ​វត្ថុ​ទាំងនោះ ។

​អ្នក​នាង​បាន​បន្ត​ថា «​ជា​ញឹក​ញ៉ាប់​ពេល​ណា​ខ្ញុំ​ថត​រថយន្ត​នៅ​ភោជនីយដ្ឋាន ឬ​ក៏​នៅ​ម្តុំ​មន្ទីរពេទ្យ ឬ​ទីផ្សារ​អី គឺ​តែង​ឃើញ​មាន​គេ​ស៊ក នាមប័ណ្ណ​នៅ​នឹង​ទ្វារ​ឡាន ដែល​នាមប័ណ្ណ​នោះ​បាន​ណែនាំ​នូវ​ការ​ខ្ចីប្រាក់ និង​មាន​អ្នក​លេខ​ទូរស័ព្ទ​។ ខ្ញុំ​គិត​ថា​អាជ្ញាធរ​ពាក់ព័ន្ធ​រឿង​នេះ​គួរ​ចាត់វិធានការ​ណ៍​ឲ្យ​បាន​លឿន ការពារ​កុំ​ឲ្យ​មាន​ពលរដ្ឋ​ខ្មែរ​យើង​ត្រូវ​ចាញ់បោក​គេ​រឿង​ការ​ផ្តល់​កម្ចី​ពី​ប្រភព ឬ​ស្ថាប័ន​មិន​ច្បាស់លាស់​» ។ ​អ្នក​នាង​បាន​បន្ថែម​ទៀត​ថា «​នៅ​ក្នុង​នាមប័ណ្ណ​នោះ​ទៀត​សោត គឺ​អះអាង​ផ្តល់​នូវ​កម្រៃជើងសារ​ដល់​អ្នក​ណា​ម្នាក់​ដែល​ណែនាំ​អតិថិជន​ឲ្យ​ទៅ​ខ្ចី​លុយ​ពី​ក្រុម​របស់​គេ​ទៀតផង ។ ខ្ញុំ​គិត​ថា​វា​ពិតជា​គ្រោះថ្នាក់​ណាស់ វា​អាច​លើកទឹកចិត្ត​អ្នក​ណា​ម្នាក់​ឲ្យ​ទៅ​លួង​លោ​មិត្ត​ភ័ក្ត្រ ឬ​សាច់ញាតិ​ដែល​ត្រូវការ​លុយ​ដោះ​ទ័ល ឲ្យ​ទៅ​ខ្ចីប្រាក់​ពី​ក្រុម​នេះ ដើម្បី​ជា​ថ្នូរ​នឹង​ការ​បាន​លុយ​ទឹកតែ ឬ​លុយ​កំរៃជើងសារ​នោះ​តែ​ម្តង​» ។

យោង​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា បាន​បង្ហាញ​អោយ​ដឹង​ថា ប​ច្ចប្ប​ន្ន​នេះ អ្នក​ខ្ចីប្រាក់​នៅ ក្នុង​ប្រព័ន្ធ​ធនាគារ​ទាំងមូល​ក្នុង​ប្រទេស​កម្ពុជា មាន​ជាង​៣​លាន​នាក់​នាក់ ក្នុង​នោះ​ជាង​២​លាន​នាក់​ឬ​២​លាន​គណនី​ត្រូវ​បាន​ផ្ដល់​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ជាង​១​លាន​នាក់ ឬ​គណនី​ទៀត​ផ្ដល់​ដោយ​ធនាគារ ដោយ​មាន​ទឹកប្រាក់​សរុប​ប្រមាណ ១១៧​ទ្រី​លាន​រៀល ឬ​ប្រមាណ​២៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ក្នុង​នោះ​ដែរ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​ផ្ដល់​ឥណទាន​ប្រមាណ​៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ទៅ​អតិថិជន ។ ដោយឡែក សម្រាប់​ប្រាក់​បញ្ញើ​សន្សំ​ក្នុង​ប្រព័ន្ធ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ មាន​ប្រមាណ​៧,៥​លាន​គណនី គិត​ជា​ទឹកប្រាក់​មាន​ប្រមាណ​១២៤​ទ្រី​លាន​រៀល​ឬ​ស្មើនឹង​ប្រមាណ ៣១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ៕ កែសម្រួលដោយ ៖សុឃាក់

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ