ពុទ្ធ ឆាយ​រិ​ទ្ធី និង​សេក គឹ​ម​រួន ប្រកាស​បំបាក់​ថៃ​ព្រម​គ្នា​លើ​សង្វៀន​អា​សុ​ី​អាគ្នេយ៍


រាជធានី​ភ្នំពេញ ៖ មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​កាលពី​ថ្ងៃ​សៅរ៍ នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី​៩ កុម្ភៈ ​២០២០​​នេះ សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក៏​មានការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​រវាង​កីឡា​ករ​កម្ពុជា និង​ថៃ​សរុប​ចំនួន​៤​រូប​ប៉ះ​គ្នា​ផង​ដែរ ។ កីឡាករ​កម្ពុជា​២​រូប​គឺ ពុទ្ធ ឆាយ​រិ​ទ្ធី និង​សេក គឹ​ម​​រួន បាន​ប្រកាស​បំបាក់​កីឡាករ​ថៃ​ព្រម​គ្នា​ធ្វើ​ឱ្យ មហាជន​ផ្ដោត​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយ សារ​តែ​កីឡាករ​កម្ពុជា និង​បរទេស​សុទ្ធតែ​ជា​ជើង​ខ្លាំង​នៅ​ក្នុង​ពិភព​ប្រដាល់​មិន​ខុស​គ្នា​។

លោក​ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា​២​រូប​ដែល​មានឈ្មោះ​ឡើង​ប្រកួត​មិត្តភាព​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​នោះ ពុទ្ធ ឆាយ​រិ​ទ្ធី គឺជា​កីឡាករ​ជើង​ខ្លាំង​ម្នាក់​ដែល​លោក​រំពឹង​ខ្ពស់ ដោយសារ​តែ​គេ​ទើប​ផ្ដួល​កីឡាករ​ជើង​ខ្លាំង​ថៃ​មួយ​ចំនួន​រួច​មក​ហើយ ។ បើ​ទោះជា​គេ​ត្រូវ​ប្រឈម​នឹង​កីឡាករ​ថៃ​ល្អ​សម្រាប់​ការ​ប្រកួត​លើក​នេះ តែ​ម្នាក់​ៗ​នៅ​តែ​មាន​ទំនុកចិត្ត​ចំពោះ​សមត្ថភាព​របស់​កីឡាករ​កម្ពុជា​រូប​នេះ​ភាគ ច្រើន ។

គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Phat Chartchhay ក្នុង​នាម​ជា​គូ​ឯក​។​លោក​ជឿជាក់​ថា កីឡាករ​កម្ពុជា​គូ​នេះ​នឹង​បញ្ចេញ​សមត្ថ​ភាពល្អ​ដូច​ជា​ស្នៀត​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​ដែល​គេ​ធ្លាប់​បញ្ចេញ​ឡើង​នា​ពេល​កន្លង​មក ហើយ​ពិតជា​បើក​ការ​ប្រកួត​មិន​លាក់​ដៃ​ដើម្បី​ជៀស​ផុត​ពី​ការ​រិះគន់​ណាមួយ​។

យោង​តាម​ប្រវត្តិ​ប្រកួត​លោក​ថា កីឡាករ​កម្ពុជា ធ្លាប់​ប្រកួត​បាន​១២៦​លើក ឈ្នះ​៩៤​លើក ចាញ់​២៩​លើក និង​ស្មើ​៣ ខណៈ​កីឡាករ​ថៃ​ប្រកួត​បាន​៨៣​លើក ឈ្នះ​៦០​លើក ចាញ់​២៣​លើក និង​មិន​ធ្លាប់​ស្មើ

សម្រាប់​កីឡាករ​ជើង​ខ្លាំង​មួយ​រូប​ទៀត គឺ​សេក គឹ​ម​រួន ត្រូវ​បាន​គណៈកម្មការ​ផ្គូផ្គង​ឱ្យ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ Aram Boy ក្នុង​នាម​ជា​គូ​រង​ឯក ។ លោក​ថា ការ​ប្រកួត​របស់​ពួក​គេ​នៅ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា​រូប​នេះ​នៅ​តែ​មាន​ក្រេ​ឌី​ត តែ​ពិបាក​ទុកចិត្ត​ពី​ភាព​ខ្លាំង​១០០​ភាគរយ ដោយសារ​កីឡាករ​ថៃ​ក៏​មិនធម្មតា ។

លោក​យល់​ថា កីឡាករ​ថៃ​ជា​ដៃគូ​ខ្លាំង​ម្នាក់​តែ​គេ​ក៏​មិន​ទាន់​ប្រាកដ​ដូច​គ្នា​ថា​នឹង​ទទួល​បាន​ជ័យ​ជម្នះ​សម្រាប់​ការ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​កម្ពុជា​នោះ​ដែរ ដោយសារ​តែ​បទ​ពិសោធន៍​ប្រហាក់​ប្រហែល​គ្នា ។ កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​ផ្លូវការ​បាន​៩៥​លើក ឈ្នះ​៧៣​លើក ចាញ់​១៩​លើក និង​ស្មើ​៣ ខណៈ​កីឡាករ​ថៃ​ប្រកួត​បាន​១០៥​លើក ឈ្នះ​៧២​លើក ចាញ់​២៨​លើក និង​ស្មើ​៥​លើក ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​

កីឡាជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ