ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនឿ​ជនជាតិ​ខ្មែរ​ចំពោះ​លក្ខណៈ​របស់​ត្រចៀក

9 ឆ្នាំ មុន

ជនជាតិ​ខ្មែរ បានឱ្យ​តម្លៃ​ចំពោះ​លក្ខណៈ​ត្រចៀក​ថា ជា​ចំណុច​មួយ​ពិសេស​របស់​មនុស្ស​។ តាម​សៀវភៅ «​កម្រង​វប្បធម៌​ខ្មែរ​» របស់​អ្នកស្រី កែវ ណា​រុំ លើក​ទ្បើ​ង​ថា ជំនឿ​ចំពោះ​លក្ខណៈ​ត្រចៀក បាន​ដក់​ជាប់​រហូត​មក​ដល់​បច្ចុប្បន្ន​ចំពោះ​មនុស្ស ចាស់​ៗ ដែល​លោក​តែងតែ​ពោល​ឱ្យ ក្មេង​ៗ​ស្តាប់ ដើម្បី​ឱ្យ​ពួក​គេ​ចេះ​គយគន់​សង្កេត​ចំពោះ​ទម្រង់​ត្រចៀក ។

ជនជាតិ​ខ្មែរ បានឱ្យ​តម្លៃ​ចំពោះ​លក្ខណៈ​ត្រចៀក​ថា ជា​ចំណុច​មួយ​ពិសេស​របស់​មនុស្ស​។ តាម​សៀវភៅ «​កម្រង​វប្បធម៌​ខ្មែរ​» របស់​អ្នកស្រី កែវ ណា​រុំ លើក​ទ្បើ​ង​ថា ជំនឿ​ចំពោះ​លក្ខណៈ​ត្រចៀក បាន​ដក់​ជាប់​រហូត​មក​ដល់​បច្ចុប្បន្ន​ចំពោះ​មនុស្ស ចាស់​ៗ ដែល​លោក​តែងតែ​ពោល​ឱ្យ ក្មេង​ៗ​ស្តាប់ ដើម្បី​ឱ្យ​ពួក​គេ​ចេះ​គយគន់​សង្កេត​ចំពោះ​ទម្រង់​ត្រចៀក ។

តាម​ជំនឿ​ខ្មែរ​ថា ទម្រង់​ត្រចៀក​នោះ​វា​ជា​ការ​សម្គាល់​វាសនា​ចំពោះ​ព្រហ្ម​លិខិត​កំណត់​មក​ផង ។ ដូច​ជា​អ្នកមាន​ត្រចៀក​តូច​កំប៉ិត​យល់​ថា ទោះជា​មនុស្ស​មានបុណ្យ​ស័ក្តិ ឬ​ប្រាក់​កាក់​កម្រិត​ណា​ក៏​ដោយ ក៏​មិនសូវ​ជា​មាន​អ្នក​ណា​កោតខ្លាច​ញញើត​ដែរ ។ អ្នកមាន​ត្រចៀក​បែប​នេះ មិន​ខុស​ពី​សត្វ​កណ្តុរ​គ្មាន​ឫ​ទិ្ធ ជា​សត្វ​ទន់ទាប ហើយ​បើ​មាន​ធ្មេញ​ល្អិត​ទៀត​នោះ រឹតតែ​ទន់ទាប​ទៅ​ទៀត សម​ដូច​ពាក្យ​លោក​ថា «​ជើងទេញ ធ្មេញ​ល្អិត ស្លឹកត្រចៀក​កំប៉ិត​…» ។

ប្រសិនបើ​អ្នក​ណា​មាន​ស្លឹកត្រចៀក​ធំ​បះ​ទៅ​លើ​ដូច​សត្វ​ទន្សាយ ជំនឿ ចាស់​ៗ​ថា ស្លឹកត្រចៀក​បាំង​ខ្យល់ ស្តាប់​ឮ​វៃ​ណាស់ អ្នក​នោះ​ជា​មនុស្ស​មាន​ប្រាជ្ញ ។ ចំពោះ​អ្នក​ដែល​មាន​ទងត្រចៀក​វែង ធ្លាក់​ហើយ​ដាច់​ចេញ ចាស់​ៗ​លោក​ជឿ​ថា អ្នក​នោះ​វាសនា​ខ្ពស់ មាន​គេ​គោរព​កោតខ្លាច ហើយ​មាន​អាយុ​វែង ហើយ​លោក​ប្រដូច​ត្រចៀក​អ្នក​នោះ​ទៅ​នឹង​ព្រះ​កាណ៌​របស់​ព្រះពុទ្ធ​បរមគ្រូ ។ ព្រះ​សមណ​គោត្តម​​ជា​បរមគ្រូ ហើយ​មាន​លក្ខណៈ​ពិសេស​គឺ​ទ្រង់​ជា​មហាបុរិសលក្ខណៈ​៣២​ប្រការ បាន​សេចក្តី​ថា​ជា​បុរស​ដែល​មាន​លក្ខណៈ​សម្បត្តិ​ខុស​ប្លែក​ពី​បុរស​ទូទៅ​ចំនួន​៣២​ប្រការ ។

លក្ខណៈ​ពិសេស​នោះ​ជា​អាទិ៍ គឺ​ព្រះ​ជី​វ្ហា (​អណ្តាត​)​វែង អាច​លិទ្ធ​ទៅ​លើ​ដល់​ព្រះ​នលាដ (​ថ្ងាស​) លិទ្ធ​ចុះ​មក​ក្រោម​ដល់​ព្រះ​ឱរា​(​ដើមទ្រូង​) លិទ្ធ​ទៅ​ឆ្វេង​ទៅ​ស្តាំ​បាន​ដល់​ព្រះ​កាណ៌​(​ត្រចៀក​) ។ មាន​ព្រះ​ទន្ត​(​ធេ្ម​ញ​) រហូត​ដល់​៤០ គឺ​ខុស​ពី​មនុស្ស​យើង​ទូទៅ​ដែល​គ្រប់​វ័យ​មាន​ត្រឹមតែ​៣២ ដោយ​រាប់​ពី​ថ្គាមទាល់ ។ ព្រះពុទ្ធ​មាន​ព្រះ​កាណ៌​វែង អាច​ទាញ​ដល់​ព្រះ​ឱស្ឋ​(​មាត់​) ឯ​ព្រះ​ហស្ត​និង​ព្រះបាទ​មាន​ម្រាម​វែង​ត្រឹម​ស្មើគ្នា​ទាំង​៥​។ លក្ខណៈ​សំខាន់​ខុស​ពី​បុរស​ទូទៅ​នោះ គឺ​ព្រះ​លិង្គ​(​អង្គ​ជាតិ​) មាន​លក្ខណៈ​ដូច​ជា​សត្វ​ដំរី គឺ​ក្នុង​សកម្មភាព​ធម្មតា​លឹប​មិន​បញ្ចេញ​ជាក់ស្តែង​ដូច​ជា​បុរស​ទូទៅ​ទ្បើ​យ ។

នៅ​សម័យ​អង្គរ​បុព្វបុរស​ខ្មែរ​តែង​ពាក់​គ្រឿងអលង្ការ​ឬ​ត្រសាល ធំ​ៗ​នៅ​លើ​ទងត្រចៀក ដែល​អាច​បណ្តាល​ឱ្យ​ត្រចៀក​វែង​យារ ប្រហែលជា​យោង​លើ​ជំនឿ​នោះ​ដែរ ។ បច្ចុប្បន្ន​ការ​និយម​នេះ មាននៅ​សេសសល់​តែ​ចំពោះ​ជនជាតិ​ខ្មែរលើ​ដែល​មិន​ទាន់​ទទួល​បាន​ឥទ្ធិពល​ពី​ខាងក្រៅ  ។ បើ​កូនចៅ​ភ្លេច​ការ​ចង​ចាំ​ច្រើន ចាស់​ៗ​មិន​បន្ទោស​ខួរក្បាល​ទេ គឺ​លោក​ពោល​ចំពោះ​ត្រចៀក​វិញ ព្រោះ​ភាព​ជាក់ស្តែង គឺ​ត្រចៀក​ជា​អ្នក​ទទួល​ភារកិច្ច​ស្តាប់ លោក​តែង​បន្ទោស​ថា​«​ត្រចៀក​ហ្នឹង មិន​ចេះ​ស្តាប់​សោះ​» ។ នៅ​សម័យ​ដើម​សិស្ស​ដែល​រៀន​មិន​ចាំ គ្រូ​ច្រើន​ធ្វើ​ទណ្ឌកម្ម​ដោយ​ក្តិច​ស្លឹកត្រចៀក ។ គ្រូ​ច្រើន​សួរ​សិស្ស​ថា ទឹក​ទ្បើ​ង ឬ​ទឹក​ស្រក ? បាន​សេចក្តី​ថា បើ​សិស្ស​ឆ្លើយ​ថា ទឹក​ទ្បើ​ង គ្រូ​និង​ក្តិច​ញ៉ឹង​ត្រចៀក​ទ្បើ​ង​លើ បើ​សិស្ស​និយាយ​ថា ទឹក​ស្រក គ្រូ​ក្តិច​ទាញ​ស្លឹកត្រចៀក​ចុះ​ក្រោម ។ មាន​សិស្ស​ខ្លះ​ចេះ​ឆ្លើយ​ផ្ទុយ​ពី​សំនួរ​របស់​គ្រូ គឺ​យក​ទឹកនឹង​វិញ គ្រូ​ក៏​លេង​ស្នៀត​ក្តិច​ទាញ​ទៅ​ចំហៀង​វិញ​ដែរ គឺ​ធ្វើ​ម៉េច​ឱ្យ​តែ​មានការ​ឈឺចាប់​ខ្លះ ។

ចាស់​ៗ​លោក​តែងតែ​ប្រដៅ​កូនចៅ​កុំឱ្យ​ទម្លាប់​និយាយ​ច្រើន​ឥត​បានការ ព្រោះ​ការ​និយាយ​ច្រើន​បាន​ទោស គឺ​លោក​ទម្លាប់​ឱ្យ​ចេះ​ស្តាប់​ដើម្បី​យក​មក​គិតពិចារណា ។ ហេតុនេះ​ហើយ​បានជា​លោក​មាន​ពាក្យស្លោក​ថា «​អឹ​ម​ជាង​អៀន ស្ងៀម​ជាង​ស្រដី អណ្តាត​ជា​អាទិ៍​កន្លង​បាន​សុខទុក្ខ​ផង​ពីព្រោះ​តែ​អណ្តាត ជញ្ជាំងមានត្រចៀក​» ។ អាស្រ័យ​ដោយ​ជំនឿ​នេះ​ហើយ បានជា​យើង​សង្កេត​ឃើញ​នៅ​តាម​ចំលាក់​នៃ​ប្រាសាទ​នានា ដែល​បាន​សាង​ទ្បើ​ង​ដោយ​បុព្វបុរស​ខ្មែរ បាន​ឆ្លាក់​ចំពោះ​តួអង្គ​ដែល​ជា​ជាតិ​សាសន៍​ខ្មែរ​ទាំងអស់ សុទ្ធតែ​មាន​ត្រចៀក​វែង ឯ​សាសន៍​ដទៃ​ទៀត​ក៏​បាន​ឆ្លាក់​ដែរ​ដូច​ជា​ជនជាតិ​ចិន សៀម ចាម​ជាដើម នោះ​សុទ្ធតែ​មាន​ត្រចៀក កំប៉ិត​ៗ ជាក់ស្តែង​រូប​ទាំងនោះ​មាននៅ​ប្រាសាទអង្គរវត្ត ថែវ​ជាន់​ទី​១ ផ្នែក​ខាងត្បូង មាន​ឆ្លាក់​កងទ័ព​សៀម​មួយ​ក្រុម ។ នៅ​ប្រាសាទបាយ័ន​ថែវ​ជាន់​ទី​១ ផ្នែក​ខាងកើត មាន​ឆ្លាក់​កងទ័ព​ចាម និង​ចិន ។ ឯ​ផ្នែក​ខាងត្បូង​ក៏​មាន​ឆ្លាក់​ពី​ជីវភាព​រស់នៅ​របស់​ជនជាតិ​ចិន ដែល​រស់នៅ​ជាមួយនឹង​ជនជាតិ​ខ្មែរ​ផង​ដែរ អ្នក​ទាំង​អស់នោះ​សុទ្ធតែ​មាន​ស្លឹកត្រចៀក​ខ្លី​កំប៉ិត​ទាំងអស់ ៕           ​