ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​​ចុះ​រុះរើ​ផ្ទះ​ដែល​សង់​លើ​ប្រឡាយ​មេ​ក្នុង​សង្កាត់​កា​កាប

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ចំនួន​១៣​គ្រួសារ​ដែល​តាម​ការ​អះអាង​ពី​អាជ្ញាធរ​ថា​មក​ពី​តំបន់​បឹង​កក់​បាន​នាំ​គ្នា​ទៅ​ចាប់​យក​ដី​ប្រឡាយ​មេ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​ពួក​គាត់​បាន​សង់ផ្ទះ​ឈើ​រស់នៅ​ទើបតែ​បាន​រយៈពេល​១​អាទិត្យ​ប៉ុណ្ណោះ ហើយ​នៅ​ពេល​ទើប​ចាប់ផ្ដើម​រៀបចំ​សាងសង់​ដំបូង បើ​ទោះបីជា​មានការ​ហាមឃាត់​ពី​សំណាក់​អាជ្ញាធរ​សង្កាត់​យ៉ាងណា​ក៏​ពួក​គាត់​មិន​ព្រម​ស្ដាប់​ដែរ​។ ពួក​គាត់​នៅ​តែ​រឹងរូស​ហើយ​នាំ​គ្នា​សង់…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ចំនួន​១៣​គ្រួសារ​ដែល​តាម​ការ​អះអាង​ពី​អាជ្ញាធរ​ថា​មក​ពី​តំបន់​បឹង​កក់​បាន​នាំ​គ្នា​ទៅ​ចាប់​យក​ដី​ប្រឡាយ​មេ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​ពួក​គាត់​បាន​សង់ផ្ទះ​ឈើ​រស់នៅ​ទើបតែ​បាន​រយៈពេល​១​អាទិត្យ​ប៉ុណ្ណោះ ហើយ​នៅ​ពេល​ទើប​ចាប់ផ្ដើម​រៀបចំ​សាងសង់​ដំបូង បើ​ទោះបីជា​មានការ​ហាមឃាត់​ពី​សំណាក់​អាជ្ញាធរ​សង្កាត់​យ៉ាងណា​ក៏​ពួក​គាត់​មិន​ព្រម​ស្ដាប់​ដែរ​។

ពួក​គាត់​នៅ​តែ​រឹងរូស​ហើយ​នាំ​គ្នា​សង់ ដែល​ក្នុង​រយៈពេល​១​អាទិត្យ អ្នកខ្លះ​សង់​បាន​សម្រេច​ជា​ស្ថាពរ និង​ខ្លះ​ទៀត​សង់​ជិត​សម្រេច​ទៅ​ហើយ ទន្ទឹម​នឹង​នេះ អាជ្ញាធរ​បាន​សំណូមពរ​យ៉ាង​ទទូច​ឲ្យ​ពួក​គាត់​រុះរើ​ចេញ​វិញ​ដោយ​ខ្លួនឯង​ដែរ ប៉ុន្តែ​ពួក​គាត់​មិន​ព្រម​ឡើយ​។ ដើម្បី​រក្សា​ទុក​ប្រឡាយ​សម្រាប់​រំដោះ​ទឹក​បញ្ចៀស​ការ​លិចលង់​ភូមិឋាន​ជា​ច្រើន​ពេល​មាន​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​នោះ ទើប​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២០ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​សង្កាត់​កា​កាប​ទី​២ ដឹកនាំ​ដោយ​លោក​អភិបាលរង​ខណ្ឌ​ប៉ា​ង លី​ដា បាន​នាំ​យក​គ្រឿងចក្រ​ចុះ​ទៅ​ធ្វើការ​រុះរើ​ចេញ ហើយ​ក៏​ជា​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ពី​ការ​រំលោភ​បំពាន​យក​ដី​ប្រឡាយ​មេនេះ​ផង​ដែរ​។

លោក ម៉ា​លី ពិសិដ្ឋ ចៅសង្កាត់​កា​កាប​ទី​២ បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ទាំង​ទាំង​១៣​គ្រួសារ​នេះ​មក​ពី​តំបន់​បឹង​កក់​រាជធានី​ភ្នំពេញ ហើយ​កាលពី​១​អាទិត្យ​មុន​ពួក​គាត់​ទាំងនេះ បាន​ដឹក​សម្ភារៈ​សំណង់​ទៅ​កាន់​ទីនោះ​ដើម្បី​សាងសង់​ផ្ទះ​រស់នៅ​ក្នុង​ប្រឡាយ​មេ​ខាងលើ​។

លោក​ចៅសង្កាត់​កា​កាប​ទី​២​បាន​បន្ត​ថា បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នោះ​ភ្លាម លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ដោយ​ផ្ទាល់​ចុះ​ទៅ​ធ្វើការ ហាមឃាត់​និង​ណែនាំ​មិន​ឲ្យ​សាងសង់​ឡើយ ព្រោះ​ទីនោះ​គឺជា​ប្រឡាយ​មេ​សម្រាប់​រំដោះ​ទឹក​មិន​ឲ្យ​មានការ​លិចលង់​ភូមិឋាន​ជា​ច្រើន​នា​រដូវវស្សា ហើយ​ការ​ទៅ​តាំង​លំនៅ​ដ្ឋា​ន​នៅ​លើ​ប្រឡាយ​បែប​នេះ​នឹង​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ណាស់ ប៉ុន្តែ​ខណៈនោះ​ពួក​គាត់​មិន​ព្រម​ស្ដាប់​ទេ នៅ​តែ​បន្ត​ការ​សាងសង់​រហូត​បាន​សម្រេច​តាម​បំណង ហើយ​លោក​ក៏​បាន​រាយការណ៍​ពី​សកម្មភាព​នេះ​ជូន​ទៅ​លោក​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បស​ន​ដឹងផង​ដែរ​។

លោក​ចៅសង្កាត់​ដដែល​បាន​បន្ត​ថា ដើម្បី​រំដោះ​យក​ប្រឡាយ​មេនេះ​មក​វិញ ព្រមទាំង​ទប់ស្កាត់​កុំ​ឲ្យ​ការ​រំលោភ​បំពាន​នេះ​កាន់តែ​មានការ​រីក​រាលដាល​ច្រើន​ថែម​ទៀត​នោះ ទើប​លោក​ប្រាប់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនេះ​ធ្វើការ​រុះរើ​ផ្ទះ​នេះ​ចេញពី​ប្រឡាយ​វិញ​ដោយ​ខ្លួនឯង ។ ប៉ុន្តែ​ពួក​គាត់​ធ្វើ​មិនដឹងមិនឮ​ពុំ​ព្រម​រុះរើ​ឡើយ ទើប​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​សង្កាត់​កា​កាប​ទី​២ ដឹកនាំ​ដោយ​លោក​អភិបាលរង​ខណ្ឌ​
ប៉ា​ង លី​ដា ដាក់​គ្រឿងចក្រ​ចុះ​ទៅ​ធ្វើការ​រុះរើ​ចេញ​វិញ​ដោយ​មិន​ទទួលខុសត្រូវ​លើ​ការ​ខូចខាត​អ្វី​ឡើយ មិនតែប៉ុណ្ណោះ​ក្រោយ​ការ​រុះរើ​ប្រជាពលរដ្ឋ​ទាំងនោះ​នឹង​ទៅ​រក​កន្លែង​ស្នាក់​នៅ​ដោយ​ខ្លួនឯង​រៀង​ៗ​ខ្លួន​។

សូម​បញ្ជាក់​ផង​ដែរ​ថា ផ្ទះ​ដែល​អាជ្ញាធរ​ចុះ​ទៅ​ធ្វើការ​រុះរើ​នោះ​ពុំ​មែន​ជា​សំណង់​រឹង​មាំ​ធ្វើ​អំពី​ថ្ម​នោះ​ទេ គឺ​សាងសង់​ពី​ឈើ​តូច​ៗ​ប្រក់​ដំបូល​ស័ង្កសី ព្រមទាំង​បិទ​បាំងជញ្ជាំង​ស័ង្កសី​ដែរ ហើយ​ចាប់តាំងពី​ថ្ងៃ​សាងសង់​រហូត​ដល់​ថ្ងៃ​រុះរើ​នេះ​មាន​រយៈពេល​១​អាទិត្យ ដែល​ផ្ទះ​អ្នកខ្លះ​បាន​សង់​រួចរាល់​ជា​ស្ថាពរ​និង​ផ្ទះ​ខ្លះ​ទៀត​ទើបតែ​សង់​រួច​បាន​៦០​ទៅ​៨០​ភាគរយ​ប៉ុណ្ណោះ ។

ក្នុង​ខណៈ​ដែល​អាជ្ញាធរ​ចុះ​ទៅ​ធ្វើការ​រុះរើ​ផ្ទះ​នា​ពេល​នោះ​ដែរ ប្រជាពលរដ្ឋ​ខាងលើ​ក៏​បាន​តវ៉ា​និង​អង្វរ​មិន​ឲ្យ​រុះរើ​ឡើយ​ដោយ​ពួក​គាត់​បាន​និយាយ​ថា ព្រោះតែ​គ្មាន​កន្លែង​សម្រាប់​រស់នៅ​ទើប​បានជា​ពួក​គាត់​នាំ​គ្នា​ទៅ​សង់ផ្ទះ​រស់នៅ​លើ​ប្រឡាយ​ដែល​ជា​ដី​រដ្ឋ​បែប​នេះ ហើយ​ក៏​បានដឹង​ថា​ប្រឡាយ​គឺ​ពុំ​មែន​ជា​ដី​កម្មសិទ្ធិ​របស់​បុគ្គល​ណា​ម្នាក់​ឡើយ ។ ពួក​គាត់​សង្ឃឹមថា រស់នៅ​បាន​សេចក្ដីសុខ ប៉ុន្តែ​មិន​នឹក​ស្មានថា ពេល​នេះ​ត្រូវ​បាន​អាជ្ញាធរ​ធ្វើការ​រុះរើ​អស់បែប​នេះ​ទៅ​វិញ ហើយ​ពេល​នេះ​ពួក​គាត់​មិន​ទាន់​ដឹង​ថា​ត្រូវ​ទៅ​រស់នៅ​ទីណា​ឡើយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ