ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​​​វ័យក្មេង​អាង សុជាតា មិន​ពេញ​ចិត្ត​នឹងហ្វេស​ប៊ុក​​បុរស​ម្នាក់​ប្រមាថ​អាយុ​ជីវិត​​​នាង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​វ័យក្មេង​អាង សុជាតា ត្រូវ​បុរស​ម្នាក់​បង្ហោះ​សារ​ថា​ នាង​​បា​ន​បាត់​ជីវិត​​ជាមួយ​រូបថត​របស់​នាង ហើយ​គេ​បាន​ចែកចាយ​តាម​ហ្វេ​ស​ប៊ុ​ក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង ។ អាង…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​វ័យក្មេង​អាង សុជាតា ត្រូវ​បុរស​ម្នាក់​បង្ហោះ​សារ​ថា​ នាង​​បា​ន​បាត់​ជីវិត​​ជាមួយ​រូបថត​របស់​នាង ហើយ​គេ​បាន​ចែកចាយ​តាម​ហ្វេ​ស​ប៊ុ​ក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង ។ អាង សុជាតា បាន​សម្តែង​ការ​មិន​ពេញចិត្ត ដោយ​ចាត់ទុកជា​ការ​ប្រមាថ​អាយុជីវិត​នាង​ពី​បុរស​ម្នាក់​នោះ ។ នាង​បាន​ស្នើ​សុំ​ឲ្យ​មហាជន​កុំ​មានការ​ភ័ន្ត​ច្រឡំ​ចំពោះ​ព័ត៌មាន​នោះ ។

បុរស​ម្នាក់​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Vanna Ra បាន​បង្ហោះ​សារ​អម​ជាមួយនឹង​រូបថត​របស់​តារា​សម្តែង​អាង សុជាតា មាន​ខ្លឹមសារ​ថា «​នៅ​លើ​លោក​យើង​នេះ​ទេវតា​ពិតជា​អយុត្តិធម៌​ខ្លាំង​ណាស់ តើ​ហេតុ​អ្វី​ទៅ​ធ្វើបាប​តែ​មនុស្ស​ស្លូតត្រង់​បែប​នេះ ឱ​!​កូនស្រី​ពៅ​ប៉ា ពី​ថ្ងៃនេះ​តទៅ​ប៉ា​ម៉ាក់ តា​យាយ យាយទួត បងប្អូន​សាច់ញាតិ​ទាំងឡាយ​លែង​បានឃើញ​មុខ​ស្នាមញញឹម​កូនស្រី​ពៅ​ទៀត​ហើយ សូម​ឲ្យ​ព្រលឹង និង​វិញ្ញាណក្ខន្ធ​កូនស្រី​ពៅ​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ និង​សូម​ឲ្យ​កើត​ជាតិ ណា​ៗ​កុំ​ឲ្យ​អភ័ព្វ​ដូច​ជាតិ​នេះ​ណា​កូនពៅ​ប៉ា »​។

តាម​រយៈ​សារ​របស់​បុរស​នោះ​បាន​ធ្វើ​ឲ្យ អាង សុជាតា ហាក់​មាន​អារម្មណ៍​ភ័យ​ខ្លាច និង​បាន​បដិសេធ ព្រមទាំង​បាន​ស្នើ​ឲ្យ​លុប​ចេញ​នូវ​អ្វី​ដែល​គេ​បង្ហោះ ព្រោះ​ចាត់​ទុក​ថា​វា​ជា​ការ​ប្រមាថ​អាយុជីវិត​នាង​យ៉ាង​ធ្ងន់​បំផុត ។ អាង សុជាតា អះអាង​ថា «​ខ្ញុំ​មិន​ដែល​ស្គាល់​គាត់​ជា​អ្នក​ណា​ទេ នេះ​ជា​ព័ត៌មាន​មិន​ពិត ខ្ញុំ​មិន​យល់​ហេតុ​អី​មក​ប្រមាថ​ជីវិត​ខ្ញុំ ? យក​ជីវិត​ខ្ញុំ​លេងសើច​អ៊ីចឹង​មែន​លោកពូ ? សូម​ជួយ​លុប​គ្រប់យ៉ាង​ដែល​លោកពូ post ពី​ខ្ញុំ​ផង ។

ខ្ញុំ​មិនដឹង​គាត់​មាន​បំណង​អ្វី​ឡើយ ហើយ​ពេល​នេះ​ខ្ញុំ​សូម​ឲ្យ​អ្នក​ទាំងអស់​គ្នា​កុំ​មានការ​ភាន់ច្រឡំ​អំពី​ព័ត៌មាន​នេះ ព្រោះ​ពេល​នេះ​នាង​ខ្ញុំ​សុខ​សប្បាយ​ធម្មតា និង​រស់នៅ​ក្នុងផ្ទះ​ជា​ធម្មតា មិន​មានរឿង​អ្វី​កើតឡើង​មក​លើ​រូប​ខ្ញុំ​ឡើយ »​។

ក្រោយ​ពេល​ឃើញ​ព័ត៌មាន​នោះ ទស្សនិកជន​ជា​ច្រើន រួម​ទាំង​ម្តាយ​របស់​នាង​ផង បាន​ខ​ល​សួរ​នាំ ទាំង​អាង សុជាតា មិន​បានដឹង​អ្វី​ទាំងអស់ ខណៈ​ពេល​ដែល​នាង​ក៏​មិនដឹង​ពី​មូលហេតុ​ដែល​បុរស​នោះ​យកអាយុ​ជីវិត​របស់​នាង​មក​លេងសើច​បែប​នេះ​ដែរ ។

នៅ​ក្នុងអំឡុងពេល​នេះ​ទាំង​គ្រួសារ និង​រូប​អាង សុជាតា ផ្ទាល់​មិន​ទាន់​អាច​ធ្វើ​អ្វី​ចេញ បូក​រួម​ទាំង​គំនិត​នៃ​ការ​ប្តឹង​នោះ​ផង ដោយសារ​តែ​នាង និង​ម្តាយ​មមាញឹក​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​សម្តែង ប៉ុន្តែ​នាង​គ្រាន់តែ​សូម​ឲ្យ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​នោះ​លុប​ចោល​នូវ​អ្វី​ដែល​គេ​បង្ហោះ​នោះ ។

អាង សុជាតា បញ្ជាក់​ថា បើ​ទោះបីជា​មាន​អ្នក​អះអាង​ថា ហ្វេ​ស​ប៊ុ​ក​នោះ​ត្រូវ​គេ​លួច​លេង​ក៏​ដោយ ប៉ុន្តែ​សំខាន់​នាង​មិន​ស្គាល់​បុរស​នោះ​ពី​មុន​មក​ទេ ហើយ​សារ​ដែរ​បាន​សរសេរ​បង្ហោះ​នោះ​គឺជា​ការ​ប្រមាថ​អាយុជីវិត​នាង ។

អាង សុជាតា ថា​រហូត​មក​ទល់​ពេល​នេះ​នាង​នៅ​តែ​មិន​យល់​អំពី​រឿង​នេះ​ឡើយ​ថា ហេតុ​អ្វី​គេ​មិន​ស្គាល់​កូនស្រី​ខ្លួនឯង ហើយ​មក​ច្រឡំ​ជាមួយ​រូប​នាង ថែម​ទាំង​ក្នុង​ទូរស័ព្ទ​ដៃ​ក៏​មាន​រូប​នាង​ច្រើន​បែប​នេះ ខ​ណះ​ពេល​ដែល​នាង​ក៏​មិន​មាន​link សម្រាប់​ភ្ជាប់​ទាក់ទង​ជាមួយ​កូនស្រី​គាត់​ផង​ដែរ។

បន្ទាប់​ពី​មាន​ប្រតិកម្ម​តបត​ខ្លាំង ហ្វេ​ស​ប៊ុ​ក​នោះ​បាន​ចេញ​សារ​សុំ​ទោស​ជា​សាធារណៈ​ទៅ​កាន់​អាង សុជាតា និង​ថា​អ្វី​ដែល​ខ្លួន​បាន​បង្ហោះ​នោះ​គឺជា​ការ​ភាន់ច្រឡំ​រូបភាព ហើយ​សង្ឃឹមថា នាង​យោគយល់ អធ្យាស្រ័យ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ