រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍កំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ សំខាន់មជ្ឈមណ្ឌលឯកសារកម្ពុជា ស្រាវជ្រាវ និងរៀបចំតំបន់អន្លង់វែងឲ្យប្រែក្លាយពីអតីតតំបន់សមរភូមិបង្ហូរឈាមទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ទាក់ទាញទាំងភ្ញៀវជាតិ និងអន្តរជាតិ ។
កាលពីពេល ថ្មីៗក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយភ្នាក់ងារកោះសន្តិភាព លោកជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងទេសចរណ៍បានថ្លែងថា កម្ពុជាគឺជាគោលដៅទេសចរណ៍វប្បធម៌ធម្មជាតិក៏ពិតមែន ប៉ុន្តែក៏ត្រូវផ្សារភ្ជាប់ជាមួយគោលដៅទេសចរណ៍បែបប្រវត្តិសាស្ត្រផងដែរ ព្រោះកម្ពុជាធ្លាប់បានឆ្លងកាត់រឿងរ៉ាវប្រវត្តិសាស្ត្រដ៏ជូរចត់ជាច្រើនទសវត្ស ។ ជាក់ស្តែងតំបន់អន្លង់វែងគឺជាតំបន់សមរភូមិបង្ហូរឈាមចុងក្រោយរវាងកងទ័ពរាជរដ្ឋាភិបាលកម្ពុជាជាមួយកងទ័ពខ្មែរក្រហម ហើយក៏ជាទីតាំងដ៏រឹងមាំរបស់មេបញ្ជាការខ្មែរក្រហមដ៏ល្បីល្បាញគឺតាម៉ុក ។
ដោយមើលឃើញអំពីសក្តានុពលទេសចរណ៍បែបប្រវត្តិសាស្ត្រនៃតំបន់នោះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាគោលការណ៍កំណត់ទីតាំងតំបន់អន្លង់វែងចំនួន៤ចំណុច សំខាន់ៗ ដែលរួមមាន សារមន្ទីរ, ផ្ទះតាម៉ុក, ឃ្លាំងគ្រាប់ និងបឹងអន្លង់វែង រួមទាំងការដ្ឋានមួយចំនួននៅតំបន់នោះ ។ យោងតាមការសម្រេចនោះក្រសួងទេសចរណ៍ក្នុងនាមជាប្រធានគណៈកម្មការអន្តរក្រសួងបានសហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា របស់លោកឆាំង យុ និងអាជ្ញាធរមូលដ្ឋាន ដើម្បីស្រាវជ្រាវ និងរៀបចំតំបន់អន្លង់វែង សម្ដៅប្រែក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ។
លោកជុក ជំនោរ ឲ្យដឹងថា តំបន់អន្លង់វែងអាចចាត់ទុកជាសមរភូមិចុងក្រោយរបស់អតីតមេបញ្ជាការខ្មែរក្រហម ហើយបន្ទាប់ពីនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បញ្ចប់ទាំងស្រុងនូវសង្គ្រាមបង្ហូរឈាមនាឆ្នាំ១៩៩៨មក តំបន់អន្លង់វែងបានប្រែក្លាយពីតំបន់សមរភូមិប្រយុទ្ធ ហើយពោរពេញដោយគ្រាប់រំសេវអាវុធយុទ្ធភណ្ឌគ្រាប់មិនទាន់ផ្ទុះ ក្លាយជាតំបន់អភិវឌ្ឍន៍លើគ្រប់វិស័យ ហើយក្នុងនោះក៏ លេចទៅជាតំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រដ៏គួរឲ្យទាក់ទាញថែមទៀត ។
តំបន់អន្លង់វែងគឺជាស្នាកស្នាមនៃរឿងរ៉ាវប្រវត្តិសាស្ត្រដ៏ជូរចត់ដែលភ្ញៀវជាតិ និងអន្តរជាតិចង់ឈ្វេងយល់ដឹង ។ ដូច្នេះហើយបានជាក្រសួងទេសចរណ៍យកចិត្តទុកដាក់រៀបចំតំបន់នោះឡើងវិញ សំខាន់រៀបចំនូវហេដ្ឋារចនាសម្ពន្ធ័ សំខាន់ៗ ដូចជា ផ្ទះតាម៉ុកដែលត្រូវជួសជុលឡើងវិញ ។
ទន្ទឹមនឹងយកចិត្តទុកដាក់រៀបចំឡើងវិញនូវហេដ្ឋារចនាសម្ពន្ធ័នៅតំបន់អន្លង់វែងនោះ យើងក៏មានការផ្សព្វផ្សាយអំពីសក្កានុពលទេសចរណ៍នៃតំបន់ប្រវត្តិសាស្ត្រមួយនេះជាបន្តបន្ទាប់ ករណីដូចជាឆ្នាំកន្លងទៅនេះបានសហការគ្នារៀបចំនូវព្រឹត្តិការណ៍ធំមួយ គឺព្រឹត្តិការណ៍រត់ប្រណាំងអន្លង់វែងក្រោមប្រធានបទ «ថ្មើរជើងប្រវត្តិសាស្ត្រ » ដោយមានអ្នកចូលរួមជិត២០០០នាក់ ក្នុងនោះមានទាំងកម្ពុជា-ថៃ រួមទាំងភ្ញៀវទេសចរអន្តរជាតិមួយចំនួនទៀត ។ ដោយឡែកឆ្នាំនេះគ្រោងរៀបចំម្តងទៀតនៅ ថ្ងៃទី៧-៩ ខែកុម្ភៈ ដោយរំពឹងថា នឹងមានការចូលរួមពីភ្ញៀវទេសចរកាន់តែច្រើនជាងមុន ។
ប្រភពដដែលបន្តថា ទន្ទឹមនឹងការងារនោះខាងក្រសួងការពារជាតិក៏គ្រោងនឹងសាងសង់ស្តូបអនុស្សាវរីយ៍ឈ្នះ-ឈ្នះមួយទៀតនៅតំបន់អន្លង់វែង ដែលរំពឹងថា ស្តូបអនុស្សាវរីយ៍ឈ្នះ-ឈ្នះនឹងជួយបន្ថែមនូវភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកាន់តំបន់នោះ ។ ដូច្នេះរំពឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនបន្តបន្ទាប់នឹងទៅកាន់តំបន់នោះ ។
តាមការអះអាងរបស់លោកជុក ជំនោរ ការរៀបចំតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រនេះ មិនគ្រាន់តែយកចិត្តទុកដាក់រៀបចំតែតំបន់អន្លង់វែងនោះទេ ប៉ុន្តែតំបន់ សំខាន់ៗជាច្រើនទៀត ដែលមានសក្តានុពលខាងវិស័យទេសចរណ៍ប្រវត្តិសាស្ត្រនោះ ក៏ត្រូវរៀបចំជាបន្តបន្ទាប់ផងដែរ ហើយកម្ពុជាមានច្រើនកន្លែងណាស់សម្រាប់រៀបចំជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ។
តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអន្លង់វែងស្ថិតនៅឃុំត្រពាំងប្រៃយ៍ និងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងគោលបំណងអភិរក្សការពារបរិស្ថានធម្មជាតិ និងអភិវឌ្ឍទេសចរណ៍ប្រវត្តិសាស្ត្រប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ៣៥ អនក្រ.បក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១០ ដោយបានកំណត់តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអន្លង់វែងជា២តំបន់ រួមមាន៖
១.តំបន់«ក»៖ជាតំបន់ស្ថិតនៅក្នុងភូមិសាស្ត្រលើជួរភ្នំដងរែក ដែលមានតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ តូចៗចំនួន៦ដាច់ដោយឡែកពីគ្នា និងមានផ្ទៃដីសរុប១២៤,៦៣៦ហិកតា ដែលក្នុងនោះរួមមាន៖ តំបន់ «ក១» កន្លែងដុតខ្មោចប៉ុល ពត ដែលមានទំហំ១,២០៧ហិកតា ។ តំបន់ «ក២» កន្លែងកាត់ទោសប៉ុលពត ដែលមានទំហំ០,៤៤៩ហិកតា ។ តំបន់ «ក៣»ផ្ទះតាម៉ុក ផ្ទះកណ្តាលលើខ្នងភ្នំដងរែក ដែលមានទំហំ៣,០២៥ហិកតា ។ តំបន់ «ក៤» កន្លែងច្នៃគ្រាប់កាំភ្លើងលើភ្នំ២០០ ដែលមានទំហំ១,១៤២ហិកតា ។ តំបន់ «ក៥»ផ្ទះប៉ុលពត ផ្ទះខៀវ សំផន (ក្បាលអន្សោង) ដែលមានទំហំ១១៧,០៦១ហិកតា ។ តំបន់ «ក៦»ឃ្លាំងដាក់សម្ភារលើភ្នំ ដែលមានទំហំ ១,៧៥២ហិកតា ។
២.តំបន់«ខ»:ជាតំបន់ស្ថិតនៅក្នុងភូមិសាស្ត្រលើខ្ពង់រាប និងជើងភ្នំដងរែកដែលមានតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ៨ ដាច់ៗពីគ្នា ដែលមានផ្ទៃដីសរុប៤៣១,៧៣១ហិកតា ដែលក្នុងនោះរួមមាន ៖ តំបន់ «ខ១»កន្លែងដុតខ្មោចសុន សេន ដែលមានទំហំ០,០៦២ហិកតា ។ តំបន់ «ខ២» ស្រែគំរូ ដែលមានទំហំ ៤,៨១២ហិកតា។ តំបន់ «ខ៣» ទីតាំងការដ្ឋានដឹកជញ្ជូនតាម៉ុក ដែលមានទំហំ០,២២ហិកតា ។
តំបន់ «ខ៤» បឹងអន្លង់វែង ដែលមានទំហំ៤១៧ហិកតា។ តំបន់ «ខ៥» ផ្ទះតាម៉ុក សារមន្ទីរតាម៉ុក ដែលមានទំហំ ១,៦១៤ហិកតា ។ តំបន់ «ខ៦» មន្ទីរពេទ្យតាម៉ុក ដែលមានទំហំ ៣,៦៣២ហិកតា តំបន់ «ខ៧» សាលារៀនតាម៉ុក ដែលមានទំហំ ៤,៨៣ហិកតា ។ តំបន់ «ខ៨» ស្ពានតាម៉ុក ដែលមានទំហំ០,០៥៩ហិកតា ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ