ប្រទេសស៊ីរី ៖ កងទ័ពស៊ីរីកាលពីថ្ងៃទី៥កុម្ភៈ បានវាយលុកចូលក្នុងទីក្រុងគន្លឹះមួយទៀតនាភាគពាយ័ព្យប្រទេស ក៏ទោះជាមានឱសានវាទមួយរបស់ប្រធានាធិបតីតួកគី លោករីស៊ីបតៃយីបអ័រដូហ្គាន ឲ្យកងទ័ពស៊ីរីដកថយវិញ ក្រោយការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា រវាងកងទ័ពស៊ីរីនិងកងទ័ពតួកគី បណ្ដាលឲ្យមនុស្សបាត់បង់ជីវិតច្រើននាក់ទាំងសងខាងក្ដី។
ការកើនឡើងនៃភាពតានតឹងរវាងក្រុងអង់ការ៉ា ដែលគាំទ្របណ្ដាក្រុមឧទ្ទាមស៊ីរី និងក្រុងដាម៉ាស់ គឺបន្ទាប់ពីការបាញ់តតាំងគ្នាដោយកាំភ្លើងធំ បណ្ដាលឲ្យមនុស្សបាត់បង់ជីវិតជាង២០នាក់ទាំងសងខាង កាលពីថ្ងៃទី៣កុម្ភៈដែលនាំឲ្យមានអស្ថេរភាពថែមទៀត ក្នុងខេត្តអ៊ីដលីបជាទីតាំងធំចុងក្រោយ ត្រួតត្រាជាពិសេសដោយពួកជីហាដព្រមទាំងពួកឧទ្ទាម ខណៈសភាពការណ៍មនុស្សធម៌នៅទីនោះកាន់តែដុនដាប ព្រោះមនុស្សកន្លះលាននាក់បានរត់ភៀសខ្លួន។
យោងតាមអង្គការសិទ្ធិមនុស្សស៊ីរីOSDH មានប្រភពព័ត៌មានច្រើនក្នុងប្រទេស និងទីភ្នាក់ងារព័ត៌មានស៊ីរីSANAថា រយៈពេល២៤ម៉ោងចុងក្រោយនេះ កងទ័ពស៊ីរីវាយដណ្ដើមយកបានភូមិនិងមូលដ្ឋានជាង២០ នៅភាគខាងត្បូងខេត្តអ៊ីដលីប។ រួចនាថ្ងៃទី៥កុម្ភៈកងទ័ពនេះបានលុកចូលក្នុងក្រុងសារ៉ាកេបខេត្តអ៊ីដលីប ក្រោយការដកថយរបស់ពួកយុទ្ធជនជីហាដ និងបណ្ដាក្រុមសម្ព័ន្ធមិត្តច្រើនរយនាក់។
គាំទ្រដោយសម្ព័ន្ធមិត្តរុស្ស៊ី ក្រុងដាម៉ាស់វាយយកបានរួចហើយ កាលពីសប្ដាហ៍មុនទីក្រុងយុទ្ធសាស្ត្រម៉ាអារេតអាល់ណូអូម៉ាន ពីពួកជីហាដ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ