ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិតកម្ពុជាសិក្សានៅក្រុងវូហាន បច្ចុប្បន្ន ស្ថិតនៅទីនោះមាន​23នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡាចុះ​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​មានការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​រលាក​សួត​ដោយវីរុស​កូ​រ៉ូ​ណា​ថ្មី នៅសាធា​រណ​រដ្ឋ​ប្រជាមានិត​ចិន​ក្រសួង​អប់រំ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡាចុះ​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​មានការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​រលាក​សួត​ដោយវីរុស​កូ​រ៉ូ​ណា​ថ្មី នៅសាធា​រណ​រដ្ឋ​ប្រជាមានិត​ចិន​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ធ្វើ​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រុម​និស្សិត​កម្ពុជា​ ដែល​កំពុង​សិក្សា​នៅ​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ដើម្បី​តាមដាន​បច្ចុប្បន្នភាព​នៃ​ការ​សិក្សា ការ​រស់នៅ និង​សុខុមាលភាព​របស់​និស្សិត​ខ្មែរ​នៅ​ទីនោះ ។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា ចំពោះ​ស្ថានភាព​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​ទីក្រុង​វូហាន ខេត្ត​ហ៊ូ​ប៉ី សរុប​ចំនួន​៨៩​នាក់ សិក្សា​នៅសាកលវិទ្យាល័យ​ចំនួន​៧​កន្លែង​ផ្សេង​ៗ​គ្នា ក្នុងនោះ​និស្សិត​ចំនួន​២៣​នាក់ ដែល​​កំពុង​មាន​វត្តមាននៅ​ទីក្រុង​វូ​ូ​ហាន មក​ទល់​ពេល​នេះ មាន​សុខភាពរឹងមាំ និង​មិន​មាន​និស្សិត​ណា​ម្នាក់​ឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ​ទេ ដោយសារ​និស្សិតទាំងអស់​ទទួល​បានការ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ពី​​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួងអប់រំ យុវជន និង​កីឡា អាជ្ញាធរ​ចិន​ពាក់ព័ន្ធសាកលវិទ្យាល័យ​ចិន ស្ថាន​តំណាង​ព្រះរាជា​ណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​សមាគមនិស្សិត​នៅ​ទីនោះ ។

និស្សិត​មួយ​ចំនួន​ទទួល​បាន​អាហារ​ពីសា​កល វិទ្យាល័យ​ជា​រៀងរាល់ថ្ងៃ ដោយ​ក្នុង​មួយ​ថ្ងៃ​៣​ពេល ហើយ​ភាគី​ខាង​សាកលវិទ្យាល័យ​បាន​យក​អាហារ​មក​ផ្គត់ផ្គង់​ដល់​បន្ទប់​ស្នាក់​នៅ​របស់​និស្សិត និង​និស្សិត​មួយ​ចំនួន​ទៀត​ត្រូវ​ទិញ​អាហារ​ដោយ​ខ្លួនឯង​ពី​កន្លែង​លក់ទំនិញ​ដែល​នៅ​ជិត​សាកលវិទ្យាល័យ​បំផុត ។គួរ​កត់​សម្គាល់ថា មាន​និស្សិត​ចំនួន​៦៦​នាក់បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​កាលពី​ដើមខែមក​រា ឆ្នាំ​២០២០ ក្នុង​គោលបំណង​មក​លេង​ស្រុក​កំណើត ក្នុង​ខណៈ​វិស្សមកាល​រដូវរងា​ដូច​រៀង​រាល់​ឆ្នាំ និង​ទទួល​បានការ​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ត្រឹមត្រូវ​ដោយ​សាកលវិទ្យាល័យ ។

ប​ច្ចុប្បន្ន សាកលវិទ្យាល័យ​បាន​ពន្យារពេល​វិស្សមកាល និង​បាន​ជូនដំណឹង​ទៅ​និស្សិត​អំពី​កាល​បរិច្ឆេ​ទ ចូល​រៀន​វិញ​នៅ​ពេល​ក្រោយ ។ ជា​យន្តការ​ទំនាក់ទំនង ក្រសួង​អប់រំ យុវជននិង​កីឡា បាន​បង្កើត​គណៈ​កម្មការ​និង​ចាត់តាំង​តំណាង​មួយ​រូប ដើម្បី​ទាក់ទង​ផ្ទាល់​និង​សួរ​សុខទុក្ខ​និស្សិត​កម្ពុជា​ទាំង​២៣​នាក់ ដែល​កំពុង​ស្នាក់នៅ​ទីក្រុង​វូ​ហាន ខេត្ត​ហូ​៊​ប៉ី ជា​ប្រចាំ​ថ្ងៃ ក្នុង​នោះ​ក្រសួង​បាន​ផ្ដល់​ថវិកា​សរុប​ចំនួន​៤៦​លាន​រៀល ដោយ​និស្សិត​ម្នាក់​ៗ​ទទួល​បាន​២​លាន​រៀល ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​និស្សិត​ទាំង​២៣​រូប ។ ថវិកា​នេះ​ត្រូវ​បាន​ផ្ទេរ​ជូន​តាម​រយៈ​តំណាង​និស្សិត​កម្ពុជា​នៅ​ទីនោះ គឺ​លោក ប៉ែន បារាំង ដើម្បី​ចាត់ចែង​បន្ត​ទៅ​ដល់និស្សិត​ផ្សេង​ទៀត ៕

អត្ថបទសរសេរ ដោយ