ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ផ្លូវជាតិ​លេខ​២ នឹង​ចាប់ផ្តើម​ស្ថាបនា​ធ្វើ​ឱ្យ​ប្រសើរ​ក្នុង​ខែកុម្ភៈ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​នៅ​ផ្លូវជាតិ​លេខ​២ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​អ្នក​វិនិយោគ​តូច​ធំ ទន្ទឹងរង់ចាំ​អស់​រយៈពេល​ច្រើន​ខែ​ឆ្នាំ​កន្លង​ទៅ​នេះ អាច​និយាយ​បាន​នឹង​ចាប់ផ្តើម​បើករ​ដ្ឋា​ន​សាងសង់​នៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២០ ដើម្បី​ចូលរួម​ផ្តល់​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច និង​ការ​ដឹក​ជញ្ជូន​ឆ្លងកាត់​តំបន់​។ គម្រោង​ធ្វើ​ឱ្យ​ប្រសើ​ឡើង​វិញ​នៅ​ផ្លូវជាតិ​លេខ​២…

រាជធានី​ភ្នំពេញ ៖ គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​នៅ​ផ្លូវជាតិ​លេខ​២ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​អ្នក​វិនិយោគ​តូច​ធំ ទន្ទឹងរង់ចាំ​អស់​រយៈពេល​ច្រើន​ខែ​ឆ្នាំ​កន្លង​ទៅ​នេះ អាច​និយាយ​បាន​នឹង​ចាប់ផ្តើម​បើករ​ដ្ឋា​ន​សាងសង់​នៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២០ ដើម្បី​ចូលរួម​ផ្តល់​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច និង​ការ​ដឹក​ជញ្ជូន​ឆ្លងកាត់​តំបន់​។

គម្រោង​ធ្វើ​ឱ្យ​ប្រសើ​ឡើង​វិញ​នៅ​ផ្លូវជាតិ​លេខ​២ រួម​នឹង​ផ្លូវជាតិ​ផ្សេង​ទៀត​នេះ បើ​តាម​សម្តេច​អគ្គមហាសេនា​តេ​ជោ ហ៊ុន សែន បញ្ជាក់​ថា នឹង​បើ​ការដ្ឋាន​សាងសង់​រួម​គ្នា​នៅ​ខែកុម្ភៈ​ខាង​មុខ​នេះ​ហើយ​។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​កាល​ថ្មី​ៗ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា «​ខ្ញុំ​គ្រាន់​ចង់​បញ្ជាក់​ថា នៅ​ពេល​ត្រលប់​ពី​កូរ៉េ​មក​វិញ​នៅ​ក្នុង​ខែកុម្ភៈ​នេះ នឹង​ត្រូវ​បើក​សម្ពោធ​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​២ ត​ភ្ជាប់​ពី​រង្វង់​មូល​តា​ខ្មៅ មាន​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២២ ដែល​ឆ្លងកាត់​ខេត្ត​កណ្តាល ខេត្តតាកែវ និង​តម្រង់​ឆ្ពោះទៅ​ខេត្តកំពត​»​។

តាម​សម្តេច​តេ​ជោ ក្រៅពី​បើ​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​២ និង​២២​នេះ នៅ​មាន​ផ្លូវ​មួយ​ខ្សែ​ផ្សេង​ទៀត គឺ​ពង្រីក​ឱ្យទៅ​ជា​ផ្លូវ​ហា​យ​វេ គឺ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤ ទៅ​កោះកុង ដែល​ផ្លូវ​នេះ​ពី​មុន​កសាង​ដោយ​ព្រះ​ជា​ណា​ចក្រ​ថៃ ប៉ុន្តែ​ដោយ​យោង​ទៅ​លើ​សារៈសំខាន់​ទើបត្រូវ​ពង្រីក​ផ្លូវ​នេះ​បន្ថែម​។

ទាក់ទង​នឹង​ការ​បើក​ការដ្ឋាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៅ​ផ្លូវជាតិ​លេខ​២ នៅ​ចំពោះ​មុខ រួម​នឹង​ផ្លូវ​សំខាន់​ផ្សេង​ទៀត ក្រោម​វត្តមាន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នេះ បើ​តាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក វ៉ា ស៊ឹ​ម​សុរិយា បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៥​កុម្ភៈ ម្សិល​មិញ​ថា «​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក​អាច​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១១ កុម្ភៈ ខាង​មុខ​នេះ​»​។

លោក​លើក​ឡើង​ថា ការ​ដែល​កម្ពុជា​បង្កើន​កា​រត​ភ្ជាប់​ផ្លូវ នៅ​ក្នុង​ប្រទេស​ទាំង​នៅ​ពេល​កន្លង​មក ក៏​ដូច​ជា​នៅ​ពេល​បច្ចុប្បន្ន និង​អនាគត គឺជា​ធ្វើ​សមាហរណកម្ម​ក្នុង​ប្រទេស ត​ភ្ជាប់​ទៅ​ក្នុង​តំបន់ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ​ជា​រួម​។ ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៅ​ផ្លូវ​ក្នុងស្រុក ដើម្បី​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​រស់នៅ​តាម​ដងផ្លូវ​ទាំងនោះ​ឱ្យ​បាន​ល្ហែល្ហើយ​ទាំង​នៅ​ក្នុង​ការ​រស់នៅ​ការ​ដឹក​ជញ្ជូន​កសិក​ផល និង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ជិត​ឆ្ងាយ​។

បើ​តាម​អ្នកនាំពាក្យ​ខាងលើ​គម្រោង​ធ្វើ​ឱ្យ​ប្រសើ​ឡើង​វិញ​នូវ​ផ្លូវជាតិ​លេខ​២ នេះ គ្រោង​ចំណាយ​ថវិកា​ប្រមាណ​៥៦​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​រដ្ឋាភិបាល​កូរ៉េ និង​ថវិកា​មួយ​ចំនួន​ផ្សេង​ទៀត​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​។

គួរ​រម្លឹក​ផង​ថា គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ ផ្លូវជាតិ​លេខ​២ នៅ​ពេល​ប្រកាស​នៅ​គ្រា​ដំបូង​គេ​សង្កេត​ឃើញ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​នេះ មាន​អ្នក​វិនិយោគ​បាន​បោះទុន​ជា​បន្តបន្ទាប់​តាម​រយៈ​ការ​ចាក់​ដី​ពុះ​ដី​ឡូ​តិ៍លក់​នៅ​ក្នុង​តំបន់​ធ្វើ​ឱ្យ​តម្លៃ​ដី​កន្លែង​ខ្លះ​ឡើងថ្លៃ​គួរ​ឱ្យ​កត់សម្គាល់​។

លោក ង៉ែត ជូ អ្នក​សេដ្ឋកិច្ច និង​ជាទី​ប្រឹក្សា​ក្រុមហ៊ុន EMC ធ្លាប់​ប្រាប់​ឱ្យ​ដឹង​ថា «​សម្រាប់​ខ្ញុំ ចំពោះ​ម្ចាស់​ដី​គាត់​នៅ​រំពឹង​ថា ដី​អាច​នៅ​ឡើងថ្លៃ​បាន តែ​រំពឹង​ឡើង​ច្រើន​វា​ទៅ​អត់​រួច​ដែរ ព្រោះ​តម្លៃ​នៅ​ទីនោះ​គេ​តែង​និយាយ​ថា ក្បាលដី​១​ម៉ែត្រ​បណ្តោយ​ប្រហែល​៥០​ម៉ែត្រ​ថ្លៃ​ជាង​១​ម៉ឺន​ដុល្លារ ហើយ​កន្លែង​ខ្លះ​ទៀត​អាច​ដល់​ជាង​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក អីចឹង​ខ្ញុំ​គិត​ថា វា​ហួស​ឆ្ងាយ​ពី​ជីវភាព​ប្រជាពលរដ្ឋ​ទូទៅ តែ​អ្នកមាន​ទ្រព្យ​ធុន​មួយ​ចំនួន​គេ​ទិញ ប៉ុន្តែ​ប្រហែល​មិន​មាន​តម្រូវការ​ច្រើន​នោះ​ទេ​»​។

លោក​លើក​ឡើង​ថា «​ក្នុង​រយៈពេល​វែង​វា​អាច​នៅ​មាន​ចរន្ត​លក់ដូរ​ច្រើន​ដែរ បើ​សេដ្ឋកិច្ច​កាន់តែ​ប្រសើរ​ទៅ​មុខ ហើយ​ចំនួន​ប្រជាជន​ពិសេស​ចំនួន​ប្រជាជន​រស់នៅ​ខេត្តតាកែវ​មាន​ចំនួន​ច្រើន អីចឹង​អាច​មាន​ច្រើន​ទៅ​មុខ​ទៀត​។ តែ​គ្រាន់​ថា នៅ​ក្នុង​រយៈពេល​មួយ​ទៅ​ពីរ​ឆ្នាំ​បើ​តម្លៃ​ដី​ឡើង​ប្រហែល​ពុំ​សូវ​មាន​អ្នកទិញ​ដី​នោះ​ទេ​»៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ