ខេត្តស្ទឹងត្រែង ៖ សហគមន៍អេកូទេសចរណ៍ព្រះរំកិល ស្រុកបុរី អូរស្វាយសែនជ័យត្អូញត្អែរពីការធ្លាក់ចុះប្រាក់ចំណូល យ៉ាងគំហុកដោយសារភ្ញៀវទេសចរថមថយ ។
អ្នកស្រី ធីតា អាយុ៣២ឆ្នាំ រស់នៅភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ជាអ្នកលក់បាយដំណើបបុកល្ហុងនៅសហគមន៍អេកូ ទេសចរណ៍ព្រះរំកិលបានឱ្យដឹងថា នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ការលក់ដូរមុខរបរសព្វថ្ងៃ មានការថយចំណូលច្រើន ព្រោះមិនសូវឃើញភ្ញៀវទេសចរមកកម្សាន្តច្រើនដូចកាលពី៣ ឬ៤ឆ្នាំមុន ។ អ្នកស្រី ធីតា បានត្អូញត្អែរថា ភ្ញៀវទេសចរមកទីនេះ គឺចង់ទស្សនាសត្វផ្សោតដែលពីមុន គឺមាន៨ទៅ៩ក្បាល ដោយឡែកឥឡូវ មានតែ៣ក្បាលប៉ុណ្ណោះ ដោយអ្នកស្រីគិតថា ប្រហែលជាមកពីការសាងសង់វ៉ារីអគ្គីសនីដនសាហុង នៅប្រទេសឡាវ បង្កការរំខានដោយសំឡេងបំផ្ទុះថ្ម និងគ្រឿងចក្រនាំឱ្យសត្វផ្សោតផ្អើល និងបន្លាស់ទីទៅរស់នៅខ្សែទឹកផ្សេង ។
អ្នកស្រីបាននិយាយថា ការបាត់បង់សត្វផ្សោតនេះធ្វើឱ្យមានការថយទេសចរទាំងបរទេស និងខ្មែរ ខណៈទេសចរបរទេសទស្សនាសត្វផ្សោតនៅទឹកដីឡាវវិញ ។ ប្រាក់ចំណូលរបស់ពលរដ្ឋនៅ សហមគន៍ទេសចរព្រះរំកិលមួយផ្នែកបានមកពីវិស័យទេសចរណ៍ដូចជា ការលក់សំបុត្រទស្សនាផ្សោតសេវាដឹកជញ្ជូន ភ្ញៀវទេសចរលក់ម្ហូបអាហារ និងកន្លែងស្នាក់នៅជាដើម ។ អ្នកស្រីបន្ថែមថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះកម្រមានភ្ញៀវទេសចរមកទស្សនាផ្សោតពីប្រទេសឡាវមកកម្ពុជា ណាស់ គឺឃើញមានតែភ្ញៀវទេសចរជាតិ និងអន្តរជាតិមកពីប្រទេសកម្ពុជា ។
លោក ប៉ា ភឿន អាយុ៥៥ឆ្នាំ តំណាងសហគមន៍អេកូទេសចរព្រះរំកិល ក្នុងស្រុកបុរីអូសែនជ័យបានមានប្រសាសន៍ថា បច្ចុប្បន្នសហគមន៍អាចលក់សំបុត្របានចាប់ពី៦០ម៉ឺនរៀល ទៅ៧០ម៉ឺនរៀលក្នុងមួយខែ ហើយកាលពី៣ ឬ៤ឆ្នាំមុន អាចរកប្រាក់ចំណូលបានចាប់ពី ១លាន៥០ម៉ឺនរៀល ទៅ២លានរៀលក្នុងមួយខែ ។ តាមការសង្កេតរបស់សហគមន៍ព្រះរំកិលឱ្យដឹងថា មុនឆ្នាំ២០១០សត្វផ្សោតនៅអន្លង់ឈើទាល មាន៨ក្បាល ក៏ប៉ុន្តែ សត្វកម្រទាំងនេះបាត់បង់ជាបន្តបន្ទាប់ ហើយបច្ចុប្បន្ននៅសល់ផ្សោតធំៗ ប្រមាណ៣ក្បាលបន្តរស់នៅក្រោមការ អភិរក្សរបស់សហគមន៍ព្រះរំកិល និងឆ្មាំទន្លេ ។
លោកតំណាងសហគមន៍បានបន្តថា សត្វផ្សោត៣ក្បាល មានការបំលាស់ទីពីដីខ្មែរទៅទឹកដីឡាវនារដូវប្រាំង ហើយបំលាស់ទីមកទឹកដីខែ្មរវិញនារដូវវស្សា តែទេសចរអាចធ្វើដំណើរតាមទូកទស្សនាសត្វផ្សោតនៅទឹកដីឡាវបាន ហើយទេសចរខាងឡាវក៏អាចមកទស្សនានៅទឹកដីខ្មែរ ខណៈសត្វផ្សោតទាំងនោះបំលាស់ទីទៅវិញទៅមក ។
លោក ប៉ា ភឿន កត់សម្គាល់ថា មូលហេតុដែលផ្សោតចំនួន៣ក្បាលបន្លាស់ទីទៅខ្សែទឹកខាងលើដោយសារមាន ការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីឋិតនៅចម្ងាយ៥០០ម៉ែត្រ ពីទីតាំងជ្រករបស់ត្រីផ្សោតអន្លង់ឈើទាល និងការ ហ៊ុមព័ទ្ធនេសាទនៅក្បែរអន្លង់អភិរក្សបង្កភាពស្មុគស្មាញស្វែងរកចំណីចាប់ត្រីជាអាហាររបស់សត្វផ្សោត ។
សត្វផ្សោតកំពុងប្រឈមគ្រោះថ្នាក់ខ្លាំងដោយសារតំបន់ឆ្លងកាត់សំខាន់ៗ ដែលផ្សោតធ្វើដំណើរសម្បូរទៅដោយអ្នក នេសាទទាំងប្រជាជនឡាវ និងខ្មែរបានដាក់មង និងឧបករណ៍នេសាទផ្សេងៗ ត្បិតប្រជាជនប្រទេសទាំងពីរមានទម្លាប់ នេសាទ នៅដងទន្លេខ្សែបន្ទាត់ខណ្ឌទឹកដីប្រទេសទាំងពីរនៅតំបន់នោះ ។
សហគមន៍អេកូទេសចរណ៍ព្រះរំកិលទទូចអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធរកមធ្យោបាយអភិរក្សសត្វផ្សោតនៅអន្លង់ អភិរក្សឈើទាលឱ្យគង់វង្ស ដើម្បីធានានិរន្តរភាពវិស័យទេសចរណ៍ក្នុងតំបន់ និងកុំឱ្យឈានទៅរកការផុតពូជ សត្វផ្សោតនាពេលអនាគតនៅអន្លង់ឈើទាល សហគមន៍អេកូទេសចរណ៍ព្រះរំកិលនេះ ។
ជុំវិញរឿងនេះលោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានឱ្យដឹងថា សត្វផ្សោតនៅខេត្ត មានចំនួនប្រមាណជាង៣០ក្បាលដែលរស់នៅក្នុងអន្លង់ចំនួន៤កន្លែង គឺអន្លង់ចំនួន៣ស្ថិតក្នុងស្រុកសៀមបូក និងមួយទៀត គឺអន្លង់អូរឈើទាលឋិតក្នុងឃុំព្រះរំកិលស្រុកបុរីអូរស្វាយសែនជ័យ ។ សត្វផ្សោតមានសារសំខាន់ណាស់ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រសិនបើនៅក្នុងអន្លង់អូរឈើទាល សត្វផ្សោតវាកាន់តែជិតបាត់បង់អស់ទៅហើយនោះ ហើយភ្ញៀវទេសចរក៏ថយចុះទៅតាមហ្នឹងដែរ ។
ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ មេត្តាជួយថែរក្សាគ្នាកុំប្រើឧបករណ៍ខុសច្បាប់នៅជិតតំបន់ហាមឃាត់ នៅក្នុងតំបន់ដែលសត្វផ្សោតវាកំពុងរស់នៅឱ្យសត្វផ្សោតគង់វង្ស ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាឱ្យបានកាន់តែច្រើនឡើងវិញ ៕
ចែករំលែកព័តមាននេះ