ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​ដ៏​ល្បី​លេងល្បិច​ម៉ា​ស្អាត​ដាក់​យុវជន​ម្នាក់ ចប់​ត្រឹម​បណ្តើរ​ម៉ូតូ​មុខ​ប្រជា​​ការពារ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជា​មុខសញ្ញា​កាច់​សោ​.​ក​ម៉ូតូ​យ៉ាង​សកម្ម​ដ៏​ល្បី​ម្នាក់ បាន​ប្រើ​ល្បិច​ម៉ា​ស្អាត​ដាក់​យុវជន​ម្នាក់ ដើម្បី​លួច​ម៉ូតូ​១​គ្រឿង​ម៉ាក C125 សេរី​2020 ហើយ​ខណៈ​ពេល​កំពុង​តែ​បណ្ដើរ​ចេញពី​វត្ត​នោះ ស្រាប់តែ​ត្រូវ​បាន​ប្រជា​ការពារ​ឃើញ…

ខេត្ត​ត្បូងឃ្មុំ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជា​មុខសញ្ញា​កាច់​សោ​.​ក​ម៉ូតូ​យ៉ាង​សកម្ម​ដ៏​ល្បី​ម្នាក់ បាន​ប្រើ​ល្បិច​ម៉ា​ស្អាត​ដាក់​យុវជន​ម្នាក់ ដើម្បី​លួច​ម៉ូតូ​១​គ្រឿង​ម៉ាក C125 សេរី​2020 ហើយ​ខណៈ​ពេល​កំពុង​តែ​បណ្ដើរ​ចេញពី​វត្ត​នោះ ស្រាប់តែ​ត្រូវ​បាន​ប្រជា​ការពារ​ឃើញ ក៏​ហៅ​មក​សួរនាំ រួច​ក៏​ចាប់ខ្លួន​តែ​ម្ដង ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៨​និង​៤០​នាទី​យប់ ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​វត្ត​ពោធិ​យា​វិហារ​ខ្ពស់ ស្ថិត​ក្នុងភូមិ​វិហារ​ខ្ពស់ សង្កាត់​សួង ក្រុង​សួង ។

លោក​វរសេនីយ៍ឯក ឈ​ន សុ​ធន់ អធិការ​នគរបាល​ក្រុង​សួង បាន​ប្រាប់​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ សុខ ភី ហៅ​សុខ​ពៅ ឬ​ហៅ​នូ​រ៉ា អាយុ​៤៥​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ភូមិ​ថ្មី ឃុំ​ថ្មី ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ហើយ​វត្ថុ​តាង​ដកហូត​បាន​ដូច​ជា ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ សេរី​ឆ្នាំ​2020 ជា​របស់​អ្នក​រង​គ្រោះ រួម​ជា​នឹង​ឧបករណ៍​កាច់​សោ​.​ក​ម៉ូតូ​ផង​ដែរ​។ ចំណែក​ម្ចាស់​ម៉ូតូ​ឈ្មោះ សោម រស់ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មាន​ទី​លំនៅ​ក្នុងភូមិ​វិហារ​ខ្ពស់ សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ត្រូវ​បានកូន​ប្រុស​ឈ្មោះ អុល មិ​នា យក​ទៅ​ជិះ​។

លោក​អធិការ​បានឱ្យ​ដឹង​បន្ត​ថា ម៉ូតូ​ដែល​ត្រូវ​ចោរលួច​នោះ គឺ​ត្រូវ​បានកូន​ប្រុស​របស់​ជន​រង​គ្រោះ​យក​ទៅ​ជិះ​ចេញពីផ្ទះ​មក​លេង​នៅ​វត្ត​វិហា​ខ្ពស់​នៅ​យប់​ថ្ងៃ​ទី​៥ កុម្ភៈ ក្នុង​ពិធីបុណ្យ​ផ្កា​សាមគ្គី ។ ហើយ​មុន​ពេល​កើតហេតុ កូនប្រុស​របស់​ជន​រង​គ្រោះ​បាន​ផ្ញើ​ម៉ូតូ​ទុក​នៅ​កន្លែង​គេ​ទទួល​ផ្ញើ​ត្រឹមត្រូវ និង​ចាក់សោ​.​ក​ថែម​ទៀត ចំណែក​សំបុត្រ​ផ្ញើ​វិញ​គឺ​ដាក់​នៅ​ក្នុង​កែបម៉ូតូ​។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ​ជនសង្ស័យ​បានឃើញ ក៏​ប្រាប់​មក​កូនប្រុស​ជន​រង​គ្រោះ​ថា កុំឱ្យ​ចាក់សោ​.​ក ព្រោះ​គេ​ពិបាក​បណ្ដើរ​។ ខណៈនោះ​កូនប្រុស​ជន​រង​គ្រោះ​នឹក​ស្មាន​តែ​អ្នក​ផ្ញើ​សំបុត្រ​ក៏​បាន​ត្រឡប់​មក​ចាក់​បើក​សោ​.​ក​ម៉ូតូ​វិញ រួច​ក៏​ដើរ​លេង​ក្នុង​បរិវេណ​វត្ត​បាត់​ទៅ​។ ដោយ​ឃើញ​ឱកាសល្អ​ជនសង្ស័យ​បាន​ចូល​មក​យក​ប្រដាប់​កាច់​សោ​.​ក​ម៉ូតូ រួច​មក​ចាក់​គាស់​សោ​កែប ដើម្បី​យក​សំបុត្រ​ផ្ញើ​ម៉ូតូ រួច​ក៏​បណ្ដើរ​ចេញ​ទៅ​។

លុះ​ពេល​បណ្តើរ​មក​ដល់​ត្រង់​ចំណុច​គណៈកម្មការ​វត្ត​ដែល​មាន​កម្លាំង​ប្រជា​ការពារ​ឈរ​យាម​ជា​ច្រើន​នាក់​បានឃើញ​ក៏​មានការ​សង្ស័យ រួច​ហៅ​សួរនាំ និង​ត្រួតពិនិត្យ ស្រាប់តែ​ឃើញ​ស្នាម​កាច់​សោ​កែបម៉ូតូ ក៏​ធ្វើការ​ឃាត់ខ្លួន​តែ​ម្ដង​។ ក្រោយមក​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សួង មក​ទទួល​យក​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​សួង ដើម្បី​សួរនាំ ហើយ​ជន​នេះ​ក៏​ឆ្លើយ​សារភាព​ថា រូបគេ​ធ្វើ​សកម្មភាព​នៅ​ក្រុង​សួង​ទើបតែ​ម្ដងនេះ​ទេ​។

អធិការ​នគរបាល​ក្រុង​សួង​បញ្ជាក់​ថា បើ​តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច ជន​នេះ​គឺជា​មុខ​ដ៏​សកម្ម​ខាង​កាច់​សោ​.​ក​ម៉ូតូ ហើយ​ធ្លាប់​ធ្វើ​សកម្មភាព​ក្នុង​នោះ​មាន​ដូច​ជា នៅ​ខេត្តកំពង់ចាម ខេត្ត​មណ្ឌលគិរី និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត​ផង​។ ហើយ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ ជន​រូប​នេះ​បាន​ប្រើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បង្ហោះ​សារ ដោយ​គេ​បាន​ស្រឡាញ់​ស្រី​ម្នាក់ ក្នុង​ពេល​ដែល​រស់នៅ​រាជធានី​ភ្នំពេញ​មួយ​រយៈ​ខ្លី​។

ទោះជា​បែប​នេះ​ក្តី ត្រូវ​បាន​គេ​ចែកចាយ​ត​គ្នា ហើយ​កម្លាំង​សមត្ថកិច្ច​ក៏​ស្គាល់​ថា ជន​ដែល​បង្ហោះ​តាម​បណ្ដាញ​សង្គម​នេះ គឺជា​មុខសញ្ញា​កាច់​សោ​.​ក​ម៉ូតូ​។ ហើយ​ខណៈ​ពេល​បញ្ជូន​មក​ដល់​អធិ​ការ​រ​ដ្ឋា​ន​នគរបាល​ក្រុង​សួង សួ​នាំ​ជន​នេះ​បាន​ធ្វើ​ពុត​ជា​ឈឺ​នេះ ឈឺ​ពេញ​ក្នុង​ខ្លួនប្រាណ សូ​ម្បី​តែ​សមត្ថកិច្ច​ថតរូប​ក៏​ពិបាក​បន្តិច​ផង​ដែរ​។

អធិការ​ក្រុង​សួង​បញ្ជាក់​ថា ម៉ូតូ​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ឲ្យ​ភាគី​រង​គ្រោះ​វិញ ចំណែក​ជនសង្ស័យ ត្រូវ​បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ឱ្យ​អយ្យការ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ចាត់ការ​តាម​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ