ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡដ្ឋាន​មរតក​តេ​ជោ​កាន់តែ​លេច​រូប​រាង កម្ពុជា​មាន​ជំនឿ​ចិត្ត​​​រៀបចំ​សុ​ី​ហ្គេ​ម​​២០២៣

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​ប្រទេស​នៅ​អាស៊ាន កម្ពុជា​ទើបតែ​មានឱកាស​ទទួល​បាន​សិទ្ធិ​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣​ប៉ុណ្ណោះ ។ ជាមួយ​គ្នា​នេះ​មានការ​យល់​ឃើញ​ជា​ច្រើន​ថា ការ​រៀបចំ​របស់​កម្ពុជា អាច​នឹង​ខ្វះចន្លោះ​ព្រោះតែ​មិន​មានបទពិសោធន៍ គ្រប់គ្រាន់ ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​ប្រទេស​នៅ​អាស៊ាន កម្ពុជា​ទើបតែ​មានឱកាស​ទទួល​បាន​សិទ្ធិ​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣​ប៉ុណ្ណោះ ។ ជាមួយ​គ្នា​នេះ​មានការ​យល់​ឃើញ​ជា​ច្រើន​ថា ការ​រៀបចំ​របស់​កម្ពុជា អាច​នឹង​ខ្វះចន្លោះ​ព្រោះតែ​មិន​មានបទពិសោធន៍ គ្រប់គ្រាន់ ។ ប៉ុន្តែ​ផ្អែក​តាម​វត្តមាន​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​ដែល​ជា​ពហុ​កីឡដ្ឋាន​លំដាប់​អន្តរជាតិ​កំពុង​ត្រូវ​បាន​គេ​ព​ន្លឿ​ន​ការ​សាងសង់ និង​ប្រកាស​រួចរាល់​នៅ​ចុងឆ្នាំ​នេះ មន្ត្រី​កម្ពុជា​ហាក់​មាន​ជំនឿ​ចិត្ត​ខ្ពស់​ថា កម្ពុជា​នឹង​អាច​ធ្វើ​បាន​យ៉ាង​ល្អ​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បញ្ជាក់​ថា ថ្វី​ដ្បិត​កម្ពុជា​គ្មាន​បទ​ពិសោធ​ធ្វើ​ស៊ី​ហ្គេ​ម​កន្លង​មក តែ​កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​មួយ​នោះ​ឱ្យ​បាន​ល្អ ។ លោក​ថា ក្ដី​កង្វល់​គឺ​ពាក់ព័ន្ធ​តែ​រឿង​កន្លែង​ប្រកួត​ប៉ុណ្ណោះ ប៉ុន្តែ​បើ​កន្លែង​ប្រកួត​មាន​គ្រប់គ្រាន់​គឺ​លែង​ជា​បញ្ហា​ហើយ ដោយសារ​តែ​បច្ចេកទេស​ក្នុង​ការ​រៀបចំ កម្ពុជា​ក៏​រៀនសូត្រ​ពី​ប្រទេស​ដែល​មានបទពិសោធន៍ និង​មាន​គណៈកម្មការ​អន្តរជាតិ​ចុះ​មក​បង្វឹក​យ៉ាង​ដុតដៃដុតជើង ។ លោក​ថា កម្ពុជា​នឹង​មិន​ពិបាកធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ​ទេ ដោយសារ​កម្ពុជា​មាន​ទីតាំង​ប្រកួត​ដែល​មាន​សក្ដានុ​ពល​ដល់​ទៅ​២ គឺ​ស្តា​ត​អូ​ឡាំ​ពិ​ក និង​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ គឺជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន​ដែល​ប្រើ​ទុន​ចំណាយ​អស់​១៥០​លាន​ដុល្លារ និង​គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ចុងឆ្នាំ​២០២០​នេះ ។ ពហុ​កីឡដ្ឋាន​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​គឺជា​មរតក​ដែល​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន ក្នុង​ន័យ​បង្ហាញ​ពី​ចំណងមិត្តភាព​ដែកថែប​ដ៏​រឹង​មាំ និង​ស្អិត​ល្មួត​រវាង​កម្ពុជា​-​ចិន ។

ពហុ​កីឡដ្ឋាន​នេះ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា សាងសង់​នៅ​លើ​ផ្ទៃដី​ទំហំ​ជាង​១៦​ហិ​កតា​ដែល អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ប្រមាណ​៦​ម៉ឺន​នាក់ ដោយ​មានការ​រំពឹង​យ៉ាង​ខ្លាំង​ថា នឹង​ក្លាយជា​ពហុ​កីឡដ្ឋាន​មួយ​ជួយ​ឱ្យ​កម្ពុជា​មានមុខ​មាន​មាត់​លើ​ឆាក​អន្តរជាតិ​នៅ​ឆ្នាំ​២០២៣​។ អ្នកជំនាញ​បាន​អះអាង​ថា ជា​សមិទ្ធផល​ទី​២​របស់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នឹង​បញ្ចប់​ការ​សាងសង់​ដូច​ការ​គ្រោងទុក​នៅ​ចុងឆ្នាំ​២០២០ ដោយ​បច្ចុប្បន្ន​សម្រាប់​ការ​ស្ថាបនា គឺ​បាន​ប្រមាណ​៧០​ទៅ​៨០ ភាគ​រយ​ហើយ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ នៃ​គណៈ​កម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ប្រាប់​ដល់​អ្នក​សារព័ត៌មាន​ក្នុងស្រុក​កាលពី​ពេល​ថ្មី​ៗ​នេះ ។ មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​បាន​ទាំង​ចាត់​ទុក​ថា​នេះ​ជា​សមិទ្ធផល ដ៏​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​របស់រ​ដ្ឋា​បាល​ចិន​មក​លើ​កម្ពុជា ក្នុង​សម័យ​តេ​ជោ​នោះ​ផង​។

លោក វ៉ា​ត់ ចំរើន និយាយ​ថា កម្ពុជា​នឹង​បន្ត​ការ​ព​ន្លឿ​ន​ក្នុង​ការ​សាងសង់ កីឡដ្ឋាន​បាល់ទាត់ មរតក​តេ​ជោ​ដើម្បី​ឱ្យ​លទ្ធផល​រួចរាល់​ត្រូវ​បាន​ស្ដែង​ឡើង ។ លោក​ថា ការ​សាងសង់​ក្នុង​ប៉ុន្មាន​ឆ្នាំ​មកនេះ គឺ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ដូច​ការ​កំណត់ ដោយនៅ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ខាង​មុខ ការ​សាងសង់​នឹង​ចប់​សព្វគ្រប់ ។ លោក​ថា បច្ចុប្បន្ន​ការ​សាងសង់​សម្រេច​បាន​ដល់​៧០​ទៅ​៨០​ភាគរយ​ហើយ ខណៈ​ដែល​ភាគរយ​បន្ថែម​គឺ​នៅ​តែ​ដេ​គ័​រ និង​ផ្នែក​កែ​លម្អ​តែ​ប៉ុណ្ណោះ​។

លោក​ថា ជាង​ជំនាញ​នៅ​តែ​បន្ត​ព​ន្លឿ​ន​ការ​សាងសង់ ហើយ​ការ​សាងសង់​នៅ​តែ​បន្តិចទៀត​ទេ​នឹង​ចប់​សព្វគ្រប់​ទាំង​គ្រោងការ​តុបតែង​និង​បំពាក់​សម្ភារ​ផ្សេង​ៗ ដូច្នេះ​ការ​សាងសង់​នឹង​បញ្ចប់​ដូច​ការ​គ្រោងទុក ។ លោក វ៉ា​ត់ ចំរើន បន្ត​ថា កម្ពុជា​ត្រូវ​តែ​មាន​ពហុ​កីឡដ្ឋាន​ល្អ​មួយ​កម្រិត​អន្តរជាតិ ដើម្បី​មុខមាត់​វិស័យ​កីឡា​របស់​ខ្លួន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡដ្ឋាន​លំដាប់​អន្តរជាតិ​មរតក​តេ​ជោ គឺជា​បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​ចិន ដែល​ជួយ​សាងសង់​លើ​ផ្ទៃដី​ជាង​១៦​ហិ​កតា​ឱ្យ​កម្ពុជា ដោយ​គម្រោង​នេះ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​១៥៨​លាន​ដុល្លារ ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន​។ កីឡដ្ឋាន​នេះ​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ប្រមាណ​៦​ម៉ឺន​នាក់​និង​អាច​ជម្លៀស​ទស្សនិកជន​ត្រឹម​រយៈពេល​៧​នាទី​ក្នុង​ករណី​មាន​ហេតុការណ៍​មិន​ប្រក្រតី​កើតឡើង ។

ក្នុង​ពិធី​សម្ពោធ​ដំឡើង​បង្គំ​កៅអីអង្គុយ​កាលពី​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៩ វិស្វករ​ចិន​ដែល​ជា​អ្នក​ទទួល​បន្ទុក​សាងសង់​កីឡដ្ឋាន​នេះ បាន​លើក​ឡើង​ថា ការ​ដំឡើង​បង្គំ​កៅអី​នីមួយ​ៗ​មាន​ភាព​លម្អៀង​បូក​ឬ​ដក​ពីរ​សង់ទីម៉ែត្រ​តែ​ប៉ុណ្ណោះ ។ បង្គំ​កៅអី​នេះ​មាន​សភាព​រលោង​រចនា​ឡើងជា​មួយ​បច្ចេកវិទ្យា ទំនើប​ចុង​ក្រោយ​របស់​ចិន និង​មាន​បំពាក់​QR​កូដ​ដើម្បី​ត្រួតពិនិត្យ​គុណភាព​ទៀត​ផង ។

លោក វ៉ា​ត់ ចំរើន បន្ត​ថា ទំនាក់ទំនង​រវាង​កម្ពុជា​-​ចិន ប្រៀប​បាន​ទៅ​នឹង​ដែក​ថែម​ដែល​គ្មាន​អ្នក​ណា​អាច​បំបែកបំបាក់​បាន​ឡើយ ។ លោក​ថា កម្ពុជា​មាន​ទំនាក់ទំនង​ផ្នែក​កីឡា​ជាមួយ​ចិន​តាំងពី​ជំនាន់​សម្តេចព្រះ​បរម​រតន​កោដ្ឋ​នរោត្តម សីហ​នុ មក​ម្លេ​៉ះ​តាម​រយៈ​ការ​ជួយ​កសាង​បុរី​កីឡា និង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​Ganefo នៅ​ឆ្នាំ​១៩៦៦ ។ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ធ្លាប់​មាន​ប្រសាសន៍​កន្លង​មក​ថា ការ​ជួយ សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​គឺ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​រួមចំណែក​ជួយ​អភិវឌ្ឍ​នៅ​កម្ពុជា​។

កីឡដ្ឋាន​នេះ​សាងសង់​ក្រោម​រចនាបថ​ខ្មែរ​មាន​រាង​ដូច​សំពៅ​ដែល​បង្ហាញ​ពី​សន្តិភាព មិត្តភាព​ដ៏​រឹង​មាំ​និង​យូរអង្វែង​រវាង​កម្ពុជា​-​ចិន​ទាំង​ផ្នែក​នយោបាយ និង​ពាណិជ្ជកម្ម ។ តាម​រយៈ​កីឡដ្ឋាន​នេះ វា​បាន​ផ្តល់​ការងារ និង​ជួយ​បណ្តុះបណ្តាល​ជំនាញ​វិស្វកម្ម​ដល់​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ផង​ដែរ ។ ក្នុង​ចំណោម​វិស្វករ​និង​កម្មករ​សរុប​ចំនួន​៥៨០​នាក់​មាន​ជនជាតិ​កម្ពុជា​ចំនួន​២៤២​នាក់ ។ ត្រង់​ចំណុច​នេះ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍​ខាងលើ​បាន​ថ្លែងអំណរគុណ​ដល់​ខាង​វិស្វករ​ចិន ដែល​បាន​ចែករំលែក​បទ​ពិសោធ​ដល់​ប្រជាជន​កម្ពុជា ។

កីឡដ្ឋាន​ដែល​ជា​សមិទ្ធផល​ធំ​ជាងគេ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បាន​បើក​ការដ្ឋាន​សាង​សង់​នៅ​ថ្ងៃ​ទី​៤ មេ​សា ឆ្នាំ​២០១៧ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក្នុងអំឡុងពេល​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សមិទ្ធផល​មួយ​ចំនួន​ដែល​ទើប​សាងសង់​រួច ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ