ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ស្នើ​កូរ៉េ​ជំរុញ​ការ​កែ​ច្នៃ​ផលិតផល​កសិកម្ម​ពី​កម្ពុជា​សម្រាប់​នាំ​ចេញ​ទៅ​កូរ៉េ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​កូរ៉េ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ភាគី​កូរ៉េ​ជំរុញ​ការ​កែ​ច្នៃ​ផលិតផល​កសិកម្ម ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​កូរ៉េ​បន្ថែម ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សម្តេច​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០៤ ខែកុម្ភៈ​នេះ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​កូរ៉េ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ភាគី​កូរ៉េ​ជំរុញ​ការ​កែ​ច្នៃ​ផលិតផល​កសិកម្ម ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​កូរ៉េ​បន្ថែម ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សម្តេច​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០៤ ខែកុម្ភៈ​នេះ បាន​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​ជាមួយ​លោក​មូ​ន ជេ​អ៊ី​ន (Moon Jae-In) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង សម្ដេច​តេ​ជោ​បាន​បញ្ជាក់​ថា ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​កូរ៉េ បាន​ក្លាយទៅជា​ទំនាក់ទំនង​ស៊ីជម្រៅ​ពេញលេញ ក្រោយ​ពី​ការ​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៦ និង​មាន​កិច្ចព្រមព្រៀង​ជា​ច្រើន​រវាង​ប្រទេស​ទាំង​ពីរ​ដែល​បាន​ចុះ​ជាមួយ​គ្នា ដើម្បី​ពង្រឹង​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ។

សម្ដេច​តេ​ជោ​ពិតជា​រីករាយ​ដែល​បានឃើញ​កិច្ចព្រមព្រៀង​ការ​មិន​យកពន្ធ​ត្រួត​គ្នា​ដែល​ត្រូវ​បាន​ចុះហត្ថលេខា កាលពី​ចុងឆ្នាំ​២០១៩ ដែល​កិច្ចព្រមព្រៀង​នឹង​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​អ្នក​វិនិយោគ​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​បណ្ដាក់ទុន​រកស៊ី ។ សម្ដេច​បាន​បញ្ជាក់​ថា ការ​កែទម្រង់​ការ​វិនិយោគ​នឹង​ផ្ដល់​ឱកាស​សារ​ជា​ថ្មី​ចំពោះ​អ្នក​វិនិយោគ ហើយ​សង្ឃឹមថា លោក​ប្រធានាធិបតី និង​ជួយ​ជំរុញ​ឲ្យ​អ្នក​វិនិយោគិន កូរ៉េ​បន្ត​មក​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា ។

សម្តេច​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​កូរ៉េ បាន​បន្ត​កើនឡើង​នៅ​ឆ្នាំ​២០១៩ កន្លង​ទៅ ក្នុង​ន័យ​នេះ​សម្ដេច​តេ​ជោ​ចង់​ឃើញ​ឲ្យ​មានការ​នាំ​ចេញ​ផលិតផល​របស់​កម្ពុជា​បន្ថែម​ទៀត មក​កាន់​ទីផ្សារ​កូរ៉េ ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​លើក​ឡើង​ថា កម្ពុជា​បាន​នាំ​ស្វាយ​ស្រស់​ទៅ​កាន់​ទីផ្សារ​កូរ៉េ កាលពីដើម​ឆ្នាំ​កន្លង​ទៅ​ដែល​ក្នុង​នេះ​សម្ដេច​បាន​ត្រេកអរ​ចំពោះ​ការ​នាំ​ចេញ​ផ្លែស្វាយ​ទៅ​កាន់​ទីផ្សារ​កូរ៉េ ។ សម្ដេច​ចង់​ឃើញ​ការ​បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត លើ​វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា ។ ក្នុង​ជំនួប​នោះ​ដែរ សម្ដេច​តេ​ជោ​បាន​ស្នើ​ឱ្យ​ឯកឧត្តម​ប្រធានាធិបតី​ជួយ​គាំទ្រ​ក្នុង​ការ​ពង្រឹង​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា ជា​ពិសេស​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម និង​ជម្រុញ​ការ​កែ​ច្នៃ​ផលិតផល​កសិកម្ម​សម្រាប់​នាំ​ចេញ​មក​កាន់​កូរ៉េ​ផង​ដែរ ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​ស្នើ​ឲ្យ​កូរ៉េ​បន្ត​កិច្ចព្រមព្រៀង​ចាស់​ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍​ក្នុង​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ។ ក្នុង​ន័យ​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ចង់​ឃើញ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ។ លោក​ប្រធានាធិបតី​កូរ៉េ បាន​បញ្ជាក់​ថា នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​កូរ៉េ ដែល​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេ​ជោ​បាន​ដំណើរការ​ទៅ​ដោយ​ជោគជ័យ និង​បាន​អរគុណ​សម្ដេច​តេ​ជោ​ចំពោះ​ការ​ផ្ដួចផ្ដើម​គំនិត​នៅ​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​លើក​ដំបូង​ដែល​បាន​ប្រព្រឹត្ត​ទៅ កាលពី​ខែវិច្ឆិកា ២០១៩​កន្លង​ទៅ ។

លោក​បាន​គូសបញ្ជាក់​ថា យើង​បាន​អនុវត្ត​នូវ​គំនិត​ផ្ដួចផ្ដើម​របស់​សម្ដេច​តេ​ជោ ដែល​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ចំពោះ​គំនិត​ផ្ដួចផ្ដើម​នេះ ។ ពាក់ព័ន្ធ​ជាមួយនឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​បាន​ឡើង​ដល់​កម្រិត​មួយ​ចាស់ទុំ និង​បាន​បញ្ចប់​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ជាមួយនឹង​ការ​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់ ព្រមទាំង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដី​ពី​ការ​មិន​យកពន្ធ​ត្រួត​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។

លោក​រីករាយ​ចំពោះ​ដំណើរការ​នៃ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ និង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។ ជាមួយ​គ្នា​នោះ​ដែរ លោក​ថា រដ្ឋាភិបាល​កូរ៉េ​នឹង​បន្ត​ផ្ដល់​ការ​គាំទ្រ​យ៉ាង​សកម្ម​ចំពោះ​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​នៅ​កម្ពុជា​នៅ​ចុងឆ្នាំ​នេះ ។ លោក​សង្ឃឹមថា កម្ពុជា​នឹង​គាំទ្រ​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៃ​កំណើនសេដ្ឋកិច្ច​បៃតង​ដែល​នឹង​រៀបចំ​នៅ​ប្រទេស​កូរ៉េ​នៅ​ចុងឆ្នាំ​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ