ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​បុរស​ម្នាក់​ចេញពី​ក្នុងផ្ទះ លុះ​ឃាត់​​​ឆែកឆេរ​សួរនាំ​ចុះឡើង បែក​ធ្លាយ​​ម្នាក់​​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​ទំពូង​២ ខណៈ​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន ក៏​ប្រទះ​ឃើញ​បុរស​ម្នាក់​ចេញពីផ្ទះ​មួយ​កន្លែង​គួរ​ឱ្យ​សង្ស័យ ក៏​ឃាត់ខ្លួន​សួរនាំ រួច​ឆែកឆេរ​ក្នុង​ខ្លួន ស្រាប់តែ​រក​ឃើញ​លុយ ទូ​ស័ព្ទ​ដៃ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​ទំពូង​២ ខណៈ​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន ក៏​ប្រទះ​ឃើញ​បុរស​ម្នាក់​ចេញពីផ្ទះ​មួយ​កន្លែង​គួរ​ឱ្យ​សង្ស័យ ក៏​ឃាត់ខ្លួន​សួរនាំ រួច​ឆែកឆេរ​ក្នុង​ខ្លួន ស្រាប់តែ​រក​ឃើញ​លុយ ទូ​ស័ព្ទ​ដៃ និង​នាឡិកាដៃ ក៏​ឃាត់ខ្លួន​សួរនាំ ទើប​បែកធ្លាយ​បក្សពួក​ម្នាក់​ទៀត​អូស​រទេះ​អេ​ត​ចាយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​លេខ​១៨១ ផ្លូវ​១៧៣ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន​។

សេចក្តីរាយការណ៍​បន្ត​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ខាងលើ​ឈ្មោះ ថម ម៉ៅ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ។ ចំណែក​ជនសង្ស័យ​ខា​លើ​ឈ្មោះ ខែ​ម សុ​ខន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​បឹង​ទំពុន​២ ខណ្ឌមា​ន​ជ័យ និង​ជនសង្ស័យ​ម្នាក់​ទៀត​ជា​បក្សពួក​ឈ្មោះ សួរ ចំណាន អាយុ​២៥​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ជា​ម្ចាស់​រ៉ឺ​ម៉ក ស្នាក់​នៅ​សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ ។

យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ទំពុន​ទី​២ បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើត​ហេតុ គឺ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ទំពុន​ទី​២ បាន​ល្បាត​ពួនស្ទាក់​ក្នុង​មូលដ្ឋាន លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ឃើញ​ជនសង្ស័យ​ឈ្មោះ​ខែ​ម សុ​ខន ដើរ​ចេញពីផ្ទះ​កើតហេតុ​គួរ​ឲ្យ​សង្ស័យ ក៏​ឃាត់ខ្លួន​សួរនាំ និង​ឆែកឆេរ​ក្នុង​ខ្លួន​ក៏​រក​ឃើញ​លុយ​ខ្មែរ​មួយ​ចំនួន​ទូរស័ព្ទ​ដៃ​២​គ្រឿង និង​នាឡិកា​ដៃ​២​គ្រឿង​ទៀត លុះ​ពេល​សួរ​ដេញដោល​ក៏​ធ្វើ​ឱ្យ​ជនសង្ស័យ​រូប​នោះ​ភ័យ​ស្លន់ស្លោ ទើប​ដឹង​ថា ជា​ចោរ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង ។

បើ​តាម​ការ​សារភាព​របស់​ជនសង្ស័យ​រូប​នេះ​បាន​ប្រាប់​ថា រូបគេ​លួច​យក​ចេញពីផ្ទះ​កើតហេតុ​ខាង​លើ​នោះ ទើប​សមត្ថកិច្ច​គោះ​ទ្វារ​ហៅរក​ម្ចាស់ផ្ទះ ក៏​មាន​ស្ត្រី​ម្នាក់​ចេញពីផ្ទះ​មួយ​នៅ​ជិត​កន្លែង​ផ្ទះ​កើតហេតុ​មក​អះអាង​ថា ជា​ផ្ទះ​របស់​ខ្លួន ដោយ​រូប​គាត់​បាន​ចាក់សោ​ទុក​ចោល រួច​ទៅ​គេង​ផ្ទះ​បងប្អូន​នៅ​ក្បែរ​គ្នា​នោះ ។ ក្រោយមក​ស្ត្រី​ម្ចាស់​ក៏​បាន​ចូល​ទៅ​មើល​ក្នុងផ្ទះ រួច​ក៏​បាន​ផ្អើល​ស្រែក​ឆោឡោ​ឱ្យ​សមត្ថកិច្ច​ជួយ ព្រោះតែ​ផ្ទះ​របស់​គាត់​ត្រូវ​ក្រុម​ចោរ​គាស់​សោរ​ផ្ទះ​ចូល​រើ​ឥ​វ៉ា​ន់រាយ​ប៉ាយ​ពេញ​ក្នុងផ្ទះ​លួច​ទ្រព្យសម្បត្តិ​អស់ហើយ តាំងពី​ទូរទស្សន៍ ម៉ា​ញ៉េ ធុងបាស កង្ហា លុយ មាស រួម​ទាំង​ប្លា​ទី​ន​មួយ​ចំនួន​ទៀត​បាត់​អស់ពី​ផ្ទះ​គ្មាន​សល់​តែ​ម្តង​។

ភ្លាម​ៗ​នោះ​សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​យក​ទៅ​សួរនាំ ទើប​ដឹង​ថា គេ​នៅ​មាន​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ សួ ចំណាន ដែល​បាន​អូស​រទេះ​អេ​ត​ចាយ​យក​ទ្រព្យសម្បត្តិ​ជន​រង​គ្រោះ​គេចខ្លួន​បាត់​។ ក្រោយមក​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទួល​ទំពូង​ទី​២ ក៏​បាន​សហការ​គ្នា​ជាមួយ​កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរបាល​ទំនប់​ល្បាត​រួម​គ្នា​មក​ដល់​ចំណុច​ផ្លូវ​៤៣២ ជិត​នឹង​អគារ​ខុន​ដូ​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​អូស​រទេះ​អេ​ត​ចាយ ក៏​ឃាត់​ខ្លួន​សួរនាំ និង​ឆែកឆេរ​រក​ឃើញ​មាន​ធុងបាស់ ម៉ា​ញ៉េ ទូរទស្សន៍ កង្ហារ ទើប​ជនសង្ស័យ​សារភាព​ថា ខ្លួន​ពិតជា​បក្សពួក​នឹង​គ្នា​ពិតប្រាកដ​មែន ហើយ​ក៏​ឃាត់ខ្លួន​យក​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ទួល​ទំពូង​២ សួរនាំ​បន្ត​តែ​ម្តង​។

បើ​តាម​ប្រភព​ពី​ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ គឺ​គាត់​ទើប​នឹ ត្រឡប់​មក​ពី​លេង​នៅ​ខេត្តសៀមរាប​វិញ ហើយ​យប់​កើតហេតុ​នោះ​គាត់​មិន​បាន​សម្រាក​នៅផ្ទះ​គាត់​ទេ ដោយ​បាន​ចាក់​សោ​ផ្ទះ​ទៅ​សម្រាក​នៅផ្ទះ​បងប្អូន​ក្បែរ​នោះ ពេល​មានការ​ភ្ញាក់ផ្អើល​នៅ​មុខ​ផ្ទះ ទើប​គាត់​ចេញ​មក​មើល​ផ្ទះ​គាត់​ឃើញ​ចំហរទ្វារ ទើប​ដឹង​ថា មាន​ចោរលួច​គាស់​ទ្វារផ្ទះ​ចូល​លួច​ទ្រព្យ​សម្បត្តិ ។

ក្រោយ​ពេល​កើតហេតុ​ទ្រព្យសម្បត្តិ​ដែល​ជនសង្ស័យ​ប្រមូល​យក​ទៅ​នោះ ត្រូវ​បាន​ប្រគល់​ទៅ​ជន​រង​គ្រោះ​វិញ​នៅ​សល់​តែ​កាបូប​ដាក់​គ្រឿង អលង្ការ មាន​មាស និង​ប្លា​ទី​ន​ជា​របស់​បងប្អូន​ផ្ញើរ នៅ​រក​មិន​ទាន់​ឃើញ​នោះ​ទេ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​ពីរ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​គាស់​សោរ​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​ស្ត្រី​រង​គ្រោះ​ពិតមែន​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​កាន់​អធិកា​ដ្ឋា​ន​ខណ្ឌចំការមន​ចាត់ការ​បន្ត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ