ខេត្តស្ទឹងត្រែង ៖ ពពួកសត្វស្លាបកម្រច្រើនប្រភេទត្រូវគេប្រទះឃើញមានវត្តមានផ្តុំគ្នានៅព្រៃតំបន់រ៉ាមសារខេត្តស្ទឹងត្រែង ។ មន្ត្រីអភិរក្សផ្នែកបរិស្ថានក៏បានសហការជារួមជាមួយសហគមន៍បុរីអូរស្វាយបង្កើនការអភិរក្សសត្វស្លាបទឹក និងការពារជម្រករស់នៅរបស់វា ព្រោះនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពពួកសត្វក្អែកទឹក សត្វស្មោញ និងពពួកសត្វស្លាប់ផ្សេងៗច្រើនទៀតបានមកនៅព្រៃតំបន់រ៉ាមសារតាមដងទន្លេមេ គង្គលើ។
តាមសកម្មភាពចុះល្បាតនៅតំបន់រ៉ាមសារ ខេត្តស្ទឹងត្រែង លោកឈន ឆន អនុប្រធានការរិយាល័យអភិរក្សធនធានធម្មជាតិនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងប្រចាំនៅស្រុកបុរីអូរស្វាយសែនជ័យ បានបញ្ជាក់ថាពពួកសត្វស្លាបគ្រប់ប្រភេទ ជាពិសេសសត្វក្អែកទឹករស់នៅតំបន់រ៉ាមសារ ត្រូវបានគ្រប់ដោយអាជ្ញាធរពាក់ព័ន្ធកុំពុងសហការគ្នាការពារយ៉ាងម៉ឺងមាត់បំផុត ។
លោកបានប្រកាសថា បើជនខិលខូចណាទៅបរបាញ់-ដាក់អន្ទាក់- ប្រើប្រាស់ថ្នាំពុល សម្លាប់សត្វ ឬប្រើឧបករណ៍ឆក់ សមត្ថកិច្ចនិងចាត់វិធានការច្បាប់ ព្រោះមន្ត្រីបរិស្ថានបានបង្កើនការចុះល្បាតជាប្រចាំនៅតំបន់រ៉ាមសារនេះ។
លោក យេន មី ប្រធានសហគមន៍បូរីអូរស្វាយបានបញ្ជាក់ថា បញ្ហានេះជារឿយៗអាជ្ញាធរមូលដ្ឋានតែងអំពាវនាវឱ្យប្រជាអ្នកនេសាទចូលរួមបង្កើនការថែរក្សា ព្រោះវាជាសម្បត្តិធនធានធម្មជាតិរបស់យើងទាំងអស់គ្នាដែលកើតមាននៅក្នុងភូមិ-ឃុំ ។ លោកបន្ថែមទៀតថាវត្តមានសត្វដ៏ច្រើននេះជាសក្តានុពលមួយបន្ថែមទៀតតម្រូវឱ្យសហគមន៍និងប្រជាពលរដ្ឋទាំងអស់គ្នាយកចិត្តទុកដាក់ ក្នុងការអភិរក្សព្រោះវាជាផលិតផលបំរើឱ្យវិស័យទេសចរណ៍នៅទីនេះ ។
គួរបញ្ជាក់ថាតំបន់រ៉ាមសារ ដែលត្រូវអភិរក្សខាងលើនេះ មានផ្ទៃដីនិងព្រៃឈើលិចទឹកចំនួន១៤,៦០០ហិកតា ដែលមានពពួកសត្វស្លាបរស់នៅ៩៧ប្រភេទ និងត្រីចំនួន១៣០ប្រភេទ ៕
ចែករំលែកព័តមាននេះ