ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំផុស​កសិករ​ដាំ​បន្លែ​សរីរាង្គ​ដើម្បី​ប្រែ​ក្លាយជា​ភូមិ​ឃុំ​បន្លែ​សុខភាព

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ អាជ្ញាធរ​ឃុំ​សាម​ឃួ​យ ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង បាន​បំផុស​ចលនា​ដល់​កសិករ​បង្កើន​ការ​ដាំ​បន្លែ​សរីរាង្គ​ឱ្យ​បាន​ច្រើន​មុខ​ដើម្បី​ឱ្យ​ភូមិ​ឃុំ​នេះ​ក្លាយទៅជា​ភូមិ​ឃុំ​មួយ​ផលិតផល​មួយ​ដែល​មាន​បន្លែ​សុខភាព ព្រោះ​បច្ចុប្បន្ន​បងប្អូន​ដាំ​បាន​សាលាដ៍ ត្រសក់ និង​ស្ពៃ មាន​ជា​ប្រចាំ​ហើយ​។…

ខេត្តស្ទឹងត្រែង ៖ អាជ្ញាធរ​ឃុំ​សាម​ឃួ​យ ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង បាន​បំផុស​ចលនា​ដល់​កសិករ​បង្កើន​ការ​ដាំ​បន្លែ​សរីរាង្គ​ឱ្យ​បាន​ច្រើន​មុខ​ដើម្បី​ឱ្យ​ភូមិ​ឃុំ​នេះ​ក្លាយទៅជា​ភូមិ​ឃុំ​មួយ​ផលិតផល​មួយ​ដែល​មាន​បន្លែ​សុខភាព ព្រោះ​បច្ចុប្បន្ន​បងប្អូន​ដាំ​បាន​សាលាដ៍ ត្រសក់ និង​ស្ពៃ មាន​ជា​ប្រចាំ​ហើយ​។

ក្នុង​សកម្មភាព​អនុវត្ត​គម្រោង​ដាំ​បន្លែ​សរីរាង្គ​ជា​លក្ខណៈ​គ្រួសារ​ខាងលើ​នេះ លោកស្រី ខាវ ខាំ​អន មេឃុំ​សាម​ឃួ​យ បាន​បញ្ជាក់​ថា កសិករ​យើង​ភាគច្រើន​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​បច្ចេកទេស​ដាំ​ដុះ​រួច​ហើយ ដូចនេះ​ចូរ​បងប្អូន​ផ្លាស់​ប្តូរ​របៀប​ដាំ​ដុះ​ពី​ការ​ធ្វើ​តាម​ទំលាប់​មក​អនុវត្ត​តាម​បច្ចេកទេស​វិញ​ដើម្បី​ទទួល​បាន​ទិន្នផល​ច្រើន ។

លោកស្រី​បាន​បន្ត​ថា សព្វថ្ងៃ​អាជ្ញាធរ​កំពុង​មាន​ផែនការ​ទី​១​ឱ្យ​កសិករ​ដាំ​ឆ្លាសគ្នា គឺ​គ្រួសារ​ខ្លះ​ដាំ​ប៉េងប៉ោះ ចំណែក​គ្រួសារ​ខ្លះ​ទៀត​ដាំ​ត្រកួន និង​ត្រឡាច ដើម្បី​ឱ្យ​មាន​ផលិតផល ច្រើន​មុខ និង​ដោះ​ដូរ​គ្នា ពេល​ឈ្មួញ​មក​ទិញ​មាន​បន្លែ​គ្រប់មុខ​។

លោក ឡត វាសនា កសិករ​ភូមិ​ឃុំ​សាម​ឃួ​យ បាន​គាំទ្រ​ចំពោះ​គម្រោង​នេះ​ព្រោះថា ការ​ដាំ​បន្លែ​ពិតជា​បាន​រួមចំណែក​ជួយ​កាត់​បន្ថយ​មួយ​ភាគ​ធំ​ពី​ការ​ពឹងផ្អែក​ទៅ​លើ​តែ​អនុ​ផល​ព្រៃឈើ ធ្វើ​នេសាទ និង​ការ​ចូល​ព្រៃ​រក​សត្វ​ជាដើម​។

កសិករ​ដដែល​បាន​បន្ត​ថា នៅ​ឆ្នាំ​នេះ លោក​កំពុង​ពង្រីក​ការ​ដាំ​ដំណាំ​បន្លែ​ឱ្យ​បាន​ច្រើន​មុខ​វិល​ជុំ​គ្នា​ធ្វើ​ឱ្យ​មាន​ជា​ប្រចាំ​មិន​ថា​រដូវប្រាំង​ឬ​រដូវវស្សា​ទេ ។ លើក​ទី​មួយ​ដាំ​ត្រប់ស្រួយ ដាំ​ត្រប់ វែង​ផង ដាំ​ម្ទេស​ផង លើក​ពីរ​ដាំ​ត្រសក់ និង​ដាំ​សណ្តែកបារាំង​។ លោក​ថា​មាន​ក្រុមហ៊ុន​មួយ​បាន​សំណូមពរ​ឱ្យ​ដាំ​ព​ពាយ ប៉ុន្តែ​គម្រោង​នេះ​មើល​តាម​ស្ថានភាព​និង​កម្លាំង​ពលកម្ម​របស់​យើង​ផង​ដែរ​តើ​អាច​ទៅ​រួច​ឬ​មិន​រួច​តែ​ប៉ុណ្ណឹង​ទេ ហើយ​លោក​ក៏​សំណូមពរ​ដល់​កសិករ​ទាំងអស់​ធ្វើ​អ្វី​ក៍ដោយ​ឱ្យ​មានការ​អំណត់ និង​ពិតប្រាកដ​ ហើយ​កុំ​ខ្ជិលច្រអូស​នឹង​ការងារ​ និង​ពេលវេលា នោះ​វា​នឹង​ហុច​ផល​ជាទី​គាប់ចិត្ត​មក​វិញ​។

អ្នកស្រី ស៊ូ​លាង ខាំ​អាត ជា​កសិករ​គំរូ​ដាំ​បន្លែ​នៅ​ភូមិ​សាម​ឃួ​យ​នេះ​ដែរ​បានរ​បញ្ជាក់​ថា ពួក​គាត់​សាទរ​នឹង​ការ​ទទួល​បាន​គម្រោង​នេះ ហើយ​រាល់​បច្ចេកទេស​និង​បទ​ពិសោធន៍​កសិករ​អាចម​ករៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ដោយ​មិនបាច់​ចំណាយ​ថវិកា​ទេ​។

កសិករ​ដដែល​នេះ​បាន​ពន្យល់​ពី​ការ​ថែទាំ​ខ្លះ​ៗ​ទី​មួយ​ដំណាំ​បន្លែ​របស់​យើង គឺ​ត្រូវ​កាត់​ស្លឹក​ជើង​ក្រោម​វា​ចេញ​ដើម្បី​ឱ្យ​ផ្លែ​វា​ធំធាត់​ល្អ ទី​ពីរ​កុំឱ្យ​ដង្កូវ​វា​មក​ទុំ​លើ​ស្លឹក​វា​នោះ នៅ​ពេល​ជីជាតិ​វា​ប៊ឺ​តម​ក​វា​ចិញ្ចឹម​ផ្លែ កុំឱ្យ​វា​ចិញ្ចឹម​ស្លឹក​ចាស់ ទី​បី​ទៀត​ដើម្បី​ងាយស្រួល​ថែទាំ​កុំឱ្យ​សត្វល្អិត​វា​ចូល​ស៊ី​។

សូម​បញ្ជាក់​ថា នៅ​ឃុំ​សាម​ឃួ​យ​មាន​ប្រជាពលរដ្ឋ​រស់នៅ​៦៦៦​គ្រួសារ ភាគច្រើន​ពួក​គាត់​បាន​ចាប់​យក​របរ​ដាំ​បន្លែ​តាម​បច្ចេកទេស​ដែល​មន្ត្រី​ជំនាញ​ផ្នែក​កសិកម្ម និង​អង្គការ​ដៃគូ​បាន​ចុះ​ជួយ​បណ្តុះបណ្តាល​ធ្វើ​ឱ្យ​ភូមិ​ឃុំ​មួយ​នេះ​មាន​បន្លែ​សរីរាង្គ បរិភោគ​មិន​ប៉ះពាល់​ដល់​សុខភាព និង​​អាច​នាំ​ចេញ​ទៅ​ប្រកួតប្រជែង​នៅ​ទីផ្សារ​បាន​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ