ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ខ្ចីប្រាក់​ក្នុង​មីក្រូហិរញ្ញវត្ថុ​មាន​ជាង​២​លាន​នាក់​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​៧​ពាន់​លាន ដុល្លារ​អា​មេ​រិ​ក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ដើមឆ្នាំ ២០២០​នេះ វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​នៅ​តែ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ជា​ពិសេស​វិស័យ​នេះ​បាន​លើកកម្ពស់​ដល់​អាជីវកម្ម​និង​មុខរបរ​ដល់​ប្រជាពលរដ្ឋ​តាម​ជនបទ និង​ក្នុង​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ។…

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ដើមឆ្នាំ ២០២០​នេះ វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​នៅ​តែ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ជា​ពិសេស​វិស័យ​នេះ​បាន​លើកកម្ពស់​ដល់​អាជីវកម្ម​និង​មុខរបរ​ដល់​ប្រជាពលរដ្ឋ​តាម​ជនបទ និង​ក្នុង​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ។ គិត​ត្រឹម​ដំណាច់ឆ្នាំ ២០១៩ វិស័យ​មីក្រូហិរញ្ញវត្ថុ​ទាំង​បាន​ផ្ដល់​កម្ចី​ដល់​ពលរដ្ឋ​ប្រមាណ​៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ពង្រីក​អា​ជី​កម្ម​និង​បង្កើត​មុខរបរ ដោយ​មាន​អ្នក​ខ្ចីប្រាក់​សរុប​ក្នុង​មីក្រូហិរញ្ញវត្ថុ​នានា​ចំនួន ជាង​២​លាន​នាក់ ។

​ទន្ទឹម​នឹង​ការ​មើលឃើញ​នូវ​កំណើន​មាន​ភាព​រលូន​នា​ឆ្នាំ​មុន យ៉ាងណាមិញ​អ្នកធ្វើការ​ក្នុង​វិស័យ​នេះ​ហាក់​បង្ហើប​ឲ្យ​ដឹង​ថា​ខ្លួន​នឹង​មិន​រំពឹង​ថា​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​នឹង​មាន​កំណើន​ល្អ​ប្រសើរ​ក្នុង​ឆ្នាំ ២០២០ នេះ​ទេ ។ ​យោង​តាម​លោក​គា បូរាណ ប្រធាន​សមាគម​មី​ក្រុ​ហិរញ្ញវត្ថុ​កម្ពុជា បាន​ថ្លែង​ថា​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ក្នុង​ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ដោយ​ក្នុង​នោះ​ចំនួន​អ្នក​ខ្ចីប្រាក់​ប្រាក់​និង​ទំហំ​ឥណទាន​ក្នុង​វិស័យ​នេះ​ទាំងមូល​នៅ​តែ​ទទួល​បាន​កំណើន​ខ្ពស់ ហើយ​ការ​សង​ត្រ​បល់ម​ក​វិញ​របស់​អតិថិជន​ក៏​មិន​មាន​ផល​រំខាន​អ្វី​ដែរ ពោល​គឺ​ការ​សង​ត្រលប់​មក​វិញ​បាន​ទាន់​ពេលវេលា ។ ក្នុង​ឆ្នាំ ២០១៩​កន្លង​ទៅ​នេះ ផលប​ត្រ​ឥណទាន​មិនល្អ ឬ​ហៅ​ថា​ឥណទាន​ខូច​មាន​មិនដឹង​១​ភាគរយ​ទេ ដូច្នេះ​មាន​ន័យ​ថា​វា​មាន​ល្អ​ខ្លាំង​សម្រា់ប​ការ​ផ្ដល់​ឥណទាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ក្នុ​ប្រទេស​កម្ពុជា ។

លោក​បាន​បន្ត​ថា វិស័យ​កសិកម្ម​បាន​រួមចំណែក​ខ្ពស់​ក្នុង​ការ​ជំរុញ​ដល់​វិស័យ​មីក្រូហិរញ្ញវត្ថុ ហើយ​គ្រឹះស្ថាន​ជា​ច្រើន​នៅ​តែ​ផ្ដោត​លើ​ការ​ផ្ដល់​កម្ចី​ឥណទាន​ដល់​វិស័យ​មីក្រូហិរញ្ញវត្ថុ តែ​យ៉ាងណា​ក្រៅពី​វិស័យ​កសិកម្ម​ការ​ផ្ដល់​កម្ចី​ទៅ​លើ​វិស័យ SMEs និង​ការ​ឥណទាន​លក្ខណៈ​បុគ្គល ដូច​ជា​ការ​ស្នើ​សុំ​ឥណទាន​សម្រាប់​យានយន្ត និង​របស់​ប្រើប្រាស់​ផ្ទាល់ខ្លួន​ក៏​មាន​កំណើន​ខ្ពស់​ផង​ដែរ ។

​លោក​គា បូរាណ​បាន​បន្ត​ថា «​ក្នុង​ឆ្នាំ ២០២០​នេះ វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា នៅ​តែ​មើលឃើញ​ថា​មាន​សញ្ញា​វិជ្ជមាន តែ​វា​នឹង​មិន​អាច​ល្អ​និង​មាន​កំណើន​ដូច​កាលពី​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​ទេ​» ។ ​លោក​បាន​បន្ថែម​ថា ទន្ទឹម​នឹង​កំនើន​អ្នក​ស្នើ​សុំ​ឥណទាន​ក្នុង​មីក្រូហិរញ្ញវត្ថុ​មាន​កំណើន​រួម​ទាំង​កំណើន​នៃ​ទំហំ​ឥណទាន​ផង​ដែរ​នោះ សមាគម​មីក្រូហិរញ្ញវត្ថុ ក៏​បាន​ត្រៀម​នូវ​ការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប្រើប្រាស់​ឥណទាន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អោយ​បាន​យល់​ដឹង​និង​ប្រើប្រាស់​ឥណទាន​របស់​មីក្រូហិរញ្ញវត្ថុ​ប្រកបដោយ​ប្រសិទ្ធិ​ភាព និង​ជៀសវាង​នូវ​បំណុល​វ័​ន្ដ​ក ។ ​លោក​បាន​បញ្ជាក់​ថា វិស័យ​ធំ​បី​ដែល​គាំទ្រ​ដល់​កំណើន​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ក្នុង​នោះ​រួម​មាន​វិស័យ​កសិកម្ម ពាណិជ្ជកម្ម និង​ផលិតកម្ម ។ ដោយឡែក​វិស័យ​សំណង់​ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​កំណើន​ខ្ពស់​នោះ មិន​បាន​រួមចំណែក​ដល់​ការ​រីក​លូតលាស់វិស័យ​មីក្រូហិរញ្ញវត្ថុ​នោះ​ទេ ដោយសារ​តែ​វិស័យ​មីក្រូហិរញ្ញវត្ថុ​មិន​បាន​ផ្ដោត​លើ​វិស័យ​សំណង់​នៅឡើយ​។

យោង​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា បាន​បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ ២០១៩​នេះ ស្ថិរភាព​ហិរញ្ញវត្ថុ​កម្ពុជា​បន្ត​មាន​ភាពល្អ​ប្រសើរ គួប​ផ្សំ​នឹង​កំណើន​រឹង​មាំ​នៃ​សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា ដែល​គាំទ្រ​ដោយ​កំណើន​តម្រូវការ​ក្នុងស្រុក និង​ការ​នាំ​ចេញ ។ សូចនាករ​ដែល​បង្ហាញ​ពី​ស្ថិរ​ភាពរឹងមាំ​នៃ​វិស័យ​នេះ​រួម​មាន ១.​ភាព​គ្រប់គ្រាន់​នៃ​ដើមទុន ២. ភាព​គ្រប់គ្រាន់​នៃ​សន្ទនីយ​ភាព ៣.​កម្រិត​ទាប​នៃ​ឥណទាន​មិន​ដំណើរការ និង​៤ ភាព​ប្រសើរ​ឡើង​នៃ​ប្រាក់​ចំណេញ ។

​របាយការណ៍​ដដែល​បាន​បង្ហាញ​ថា អត្រា​ការ​ប្រាក់​ឥណទាន​ជា​រៀល បាន​ថយ​ចុះ​មក​នៅ​ត្រឹម​១៥​ភាគរយ​ខណៈ​អត្រា​ការ​ប្រាក់​ជា​ដុល្លារ​ក៏​បាន​ថយ​ចុះ​មក​នៅ​ត្រឹម​១៦​ភាគរយ ក្នុង​ឆ្នាំ​២០១៩ បន្ទាប់​ពី​ការ​ដាក់​ចេញ​នូវ​ប្រកាស​ស្ដី​ពី​ការ​កំណត់​ពិ​ដាន​អត្រា​ការ​ប្រាក់​ឥណទាន​១៨​ភាគរយ​ដែល​ការណ៍​នេះ​បាន​ផ្ដល់​ផល​វិជ្ជមាន​ច្រើន​ដល់​អតិថិជន​មីក្រូហិរញ្ញវត្ថុ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ