ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលវេលា​ណាខ្លះ​ដែល​ល្អ​ដើម្បី​ទាមទារ​ឡើង​ប្រាក់ខែ?

4 ឆ្នាំ មុន

ការ​ចរចា​លើ​ប្រាក់ខែ​ជា​រឿង​គួរ​ឲ្យ​ខ្លាច​មួយ​សម្រាប់​មនុស្ស​ជា​ច្រើន​ដែល​កំពុង​តែ​ធ្វើការ ។ ជាក់ស្តែង វា​មិនមែន​ជា​អ្វី​ដែល​មិន​អាច​កើត​មាន​ឡើង​ទាំងស្រុង​ទេ តែ​វា​អាស្រ័យ​ទៅ​តាម​ស្ថាន​ការ​របស់​មនុស្ស​ខុស​ៗ​គ្នា ។ ដូច្នេះ តើ​ធ្វើ​យ៉ាងដូចម្តេច​ទើប​អ្នក​អាច​ដឹង​ថា ពេល​ណាមួយ​ជា​ពេល​ល្អ​ក្នុង​ការ​ទាមទារ​ឡើង​ប្រាក់ខែ ?…

ការ​ចរចា​លើ​ប្រាក់ខែ​ជា​រឿង​គួរ​ឲ្យ​ខ្លាច​មួយ​សម្រាប់​មនុស្ស​ជា​ច្រើន​ដែល​កំពុង​តែ​ធ្វើការ ។ ជាក់ស្តែង វា​មិនមែន​ជា​អ្វី​ដែល​មិន​អាច​កើត​មាន​ឡើង​ទាំងស្រុង​ទេ តែ​វា​អាស្រ័យ​ទៅ​តាម​ស្ថាន​ការ​របស់​មនុស្ស​ខុស​ៗ​គ្នា ។ ដូច្នេះ តើ​ធ្វើ​យ៉ាងដូចម្តេច​ទើប​អ្នក​អាច​ដឹង​ថា ពេល​ណាមួយ​ជា​ពេល​ល្អ​ក្នុង​ការ​ទាមទារ​ឡើង​ប្រាក់ខែ ?

១. ពេល​ដែល​អ្នកមាន​ជម្រើស​ដទៃ​៖
ច្បាប់​មូលដ្ឋាន​មួយ​នៃ​ការ​ចរចា​លើ​ប្រាក់ខែ គឺ​អ្នកមាន​អំណាច​ច្រើន​ពេល​ដែល​អ្នកដឹង​ថា ពួក​គេ​ត្រូវការ​អ្នក ។ ដូច្នេះ​ប្រសិនបើ​អ្នកមាន​ជម្រើស​ការងារ​ច្រើន​ដែល​ចង់បាន​អ្នក​ឲ្យ​ចូលរួម​នោះ អ្នក​អាច​យក​ឱកាស​នេះ ដើម្បី​ទាមទារ​ប្រាក់ខែ​បន្ថែម​ពី​កន្លែងធ្វើការ​សព្វថ្ងៃ ឬ​កន្លែង​ការងារ​ថ្មី​ជាដើម ។ កត្តា​ដែល​សំខាន់ គឺ​អ្នក​មិន​គួរ​ប្រញាប់​សម្រេចចិត្ត​ពេក​ឡើយ និង​ធ្វើការ​ពិចារណា​ឲ្យ​បាន​ដិត​ដល់ ។

២. ពេល​អ្នក​មើលឃើញ​តម្លៃ​ខ្លួន​របស់​អ្នក​នៅ​កន្លែងធ្វើការ​៖
ចំណុច​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​ចង​ចាំ គឺ​ក្រុមហ៊ុន​របស់​អ្នក​មិន​ខ្វល់​ពី​ថ្លៃ​ជួល​ផ្ទះ ថ្លៃ​ទឹក​ថ្លៃ​ភ្លើង និង​ថ្លៃ​ចំណាយ​លើ​កូន​ៗ​របស់​អ្នក​ឡើយ ។ អ្វី​ដែល​ពួក​គេ​ចាប់អារម្មណ៍ គឺ​លទ្ធផល​ដែល​អ្នក​អាច​យក​ទៅ​ឲ្យ​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ ។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ទាមទារ​ប្រាក់ខែ​បន្ថែម អ្នក​គួរតែ​បង្ហាញ​ពី​តម្លៃ​ខ្លួន​របស់​អ្នក​ក្នុង​ក្រុមហ៊ុន ដើម្បី​ប្រាប់​ដល់​ពួក​គេ​ថា អ្នក​ពិតជា​សាក​សម​ក្នុង​ការ​ទទួល​បាន​ប្រាក់ខែ​បន្ថែម​ពិតមែន ។

៣. ពេល​ដែល​ចំនួន​អ្នក​ទទួល​បាន​ធ្វើ​ឲ្យ​អ្នក​ស្អប់​ការងារ​អ្នក ៖
ប្រាកដ​ណាស់ លុយ​មិន​គួរ​ជា​កត្តា​តែ​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្អប់ ឬ​ស្រលាញ់​ការងារ​ខ្លួន​ឡើយ ប៉ុន្តែ​វា​អាច​ជា​កត្តា​មួយ​ដែល​ជះ​ឥទ្ធិពល​លើ​អារម្មណ៍​របស់​អ្នក​ពេល​ដែល​ទៅ​ធ្វើការ​ជា​រៀងរាល់ថ្ងៃ​ដែរ ។ ដូច្នេះ​ប្រសិនបើ​ចំនួន​លុយ​ដែល​អ្នក​ទទួល​បាន​ធ្វើ​ឲ្យ​អ្នក​ខឹង អាក់អន់ចិត្ត និង​គិត​ច្រើន​អស់​រយៈពេល​ជា​យូរណាស់​មក​ហើយ អ្នក​គួរតែ​ចាប់ផ្តើម​ចរចា​ឡើង​វិញ​ជាមួយនឹង​ក្រុមហ៊ុន និង​ប្រាប់​ពី​ទស្សនៈ​របស់​អ្នក ។

៤. ពេល​ដែល​អ្នក​សម្ភាស​ចូល​ធ្វើការ​ដំបូង​៖
ខណៈ​នេះ​ជា​ស្ថាន​ការ និង​ឱកាសល្អ​បំផុត​សម្រាប់​មនុស្ស​ម្នាក់​ក្នុង​ការ​ចរចា​លើ​ប្រាក់ខែ​របស់​ពួក​គេ​ឡើង​វិញ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​បាន​ប្រព្រឹត្តិ​ខុសពេល​ដែល​ពួក​គេ​លឺ​ចំនួន​ប្រាក់ខែ​ដែល​ខ្លួន​មិន​ពេញចិត្ត និង​មិន​ទុក​ឱកាស​ឲ្យ​ក្រុមហ៊ុន​នោះ​បន្ត ។ ពេល​ដែល​អ្នក​ឮ​ចំនួន​ប្រាក់ខែ​ដែល​ខាង​ក្រុមហ៊ុន​ថ្មី​ស្នើ​ដាក់​លើ​តុ​ឲ្យ​អ្នក​ហើយ ប្រសិនបើ​អ្នក​មិន​ពេញចិត្ត អ្នក​គួរតែ​ឆ្លើយ​តប​វិញ​ជាមួយនឹង​ចំនួន​ដែល​អ្នក​រំពឹង​ទុក​និង​ចាប់ផ្តើម​ការ​ចរចា​គ្នា មិនមែន​ដើរ​ចេញ​ទៅ​ទាំងស្រុង​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ