ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​សហព័ន្ធ​ទ​ទួ​ច​ឱ្យ​យុវតី​គាំទ្រ​កា​រ៉ា​តេ​ដូ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទន្ទឹម​នឹង​ការ​រីក​ចម្រើន មន្ត្រី​សហព័ន្ធ​កា​រ៉ា​តេ​ដូ នៅ​តែ​អះអាង​ថា វិស័យ​មួយ​នេះ​មិនសូវ​មាន​យុវតី​ហ្វឹកហាត់​ច្រើន​ទេ បើ​ធៀប​នឹង​ចំនួន​យុវជន ស្របគ្នា​ដែល​កា​រ៉ា​តេ​ដូ ក៏​ត្រូវ​ការ​ឱ្យ​យុវតី​ចូលរួម​ជា​ធនធាន​ច្រើន ដើម្បី​ត្រៀម​ចូលរួម​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​។…

រាជធានី​ភ្នំពេញ ៖ ទន្ទឹម​នឹង​ការ​រីក​ចម្រើន មន្ត្រី​សហព័ន្ធ​កា​រ៉ា​តេ​ដូ នៅ​តែ​អះអាង​ថា វិស័យ​មួយ​នេះ​មិនសូវ​មាន​យុវតី​ហ្វឹកហាត់​ច្រើន​ទេ បើ​ធៀប​នឹង​ចំនួន​យុវជន ស្របគ្នា​ដែល​កា​រ៉ា​តេ​ដូ ក៏​ត្រូវ​ការ​ឱ្យ​យុវតី​ចូលរួម​ជា​ធនធាន​ច្រើន ដើម្បី​ត្រៀម​ចូលរួម​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​។

ពាក់ព័ន្ធ​នឹង​មូលហេតុ​ដែល​កា​រ៉ា​តេ​ដូ​កម្ពុជា រីក​ចម្រើន​ប៉ុន្តែ​មិនសូវ​សំបូរ​យុវតី​ពេញវ័យ​ហ្វឹកហាត់​នេះ ត្រូវ​បាន​បណ្ដា​ក្លិប​ធំ​ៗ​បញ្ជាក់​ថា ដោយសារ​តែ​ក្នុង​ប្រទេស​កម្ពុជា មិនសូវ​លើកទឹកចិត្ត​នារី​ៗ​ពេញវ័យ​ដែល​ចេះ​ក្បាច់គុន​ខ្លាំង​ៗ​នៅឡើយ ទើប​នារី​ក្មេង​ៗ ច្រើន​តែ​ហ្វឹកហាត់​ឱ្យ​ដឹង​ៗ​តែ​មួយ​រយៈ ក៏​លាឈប់​បាត់ ។

បណ្ដា​ក្លិប​ទាំងអស់​សុទ្ធតែ​ទទួលស្គាល់​ថា កូន​សិស្ស​ដែល​ហ្វឹកហាត់​ពិតជា​កើនឡើង​មិន​មាន
ការ​ថយ​ចុះ ប៉ុន្តែ​កូនសិស្ស​ភាគច្រើន ច្រើន​តែ​ជា​ក្មេង​ៗ កុមា​រា​-​កុមារី និង​បើ​មាន​មនុស្ស​ធំ​ពេញ​វ័យ គឺ​ច្រើន​តែ​ជា​យុវជន ។ យុវវ័យ​ទាំងនោះ​ច្រើន​តែ​សម្រេចចិត្ត​បោះបង់​ការ​ហ្វឹក​ហាត់​កា​រ៉ា​តេ​ដូ ក្រោយ​ពេល​ចូល​ថ្នាក់បាក់ឌុប និង​អាច​ឈប់​ដាច់​តែ​ម្ដង នៅ​ពេល​កូនសិស្ស​ទាំងនោះ ឈាន​ចូល​មហាវិទ្យាល័យ និង​ចេញ​ធ្វើការ ។ គ្រូបង្វឹក​ដូច​ៗ​គ្នា​បញ្ជាក់​ថា កា​រ៉ា​តេ​ដូ​ពេញ​និយម​តែ​ក្មេង​ៗ​ដែល​សិក្សា​ក្រោម​ថ្នាក់​ទី​១០​ប៉ុណ្ណោះ តែ​ចូល​ដល់​ថ្នាក់​ទី​១១ និង​ប្រឡង​បាក់​ឌុ​ប គឺ​ទោះជា​អ្នក​ស្រឡាញ់​ប៉ុនណា ក៏​ច្រើន​តែ​បោះបង់​ដែរ ។

ដោយឡែក​សម្រាប់​យុវតី​ពេញវ័យ​វិញ​គឺ​មាន​ក្នុង​ភាគរយ​តិច​បំផុត​នៅ​តាម​បណ្ដា​ក្លិប ដោយ​យុវតី​ទាំងនោះ ក៏​មក ហាត់​ភាគច្រើន​ច្រើន​តែ​តាម​ៗ​គ្នា ដោយនៅ​ពេល​មិត្តភក្តិ​លាឈប់ ក៏​បាត់​​ស្រមោល​​ដែរ​។ យ៉ាងណា​ក៏​ដោយ គ្រូបង្វឹក​ភាគច្រើន​យល់​ថា មក​ដល់​ពេល​នេះ​គឺ​គ្រាន់​ជាង​មុន​សម្រាប់​វត្តមាន​យុវតី​ហ្វឹកហាត់​កា​រ៉ា​តេ​ដូ បើ​ធៀប​នឹង​ប៉ុន្មាន​ឆ្នាំ​មុន ដែល​ស្រី​ៗ​គ្រាន់តែ​ឮ​ក្បាច់គុន​គឺ​មិន​ហ៊ាន​ចង់​ចេះ ព្រោះតែ​សម្ពាធ​គ្រួសារ និង​សង្គម​នោះ​។

ទោះបី​យ៉ាងណា​គេ​យល់​ស្រប​ថា បន្ទាប់​ពី លោក អូន ព័ន្ធ​មុន្នី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​បាន​ជ្រើសរើស​ឱ្យ​កាន់​តំណែង​ជា​ប្រធាន​ខេមរៈ​សហព័ន្ធ​កា​រ៉ា​តេ​-​ដូ ជំនួស​លោក សាយ ណូ​រ៉ា កាលពី​ឆ្នាំ​២០១៦ ក្នុង​ពិធី​បង្ហាញ​បច្ចេកទេស និង​ការ​ប្រកួត​មិត្តភាព​កីឡា​កា​រ៉ា​តេ​ដូ សូ​តូ​កង់ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្រោម​អធិបតីភាព​លោក​បណ្ឌិត​ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា គេ​កត់​សម្គាល់ថា កីឡា​នេះ​រីក​ចម្រើន ។ ក្នុង​សមាស​ភាព​នារី ដ្បិតថា​ស្ថិតិ​តាម​ក្លិប​នៅ​មាន​កម្រិត​ទាប តែ​ក៏​មាន​កីឡាការិនី​ជម្រើសជាតិ​ល្អ ត្រូវ​បាន​សហព័ន្ធ​ជម្រើស​ឱ្យធ្វើ​ជា​ធនធាន​តំណាង​ប្រទេស​ផង​ដែរ ។

កីឡា​នេះ ក៏​មានមុខ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ចុងឆ្នាំ​មុន​ដែរ ព្រម​ជាមួយនឹង​ជំនឿ​ចិត្ត​ខ្ពស់​ជាង​មុន ។ នោះ​គឺ​បន្ទាប់​ពី​លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ចេញ​គម្រោង​កិច្ចការ​៤​យ៉ាង​ដើម្បី​អភិវឌ្ឍ​វិស័យ​កីឡា​មួយ​នេះ​គឺ​៖

ទី​១-​លោក​ប្រធាន​សហព័ន្ធ​ថ្មី​បាន​រៀបចំ​របៀបរបប​ដឹកនាំ​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន
ទី​២-​គ្រោង​សាងសង់​មជ្ឈមណ្ឌល​កីឡា​កា​រ៉ា​តេ​-​ដូ
ទី​៣-​ត្រៀម​រៀបចំ​ប្រមូលផ្តុំ​កីឡាករ​ជម្រើសជាតិ​ផ្នែក​កា​រ៉ា​តេ​-​ដូ និង
ទី​៤-​លោក​ត្រៀម​ស្វែងរក​ជំនួយ​បច្ចេកទេស​ពី​អន្តរជាតិ ជា​ពិសេស​ពី​ប្រទេស​ជប៉ុន​ដើម្បី​ជួយ​បណ្តុះបណ្តាល​កីឡាករ​ខ្មែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ