ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចាត់​ទុក​កិច្ចប្រជុំ​កំពូល​ពិភពលោក​ជា​វេទិកា​សំខាន់ ព្រោះ​បាន​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់ និង​ពិភពលោក

4 ឆ្នាំ មុន

សេ​អ៊ូ​ល​-​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ចាត់​ទុក​កិច្ចប្រជុំ​កំពូល​ពិភពលោក ឆ្នាំ​២០២០ គឺជា​វេទិកា​ដ៏​សំខាន់​ដែល​បង្កើត​ឱកាស​សម្រាប់​ថ្នាក់ដឹកនាំ​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​រដ្ឋាភិបាល និង​ក្រៅ​រដ្ឋាភិបាល​ធ្វើការ​ពិភាក្សា និង​ផ្លាស់​ប្ដូរ​ទស្សនៈ​លើ​ការ​អភិវឌ្ឍ​ស្ថានភាព​តំបន់…

សេ​អ៊ូ​ល​-​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ចាត់​ទុក​កិច្ចប្រជុំ​កំពូល​ពិភពលោក ឆ្នាំ​២០២០ គឺជា​វេទិកា​ដ៏​សំខាន់​ដែល​បង្កើត​ឱកាស​សម្រាប់​ថ្នាក់ដឹកនាំ​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​រដ្ឋាភិបាល និង​ក្រៅ​រដ្ឋាភិបាល​ធ្វើការ​ពិភាក្សា និង​ផ្លាស់​ប្ដូរ​ទស្សនៈ​លើ​ការ​អភិវឌ្ឍ​ស្ថានភាព​តំបន់ និង​សកល ដើម្បី​ចូលរួម​ចំណែក​រក​វិធី​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​របស់​យើង​សំដៅ​រក្សា​សន្តិភាព សន្តិសុខ និង​ចីរភាព​នៃ​ការ​អភិវឌ្ឍ មនុស្សជាតិ​សម្រាប់​ពិភពលោក ។

សម្តេច​តេ​ជោ បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​ពិភពលោក ឆ្នាំ​២០២០ (World Summit 2020 Assembly) គ្រប់​ខួប​១០០​ឆ្នាំ នៅ​សាធារណរដ្ឋ​កូរ៉េ នា​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២០ ថា តាម​រយៈ​ប្រធានបទ​នៃ​វេទិកា​នេះ គឺ​ពិតជា​មាន​សារៈសំខាន់ និង​ចាំបាច់​ស្រប​ពេល​ដែល​ប្រជាជាតិ​ទាំងអស់​ក្នុង​ពិភពលោក​បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ដែល​កំពុង​បង្ក​ផល​ប៉ះពាល់ និង​គំរាម​ដល់​សន្តិភាព​កំណើនសេដ្ឋកិច្ច វិបុលភាព និង​ភាព​សុខដុមរមនា​របស់​ប្រជាជន​ក្នុង​សកលលោក ។​សន្តិភាព គឺជា​មូលដ្ឋាន​ដ៏​សំខាន់​នៃ​ការ​អភិវឌ្ឍន៍ ។ ប៉ុន្តែ​សន្តិភាព​សកល​នា​ពេល​បច្ចុប្បន្ន​នៅ​មាន​ភាព​ផុយ​ស្រួយ​ដោយសារ​កា​រវិ​វ​ឌ្ឍ​ទៅ​រក​ក្រប​ខណ្ឌ​ពហុ​ប៉ូ​ល ការ​ប្រកួតប្រជែង​ផលប្រយោជន៍ និង​ការ​កែតម្រូវ​តុល្យភាព​នៃ​អំណាច​សកល ។

សម្ដេច​តេ​ជោ​បាន​ថ្លែង​បន្ត​ថា សម្រាប់​កម្ពុជា​ដែល​ជា​ប្រទេស​ធ្លាប់​ឆ្លងកាត់​សង្គ្រាម និង​វិបត្តិ​វិនាសកម្ម​ជា​ច្រើន កម្ពុជា​យល់​ឃើញ​ថា សន្តិភាព​ពិតជា​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន ។ អ្វី​គ្រប់យ៉ាង​ដែល​កម្ពុជា​សម្រេច​បាន​កន្លង​មកនេះ​ទាំង​ការ​អភិវឌ្ឍ និង​វិបុលភាព គឺជា​ផ្លែផ្កា​នៃ​សន្តិភាព ។ ជាមួយ​គ្នា​នេះ​រាជរដ្ឋាភិបាល​បាន​យល់​ច្បាស់​ថា ការ​បន្ត​រក្សា​បាន​នូវ​សន្តិភាព គឺ​មិន​អាច​កាត់​ផ្ដាច់​បាន​ពី​ការ​ផ្ដល់​ឱកាស​ស្មើគ្នា​ជូន​ប្រជាជន​គ្រប់​រូប​នូវ​ផ្លែផ្កា​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក៏​ដូច​ជា អភិវឌ្ឍ​ធនធានមនុស្ស​ឲ្យ​ក្លាយទៅជា​ធនធាន​ដែល​មាន​សក្តានុពល​មិន​ចេះ​រីងស្ងួត ។

ក្នុង​ន័យ​នេះ​សម្ដេច​តេ​ជោ​បន្ត​ថា ចាប់តាំងពី​កម្ពុជា​ទទួល​បាន​នូវ​សន្តិភាព​ពេញលេញ​ទូ​ទាំង​ប្រទេស​ក្នុង​ឆ្នាំ​១៩៩៨ មក​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ផ្ដោត​យកចិត្តទុកដាក់​ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ដោយ​ចាត់​ទុក​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ជា​អាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាព​ចម្បង​ៗ​ទាំង​បួន ។ ឈរ​លើ​មូលដ្ឋាន​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​កែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​អប់រំ​សំដៅ​ពង្រឹងគុណភាព និង​ពង្រីក​សេវា​អប់រំ ដើម្បី​ទទួល​បាន​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​សម្រាប់​គាំទ្រ​ការ​សម្រេចចិត្ត​នៅ​ចក្ខុវិស័យ​រយៈពេល​វែង​របស់​កម្ពុជា ។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ទៀត​ថា រាជរដ្ឋាភិបាល​នឹង​បន្ត​ចាត់​ទុក​វិស័យ​អប់​រំជា​វិស័យ​ដែល​មាន​អាទិភាព​ខ្ពស់ ហើយនឹង​បន្ត​បង្កើន​ថវិកា​ចំណាយ​ជូន​ដល់​វិស័យ​នេះ​បន្ថែម​ទៀត​ជា​បន្តបន្ទាប់ ។ ថវិកា​ចំណាយ​នេះ គឺ​ផ្ដោត​ទៅ​លើ​ការ​សាងសង់​សាលារៀន ដំណើរការ​សាលារៀន ការ​ពង្រឹងគុណភាព​នៃ​ការ​ប្រឡង​នៅ​គ្រប់​កម្រិត ការ​ពង្រឹងគុណភាព​សាលារៀន​ជំនាន់​ថ្មី ការ​ពង្រឹង​ការ​សិក្សា​ជំនាញ​បច្ចេកទេស​នៅ​តាម​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​ការ​ស្រាវជ្រាវ​លើ​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ពិត បច្ចេកទេស វិស្វកម្ម និង​គណិត​វិទ្យា និង​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ក្រីក្រ​គ្រប់​កម្រិត ។

សម្ដេច​តេ​ជោ​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​រាជរដ្ឋាភិបាល​នឹង​បន្ត​ពង្រឹង និង​អភិវឌ្ឍ​កម្រិត​ឧត្ដម​សិក្សា​ឲ្យ​ឆ្ពោះទៅ​រក​ការ​ស្រាវជ្រាវ និង​នាវា​នុ​វត្ត ដើម្បី​ពង្រឹងសមត្ថភាព និង​ជំនាញ​របស់​ធនធានមនុស្ស​នៅ​កម្ពុជា​ឲ្យ​សម​ស្រប​ទៅ​នឹង​បរិបទ​ថ្មី​នៃ​ការ​អភិវឌ្ឍ ជា​ពិសេស​ការ​ពង្រឹង​សហគ្រិនភាព​ក្នុង​ការ​រៀបចំ​ម៉ូ​ដែល​ធុរកិច្ច​ថ្មី​ៗ និង​ដើម្បី​ចាប់​យក​កាលានុវត្តភាព​ពី​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ដែល​កំពុង​ផុសផុល​ឡើង ។ ផ្អែក​ទៅ​លើ​បទ​ពិសោធន៍​ជាក់ស្ដែង​នេះ និង​ក្នុង​នាម​ថ្នាក់ដឹកនាំ​កម្ពុជា​ដែល​បាន​ឆ្លងកាត់​សង្គ្រាម​ផ្ទាល់ និង​បាន​ខិតខំ​ប្រឹងប្រែង​ស្វែងរក​សន្តិភាព​ជូន​ប្រទេស​តូច​មួយ​នេះ ការ​កសាង និង​ថែរក្សា​សន្តិភាព​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន ហើយ​សន្តិភាព គឺជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ការ​ពង្រឹង​សន្តិសុខ និង​អភិវឌ្ឍន៍​មនុស្សជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ