ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបដិសេធបែបណា​​ក៏នៅ​តែឃាត់​ខ្លួន​ ​ព្រោះ​យោង​សាក្សីនិងវត្ថុ​តាង​​នានា

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ជន​ទំនើង​ចំនួន​២​នាក់ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម(​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា​)កាលពី​ស​ប្ដា​ហ៍មុននៅ​ស្រុក​សង្កែ ត្រូវ​បាន​មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់នៃ​ស្នងការ​ខេត្ត កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​០៤ កុម្ភៈ ដោយ​យោង​លើ​សាក្សី និងវត្ថុ​តាង​នានា…

ខេត្តបាត់ដំបង​ ៖ ជន​ទំនើង​ចំនួន​២​នាក់ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម(​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា​)កាលពី​
ស​ប្ដា​ហ៍មុននៅ​ស្រុក​សង្កែ ត្រូវ​បាន​មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់នៃ​ស្នងការ​ខេត្ត កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​០៤ កុម្ភៈ ដោយ​យោង​លើ​សាក្សី និងវត្ថុ​តាង​នានា បើ​ទោះជា​ជន​ទាំង​២​នាក់​នេះ បាន​ព្យាយាម​បដិសេធ​នូវ​ទ​ង្វើ​ដ៏​សាហាវ​ឃោ​រ​ឃៅ​របស់​ខ្លួន​ក្ដី​ ។ នេះ​បើ​តាម​ការ​ផ្ដល់​ព័​ត៌មាន​ពី​មន្ត្រី​ជំនាញ​។

មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់នៃ​ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​នោះ ម្នាក់​ឈ្មោះ
ទិ​ត រ៉ូ​ហ្សែ​ត អាយុ​២៣​ឆ្នាំ និងម្នាក់​ទៀត​ ឈ្មោះ​មឿ​ន ធា​រ៉ា ហៅអា​ពីរ​ពាន់ អាយុ​១៨​ឆ្នាំ ពួក​គេ​រស់នៅ​ស្រុក​ឯក​ភ្នំ​ ។ មន្ត្រី​ដដែល​បាន​ប្រាប់​ថា ជន​ទាំង​២​នាក់​នេះ ត្រូវ​បាន​កម្លាំង​ជំនាញ ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន កាល​ពី​ថ្ងៃ​ទី​០២ កុម្ភៈ ក្រោយ​ពី​សង្ស័យ​ថា ពួក​គេ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​ដ៏​សាហាវ​មួយ កាលពី​ចុង​ខែមករានៅ​ក្នុង​ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ដែល​បណ្ដាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់ និងម្នាក់​ទៀត​រង​របួស ក្នុង​ការ​ជិះ​ម៉ូតូ​ដេញ​កាប់សម្លាប់​គ្នា​ នៅ​តាម​ដងផ្លូវ​ពេល​យប់​ ។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ មន្ត្រី​ជំនាញ​បាន​រក​ឃើញ​វត្ថុ​តាង​ជា​ច្រើន​ដែល​សង្ស័យ​ថា ជា​កម្មវត្ថុ ដែល​ជនសង្ស័យ​ទាំង​បាន​ប្រើប្រាស​ជា​មធ្យោ​បាយ ​សម្រាប់​ប្រព្រឹត្ត​បទល្មើស តែ​ជន​ទាំង​២​នាក់​បាន​ប្រឹងប្រែង​ឆ្លើយ​បដិសេធ និងមិន​ទ​ទូល​ខុស​ត្រូវ​នូវ​ទ​ង្វើ​របស់​ខ្លួន​ ។

បើ​យោង​លើ​ចម្លើយ​ជនសង្ស័យ​នៅ​ក្នុង​របាយ​ការ​ណ៍​របស់​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ ទិ​ត រ៉ូ​ហ្សែ​ត និង ឈ្មោះ​មឿ​ន ធា​រ៉ា ហៅអា​ពីរ​ពាន់ នេះ​ ហាក់​មិន​បាន​សារភាព​ទ​ទូល​ស្គាល់​ថា ពួក​ខ្លួន​បាន​កាប់សម្លាប់​មនុស្ស​ទេ​ ។ ប៉ុន្តែ​បើ​យោង​លើ​ការចង្អុលបង្ហាញ​ពីសា​ក្សីជា​ច្រើន ​ដែល​មន្ត្រី​ជំនាញ​បាន​សាកសួរ គឺ​មាន​ចម្លើយ​ស្ទើរ​៩០% ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ជនសង្ស័យ​ទាំង​២​នាក់​ ។ មិនតែប៉ុណ្ណោះ ភស្ដុ​តាង​ទាំងអស់​ដែល​មន្ត្រី​ជំនាញបាន​ដកហូត​ពី​ជនសង្ស័យ ក៏​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ឃាតកម្ម​នេះ​ដែរ ​។ ដូច​ជា​មួក​សុវត្ថិ​ភាព ដែល​ជនសង្ស័យ​ពាក់​ជិះ​ម៉ូតូ​ពេល​ដេញ​កាប់​ជន​រង​គ្រោះ ម៉ូតូ​ម៉ាក​អុី​សិ​កទ័​រ ​គ្មាន​ស្លាក​លេខ និង​កាំបិត​ ដែល​ប្រើ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​។​ល​។ វត្ថុ​តាង​ទាំងនេះ ​សុទ្ធតែ​ស៊ីសង្វាក់​ទៅ​នឹង​ចម្លើយ​បំភ្លឺ​របស់​សាក្សី​ទាំងអស់ ​។

លោក​ឧត្តម​សេនី​យ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្តបាន​មាន​ប្រសា​ស​ន៍​ថា ពិតមែនតែ​ជនសង្ស័យ​ទាំង​២​នាក់​នេះ មិន​បាន​សារភាព​ទាំងស្រុងនូវ​ទ​ង្វើ​របស់​​ពួក​គេ តែ​មាន​សាក្សី​ជា​ច្រើន​ដែល​បាន​ផ្ដល់​សក្ខីកម្ម​ដាក់​បន្ទុក​ទៅ​លើ​ជន​ទាំង​២​នាក់​ ។ មិនតែប៉ុណ្ណោះ វត្ថុ​តាង​នានា ដែល​សមត្ថកិច្ច​បាន​រក​ឃើញ​និង​បាន​ដក​ហូត​ពី​ជនសង្ស័យ សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​ទាំងអស់​ ។ ដូច្នេះ​ហើយ ​ទើប​លោកស្នងការ​ខេត្ត និងលោក​ព្រះរាជ​អាជ្ញាធរ បញ្ជា​ឲ្យ​ធ្វើការ​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​។

សូម​រំ​លឺ​កថា កាលពី​យប់​ថ្ងៃ​ទី​២៩ មក​រា កន្លង​ទៅ​ថ្មី​ៗ​នេះ មាន​ជន​មិន​ស្គាល់​មុខ​ចំនួន​២​នាក់ បាន​ជិះ​ម៉ូតូ​ដេញ​តាម​កាប់​យុវជន​២​នាក់ ​ដែល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ចំណោម​បក្សពួក​ចំនួន​៤​ម៉ូតូ ត្រង់​ចំណុច​ភូមិ​បោះ​ពោ​ធិ៍ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ បណ្ដាល​ឲ្យ​យុវជន​ម្នាក់​ឈ្មោះ លន់ កែវ អាយុ​១៧​ឆ្នាំ រង​របួស​ក្បាល​ធ្ងន់ធ្ងរ ហើយ​ក្រោយមក​បាន​ស្លាប់​ពេល​ដឹក​ដល់​មន្ទីរពេទ្យ​ខេត្ត និង យុវជន​ម្នាក់​ទៀត​ឈ្មោះ ផា​ន ភក្ដី អាយុ​១៦​ឆ្នាំ រង​របួស​ក្បាល​ដេ​៥​ធ្នេ​រ ដោយ​គ្មាន​នរណា​បានដឹង​អំពី​មូលហេតុ​ឡើយ ​។

ជន​ដៃដល់​ត្រូវ​គេ​អះអាង​ថា មាន​គ្នា​២​នាក់ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក អុីសិក​ទ័​រ​ គ្មាន​ស្លាក​លេខ និងមាន​ម្នាក់​ជិះ​ខាងក្រោយ​ពាក់មួក​សុវត្ថិភាព​ ព​ណ៌​ខ្មៅ (​ភិនភាគ និង វត្ថុ​តាង​ដូច​ការ​ដកហូត​បាន​ខាងលើ​)​ ។ ក្រោយ​ពី​ហេតុ​ការ​ណ៍នេះ​កើតឡើង លោកស្នងការ​ខេត្ត បាន​ចេញ​បញ្ជា​យ៉ាង​ដុតដៃដុតជើង ដល់​មន្ត្រី​ការិយាល័យ​ជំនាញ ដើម្បី​ធ្វើការ​ស្រាវជ្រាវ រហូត​មន្ត្រី​ជំនាញ កំណត់​បាន​នូវ​មុខសញ្ញា​ជនសង្ស័យ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​២​នាក់​ខាងលើ​នេះ​។

លោក​ឧត្តម​សេនី​យ៏​ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្តបាន​បញ្ជាក់​ថា ដោយ​យោង​លើ​ការ​បំភ្លឺ​ពី​សាក្សី​នានា និង ការ​បំភ្លឺ​ពី​ជន​រង​គ្រោះ រួម​ទាំង​ស៊ីសង្វាក់​ទៅ​នឹង​វត្ថុ​តាង​នានា​ផង ពេល​នៅ​លោកស្នងការ​ខេត្ត និង លោក​ព្រះរាជអាជ្ញា​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ បញ្ជូន​ជនសង្ស័យ​និង​វត្ថុ​តាង​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ​៕ ​

អត្ថបទសរសេរ ដោយ