ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ដង្ហែ​ព្រះ​សព​សម្តេច​ធម្មលិខិត លាស់ ឡាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះ​សព​សម្តេចព្រះ​ធម្មលិខិត លាស់ ឡាយ ព្រះ​ចៅអធិការ​វត្ត​សន្សំ​កុសល ត្រូវ​បាន​ប្រារព្ធ​ពិធី​រំលាយ​តាម​ប្រពៃណីព្រះពុទ្ធ​សាសនា​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ កុម្ភៈ ឆ្នាំ​២០២០​នេះ នៅ​លើ​សួន​ច្បារ​មុខ​វត្ត​បទុម​វ​តី…

រាជធានី​ភ្នំពេញ ៖ ព្រះ​សព​សម្តេចព្រះ​ធម្មលិខិត លាស់ ឡាយ ព្រះ​ចៅអធិការ​វត្ត​សន្សំ​កុសល ត្រូវ​បាន​ប្រារព្ធ​ពិធី​រំលាយ​តាម​ប្រពៃណីព្រះពុទ្ធ​សាសនា​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ កុម្ភៈ ឆ្នាំ​២០២០​នេះ នៅ​លើ​សួន​ច្បារ​មុខ​វត្ត​បទុម​វ​តី ។ ព្រះ​សព​ត្រូវ​បាន​ថ្វាយ​ព្រះ​ភ្លើង​ដោយ សម្តេច វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ។ មុន​ពិធី​រំលាយ​ព្រះ​សព​សម្តេច​ព្រះសង្ឃ លាស់ ឡាយ ត្រូវ​បាន​ដង្ហែ​ចេញពី​វត្ត​សន្សំ​កុសល​ដោយ​មានការ​យាង​និមន្ត​ចូលរួម​ពី​សម្តេចព្រះសង្ឃរាជ មន្ត្រី​សង្ឃ​ជា​ច្រើន និង​មានការ​អញ្ជើញ​ចូលរួម​ពី​ប្រជា​ពុទ្ធបរិស័ទ តាជី យាយជី សិស្សគណ​ជា​ច្រើន​រូប​ផ្សេង​ទៀត ។

លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា បានឱ្យ​ដឹង​ថា ព្រះ​ធាតុ​របស់​សម្តេចព្រះ​ធម្ម​លិខិត លាស់ ឡាយ នឹង​ត្រូវ​យកទៅ​តម្កល់​ទុក​នៅ​ចេតិយ​ក្នុង​វត្ត​សន្សំ​កុសល ។ លោក​បន្ត​ថា មន្ត្រី​សង្ឃ អាចារ្យ និង​គណៈ​កម្មការ​វត្ត នឹង​រៀបចំ​ពិធីបុណ្យ​រហូត​ដល់​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រោយ​ពិធី​រំលាយ​ព្រះ​សព​នេះ ។

សូម​បញ្ជាក់​ថា សម្តេចព្រះ​ធម្មលិខិត លាស់ ឡាយ ព្រះ​ចៅអធិការ​វត្ត​សន្សំ​កុសល បាន​សោយ​ទិវង្គត​នៅ​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៩ ដោយ​ព្រះ​ជរាពាធ​ក្នុង​ព្រះ​ជន្ម ១០៦​ព្រះ​វស្សា ។ សម្តេចព្រះ​ធម្មលិខិត​លាស់ ឡាយ ប្រសូត​នៅ​ថ្ងៃ​ពុធ ៧​កើត ខែភទ្របទ ឆ្នាំថោះ ក្នុង​ពុទ្ធសករាជ ២៤៥៧ ត្រូវ​នឹង​គ្រឹ​ស្ត​សករាជ​១៩១៤ នៅ​ភូមិ​ធ្យូង ឃុំ​ធ្យូង ស្រុក​ពញាឮ ខេត្តកណ្តាល ។ បិតា​នាម ល័​ក្ខ លាស់ ហៅ​អាចារ្យ​លាក់ និង​មាតា​នាម ស៊ូ អ៊ុ​ច មាន​បងប្អូន​ចំនួន​១០​នាក់ ប្រុស​៧​នាក់ ស្រី​៣​នាក់ សម្តេច​ជា​បុត្រ​ទី​៥ នៅ​ក្នុង​គ្រួសារ ។

ក្នុង​វ័យ​១២​ឆ្នាំ មាតាបិតា​បាន​នាំ​កុមា​រា លាស់ ឡាយ ទៅ​បួស​ជា​សាមណេរ​ក្នុង​សំណាក់​ព្រះ​គ្រូ ឯ​ល គាំ និង​មាតាបិតា​ក៏​បាន​ចាត់​ឱ្យទៅ​រៀន​ព្រះ​បរិយត្តិ​ធម៌​ក្នុង​សំណាក់​លោកគ្រូ​មហា​អុ​ុ​ឹ​ម នៅ​វត្ត​ព្រះពុទ្ធ​មាន​បុណ្យ ក្រុងភ្នំពេញ ។ ក្រោយមក​សាមណេរ​អង្គ​នេះ​បាន​ទៅ​គង់នៅ​វត្ត​ឧណ្ណាលោម ដើម្បី​រៀន​បរិយត្តិ​ធម៌​បន្ត​ទៀត​រហូត​ដល់​អាយុ​១៩​ឆ្នាំ ទើប​លាចាក​សិក្ខាបទ​ទៅ​បម្រើមាតាបិតា​វិញ ។

យោង​តាម​សៀវភៅ «​មហា​បុរស​ពុទ្ធសាសនា​នៅ​ប្រទេស​ខ្មែរ​» ឱ្យ​ដឹង​ថា លុះដល់​អាយុ​២១​ឆ្នាំ មាតាបិតា​បាន​នាំ​ទៅ​បំពេញ​ឧបសម្បទា​ជា​ភិក្ខុភាព​ក្នុង​សំណាក់​ព្រះ​ឧបជ្ឈាយ៍ ព្រះ​នាម អ៊ុ​ក នៅ​វត្ត​សំរោង ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ (​ខាងលិច​ផ្សារ​ឧដុង្គ​) ដែល​ជា​ស្រុក​កំណើត​របស់​ញោមស្រី ។ នៅ​ក្នុង​ឆ្នាំ​នោះ ភិក្ខុ លាស់ ឡាយ បាន​និមន្ត​ទៅ​គង់នៅ​វត្ត​មហាមន្ត្រី ដើម្បី​រៀន​បរិយត្តិ​ធម៌​បន្ត​ទៀត ។

ក្នុង​ឆ្នាំ​១៩៤៨ ភិក្ខុ លាស់ ឡាយ បាន​ទៅ​ជួយ​បង្រៀន​បរិយត្តិ​ធម៌​នៅ​វត្ត​កំពង់​ឃ្លាំង ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​មួយ​ឆ្នាំ ក្រោយមក​សម្តេច ហួត តាត ជា​អគ្គាធិការ​បាន​ចេញ​ប្រកាស​និ​យ​ប​ត្រ​តាំង​ជា​អាចារ្យ​បង្រៀន​ផ្លូវការ​នៅ​ពុទ្ធិកបឋមសិក្សា នៅ​វត្ត​មហាមន្ត្រី ។ ឆ្នាំ​១៩៦៥ បាន​ទៅ​សិក្សា​ផ្នែក​គរុកោសល្យ​នៅ​ពុទ្ធិកវិទ្យាល័យ​ព្រះ​សុរា​ម្រឹត ក្រុងភ្នំពេញ​១​ខែ ហើយ​សម្តេច​ព្រះសង្ឃ​រាជ្យ​ជួន ណាត បាន​តែងតាំង​ជា​ព្រះ​គ្រូ​ឃោ​សា​ភិ​រ័​ត្ន ជា​ឋានានុក្រម​សង្ឃ​ថែម​ទៀត ។ ឆ្នាំ​១៩៧០ គណៈសង្ឃ​វត្ត​មហាមន្ត្រី បាន​ជ្រើសតាំង​ជា​ប្រធាន​គណៈសង្ឃ​សម្រាប់​វត្ត ។

ឆ្នាំ​១៩៧៥ ពួក​ទមិឡ​ឥត​សាសនា​បាន​និរទេស​ភិក្ខុ លាស់ ឡាយ យក​ទៅ​ផ្សឹក​នៅ​វត្តមណ្ឌប ស្រុក​ស្រី​ស​ន្ទ​រ ខេត្តកំពង់ចាម ។ ឆ្នាំ​១៩៧៨ពួក​ទមិឡ​ឥត​សាសនា​បាន​យក​បណ្ឌិត​លាស់ ឡាយ ទៅ​សម្លាប់​រហូត​ដល់​ពីរ​ដង ប៉ុន្តែ​មិនបាន​សម្រេច​ដូច​បំណង​ឡើយ ។ នៅ​ឆ្នាំ​១៩៧៩បណ្ឌិត លាស់ ឡាយ បាន​មក​ចូល​ក្រុងភ្នំពេញ​វិញនិង​គង់នៅ​វត្ត​សន្សំ​កុសល រួច​បាន​ទៅ​បំពេញ​ភិក្ខុ​ភារៈ​ឡើង​វិញ​នៅ​វត្ត​ឧណ្ណាលោម ដោយ​មាន​ព្រះ​វិន័យធរ​ទេព វង្ស (​កាលនោះ​មិន​ទាន់​ឡើង​ព្រះ​ឋានៈ​ជា​សម្តេចព្រះសង្ឃរាជ​) ជា​ព្រះ​ឧបជ្ឈាយ៍ ៕

អត្ថបទសរសេរ ដោយ