ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើគ្រូទាយ​បោះទីតាំង​ក្នុង​ផ្សារ​អូរ​ឫស្សី​កាក់​កប​​ដែរ​​ឬទេ ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ផ្សារ​អូរ​ឫស្សី អ្នក​ដែល​ចូល​ផ្សារ គេ​សង្កេត​ឃើញ​មាន​គ្រូ​ទស្សន៍​ទាយ​សុទ្ធ​សឹង​ជានា​រី​វ័យ​ចំណាស់ មា​នទី​តាំងនៅ​ក្បែរ​ៗ​គ្នា ដោយ​រៀបចំ​ទីតាំង​មាន​អាកា​រៈ​ប្លែក​ៗ​ពី​គ្នា ដើម្បី​ទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ទូទៅ ។ មាន​ប្រមាណ​បួនដប់​កន្លែង…

រាជធានី​ភ្នំពេញ ៖ នៅ​ផ្សារ​អូរ​ឫស្សី អ្នក​ដែល​ចូល​ផ្សារ គេ​សង្កេត​ឃើញ​មាន​គ្រូ​ទស្សន៍​ទាយ​សុទ្ធ​សឹង​ជានា​រី​វ័យ​ចំណាស់ មា​នទី​តាំងនៅ​ក្បែរ​ៗ​គ្នា ដោយ​រៀបចំ​ទីតាំង​មាន​អាកា​រៈ​ប្លែក​ៗ​ពី​គ្នា ដើម្បី​ទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ទូទៅ ។ មាន​ប្រមាណ​បួនដប់​កន្លែង ដែល​មានមុខ​របរ​ឬជំនាញ​ទស្សន៍​ទាយ ដែល​មួយ​ថ្ងៃ​ៗ​បាន​ទាក់ទាញ​អ្នក​ដែល​មាន​ជំនឿ​ចូល​ទស្សន៍​ទាយ​ហូរហែ ដូច​ជា​មើល​គូព្រេង មើល​រាសី​ប្រចាំ​ថ្ងៃ មើល​ការ​រកស៊ី ។​ល​។ ដែល​កោះសន្តិភាព​បាន​ចាប់អារម្មណ៍ ក៏​បាន​ចូល​ជួប​សុំ​ការ​បំភ្លឺ​ជា​បន្តបន្ទាប់​ក្នុង​ន័យ​ចង់​ដឹង​នូវ​មុខរបរ​មួយ​នេះ ។

ស្ត្រី​វ័យ​ចំណាស់​អាយុ​៥៧​ឆ្នាំ​ម្នាក់ ប្រកប​មុខរបរ​ធ្វើ​ជា​គ្រូទាយ មើល​បាតដៃ និង​សន្លឹក​បៀ ជួល​តូប​គេ​ធ្វើ​អា​ជី​កម្ម​នៅ​ក្នុង​ផ្សារ​អូរ​ឫស្សី ថ្លែង​ពី​ឆាកជីវិត​ថា ធ្វើ​គ្រូទាយ​១​ជីវិត បាន​ម៉ា​រស់ មិន​មាន​មិន​ក្រ ជួល​ផ្ទះ​គេ​ស្នាក់​នៅ តែ​សល់​ប្រាក់​បាន​យក​ទៅ​ធ្វើបុណ្យ ។ នៅ​ចំពោះ​មុខ​អ្នក​យក​ព័ត៌មាន ស្ត្រី​គ្រូទាយ​រូប​នោះ​បាន​ថ្លែង​ឲ្យ​ដឹង​ថា គាត់​ជា​គ្រូទាយ​យូរ​ឆ្នាំ​មក​ហើយ ពោល​គឺ​តាំងពី បែក​ចេញពី​របប​ប៉ុ​ល ពត​មក​ម្ល៉េះ ។ អ្នកស្រី​មានឈ្មោះ​ក្រៅ​ហៅ​ថា ម៉ែ​គ្រូ​ៗ មានស្រុក​កំណើត​នៅ​ខេត្តស្វាយរៀង ប៉ុន្តែ​គាត់​មិន​ដែល​បាន​រស់នៅ​ស្រុក​ទេស​ជាប់លាប់​ទេ ព្រោះ​គាត់​ជា​មនុស្ស​ចង់​ជួយ​អាសា​អ្នក​ដ៏​ទៃ ស្រប​ពេល​បាន​រៀនសូត្រ​ចេះ​ដឹង​ខ្លះ និង​មាន​ចំណង់​ចំណូលចិត្ត​ធ្វើ​ជា​គ្រូ​ទស្សន៍​ទាយ ប្រកប​មុខរបរ​នេះ​រហូត​មក ។ សព្វថ្ងៃ​ស្នាក់​នៅផ្ទះ​ជួល​ជាន់​ទី​៤ ក្នុង​សង្កាត់​អូរ​ឫស្សី​ទី​១ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ជាមួយ​កូនប្រុស​ស្រី​២​នាក់ ប៉ុន្តែ​កូន​គេ​ប្រកប​មុខរបរ​ផ្សេង​គ្នា​មិន​ពាក់ព័ន្ធ​ជាមួយ​គាត់​ទេ ។

ម៉ែ​គ្រូ​បន្ត​ថា មុខរបរ​គាត់​គឺ​ជួល​តូប​គេ​រកស៊ី​(​ធ្វើ​គ្រូទាយ​) ដោយ​បង់​ក្នុង​១​ខែ ចំនួន​២២០​ដុល្លារ នេះ​មិន​ទាន់​គិតថ្លៃ​ឈ្នួល​ផ្ទះ​ក្នុង​១​ខែ ចំនួន​១២០​ដុល្លារ​អា​មេ​រិ​ក​ផង ។ តែបើ​ប្រៀបធៀប និង​ប្រាក់​ចំណូល​ដែល​គាត់​រកបាន​មក​ពី​ការ​ទស្ស​ទាយ​វិញ ដូច​ជា​មិន​លំបាកលំបិន​ក្នុង​ការ​បង់ថ្លៃ​ផ្ទះ និង​ជួល​តូប​ប្រកប​មុខរបរ​ធ្វើ​គ្រូទាយ​ប្រចាំ​ថ្ងៃ​នោះ​ទេ ។ គាត់​ថា ក្នុង​មួយ​ខែ​ៗ អាច​ទប់​ទាល់​បាន មាន​ខែ​ខ្លះ​សល់​ដែរ ប៉ុន្តែ​ប្រាក់​ដែល​នៅ​សល់​នោះ គាត់​បាន​យក​ទៅ​ជួយ​កសាង​វត្ត​មួយ ស្ថិត​នៅ​ជាប់​ល្អាង​ភ្នំ​ខេត្តកំពត ដែល​ជាទី​សក្ការៈ​សម្រាប់​គាត់​ទៅ​ធ្វើបុណ្យ ។ គាត់​ថា ទី​អារាម​នោះ​ហើយ​ដែល​គាត់​បាន​ចាត់ទុកជា​ធនាគារ ជា​ស្រែបុណ្យ ដែល​គាត់​តែងតែ​ប្រាថ្នា​ទៅ​ជាតិ​មុខ សុំ​ឲ្យ​ជួប​តែ​សេចក្តីសុខ ជួប​មនុស្ស​ល្អ​ៗ នឹង​ជួប​តែ​អ្នក​ចិត្ត​បុណ្យ ដែល​ជាតិ​នេះ​មិន​ចង់បាន​អ្វី​ឲ្យ​លើស​ពី​នេះ​ទេ ។

ម៉ែ​គ្រូ​រៀបរាប់​ប្រាប់​បន្ត​ថា របរ​ធ្វើ​គ្រូទាយ​តាម​រយៈ​មើល​បាតដៃ និង​មើល​តាម​សន្លឹក​បៀរ​ច្រើន​ឆ្នាំ​ហើយ ប៉ុន្តែ​គាត់​ទើបនឹង​បាន​មក​ជួល​តូប​ទស្ស​ទាយ​នៅ​ផ្យា​រ​អូរ​ឫស្សី​នេះ ប្រមាណ​២​ឆ្នាំ​ប៉ុណ្ណោះ តែ​២​ឆ្នាំ​នោះ​គាត់​សន្សំ​បាន​អតិថិជន​ច្រើន​គួ​សម​ដែរ ។ ការ​ទស្សន៍​ទាយ​មើល​សន្លឹក​បៀ នឹង​មើល​បាតដៃ ខ្លះ​ចង់​ដឹង​ពី​កិច្ច​ការងារ​រកស៊ី ខ្លះ​ចង់​ដឹង​ពី​ជោគវាសនា គួ​ស្រករ ស្នេហា លក់ដូរ​ធ្វើ​អាជីវកម្ម​ផ្សេង​ៗ​លក់​ដី លក់​ផ្ទះ ។​ល​។ ហើយ​ក៏​មាន​នារី​ខ្លះ​ចង់​មើល​ពី​ការ​ចង់បាន​កូន​នៅ​ពេល​ទើប​រៀប​ការ​ថ្មីថ្មោង ។

ម៉ែ​គ្រូ​ថា គាត់​ទស្សន៍​ទាយ​មើល​តាម​ក្បួន​ដកហូត​យក​សន្លឹក​បៀ និង​មើល​បាតដៃ​គឺ​ប្រា​ដក​ជា​មិន​ត្រូវ​គ្រប់​ជ្រុង​ទេ ប៉ុន្តែ​រឿង​ត្រូវ​មិន​ត្រូវ​គាត់​មិនមែន​ជា​អ្នក​កំណត់​ទេ អាស្រ័យ​លើ​អតិថិជន​(​ម៉ូយ​) គេ​មានការ​ជឿ​ជាក់​លើ​ខ្លួន​គេ​ថា​គាត់​មើលទៅ​ត្រូវ​នោះ​ហើយ​បានជា​គេ​មក​ទស្សន៍​ទាយ​ហូរហែ មាន​ម៉ូយ​ខ្លះមក​ញឹកញាប់​ទៀត​ផង និង​មាន​ម៉ូយ​ខ្លះ​មើលទៅ​ត្រូវ គេ​បាន​ជូន​ប្រាក់​គាត់​បន្ថែម​រាប់រយ​រាប់​ពាន់​ដុល្លារ​ទៀត​ផង ដែល​ប្រាក់​នោះ​ហើយ​បាន​តម្រូវ​ឲ្យ​គាត់​យក​ទៅ​កសាង​ទី​អារាម​នោះ ។ គាត់​ថា បើ​គិត​ពី​ចំណូល​ប្រចាំ​ថ្ងៃ​សម​ល្មម​គ្រប់គ្រាន់​បង់ថ្លៃ​តូប និង​ឈ្នួល​ផ្ទះ​ស្នាក់​នៅ ព្រោះ​ការ​ទស្សន៍​ទាយ​របស់​គាត់​មិន​កំណត់​ឲ្យ​អតិថិជន​ដាក់​ប្រាក់ តាម​ការ​ផ្គាប់ចិត្ត​របស់​គ្រូ​នោះ​ទេ អាស្រ័យ​លើ​ភ្ញៀវ​គេ​ចង់​ដាក់​ប៉ុន្មាន​ក៏​ដាក់​ទៅ​តាម​ធនធាន និង​មនោសញ្ចេតនា​របស់​គេ​៥.០០០​រៀល ឬ​១០.០០០​រៀល ឬ​២០.០០០​រៀល ក៏​ប៉ុន្តែ​នៅ​ពេល​គេ​ដឹង​ថា​គាត់​ទាយ​ត្រូវ​ចំ​ៗ គេ​ក៏​ឲ្យ​លើស​នឹង​ទៀត​ក៏​មាន ។

អ្នក​យក​ព័ត៌មាន​បាន​សួរ​ថា ចុះ​មាន​ថ្ងៃ​ណា​ដែល​អត់​ភ្ញៀវ​មក​ទស្សន៍​ទាយ​ទេ ? ម៉ែ​គ្រូ ឆ្លើយ​ទាំង​ញញឹម​ថា មិន​ដែល​អត់​ទេ ជាង​២​ឆ្នាំ​នេះ​មាន​ម៉ូយ​កាន់តែ​ច្រើន សំខាន់​យើង​ទាយ​ទៅ​ត្រូវ គេ​ជឿជាក់​លើ​យើង យើង​មិន​បោកប្រាស់​គេ នោះ​ហើយ​ដែល​យើង​(​គ្រូទាយ​)​មិន​ដាច់​បាយ ។ នៅ​ក្នុង​ផ្សារ​អូរ​ឫស្សី​នេះ​ដែរ ស្ត្រី​គ្រូ​ទស្សន៍​ទាយ​ម្នាក់​ទៀត​ឈ្មោះ ធី ហា​យ ដែល​ដាក់​តុ​កៅអីអង្គុយ​ទាយ​នៅ​ទីនោះ​ដែរ​បាន​ឲ្យ​ដឹង​ថា គាត់​រកស៊ី​ទស្សន៍​ទាយ​តាម​ក្បួន​មើល​បាតដៃ និង​សន្លឹក​បៀ​នេះ​ច្រើន​ឆ្នាំ​ហើយ​បាន​ម៉ា​រស់​ៗ មិន​សល់​លុយ​ដូច​គេ​ទេ ។ យាយ ហា​យ បន្ត​ថា គាត់​ជួល​កន្លែង​អង្គុយ​ទាយ​នៅ​ក្នុង​ផ្សារ​អូរ​ឫស្សី​នេះ​ក្នុង​១​ខែ ចំនួន​៥០​ដុល្លារ មាន​គេ​ខ្លះ​ជួល​១​ខែ ចំនួន​៧០​ដុល្លារ​ទៅ​១០០​ឬ​២០០​ដុល្លារ​អា​មេ​រិ​ក ទៅ​តាម​កន្លែង​តូច​ធំ ខ្លះ​មាន​តូប​អង្គុយ​ស្រួល ចំ​ច្រក​ភ្ញៀវ​ចេញចូល ។

ទាក់ទិន​ជាមួយ​ព័ត៌មាន​ស្តី​ពី​គ្រូ​ទស្សន៍​ទាយ​មើល​តាម​ក្បួន បាតដៃ និង​សន្លឹក​បៀ ដូច​រៀបរាប់​ខាងលើ​នេះ លោក ហ៊​ន វ៉ា​ន់​ធី ប្រធាន​គណៈកម្មការ​ផ្សារ​អូរ​ឫស្សី​បាន​ឲ្យ​ដឹង​ថា លោក​មិនសូវ​បាន​ចាប់អារម្មណ៍​រឿង​នឹង​ទេ ប៉ុន្តែ​មាន​ពេល​ខ្លះ​លោក​ចុះ​ដើរ​ពិនិត្យ​មើល​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ បានឃើញ​គ្រូទាយ​ទាំងនោះ​ដែរ ដែល​ខ្លះ​បាន​ជួល​តូប​គេ​ប្រកប​មុខរបរ​ត្រឹមត្រូវ រៀបចំ​អាសនៈ​បាន​ស្អាត​សមរម្យ ខ្លះ​ដាក់​តុ​កៅអី​អង្គុយ​ទាយ មិនជា​ច្រើន​ទេ​ប្រហែល​បួនដប់​កន្លែង​ប៉ុណ្ណោះ នៅ​តាម​ផ្លូវ​ក្នុង​ផ្សារ​ខាងក្រោយ​អ្នកលក់​ជ្រូក​ខ្វៃ ។

លោក​ប្រធាន​ផ្សារ​រៀបរាប់​បន្ត​ថា តាម​ការ​កត់សម្គាល់​ផ្សារ​ណា​ក៏​មាន​គ្រូទាយ​ដែរ មិនមែន​តែ​ផ្សារ​អូរ​ឫស្សី​ទេ នោះ​ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការងារ​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​ស្របច្បាប់ គណៈ​កម្មការ​ផ្សារ​ក៏​មិន​មានការ​ហាមឃាត់​ដែរ ។ អ្នកស្រី ទូច មុំ អាជីវករ​លក់​គ្រឿងទេស​តាម​តូប​ក្នុង​ផ្សារ​អូរ​ឫស្សី​បាន​សម្តែង​មតិ​ថា មាន​គ្រូទាយ​នៅ​ជិត​នេះ​គាត់​ចូល​ចិត្ត​ណាស់ ពេលទំនេរ ឬ​លក់​មិន​ដាច់​គាត់​តែង​ទៅ​អង្គុយ​លេង និង​ឲ្យ​គ្រូ​ទស្សន៍​ទាយ​មើល​សន្លឹក​បៀ រឿង​លក់ដូរ​ដាច់​មិន​ដាច់ និង​រឿង​ផ្សេង​ៗ​ទៀត​ក្នុង​ក្រុម​គ្រួសារ ។

ចំណែក​អា​ជីករ​ម្នាក់​ទៀត​លក់​គ្រឿង​ជ័រ ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​ធ្លោយ​ឲ្យ​ដឹង​ថា គាត់​ហាក់ដូចជា​មិន​ពេញចិត្ត​សោះ​ចំពោះ​ក្រុម​គ្រូទាយ​កំពុង​ធ្វើ​អាជីវកម្ម​ក្នុង​ផ្សារ​អូរ​ឫស្សី​ទាំងនោះ ។ ពូ​ដឹង​ទេ​ស្ត្រី​រកស៊ី​ទស្សន៍​ទាយ​សន្លឹក​បៀ និង​មើល​បាតដៃ​ជិត​១០​កន្លែង​នឹង​ភាគច្រើន​មិនមែន​ជា​ជនជាតិ​ខ្មែរ​សុទ្ធសាធ​ទេ ពូ​ស្តាប់​មើលទៅ​ពួក​គាត់​(​គ្រូទាយ​)​និយាយ​ខ្មែរ​មិន​ច្បាស់​ផង​នឹង ហើយ​អ​ថិ​តិ​ជន​ទាំងចាស់ទាំងក្មេង​ដែល​ជា​ម៉ូយ​របស់​ពួក​គាត់ មក​ទស្ស​ទាយ​រាល់ថ្ងៃ​ក៏​សុទ្ធតែ​និយាយ​ខ្មែរ​មិន​ច្បាស់​ដែរ​(​វៀតណាម​.​ចិន​កា​តាំង​) ដូច្នេះ​ឲ្យ​គាត់​ទៅ​មើល ទៅ​ទស្សន៍​ទាយ​គាត់​មិន​ទៅ​ទេ ។

ការ​សម្តែង​មតិ​ពី​សំណាក់​ស្ត្រី​អាជីវករ​រូប​នេះ អ្នក​យក​ព័ត៌មាន​យើង​ក៏​បាន​សង្កេត​ឃើញ​យ៉ាង​ដូច្នោះ​ដែរ ប៉ុន្តែ​ការ​សាកសួរ​ទៅ​លើ​គ្រូ​ទស្សន៍​ទាយ​ទាំងនោះ គាត់​បាន​ពោល​មក​វិញ​ថា ខ្លះ​មានស្រុក​កំណើត​នៅ​ខេត្តស្វាយរៀង តាកែវ កំពត រាជធានី​ភ្នំពេញ និង​កម្ពុជា​ក្រោម ។ យ៉ាងណា​ក្ តី​គ្រូ​ទស្សន៍​ទាយ​ទាំង​អស់​នោះ ​ពួក​គាត់​ក៏​បាន​ប្រើ​ភាសា​វៀតណាម ចិន​ខ្លះ​ៗ ពិតប្រាកដ​មែន ប៉ុន្តែ​ក៏​ប្រើ​ភាសារ​ខ្មែរ​ច្បាស់​ល្អ​ណាស់ ចាត់​ទុក​ថា​ពួក​គាត់​ជា​ខ្មែរ​តែ​មួយ​ទៅ​ហើយ ។ ឯការ​ទស្សន៍​ទាយ អាស្រ័យ​លើ​សា​ម៉ី​ខ្លួន​គេ​ជឿ​ឬ​មិន​ជឿ​…​ត្រូវ​ឬ​មិន​ត្រូវ​…​មិន​អាច​អ្នក​ណា​ផ្សេង វាយតម្លៃ​ឬ​ប្រមាថ​បាន​ទេ​…​បើ​មិន​ជឿ​ទេ កុំ​ទាយ​ទៅ​ចប់​ហើយ ៕

អត្ថបទសរសេរ ដោយ