រាជធានីភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍ធុនធំមួយគ្រឿងសង្ស័យបើកលឿនរួចគេចពីរថយន្ដដែលនៅខាងមុខ ហើយជាន់ហ្វ្រាំងមិនស៊ី លុះទាញចង្កូតគេចទៅខាងស្តាំបណ្តាលឱ្យជ្រុលទៅបុកបង្គោលភ្លើងស្តុបសញ្ញាចរាចរណ៍ដួលរលំសង្កត់ទៅលើដំបូលរថយន្តហាយឡែនឌ័រមួយគ្រឿងទៀតរងការខូចខាត និងបង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦យប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ត្រង់ចំណុចស្តុប១៨០០ខាងជើងរោងចក្រផលិតទឹកបរិសុទ្ធវីតាល់ តាមបណ្ដោយផ្លូវ១៨០០ កែងនឹងផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។
រថយន្តក្រឡុកស៊ីម៉ង់ត៍ធុនធំមួយគ្រឿងខាងលើម៉ាកមីតស៊ុយប៊ីស៊ី (MITSUBISHI) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៥A-០១១៤ ជារបស់ក្រុមហ៊ុនSCG បើកបរដោយបុរសម្នាក់ឈ្មោះ ឃួន រដ្ឋា អាយុ២៤ឆ្នាំ រីឯព្រូរថយន្តម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណនោះទេ ។ ចំណែករថយន្តមួយគ្រឿងទៀតដែលរងការខូចខាតម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២Q-៧២២០ បើកបដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។
បើតាមប្រភពពីបុរសជាអ្នកបើកបររថយន្តក្រឡុកស៊ីម៉ង់ត៍បានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើកបររថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៨៩ ក្នុងទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន។
តាមប្រភពដដែលបានបន្តថា លុះមកដល់ចំណុចស្តុបកើតហេតុដែលមានភ្លើងសញ្ញាចរាចរណ៍ជាភ្លើងពណ៌បៃតង ក៏អកហ្សើជាមួយនឹងរថយន្តពីរទៅបីគ្រឿងទៀតមិនចាំម៉ាក កំពុងធ្វើដំណើរនៅខាងមុខ បន្ទាប់មកគាត់ក៏បានបន្ថយល្បឿនបំរុងបត់ឆ្វេង ខណៈនោះស្រាប់តែគាត់ជាន់ហ្វ្រាំងរថយន្តមិនស៊ីធ្វើឲ្យគាត់ភ័យស្លន់ស្លោក៏ព្យាយាមទាញចង្កូតគេចទៅខាងស្តាំ រួចក៏ជ្រុលទៅបុកបង្គោលភ្លើងស្តុបសញ្ញាចរាចរណ៍មួយដើមដួលរលំសង្កត់ទៅលើដំបូលរថយន្តមួយគ្រឿងទៀតម៉ាកហាយឡែនឌ័រកំពុងឈប់រង់ចាំភ្លើងស្តុបសញ្ញាចរាចរណ៍បណ្តាលឲ្យក្រពឹតខូចខាតបន្តិចបន្តួច ។
តាមប្រភពដដែលបានបន្តទៀតថា ក្នុងហេតុការណ៍នោះដែរ បណ្តាលឱ្យរថយន្តក្រឡុកស៊ីម៉ង់ត៍រងការខូចខាតក្រពឹតផ្នែកខាងមុខចំហៀងខាងស្តាំយ៉ាងដំណំ ប៉ុន្តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ គ្រាន់តែកកស្ទះចរាចរណ៍យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ ហើយក៏មានសមត្ថកិច្ចចរាចរណ៍ផ្លូវគោកដែលប្រចាំការនៅគោលដៅខាងលើជួយធ្វើការអន្តរាគមន៍ភ្លាមៗផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងនិងស្ទូចយករថយន្តបង្កនិងរថយន្តរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ជាបន្តទៀតនៅពេលក្រោយ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ