ខេត្តប៉ៃលិន ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូបុកជាមួយគោយន្តកន្ត្រៃ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យភាគីខាងម៉ូតូរងរបួសធ្ងន់ ចំណែកភាគីខាងគោយន្តកន្ត្រៃរងរបួសស្រាល ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
តាមប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ភាគីខាងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង ១A-៩៧៤៨ បើកបរដោយឈ្មោះ អឿន លីឈីង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ (បានរងរបួសធ្ងន់) ។
ចំណែកភាគីខាងគោយន្តកន្ត្រៃមួយគ្រឿងខាងលើបើកបរដោយឈ្មោះ ស្រឿន វឿត ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិបាយសី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (បានរងរបួសស្រាល) ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿងខាងលើបើកបរយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្របពេលមានគោយន្តកន្ត្រៃបើកបរពីត្បូងទៅជើង ស្រាប់តែម៉ូតូជ្រុលទៅខាងឆ្វេងដៃ រួចក៏បុកគោយន្តយ៉ាងពេញទំហឹង បណ្តាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ចំណែកអ្នកបើកបរគោយន្តបានរងរបួសស្រាល ។
បច្ចុប្បន្ន ម៉ូតូ និងគោយន្តត្រូវបានកម្លាំងនគរបាលយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងត្រង់ រីឯជនរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ