រាជធានីភ្នំពេញ៖ ក្នុងពេលកម្ពុជាកំពុងមានបញ្ហាប្រឈមមួយចំនូនដូចជាការនាំចេញទៅកាន់សហភាពអឺរ៉ុប ដោយសារការគំរាមកំហែងនៃការដកប្រព័ន្ធអនុគ្រោះពន្ធ«គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬហៅកាត់ថា «EBA» និងការផ្ទុះជំងឺបង្កដោយវីរុសកូរ៉ូណា ធ្វើអោយប៉ះពាល់ដល់វិស័យទេសចរណ៍ ។ ដោយឡែកវិស័យមីក្រូហិរញ្ញវត្ថុ ក៏ត្រូវបានព្យាករណ៍ថាអាចនឹងទទួលរងផលប៉ះពាល់ផងដែរ ក៏ប៉ុន្តែមិនជាធ្ងន់ធ្ងរ ។
បើតាមលោកគា បូរាណ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុបានមានប្រសាសន៍ថា ក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា នៅតែផ្ដោតទៅលើវិស័យកសិកម្ម បើទោះបីជាវិស័យកសិកម្មបានថមថយបន្តិចក្ដី ដោយសារតែមានវិស័យផ្សេងមកជំនួសដូចជាកាត់ដេរ និងវិស័យសំណង់ ។លោកបានបន្តថាក្នុងពេលដែលរាជរដ្ឋាភិបាលទំលាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាមកនៅទាបជាងឆ្នាំមុន ដោយកត្តាមួយចំនួននោះ ផលប៉ះពាល់មកលើវិស័យមីក្រូហិរញ្ញវត្ថុវាប្រាកដជាមាន ដូច្នេះហើយទើបសមាគមត្រូវការត្រៀមយុទ្ធសាស្ត្រក្នុងការទប់ទល់នឹងជំរុញអោយវិស័យនេះ នៅតែមានដំណើរការល្អ ។
លោកគា បូរាណ បានបន្តថា «ពាក់ព័ន្ធនឹងការផ្ទុះឡើងនូវមេរោគកូរ៉ូណា នៅប្រទេសចិន និងបណ្ដាប្រទេសមួយចំនួនទៀត រួមទាំងកម្ពុជាផងដែរ ដូច្នេះកត្តាប្រឈមវិស័យសេដ្ឋកិច្ចកម្ពុជានឹងកើតឡើង ហើយវិស័យហិរញ្ញវត្ថុចង់មិនចង់គឺត្រូវតែមានផលប៉ះពាល់ដែរហើយ ។ មួយទៀតបញ្ហាប្រឈមនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ របស់អឺរ៉ុបក៏អាចនឹងផលប៉ះពាល់ខ្លះដែរ ក៏ប៉ុន្តែដោយសារតែវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានៅតែផ្ដោតលើវិស័យកសិកម្ម ដូច្នេះផលប៉ះពាល់គឺមិនផ្ទាល់ប៉ុន្មានទេ គឺតាមប្រយោលៗប៉ុណ្ណោះ » ។ លោកបានបន្ថែមថា ដោយសារតែបញ្ហាប្រឈមមួយចំនួននៅដើមឆ្នាំ២០២០នេះទៅវិស័យសេដ្ឋកិច្ច ដូច្នេះវិស័យមីក្រូហិរញ្ញវត្ថុក៏មិនរំពឹងថាមានកំណើនខ្ពស់ដូចកាលពីឆ្នាំ ២០១៩ដែរ ។ រហូតមកដល់ពេលនេះទំហំឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុទាំងមូលមានទឹកប្រាក់ប្រមាណ៧ពាន់លានដុល្លារអាមេរិក ខណៈអ្នកប្រើប្រាស់ឥណទានក្នុងវិស័យនេះមានចំនួនជាង២លាននាក់ ។ ដោយឡែកសម្រាប់ទំហំទឹកប្រាក់បញ្ញើរបស់អតិថិជនគិតត្រឹមពេលបច្ចុប្បន្ននេះដែរ នៅមានតិចជាងឥណទានដែលផ្ដល់ជូនទៅអតិថិជន ដោយសារតែចំនួនមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីអតិថិជនមានតែ៧ប៉ុណ្ណោះ ដូច្នេះគឺនៅមានចំនួនតិចតួចនៅឡើយ ។
លោកបានបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២០នេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានទិសដៅធំបីដើម្បីជំរុញការលូតលាស់នៅក្នុងឆ្នាំថ្មីនេះ ក្នុងនោះ មានការពង្រីកវិសាលភាពទាក់ទងនឹងការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យហិរញ្ញវត្ថុ ដូចជាការបង្កើតនូវវគ្គបណ្ដុះបណ្ដាលនានា ។ មួយទៀតនោះ បង្កើនការផ្សព្វផ្សាយព័ត៌មានពីវិស័យមីក្រូហិរញ្ញវត្ថុ និងបង្កើនការទំនាក់ទំនងរវាងសមាជិកក្នុងសមាគម និងទិសដៅសំខាន់មួយទៀត គឺការផ្សព្វផ្សាយពីចំណេះដឹងនិងព័ត៌មានហិរញ្ញវត្ថុទៅដល់ពលរដ្ឋកម្ពុជាបន្ថែម ដើម្បីអោយពលរដ្ឋយល់ដឹងកាន់តែខ្លាំង និងអាចប្រើប្រាស់ហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ដោយឡែកសម្រាប់គ្រឹះស្ថានភាពមួយៗក៏មានផែនការនិងយុទ្ធសាស្ត្ររៀងខ្លួន ដើម្បីទប់ទល់នឹងបញ្ហាប្រឈមដែលនឹងកើតឡើងនៅក្នុងឆ្នាំ ២០២០នេះ ។
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា លោកវង្សី វិស្សុត បានថ្លែងថា ឆ្នាំ ២០២០នេះ កម្ពុជាកំណើនសេដ្ឋកិច្ចកម្ពុជាអាចនឹងសម្រេចកំណើនប្រមាណតែជាង៦ភាគរយ តិចជាងកាលពីឆ្នាំ ២០១៩ ដែលសម្រេចបានជាង៧ភាគរយ ។ ការទំលាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំនេះ ដោយមើលឃើញមានភាពមិនច្បាស់លាស់មួយចំនួនដូចជាប្រព័ន្ធអនុគ្រោះពន្ធ EBA ករណីវីរុសកូរ៉ូណាពីប្រទេសចិន ដែលធ្វើអោយធ្លាក់ចុះនៃភ្ញៀវទេសចរ និងការមានហានិភ័យចំពោះវិស័យសំណង់ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ