ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​វីរុស​កូ​រ៉ូ​ណា​អាច​នឹង​ជះ​ឥទ្ធិពល​លើ​សេដ្ឋកិច្ច​ពិភពលោក​ព្រមទាំង​ប្រទេស​កម្ពុជា​យ៉ាងណា ?

4 ឆ្នាំ មុន
  • ភ្នំពេញ

សហរដ្ឋអាមេរិក​៖ បន្ទាប់​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប្រកាស​អាសន្ន​ថ្នាក់​អន្តរជាតិ សម្រាប់​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (2019-nCoV) ដែល​កំពុង​រីក​រាលដាល​កាន់តែ​ខ្លាំង​រហូត​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់ ២១៣ នាក់​នៅ​ប្រទេស​ចិន​គិត​ត្រឹម​ម៉ោង ២…

សហរដ្ឋអាមេរិក​៖ បន្ទាប់​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប្រកាស​អាសន្ន​ថ្នាក់​អន្តរជាតិ សម្រាប់​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (2019-nCoV) ដែល​កំពុង​រីក​រាលដាល​កាន់តែ​ខ្លាំង​រហូត​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់ ២១៣ នាក់​នៅ​ប្រទេស​ចិន​គិត​ត្រឹម​ម៉ោង ២ រសៀល​ថ្ងៃ​ទី ៣១ ខែមករា ឆ្នាំ​២០២០ កន្លង​ទៅ ហើយ​វីរុស​នេះ​ត្រូវ​បាន​រក​ឃើញ​រីក​រាល​ដល់​ប្រទេស​ជាង ២០ ផ្សេង​ទៀត​នោះ វា​អាច​បង្ក​ការ​ភ័យ​ខ្លាច​កាន់តែ​ខ្លាំង​ឡើង​ដល់​វិនិយោគិន​អំពី​ជំងឺ​នេះ​និង​ហានិភ័យ​សេដ្ឋកិច្ច​ពិភពលោក​តែ​ម្តង ។

​ថ្លែង​ក្នុង​សន្និសីទកាសែត​ប្រកាស​ពី​ភាព​អាសន្ន​ផ្នែក​សុខភាព​សកល លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO លោក​បាន​មាន​ប្រសាសន៍​ថា​អង្គការ​នេះ​មាន​ទំនុកចិត្ត​លើ​ប្រទេស​ចិន​និង​បាន​កោតសរសើរ​ចំពោះ​ការ​ចាត់វិធានការ​ណ៍​សំខាន់​ៗ​របស់​ចិន​ដើម្បី​ទប់ទល់​នឹង​ជំងឺ​នេះ «​ទោះបីជា​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​និង​សង្គម​ក៏​ដោយ ក៏​វិធាន​ការណ៍​ទាំងនោះ​គឺ​ដើម្បី​ប្រជាជន​ចិន​» ។ លោក Ghebreyesus បាន​និយាយ​បន្ត​ថា ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​បញ្ឈប់​វីរុស​មិន​ឱ្យ​រីក​រាលដាល​នៅ​ក្នុង​ប្រទេស​ដែល​មិន​មាន​ធនធាន​សុខភាព​និង​សុខាភិបាល​រឹង​មាំ​ដូច​ប្រទេស​ចិន​។

​សេចក្តី​ប្រកាស​នេះ​មិន​បាន​ដាក់​កម្រិត​ដោយ​ផ្ទាល់​ទៅ​លើ​អាជីវកម្ម​នោះ​ទេ ក៏​ប៉ុន្តែ មាន​បណ្តា​ប្រទេស​មួយ​ចំនួន​បាន​ចាត់វិធានការ​ណ៍​តឹង​រឹង ដោយ​ដាក់​កម្រិត​លើ​ការ​ធ្វើ​ដំណើរ​ផ្ទាល់ខ្លួន​របស់​ប្រជាជន​គេ ហើយ​ប្រទេស​ខ្លះ​ទៀត​បាន​សម្រេចចិត្ត​ផ្អាក​ការ​ហោះហើរ​ជា​បណ្តោះអាសន្ន​ជាមួយ​ចិន​រួច​បាត់​ទៅ​ហើយ ដោយសារ​តែ​ភ័យ​ខ្លាច​ការ​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ ដែល​ក្នុង​នោះ​រួម​មាន British Airways, Air Canada, Air France, Air India, Air Seoul, Air Tanzania, American Airline, Cathay Pacific Airways, Delta Air Lines, Egyptair,, Ethiopian Airlines, Finnair, Lion Air, SAS, Lufthansa, Turkish Airlines, United Airlines, United Parcel Service Inc, និង Virgin Atlantic ជាដើម ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ភ្នាក់ងារ Reuters ចុះ​ថ្ងៃ​ទី ៣០ ខែមករា​។ ប៉ុន្តែ​ការ​ប្រកាស​របស់ WHO នេះ​ហាក់ជា​ការ​ផ្តល់​សញ្ញា​ដល់​វិនិយោគិន​ឲ្យ​បានដឹង​ថា​ជំងឺ​នេះ​មិន​មាន​កើត​មាន​តែ​នៅ​ក្នុង​ប្រទេស​ចិន​ទេ ដែល​ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​វិនិយោគិន​លើ​ពិភពលោក​មើលឃើញ​នូវ​ភាព​មិន​ច្បាស់លាស់​ជា​ច្រើន​។

លោក Todd Lee នាយក​ប្រតិបត្តិ​នៃ​សេដ្ឋកិច្ច​ពិភពលោក​នៅ IHS Markit ត្រូវ​បាន​ស្រង់​សម្តី​ដោយ​ភ្នាក់ងារ pbs ដោយ​បាន​មាន​ប្រសាសន៍​ថា «​ហើយ​ទីផ្សារ​មិន​ចូល​ចិត្ត​ភាព​មិន​ប្រាកដប្រជា​នោះ​ទេ​» ។​ប្រធាន​សហព័ន្ធ​បម្រុង ដែល​គេ​ស្គាល់​ថា​ជា​ប្រព័ន្ធ​ធនាគារកណ្តាល​សហរដ្ឋ​អា​មេរិ​ក លោក Jerome Powell បាន​ងក់ក្បាល​ដោយ​មិនដឹង​ខ្លួន​យល់​ស្រប​ទៅ​នឹង​បញ្ហា​ដែល​នឹង​អាច​កើត​មាន​លើ​សេដ្ឋកិច្ច​សកល​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ថ្មី នៅ​ឯ​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​ពុធ​មុន​ពេល​ប្រកាស​អាសន្ន​នៃ​វីរុស​មួយ​នេះ ។

​លោក Powell បាន​មាន​ប្រសាសន៍​ថា «​ស្ថានភាព​នេះ​ពិតជា​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ដំបូង ដូច្នេះ​ហើយ​វា​មិន​ច្បាស់លាស់​នៅឡើយ​ទេ ថា​តើ​វា​នឹង​រីក​រាលដាល​ដល់​កំរិត​ណា និង​ផល​ប៉ះពាល់​ម៉ាក្រូសេដ្ឋកិច្ច​នឹង​មាននៅ​ក្នុង​ប្រទេស​ចិន​និង​ដៃគូ​ពាណិជ្ជកម្ម​របស់​ចិន អ្នក​ជិតខាង និង​ជុំវិញ​ពិភពលោក​យ៉ាងដូចម្តេច​ទេ ។ ដូច្នេះ​មាន​តែ​បន្ត​តាមដាន​ស្ថានការណ៍​» ។​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ភាគច្រើន​អាស្រ័យ​លើ​របៀប​ដែល​អតិថិជន​ម្នាក់​ៗ​ឆ្លើយ​តប​។ បញ្ហា​វីរុស​កូ​រ៉ូ​ណា​ថ្មី​ទាំងនេះ​គឺ​បញ្ហា​នៅ​ត្រង់​ថា​មនុស្ស​មានការ​ភ័យ​ខ្លាច​ជា​ជាង​ការ
ពិត​នៃ​រឿង​វីរុស​កូ​រ៉ូ​ណា​។

លោក William Karesh អនុប្រធាន​ប្រតិបត្តិ​ផ្នែក​សុខភាព​និង​គោលនយោបាយ​នៃ​ស្ថាប័ន EcoHealth Alliance ដែល​ជា​អង្គការ​មិន​ស្វែងរក​ប្រាក់​ចំណេញ​និង​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូ​វ​យ៉​កបាន​និយាយ​ថា «​ជំងឺ​ថ្មី​ទាំងនេះ​គឺ​ភាគច្រើន​ពាក់ព័ន្ធ​នឹង​ការ​ភ័យ​ខ្លាច​ជា​ជាង​ការ​ខ្លាច​វីរុស​នេះ​» ។ លោក Karesh បាន​និយាយ​ថា ឧទាហរណ៍​ជំងឺ​ផ្តាសាយ​តាម​រដូវ​កាល គឺ​មាន​ច្រើន​ហើយ​សម្លាប់​មនុស្ស​ជាង​កន្លះ​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​មនុស្ស​មិន​ខ្លាច​ជំងឺ​ផ្តាសាយ​ទេ ព្រោះ​វា​មិនមែន​ជា​ជំងឺ​ថ្មី​ទេ ។

ប្រាកដ​ណាស់ ផល​ប៉ះពាល់​ដែល​នឹង​កំពុង​នឹង​កើត​មាន ឬ​អាច​នឹង​កើត​មាន​បន្ត​នោះ​គឺ ឧទាហរណ៍​ប្រសិនបើ​អ្នក​ប្រើប្រាស់​ភ័យ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​ព្រោះ​ពួក​គេ​អាច​ប្រឈម​នឹង​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា នោះ​ពួក​គេ​ប្រហែលជា​ចំណាយ​ប្រាក់​តិច​ជាង​មុន​លើ​ការ​ជាវ​សំបុត្រ​យន្តហោះ​សម្រាប់​ការ​ធ្វើ​ដំណើរ នោះ​ហើយ​យើង​នឹង​ឃើញ​ថា​ផលវិបាក​អវិជ្ជមាន​កើត​មាន​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក​។ ​បន្ថែម​ពីលើ​អ្នក​ប្រើប្រាស់​ម្នាក់​ៗ ឬ​អតិថិជន​ដែល​ធ្វើ​ដំណើរ​កំសាន្ត​នានា រឿង​ដែល​គួរ​កត់សម្គាល់​បន្ថែម​ដែរ​នោះ គឺ​សកម្មភាព​រោងចក្រ​និង​ហាង​មួយ​ចំនួន​ត្រូវ​បាន​ផ្អាក ឬ​បិទ​ជា​បណ្តោះអាសន្ន​ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​នូវ​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នេះ​។

​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ​បាន​ចាប់ផ្តើម​ផ្ទុះ​និង​រីក​រាលដាល​ជា​លើក​ដំបូង​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន ដូច្នេះ​រោងចក្រ​នៅ​ប្រទេស​ចិន​ក៏​បាន​ឈប់​សម្រាក​សម្រាប់​ថ្ងៃ​បុណ្យ​ជាតិ ។ ក៏​ប៉ុន្តែ​បញ្ហា​គឺ​នៅ​ត្រង់​ថា ដោយសារ​តែ​ការ​ផ្ទុះ​និង​ការ​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ​នៅ​ទីក្រុង​វូ​ហាម ឥឡូវនេះ​រដ្ឋាភិបាល​ចិន​បាន​ពន្យា​ពេល​ថ្ងៃ​ឈប់​សម្រាក​រហូត​ដល់​ថ្ងៃ​ទី ២ ខែកុម្ភៈ ប៉ុន្តែ​ប្រសិនបើ​សិន​រោងចក្រ​នៅ​តែ​បិទទ្វារ​យូរ​ជាង​នេះ វា​ប្រាកដជា​អាច​បណ្តាល​ឱ្យ​មានការ​រំខាន​ដល់​សង្វា​ក់​ផ្គត់ផ្គង់​ពិភពលោក​។ ប្រទេស​ចិន​មាន​ប្រហែល ២០ ភាគរយ​នៃ​ផលិតផល​ផលិតកម្ម​ពិភពលោក​។

នៅ​ជុំវិញ​ពិភពលោក​អាជីវកម្ម​ភាគច្រើន​មិន​ស្តុក​ទុក​ការ​ផ្គត់ផ្គង់​ទេ ផ្ទុយ​ទៅ​វិញ​ត្រូវ​ពឹងផ្អែក​លើ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ទាំងនោះ​ដើម្បី​ទទួល​បាន​គ្រឿងបន្លាស់​ពី​ប្រទេស​ចិន​ជា​ប្រចាំ​។ ប្រសិនបើ​កាលវិភាគ​នៃ​ការ​បន្ត​សង្វា​ក់​ផលិតកម្ម​នោះ​ត្រូវ​បាន​រំខាន​យូរ​ខែ​ទៀត​ដោយសារ​តែ​វីរុស​កូ​រ៉ូ​ណា​ថ្មី វា​អាច​ធ្វើ​ឱ្យ​អា​មេ​រិ​ក​និង​អាជីវកម្ម​ផ្សេង​ទៀត​និង​រង​ផល​ប៉ះពាល់​ហើយ​ត្រូវការ​នូវ​ការ​បញ្ជា​រទិញ​បន្ថែម ។​ថ្មី​ៗ​នេះ​ក្រសួងការបរទេស​អា​មេ​រិ​ក​ទើបតែ​បាន​ចេញ​សេចក្តី​ប្រកាស «​ហាម​មិន​ឲ្យ​ប្រជាជន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​តែ​ម្តង​» បន្ទាប់​ពី WHO បាន​ប្រកាស​អាសន្ន​ថ្នាក់​អន្តរជាតិ សម្រាប់​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ដែល​កំពុង​រីក​រាលដាល​កាន់តែ​ខ្លាំង​។ នេះ​បើ​តាម​ការ​ដកស្រង់​ការ​ផ្សាយ​ពី​សារព័ត៌មាន CNN នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៣១ ខែមករា ។

ក្រសួងការបរទេស​អា​មេ​រិ​កបាន​ប្រកាស​ថា «​ចូរ​កុំ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន ខណៈ​មូលហេតុ​គឺ​ដោយសារ​តែ​ការ​រីក​រាល​នៃ​ដាល វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (2019-nCoV) ហើយ​ពលរដ្ឋ​អា​មេ​រិ​ក​ទាំងឡាយ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ចិន គួរតែ​គិតគូរ​ចាក​ចេញពី​ទីនោះ តាម​រយៈ​ជើងហោះហើរ​»​។ ក្រសួងការបរទេស​អា​មេ​រិ​ក​ក៏​បាន​ធ្វើការ​កត់សម្គាល់​ដែរ​ថា អាកាសចរណ៍​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​បាន​កាត់​បន្ថយ ឬ​ក៏​ផ្អាក​ជើងហោះហើរ​ទាំងអស់​តែ​ម្តង​ជាមួយ​ប្រទេស​ចិន​។ ​ជាមួយ​គ្នា​នោះ​ផង​ដែរ អាជីវកម្ម​មួយ​ចំនួន រួម​មាន McDonald’s, Starbucks និង​សណ្ឋាគារ​មួយ​ចំនួន​ក៏​បាន​ជ្រើសរើស​បិទ​អា​វី​កម្ម​ជា​ច្រើន​កន្លែង ដើម្បី​អាច​ការពារ​មេរោគ​កុំអោយ​រីក​រាលដាល​បាន​។

​ការ​រឹត​បន្តឹង​លើ​ការ​ធ្វើ​ដំណើរ​ទំនងជា​ធ្វើ​ឱ្យ​ទេសចរណ៍​ចិន​ក៏​ដូច​ជា​ទេសចរណ៍​មក​ពី​ប្រទេស​ចិន​នឹង​កាត់​បន្ថយ​នូវ​ការ​ធ្វើ​ដំណើរ​នោះ​វិស័យ​ទេសចរណ៍​ពិភពលោក ចង់​មិន​ចង់​នឹង​រង​ផល​ប៉ះពាល់​អវិជ្ជមាន​ធ្ងន់ធ្ងរ ។ អ្នកទេសចរ​ចិន​ឈរ​លំដាប់​កំពូល​ទី ៣ សម្រាប់​ការ​កំ​សា​ន្ក​នៅ​សហរដ្ឋអាមេរិក​ជា​រៀង​រាល់​ឆ្នាំ​ហើយ​ភ្ញៀវ​ទេសចរ​ចិន​ជា​មធ្យម​ទៅ​សហរដ្ឋអាមេរិក​ចំណាយ​ប្រហែល ៦.៥០០ ដុល្លារ​ក្នុង​ឆ្នាំ ២០១៨ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សមាគម​ទេសចរណ៍​សហរដ្ឋអាមេរិក ។

សម្រាប់​ប្រទេស​កម្ពុជា​វិញ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ថោ​ង ខុន បាន​ប្រកាស​ប្រកបដោយ​ភាព​ជឿជាក់​ថា កម្ពុជា​នៅ​តែ​ជា​គោលដៅ​ទេសចរណ៍​ដែល​មាន​សុខ សុវត្ថិភាព​សម្រាប់​ភ្ញៀវ​ទេសចរ​គ្រប់​គ្នា គឺ​ធានា​ការ​គ្រប់គ្រង​បញ្ហា​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី (Coronavirus) បាន​។ លោក ថោ​ង ខុន បាន​អះអាង​បែប​នេះ​នៅ​ឯ​ក្នុង​កិច្ចប្រជុំ​មួយ​ដើម្បី​រក​ដំណោះស្រាយ​ទប់​លំនឹង​ឧស្សាហកម្ម​ទេសចរណ៍​ក្នុង​ប្រទេស ស្រប​ពេល​ដែល​ពិភពលោក​កំពុង​ប្រឈម​ការ​រីក​រាលដាល​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី ដែល​បង្ក​ដោយ​វីរុស​កូ​រ៉ូ​ណា (2019-nCoV) ជាមួយ​វិស័យ​ឯកជន សមាគម​ន៍ទី​ភ្នាក់ងារទេសចរណ៍​កម្ពុជា (CATA) សមាគម​សណ្ឋាគារ​កម្ពុជា សមាគម​ន៍​ម្ហូបអាហារ និង​ចុងភៅ​កម្ពុជា និង​ដៃគូ​ពាក់ព័ន្ធ​នានា នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ នា​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២០​។

​លោក រដ្ឋមន្ត្រី​បានឱ្យ​ដឹង​ថា ថ្វី​ដ្បិត​កម្ពុជា​មានការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ​ចំនួន ១​ករណី កន្លង​ទៅ​ក្ដី​ប៉ុន្តែ​ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ក្រសួងសុខាភិបាល ដែល​ជា​សេនាធិការ បាន​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ខិតខំ​បំពេញការងារ បាន​យ៉ាង​ល្អ​ប្រកបដោយ​ការ​ទទួលខុសត្រូវ បាន​ដាក់​ចេញ​នូវ​សេចក្តី​អប់រំ​ណែនាំ និង​បាន​ចាត់វិធានការ យ៉ាងច្រើន​ដើម្បី​ទប់ស្កាត់​យ៉ាងច្រើន​ចំពោះ​ការ​រីក​រាលដាល​ជំ​ងី​ដ័​កាច​សាហាវ​នេះ​។

លោក ថោ​ង ខុន បាន​បន្ត​ថា «​ក្នុង​កំឡុង​ពេល​ចូល​ឆ្នាំ​ចិន​កន្លង​មក ទោះបី​ទេសចរ​អន្តរជាតិ មានការ​ថយ​ចុះ​តែ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង​ប្រទេស​មាន​ភាព​សកម្មភាព​យ៉ាង​ខ្លាំង ប្រជាពលរដ្ឋ​និង ជនបរទេស ដែល​នៅ​ក្នុង​ប្រទេស បាន​ធ្វើរ​ដំណើរ​កំសាន្ត ទៅ​តាម​គោលដៅ​ទេសចរណ៍​នានា ជិត ១​លាន​នាក់​ពោល​គឺ​មិន​មាន​អ្វី​គួរ​ឱ្យ​ព្រួយបារម្ភ​ដូច​នៅ​ប្រទេស​មួយ​ចំនួន​នោះ​ឡើយ ចំណែកឯ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​បាន​ចូល​មក​ទស្សនា​កម្ពុជា​ក៏​បាន​រីករាយ​នឹង​កម្មវិធី​កម្សាន្ត​របស់​ខ្លួន នៅ​តាម​គោលដៅ​ទេសចរណ៍​នានា ជា​ធម្មតា​ដោយ​គ្មាន​ការ​បារម្ភ អ្វី​ឡើយ​» ។

សម្រាប់​វិស័យ​ទេសចរណ៍ តួយ៉ាង​ប្រទេស​កម្ពុជា​បាន​ទទួល​ប្រាក់​ចំណូល​ដល់​ទៅ​៤,៣៧៥​លាន​ដុល្លារ កាលពី​ឆ្នាំ​២០១៨​កន្លង​ទៅ​ពី​វិស័យ​ទេសចរណ៍​។ ក្រោយ​ពី​កម្ពុជា​បាន​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ សរុប​ប្រមាណ​ជាង​៦​លាន​២​សែន​នាក់​។ ​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប ភ្ញៀវ​ទេសចរ​ចិន​គឺ​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​១ ដែល​មាន​ចំនួន​១.៩​លាន​នាក់ ស្មើនឹង​៣០​ភាគរយ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប​។ ​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ភ្ញៀវ​ទេសចរ​ចិន នៅ​តែ​ស្ថិត​នៅ​កំពូល​តារាង​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ប្រទេស​កម្ពុជា​ច្រើន​ជាងគេ​ទាំង​១០ ហើយ​អាច​កើន​ដល់​២​លាន​៥​សែន​នាក់​។ ខណៈ​ដែល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​កម្ពុជា​ច្រើន​ជាងគេ បន្ទាប់​ពី​ភ្ញៀវ​ទេសចរ​ចិន រួម​មាន វៀតណាម ថៃ ឡាវ កូរ៉េ​ខាងត្បូង សហរដ្ឋអាមេរិក ជប៉ុន ម៉ា​ឡេ​ស៊ី បារាំង និង​អង់គ្លេស​។

បើ​តាម​លោក ថោ​ង ខុន កត្តា​សំខាន់​ៗ​ចំនួន​២ ដែល​ជម្រុញ​ឲ្យ​ចំនួន​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន មក​កំសាន្ត​នៅ​កម្ពុជា​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​នោះ​រួម​មាន​៖ គោលដៅ​ទេសចរណ៍វប្បធម៌ ធម្មជាតិ និង​ទេសចរណ៍​ក្នុង​គោលដៅ​វិនិយោគ​ជាដើម​។ នេះ​បើ​តាម​ការ​បង្ហាញ​ពី​ឯកឧត្តម ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នៃ​កម្ពុជា ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ