ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទី​បំផុត! ធន់ ចាន់​តាក់ សម្រេច​ក្ដី​ស្រមៃ​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ជើងឯក​អន្តរ​ជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​កីឡាករ ធន់ ចាន់​តាក់ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ សម្រេច​បាន​ក្ដី​ស្រមៃ​របស់​ខ្លួន​ហើយ​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ​ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ជើងឯក​អន្តរជាតិ​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»​បន្ទាប់​ពី​យកឈ្នះ​កីឡាករ​ថៃ រិ​ទ្ធ​អៃ​យ៉ា​រ៉ា ត​.​សិលា​ឆ័​យ…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​កីឡាករ ធន់ ចាន់​តាក់ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ សម្រេច​បាន​ក្ដី​ស្រមៃ​របស់​ខ្លួន​ហើយ​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ​ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ជើងឯក​អន្តរជាតិ​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»​បន្ទាប់​ពី​យកឈ្នះ​កីឡាករ​ថៃ រិ​ទ្ធ​អៃ​យ៉ា​រ៉ា ត​.​សិលា​ឆ័​យ ដោយ​ពិន្ទុ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ជំនួប​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​កាលពី​ថ្ងៃ​ទី​១ កុ​ម្ភៈ។

សិស្សគណ​របស់​លោកគ្រូ ធន់ សុភា រូប​នេះ​បានឱ្យ​ដឹង​ថា តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​ជើងឯក​អន្តរជាតិ​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»​មួយ​នេះ​គឺជា​ក្ដី​ស្រមៃ​ចង់​បានជា​យូរ​មក​ហើយ ជា​ពិសេស​ក្រោយ​ពី​គេ​បាន​ឈ្នះ​លេខ​១​ពី​ការ​ប្រកួត​ក្នុង​ជុំ​ទី​១​មក​ម៉្លេះ ។ ដូច្នេះ​ហើយ​បានជា​នៅ​មុន​ពេល​ប្រកួត​ប៉ុន្មាន​ស​ប្ដា​ហ៍​មកនេះ គេ​ខិតខំ​ព្យាយាម​ហ្វឹកហាត់​យ៉ាង​ខ្លាំង ជាមួយ​លោក គ្រូ​ធន់ សុភា ដើម្បី​បង្កើន​សមត្ថភាព បច្ចេកទេស​ឱ្យ​បាន​ខ្លាំងក្លា​បំផុត ។

មិនតែប៉ុណ្ណោះ​គេ​ថែម​ទាំង​ព្យាយាម​ស្វែងរក​ចំណុច​ខ្វះខាត​របស់​គូប្រកួត ធ្វើ​យ៉ាងណា​ត្រូវ​យកឈ្នះ​ឱ្យ​បាន ។ ជាក់ស្ដែង​គេ​បាន​ថា កីឡាករ​ថៃ​ម្នាក់​នេះ​មាន​ទម្លាប់​នៅ​ទឹក​ទី​១​និង​ទី​២​មិន​ទាន់​បើក​ការ​វាយ​សម្រុក​ភ្លាម​នោះ​ទេ ហេតុ​ដូច្នេះ​ហើយ​ទើប​គេ​ឆ្លៀតឱកាស​វាយ​សម្រុក​យក​តែ​ម្ដង ។ សម្រាប់​ការ​ប្រកួត​នេះ​ទៀត ធន់ ចាន់​តាក់ ជា​អ្នកមាន​ប្រៀប​ដាច់​ក្នុង​៣​ទឹក​ដំបូង តែ​២​ទឹក​ចុង​ក្រោយ ធន់ ចាន់​តាក់ ស្ទើរតែ​មិន​អាច​ការពារ​ខ្លួន​បាន​ម្ដង​ៗ​ទៅ​ហើយ​ជាមួយនឹង​ការ​ទាត់​ចេញ​យ៉ាង​សន្ធាប់​របស់​រិ​ទ្ធ​អៃ​យ៉ា​រ៉ា ។ រិ​ទ្ធ​អៃ​យ៉ា​រ៉ា ខ្លួនឯង​ក៏​មិន​ជឿ​ថា គេ​ត្រូវ​បាត់បង់​ឱកាស​ក្នុង​ការ​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ជើងឯក​មួយ​នេះ​ដែរ​។

លទ្ធផល​ឈ្នះ​ទាំង​ប្រផិតប្រផើយ ៣​ទល់​និង​២​របស់​កីឡាករ ធន់ ចាន់​តាក់ លើក​នេះ​ត្រូវ​បាន​គណៈ​កម្មការ​រៀបចំ​ការ​ប្រកួត​ប្រាប់​ថា វា​ពិតជា​សមរម្យ​ណាស់​ហើយ រីឯ​អ្នកគាំទ្រ​ដែល​បាន​មក​ទស្សនា​ផ្ទាល់​ក៏​បាន​នាំ​គ្នា​ស្រែក​អបអរ​យ៉ាង​កងរំពង​ផង​ដែរ ។ ធន់ ចាន់​តាក់ ដែល​ជា​ម្ចាស់​ជើង​ឯក​ទទួល​បាន​ខ្សែក្រវាត់​អម​ដោយ​ប្រាក់​រង្វាន់​២៤​លានរៀល រីឯ​ម្ចាស់​ជើងឯក​រង រិ​ទ្ធ​អៃ​យ៉ា​រ៉ា ត​.​សិលា​ឆ័​យ ទទួល​បាន​ពាន​១ អម​ជាមួយ​ទឹកប្រាក់​១២​លាន​រៀល​។

ដោយឡែក​គូប្រកួត​មិត្តភាព​អន្តរជាតិ​វិញ​កីឡាករ ពុទ្ធ សំបូរ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ បាន​យកឈ្នះ​កីឡាករ​ថៃ​តាក់​ខា​ផេ​ត វ៉​.​រី​វើ​មួយ​ថៃ​ដោយ​ពិន្ទុ និង​កីឡាករ ឡៅ ច​ន្ទ្រា មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ ឈ្នះ​កីឡាករ​ថៃ ម៉ាំង​កន​ដាំ ស​.​ដាន​ឆ័​យ ដោយ​ពិន្ទុ​ដូច​គ្នា៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ