ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បញ្ជាក់​ព័ត៌​មាន​លំអិត​ពាក់ព័ន្ធ​ជាមួយ​វីរុស​កូ​រ៉ូ​ណា​​ប្រភេទ​ថ្មី

4 ឆ្នាំ មុន

១.​ចាប់តាំងពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ត្រូវ​បាន​កើតឡើង​ក្នុង​ប្រទេស​ចិន ក៏​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​លើ​ពិភពលោក សូម​លោក​ជួយ​បង្ហាញ​ពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ជំងឺ​មួយ​នេះ និង​ការ​ចាត់វិធានការ​ការពារ និង​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ប្រទេស​ចិន​។ ចាប់តាំងពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ត្រូវ​បាន​កើតឡើង​មក បក្ស​កុម្មុយនីស្ត​ចិន និង​រដ្ឋាភិបាល​ចិន​បាន​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​បញ្ហា​មួយ​នេះ​។ លោក​ប្រធានាធិបតី​ចិន Xi…

១.​ចាប់តាំងពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ត្រូវ​បាន​កើតឡើង​ក្នុង​ប្រទេស​ចិន ក៏​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​លើ​ពិភពលោក សូម​លោក​ជួយ​បង្ហាញ​ពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ជំងឺ​មួយ​នេះ និង​ការ​ចាត់វិធានការ​ការពារ និង​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ប្រទេស​ចិន​។

ចាប់តាំងពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ត្រូវ​បាន​កើតឡើង​មក បក្ស​កុម្មុយនីស្ត​ចិន និង​រដ្ឋាភិបាល​ចិន​បាន​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​បញ្ហា​មួយ​នេះ​។ លោក​ប្រធានាធិបតី​ចិន Xi Jinping បាន​ចាត់​ទុក​អាយុជីវិត និង​សុវត្ថិភាព​សុខភាព​របស់​ប្រជាពលរដ្ឋ​ជា​កិច្ចការ​ចម្បង ហើយ​បាន​ធ្វើការ​បង្ហាញ​ពី​ចំណុច​សំខាន់​ៗ និង​ការ​បែងចែក​ការងារ​យ៉ាង​គ្រប់​ជ្រុងជ្រោយ​ជា​ច្រើន​ដង​ច្រើន​សារ​។

ក្នុង​ថ្ងៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​ឆ្នាំ​២០២០ លោក​ប្រធានាធិបតី​ចិន Xi Jinping បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈ​កម្ម​ធិ​ការ​អចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ​នៃ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន ដើម្បី​ចូលរួម​ស្តាប់​ពី​សេចក្តីរាយការណ៍​ស្តី​ពី​ការ​ការពារ និង​ការ​គ្រប់គ្រង​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​មួយ​នេះ ហើយ​បាន​ធ្វើការ​សម្រេច​បង្កើត​ក្រុម​ដឹកនាំ​ការងារ​នៃ​មជ្ឈិម​បក្ស​ក្នុង​ការ​ឆ្លើយ​តប​ជាមួយ​ស្ថានភាព​ជំងឺ​វីរុស ដើម្បី​ពង្រឹង​កិច្ច​ការពារ និង​គ្រប់គ្រង​កាន់តែ​គ្រប់​ជ្រុងជ្រោយ​។ នា​ថ្ងៃ​ទី​២៧ ខែមករា លោកនាយក​រដ្ឋមន្ត្រី​ចិន Li Keqiang បាន​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ និង​ណែនាំ​ពី​កិច្ច​ការពារ និង​គ្រប់គ្រង​ស្ថានភាព​ជំងឺ​វីរុស​ផ្លូវដង្ហើម​ក្នុង​ទីក្រុង​អ៊ូ​ហាន់ ប្រទេស​​ចិន ហើយ​លោក​ក៏​បាន​ចុះ​សួរសុខទុក្ខ ជាមួយ​អ្នក​ដែល​បាន​ផ្ទុកមេរោគ​មួយ​នេះ និង​បុគ្គលិក​សកម្ម​ផ្នែក​ព្យាបាល​ជួរ​មុខ​។

បច្ចុប្បន្ន​នេះ ប្រទេស​ចិន បាន​រួម​កម្លាំង​គ្នា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​វីរុស​មួយ​នេះ ដោយ​បាន​ចាត់វិធានការ​យ៉ាង​ឆាប់រហ័ស​យ៉ាង​មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​វិទ្យាសាស្ត្រ​ក្នុង​ការ​ការពារ និង​គ្រប់គ្រង​។ យន្តការ​បន្ទាន់​ថ្នាក់​ជាតិ និង​ថ្នាក់​តំបន់​ក្នុង​ការ​ការពារ​រួម​គ្នា និង​ការ​គ្រប់គ្រង​រួម​គ្នា​លើ​ស្ថានភាព​ជំងឺ​វីរុស​នេះ​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធភាព​ជា​បន្តបន្ទាប់ ហើយ​បុគ្គលិក​ផ្នែក​កិច្ចការ​វេជ្ជសាស្ត្រ និង​សម្ភារ​វេជ្ជសាស្ត្រ​ក្នុង​ប្រទេស​បាន​បញ្ជូន​ទៅ​ដល់ទី​កន្លែង​ផ្ទាល់ និង​ព្រម​ទាំង​បាន​ចូលរួម​ជួយ​សង្គ្រោះ​ជា​បន្ទាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នៅ​ក្នុង​ទីក្រុង​អ៊ូ​ហាន់ ប្រទេស​ចិន គ្រប់​ផ្នែក​នៃ​ការងារ​ត្រូវ​បាន​បង្ហាញ និង​តម្លាភាព និង​ព្រមទាំង​ជំរុញ​យ៉ាង​ឆាប់រហ័ស​ប្រកបដោយ​វិទ្យាសាស្ត្រ និង​មាន​របៀបរៀបរយ​។

លោក​Dr Tedros Adhanom Ghebreyesus អគ្គនាយក​នៃ​អង្គការ​សុខភាព​ពិភពលោក​មាន​ប្រសាសន៍​ថា សកម្មភាព​ដែល​ត្រូវ​បាន​ចាត់ចែង​ដោយ​ចិន​ជា​សកម្មភាព​ដែល​ពុំ​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ ជា​វិធានការ​ការពារ និង​គ្រប់គ្រង​យ៉ាង​គ្រប់​ជ្រុងជ្រោយ និង​តឹង​រឹង​បំផុត ហើយ​វិធានការ​ជា​ច្រើន​លើស​ពី​ការ​ទាមទារ​ក្នុង​បទបញ្ញត្តិ​សុខភាព​អន្តរជាតិ ចិន​បាន​ប្រើ​សកម្មភាព ដើម្បី​បង្ហាញ​ពី​សម្ទុះ កម្លាំង និង​ប្រសិទ្ធភាព​នៃ​ប្រទេស​ចិន​។

​បច្ចុប្បន្ន​នេះ កិច្ចការ​ការពារ និង​គ្រប់គ្រង​ស្ថានភាព​ជំងឺ​រលាក​ផ្លូវដង្ហើម​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ក្នុង​ប្រទេស​ចិន កំពុង​តែ​ជំរុញ​យ៉ាង​គ្រប់​ជ្រុងជ្រោយ ហើយ​កម្លាំង​ការពារ និង​គ្រប់គ្រង​ត្រូវ​បាន​ពង្រឹង​ជា​បន្តបន្ទាប់ ប៉ុន្តែ​ទម្រង់​នៃ​ស្ថានភាព​ជំងឺ​វីរុស​នៅ​តែ​មាន​ភាព​ស្មុគស្មាញ និង​មាន​សភាព​ធ្ងន់ធ្ងរ​ដដែល​។ តាម​សម្តី​របស់​លោក​សាស្ត្រាចារ្យ Zhong Nanshan ប្រធាន​ក្រុម​ជំនាញ​ការ​ពារ និង​គ្រប់គ្រង​កម្រិត​ខ្ពស់​ក្នុង​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា ការ​ប៉ាន់ស្មាន​នៃ​ស្ថានភាព​ជំងឺ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ នឹង​អាច​ឈាន​ដល់​ចំណុចកំពូល​មួយ ហើយ​និង​អាច​ទទួល​បានការ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​រយៈពេល​៧-១០​ថ្ងៃ​។ យើង​ជឿជាក់​ថា ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​ដ៏​រឹង​មាំ​នៃ​មជ្ឈិមបក្ស ដែល​មាន​លោក​ប្រធានាធិបតី​ចិន Xi Jinping ជា​ស្នូល ការ​សាមគ្គី​រួម​គ្នា​ទាំង​ចិត្ត និង​កម្លាំង ប្រាកដជា​អាច​ប្រយុទ្ធ​ប្រឆាំង ការពារ និង​គ្រប់គ្រង​ជាមួយនឹង​ជំងឺ​វីរុស​មួយ​នេះ​យ៉ាង​ឆាប់រហ័ស​ប្រកបដោយ​ភាព​ជោគជ័យ​។

២. នា​ថ្ងៃ​ទី​២៧ ខែមករា ក្រសួងសុខាភិបាល​នៃ​ប្រទេស​កម្ពុជា បាន​ពិនិត្យ​ឃើញ​មានការ​ផ្ទុក​ជំងឺ​រលាក​ផ្លូវដង្ហើម​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​មាន​ចំនួន​តែ​១​ករណី រហូត​មក​ដល់​នា​បច្ចុប្បន្ន​នេះ សូម​លោក​ជួយ​បង្ហាញ​ពី​ការងារ​នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ដែល​បាន​អនុវត្ត​ក្នុង​ការ​ទប់ស្កាត់ និង​គ្រប់គ្រង​លើ​ស្ថានភាព​នៃ​ជំងឺ​វីរុស​មួយ​នេះ​។

​ចាប់តាំងពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ​បាន​កើត​មាន​ឡើង ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​មានការ​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​បញ្ហា​នេះ បាន​ធ្វើការ Post នៅ​ក្នុង Website និង​គណនី​សាធារណៈ WeChat របស់​ស្ថានទូត​ផ្ទាល់​ជា​ច្រើន​ដង​ច្រើន​សារ​ស្តី​ពី​ការ​ដាស់តឿន​ក្នុង​ការ​ទប់ស្កាត់​ស្ថានភាព​ជំងឺ​វីរុស និង​របៀប​នៃ​ការ​សុំ​ជំនួយ ហើយ​ក៏​បាន​យកចិត្តទុកដាក់​ជា​ខ្លាំង​លើ​ស្ថានភាព​ប្រជាពលរដ្ឋ​ចិន​ក្នុង​ប្រទេស​កម្ពុជា និង​បាន​រក្សា​ការ​ទំនាក់ទំនង​ជាមួយនឹង​ក្រសួងសុខាភិបាល​កម្ពុជា​យ៉ាង​ស្អិតរ​មួ​ត​ផង​ដែរ​។

នា​ថ្ងៃ​ទី​២៧ ខែមករា ក្រោយ​ពី​ស្ថានទូត​ចិន​បានដឹង​ថា មាន​ប្រជាពលរដ្ឋ​ចិន​ម្នាក់​ដែល​កំពុង​តែ​កម្សាន្ត​ទេសចរណ៍​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​សង្ស័យ​ថា មាន​ផ្ទុក​នូវ​ជំងឺ​វីរុស​មួយ​នេះ ក៏​បាន​ធ្វើការ​រាយការណ៍​ទៅ​កាន់​ក្រសួងសុខាភិបាល​នៃ​ប្រទេស​កម្ពុជា​យ៉ាង​ទាន់​ពេលវេលា ក្រោយ​ពី​បាន​ពិនិត្យ​ឃើញ​ថា គាត់​មាន​ផ្ទុក​នូវ​ជំងឺ​វីរុស​កូ​រ៉ូ​ណា ខ្ញុំ​ក៏​បាន​ទំនាក់ទំនង​ជាមួយ​ឯកឧត្តម​សាស្ត្រា​ចារ្យ ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​នៃ​ក្រសួងសុខាភិបាល​កម្ពុជា​តាម​រយៈ​ទូរស័ព្ទ ដោយ​សង្ឃឹម​ថា ភាគី​កម្ពុជា​ជួយ​រៀប​ចំការ​សង្គ្រោះ​ឲ្យ​អស់ពី​កម្លាំងកាយ និង​ព្រមទាំង​អនុវត្ត​កិច្ច​ការងារ​ក្នុង​ការ​ទប់ស្កាត់​នូវ​ជំងឺ​វីរុស​ប្រភេទ​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ​។

ទន្ទឹម​នឹង​នេះ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​វីរុស​កូ​រ៉ូ​ណា ស្ថានទូត​ចិន​យើងខ្ញុំ​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ស្វែងរក​ភ្ញៀវ​ទេសចរ​ផ្សេង​ទៀត​ដែល​រួម​ដំណើរ​ក្នុង​ជើងហោះហើរ​តែ​មួយ​ជាមួយនឹង​អ្នក​ផ្ទុក​ជំងឺ​វីរុស​មួយ​នេះ ហើយ​បាន​ធ្វើការ​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​ឡាន​ម៉ី​អ៊ែ​រឡាញ ដោយ​បាន​ជញ្ជូន​ប្រជាពលរដ្ឋ​ចិន​ចំនួន​៣៤​នាក់ ដែល​បាន​រួម​ដំណើរ​ជាមួយ​អ្នក​ផ្ទុក​ជំងឺ​មួយ​នេះ​ត្រឡប់​ទៅ​កាន់​ទីក្រុង​សិន​ជិន ប្រទេស​ចិន​វិញ នា​ថ្ងៃ​ទី​២៩ ខែមករា​។ ស្ថានទូត​ចិន​យើង​ខ្ញុំ​បាន​សម្របសម្រួល​ជាមួយ​សភាពាណិជ្ជកម្ម​ខេត្ត​ហ៊ូ​ប៉ៃ​ប្រចាំ​កម្ពុជា ក្នុង​ការ​បំបែក​ស្នាក់​អាស្រ័យ​នៃ​សមាជិក​ទាំង​៣​រូប​របស់​អ្នកជំងឺ និង​កិច្ចការ​ធានា​ផ្សេង​ៗ​ទៀត​។

មន្ត្រី​ខាង​កុងស៊ុល​នៃ​ស្ថានទូត​ចិន​យើងខ្ញុំ តែង​រក្សា​ការ​ទំនាក់ទំនង​ជាមួយ​សមាជិកគ្រួសារ​របស់​អ្នក​ផ្ទុក​ជំងឺ​រូប​នេះ ហើយ​បាន​ធ្វើការ​រាយការណ៍​ពី​ការ​ស្នើ​សុំ​របស់​សាច់ញាតិ​នៃ​អ្នកជំងឺ​ជូន​ទៅ​កាន់​ភាគី​កម្ពុជា​។ ឆ្លងកាត់​ការ​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​យ៉ាង​ទាន់​ពេលវេលា បច្ចុប្បន្ន​នេះ​អ្នក​ជំងឺ​រូប​នេះ​បាន​ធូរស្បើយ​ល្អ​ប្រសើរ​ហើយ គាត់​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​បុគ្គលិក​ផ្នែក​វេជ្ជសាស្ត្រ​ដោយ​តាម​រយៈ Video Call នៃ​ទូរស័ព្ទ​ដៃ ហើយ​សាច់ញាតិ​នៃ​អ្នក​ជំងឺ​បាន​ថ្លែងអំណរគុណ​ដល់​កិច្ច​សម្របសម្រួល​របស់​ស្ថានទូត​ចិន​ដោយ​តាម​រយៈ We Chat ជា​ច្រើន​ដង​ច្រើន​សារ​។ ខ្ញុំ​គិត​ថា សូម​បញ្ជាក់​ម្តងទៀត​ពី​ជំងឺ​មួយ​ប្រភេទ​នេះ គឺ​អាច​ទប់ស្កាត់​បាន អាច​គ្រប់គ្រង​បាន អាច​ព្យាបាល​បាន​។

ដំណាក់កាល​បន្ទាប់ ស្ថានទូត​ចិន​នឹង​ប្រកាន់​ភ្ជាប់​នូវ​ឥរិយាបថ​ក្នុង​ការ​បើកចំហ តម្លាភាព និង​ទំនួល​ខុស​ត្រូវ ដើម្បី​បន្ត​រក្សា​កិច្ច​ទំនាក់ទំនង​ជាមួយ​ភាគី​កម្ពុជា រាយការណ៍​ពី​វឌ្ឍនភាព​នៃ​ជំងឺ​វីរុស និង​ស្ថានភាព​ប្រជាពលរដ្ឋ​កម្ពុជា ដែល​កំពុង​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ប្រទេស​ចិន ហើយ​ក៏​ចូលរួម​ផ្តល់​កិច្ច​សម្របសម្រួល​រាល់​ការ​ចាំបាច់​ផង​ដែរ​។

៣.​ចាប់តាំងពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​បាន​កើត​មាន​ឡើង អណិកជន​ចិន ប្រជាពលរដ្ឋ​ជាប់សែស្រឡាយ​ចិន ស្ថាប័ន​ក្រុមហ៊ុន​ចិន​ដែល​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ចាប់​ផ្តើម​រៀបចំ​សកម្មភាព​ជា​បន្តបន្ទាប់ បាន​យក​សកម្មភាព​ជាក់ស្តែង​មក​គាំទ្រ​ជួយ​ដល់​ការងារ​ទប់​ស្កាត់​ជំងឺ​វីរុស​នេះ សូម​លោក​ជួយ​បង្ហាញ​កិច្ចការ​របស់​ពួក​គាត់​ដែល​បាន​អនុវត្ត​កន្លង​មក​

​ចាប់តាំងពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​បាន​កើត​មាន​ឡើង អណិកជន​ចិន ប្រជា​ពលរដ្ឋ​ជាប់សែស្រឡាយ​ចិន និង​ស្ថាន​ប័ន​ក្រុមហ៊ុន​ចិន​ដែល​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​យកចិត្តទុកដាក់​ពី​ស្ថានភាព​ជំងឺ​វីរុស​កូ​រ៉ូ​ណា​ក្នុង​ប្រទេស​ចិន បាន​ព្រួយបារម្ភ​ពី​ស្ថានភាព​ជំងឺ​វីរុស​នេះ និង​យល់​ពី​អារម្មណ៍​នៃ​ការ​រង​ទុក្ខ​របស់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​ចិន ហើយ​ក៏​បាន​យក​សកម្ម​ភាព​ជាក់ស្តែង​មក​គាំទ្រ​ជួយ​ដល់​ការងារ​ទប់ស្កាត់ និង​គ្រប់គ្រង​ស្ថានភាព​ជំងឺ​វីរុស​នៅ​ក្នុង​ប្រទេស​​ចិន​។

​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​នៅ​កម្ពុជា បាន​ជំរុញ​សកម្មភាព​វិភាគទាន​សប្បុរសធម៌​ក្នុង​ការ​គាំទ្រ​ជួយ​ស្ថានភាព​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​វីរុស​មួយ​នេះ​នៅ​ក្នុង​ប្រទេស​ចិន​យ៉ាង​សកម្ម បច្ចុប្បន្ន​នេះ ថវិកា​សប្បុរសធម៌​មាន​ចំនួន​សរុប​ជាង​៣០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។ សភាពាណិជ្ជកម្ម សហ​គ្រាស និង​សភាពាណិជ្ជកម្ម​តាម​តំបន់​នៃ​ចិន​ក្នុង​ប្រទេស​កម្ពុជា​បាន​ជំរុញ​សកម្មភាព​វិភាគទាន​សប្បុរសធម៌​ជា​បន្តបន្ទាប់ ដើម្បី​គាំទ្រ​ជួយ​ដល់​កិច្ចការ​ទប់ស្កាត់​ស្ថានភាព​ជំងឺ​វីរុស​នៅ​ក្នុង​ប្រទេស​ចិន​។

​ក្រុមហ៊ុន Cambodia Airways បាន​ចូលរួម​ផ្តល់​ម៉ាស​នៃ​វេជ្ជសាស្ត្រ​ចំនួន​១២០០០​ជូន​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ប៉ៅ​អាន នៃ​ទីក្រុង​សិន​ជិន ប្រទេស​ចិន ហើយ​បាន​សម្របសម្រួល​ជាមួយ​សភាពាណិជ្ជកម្ម​ខេត្ត​ជឹ​ជាំ​ង ប្រចាំ​កម្ពុជា ដើម្បី​បញ្ជូន​ម៉ាស​ប្រភេទ N95 និង​ម៉ាស​វេជ្ជ​សាស្ត្រ​សរុប​ចំនួន​៣៩៦​គីឡូក្រាម និង​សម្ភារៈ​ការពារ​ជំងឺ​វីរុស​ផ្សេង​ទៀត​ជូន​ដល់​សាលាក្រុង​លី​សួយ នៃ​ខេត្ត​ជឹ​ជាំ​ង ប្រទេស​ចិន​។ ក្រុមហ៊ុន​ឡាញ​ម៉ី​អ៊ែ​រឡាញ បាន​សន្យា​ផ្តល់​ការ​ដឹក​ជញ្ជូន​សម្ភារៈ​ការពារ​ស្ថានភាព​ជំងឺ​វីរុស​នេះ​ដោយ​ឥត​គិតថ្លៃ​រាល់​ជើងហោះហើរ​នៃ​ក្រុមហ៊ុន​ទៅ​កាន់​ប្រទេស​ចិន​។ សភាពាណិជ្ជកម្ម​ខេត្ត​ហ៊ូ​ប៉ៃ បាន​ផ្តល់​ម៉ាស​ប្រភេទ N95 ចំនួន​ជាង​២០៥០០​ម៉ាស​ដល់​តំបន់​ទីក្រុង​អ៊ូ​ហាន់​។ ក្រុមហ៊ុន HUAWEI សាខា​កម្ពុជា បាន​ផ្តល់​សេវាកម្ម​ប្រព័ន្ធ​សហ​គ្រាស WeLink និង​សេវាកម្ម​ផ្សេង​ទៀត​ដោយ​ឥត​គិតថ្លៃ ជូន​ដល់​សហគ្រាស និង​តម្រូវការ​ផ្ទាល់ខ្លួន ក្នុង​រយៈពេល​នៃ​ស្ថានភាព​ជំងឺ​វីរុស​កូ​រ៉ូ​ណា​ដែល​បាន​កើតឡើង​។

ទាំងនេះ​បាន​បង្ហាញ​ពី «​រាល់​មានការ​លំបាក​នៅ​ទីណា​មួយ មានការ​គាំទ្រ​ជួយ​នៅ​គ្រប់​ទិស​ទី​» ដែល​ជា​ក្រមសីលធម៌​ប្រពៃណី​នៃ​ប្រជាជន​ចិន ហើយ​សូម​ថ្លែងអំណរគុណ​ដល់​ការ​គាំទ្រ​ជួយ​អស់ពី​កម្លាំងកាយ​របស់​អ្នក​ទាំងអស់​គ្នា យើង​រឹតតែ​មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ស្ថានភាព​នៃ​ជំងឺ​វីរុស​មួយ​នេះ​។

៤. នា​ព្រឹក ថ្ងៃ​ទី​៣០ ខែមករា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​ថ្លែង​មតិ​ពាក់ព័ន្ធ​នឹង​ជំងឺ​រលាក​ផ្លូវដង្ហើម​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​តាម​រយៈ​ទូរទស្សន៍​ទូ​ទាំង​ប្រទេស​កម្ពុជា តើ​លោក​យល់​ឃើញ​យ៉ាងដូចម្តេច​ដែរ?

​ភាគី​ចិន​សូម​វាយតម្លៃ​ខ្ពស់ និង​ថ្លែងអំណរគុណ​ដល់​ប្រសាសន៍​របស់​សម្តេច​តេ​ជោ នា​ថ្ងៃ​ទី​៣០ ខែមករា តាម​រយៈ​ទូរទស្សន៍​ទូ​ទាំង​ប្រទេស​កម្ពុជា ដែល​ខ្លឹមសារ​ទាក់ទង​នឹង​ជំងឺ​រលាក​ផ្លូវដង្ហើម​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​។ សម្តេច​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​ចាត់វិធានការ​ទប់ស្កាត់ និង​គ្រប់គ្រង​ដ៏​មាន​ប្រសិទ្ធភាព​យ៉ាង​ឆាប់រហ័ស​របស់​រដ្ឋាភិបាល​ចិន ចំពោះ​ការ​ផ្ទុះ​ឡើង​នៃ​ជម្ងឺ​នេះ​។
សម្តេច​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​នឹង​តស៊ូ​ឈរ​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ចាប់ដៃ​រួម​គ្នា​ដើម្បី​ប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ ឆ្លងកាត់​នូវ​ការ​លំបាក​ទាំងនេះ​ជាមួយ​គ្នា​។ កម្ពុជា​ក៏​មិន​ស្នើ​ឲ្យ​បញ្ឈប់​រាល់​ជើងហោះហើរ​ដែល​មក​ពី​ប្រទេស​ចិន​ដែរ ហើយ​វិស័យ​ទេសចរណ៍ ដឹក​ជញ្ជូន និង​សេវាកម្ម​ក្នុង​ប្រទេស​មិន​ត្រូវ​មានការ​រើសអើង​ចំពោះ​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​ចិន​ដែរ​។

ទន្ទឹម​នឹង​នេះ សម្តេច​បាន​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​កម្ពុជា ដែល​កំពុង​បម្រើ​ការងារ សិក្សា និង​ស្នាក់​អាស្រ័យ​ក្នុង​ខេត្ត​ហ៊ូ​ប៉ៃ​ត្រូវ​តែ​បន្តការងារ​របស់​ខ្លួន នេះ​បាន​បង្ហាញ​ពី​ការ​ជឿ​ទុកចិត្ត​គ្នា​កម្រិត​​ខ្ពស់​របស់​សម្តេច​តេ​ជោ និង​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​រដ្ឋាភិបាល​ចិន​។ ភាគី​ចិន​នឹង​បន្ត​ធានា​ពី​សុវត្ថិភាព និង​សុខភាព​បងប្អូន​កម្ពុជា​ទាំងអស់​គ្នា​ដែល​កំពុង​តែ​រស់នៅ​ក្នុង​ប្រទេស​ចិន ផ្តល់​ការ​ជួយ​ជូន​ដល់​ពួក​គាត់​ទាំងអស់​គ្នា​រាល់​មាន​តម្រូវការ​ចាំបាច់​។

ក្រៅពី​នេះ សម្តេច​តេ​ជោ និង​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​ផ្ញើ​សារ​សួរសុខទុក្ខ​ជូន​ដល់ ឯកឧត្តម នាយក​រដ្ឋមន្ត្រី​ចិន Li Keqiang និង​ឯកឧត្តម សមាជិក​ក្រុមប្រឹក្សារដ្ឋ​ចិន Wang Yi នេះ​បាន​បង្ហាញ​ពី​ក្តី​សង្ឃឹម​នៃ​ការ​តតាំង​ជាមួយនឹង​ស្ថានភាព​ជំងឺ​វីរុស​កូ​រ៉ូ​ណា​ដែល​ចូលរួម​កៀក​ស្មា​គ្នា​រវាង​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ទាំង​ពីរ​ប្រទេស​។

​មាន​តែ​វាយោ​បក់​បោក​ខ្លាំង​ទើប​អាច​ដឹង​ពី​ភាព​ស៊ូទ្រាំ​នៃ​ស្មៅ មាន​តែ​ក្នុង​កាលៈទេសៈ​នៃ​ការ​លំបាក​ទើប​ស្គាល់​ពី​មិត្តភក្តិ​ពិតប្រាកដ​។ សម្តេច​តេ​ជោ និង​រាជរដ្ឋាភិបាល​កម្ពុជា បាន​តស៊ូ​ឈរ​ជាមួយ​ប្រជាជន​ចិន ចាប់ដៃ​គ្នា​ប្រឆាំង​នឹង​ជំងឺ​វីរុស​មួយ​នេះ​ក្នុង​ខណៈ​ពេល​ដែល​ប្រទេស​ចិន​កំពុង​តែ​ជួបនឹង​បញ្ហា​ជំងឺ​វី​រ៉ុ​ស​កូ​រ៉ូ​ណា យើងខ្ញុំ​ពិតជា​រំភើប​ជា​ខ្លាំង ត្រូវ​តែ​ចង​ចាំ​ក្នុង​ក្រអៅបេះដូង​ជា​និច្ច​។ ទាំងនេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ប្រទេស​កម្ពុជា ជា «​មិត្ត​ដែកថែប​» នៃ​ប្រទេស​ចិន​ពិតប្រាកដ​មែន ហើយ​ចិន និង​កម្ពុជា ពិតជា​សហគមន៍​ជោគវាសនា​រួម​ដែល «​ដកដង្ហើម​រួម​គ្នា និង​រួម​លំបាក​ជាមួយ​គ្នា​» យ៉ាង​ពិតប្រាកដ​។

៥. ក្នុង​ពេល​ថ្មី​ៗ​នេះ លោក​អគ្គនាយក​នៃ​អង្គការ​សុខភាព​ពិភពលោក បាន​ប្រកាស​អាសន្ន​ពី​ការ​ព្រួយបារម្ភ​លើ​ផ្នែក​សុខភាព​សាធារណៈ​អន្តរជាតិ (PHEIC) ស្តី​ពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី តើ​លោក​យល់​ឃើញ​យ៉ាងដូចម្តេច​ដែរ?

​ចាប់តាំងពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​បាន​កើតឡើង រដ្ឋាភិបាល​ចិន​មាន​ទំនួល​ខុស​ត្រូវ​ខ្លាំង​ចំពោះ​សុខភាព​ប្រជាពលរដ្ឋ​ចិន បាន​ចាត់វិធានការ​ទប់ស្កាត់​យ៉ាង​គ្រប់​ជ្រុង​ជ្រោយ និង​តឹង​រឹង​បំផុត ហើយ​វិធានការ​ជា​ច្រើន​បាន​លើស​ពី​ការ​កំណត់​នៃ​បទបញ្ញត្តិ​សុខភាព​អន្តរជាតិ យើង​មាន​ជំនឿ​ចិត្ត និង​សមត្ថភាព ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​នឹង​ជំងឺ​នេះ​យ៉ាង​ជោគជ័យ​។ ទន្ទឹម​នឹង​នេះ ភាគី​ចិន​នឹង​ប្រកាន់​ភ្ជាប់​នូវ​ឥរិយាបថ​នៃ​ការ​បើកចំហ តម្លាភាព និង​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​រាយការណ៍​ពី​ដំណឹង​ស្ថានភាព​នៃ​ជំងឺ​នេះ​យ៉ាង​ទាន់​ពេលវេលា និង​ការ​ចែករំលែក​ពី​លំដាប់លំដោយ​នៃ​សែន​របស់​វីរុស​មួយ​នេះ​ជូន​ដល់​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​។ អង្គការ​សុខភាព​ពិភពលោក និង​បណ្តា​ប្រទេស​ជា​ច្រើន​បាន​ទទួលស្គាល់ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចការ​មួយ​នេះ​។

​ប្រទេស​ចិន​តែង​រក្សា​ទំនាក់ទំនង​យ៉ាង​ស្អិតរ​មួ​ត និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ ជាមួយនឹង​អង្គការ​សុខភាព​ពិភពលោក ហើយ​អ្នកជំនាញ​នៃ​អង្គការ​បាន​ចុះ​ពិនិត្យ​ទីតាំង​ផ្ទាល់​នៃ​ទីក្រុង​អ៊ូ​ហាន់​ផង​ដែរ លោក​អគ្គនាយក​Tedros Adhanom Ghebreyesus ក្នុង​រយៈពេល​ថ្មី​ៗ​នេះ​បាន​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន លោក​បាន​ផ្លាស់​ប្តូរ​យោបល់​ស្តី​ពី​កិច្ចការ​ទប់ស្កាត់​ជំងឺ​វីរុស​កូ​រ៉ូ​ណា​ជាមួយនឹង​ភាគី​ចិន បាន​ទទួលស្គាល់​ពី​កិច្ច​ការពារ និង​កិច្ច​គ្រប់គ្រង​នៃ​ភាគី​ចិន​ផង​ដែរ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​លះបង់​ដ៏​ធំធេង​ជូន​ដល់​ពិភពលោក​ក្នុង​កិច្ច​ទប់ស្កាត់​ជំងឺ​វីរុស​នៅ​ក្នុង​ប្រទេស​ចិន​។ ភាគី​ចិន​នឹង​បន្ត​រក្សា​សុវត្ថិភាព​សុខភាព​ពិភពលោក និង​តំបន់ ជាមួយនឹង​អង្គការ​សុខភាព​ពិភពលោក និង​បណ្តា​ប្រទេស​ផ្សេង​ទៀត​។

អ្នក​ទាំងអស់​គ្នា​បានដឹង​ហើយ​ថា ក្នុងអំឡុងពេល​រង​ការ​យាយី​ពី​ជំងឺ​កូ​រ៉ូ​ណា អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​បំផុត​នោះ គឺ​ពាក្យ​សម្តី​ចចាមអារ៉ាម និង​ភាព​ភ័យ​ខ្លាច​។ អង្គការ​សុខភាព​ពិភពលោក បាន​ប្រកាស​ជំងឺ​រលាក​ផ្លូវដង្ហើម​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ជា «​អាសន្ន​នៃ​ការ​ព្រួយបារម្ភ​លើ​ផ្នែក​សុខភាព​សាធារណៈ​អន្តរជាតិ (PHEIC)» គឺ​មាន​ប្រភព​ពី​ការ​ពិចារណា​ថែរក្សា​ប្រ​ទស​មួយ​ចំនួន​ដែល​មាន​លក្ខខណ្ឌ​វេជ្ជសាស្ត្រ​អន់​ថយ ត្រូវ​រំឭក​ពួក​គេ​ក្នុង​ការ​ពង្រឹង​វិធានការ​ទប់ស្កាត់ និង​គ្រប់​គ្រង ហើយ​អំពាវនាវ​ដល់​បណ្តា​ប្រទេស​លើ​ពិភពលោក​កុំ​រើសអើង​ឲ្យ​សោះ ក៏​កុំ​បង្ក​ឲ្យ​មានការ​រំខាន​ដែល​មិន​ចាំបាច់ ដល់​វិស័យ​ទេសចរណ៍ និង​ជំនួញ​ពាណិជ្ជកម្ម​អន្តរជាតិ ត្រូវ​សង្កត់ធ្ងន់​លើ​បញ្ហា​ជំងឺ​វីរុស​លើក​នេះ​ជា​ការ​ប្រឈម​រួម​គ្នា​នៃ​មនុស្សជាតិ​ទាំងឡាយ​។

​ប្រទេស​ចិន​មាន​ពាក្យចាស់​មួយ​តែង​ពោល​ថា «​ប្រទេស​ដែល​ជួប​បញ្ហា​ច្រើន នឹង​មាន​វិបុលភាព​នា​ពេល​អនាគត​» យើង​មិន​អាច​ភ្លេច​បាន​នូវ​បញ្ហា​ដែល​យាយី​ដោយ​វីរុស SARS កាលពី​ឆ្នាំ​២០០៣ តែ​យើង​នៅ​តែ​អាច​ឈរ​ជា​បន្ត ហើយ​ថែម​ទាំង​បាន​សម្រេច​នូវ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ដ៏​ធំធេង​ផង​ដែរ​។

ជឿជាក់​លើក​នេះ​ថា យើង​នឹង​អាច​ឆ្លង​ផុត​នូវ​គ្រា​ដ៏​លំបាក​មួយ​នេះ ព្រោះតែ​យើង​មានការ​ដឹកនាំ​ដ៏​រឹង​មាំ​នៃ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​ដែល​មាន​លោក​ប្រធានាធិបតី​ចិន Xi Jinping​ជា​ស្នូល មាន​លក្ខណៈ​ល្អ​ពិសេស​នៃ​ការ​អភិវឌ្ឍ​ដ៏​មហិមា​ដែល​ត្រូវ​បាន​សន្សំទុក​អស់​ជាង​៧០​ឆ្នាំ​កន្លង​មកនេះ មានបទពិសោធន៍​ក្នុង​ការ​ទប់ស្កាត់ និង​គ្រប់គ្រង​សុខភាព​សាធារណៈ​ដ៏​សម្បូរ​បែប​ដែល​ត្រូវ​បាន​សន្សំទុក​ចាប់តាំងពី​ជំងឺ​វីរុស SARS ដែល​បាន​កើតឡើង​កាលពី​ឆ្នាំ​២០០៣ និង​ការ​ប្រយុទ្ធ​ប្រឆាំង​​នឹង​ជំងឺ​វីរុស​អេ​ប៊ុ​យ​ឡា​ក្នុង​ឆ្នាំ​២០១៤ ក៏​រឹតតែ​មាន​លក្ខណៈ​ពិសេស​នៃ​ប្រព័ន្ធ​សង្គមនិយម​ដែល​អាច​ប្រមូល​កម្លាំង​ទូ​ទាំង​ប្រទេស​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​វីរុស​កូ​រ៉ូ​ណាមួយ​នេះ ហើយ​និង​មាន​កម្លាំង​គាំទ្រ​ពេញទំហឹង​ពី​សហគមន៍​អន្តរជាតិ​ផង​ដែរ យើង​មាន​ជំនឿ​ចិត្ត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយនឹង​ជំងឺ​វីរុស​មួយ​នេះ​ប្រកបដោយ​ភាព​ជោគជ័យ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចិន និង​ពិភពលោក​មាន​ទំនុកចិត្ត​! (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ