ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UNESCO គាំទ្រ​ឱ្យ​កម្ពុជា​រើស​ទីក្រុង​មួយ​ចំនួន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ទីក្រុង​មាន​ភាព​ច្នៃប្រឌិត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អង្គការ UNESCO បាន​សម្រេច​គាំទ្រ​ឲ្យ​កម្ពុជា​ជ្រើសរើស​ទីក្រុង​មួយ​ចំនួន ដើម្បី​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ទីក្រុង​ដែល​មាន​ភាព​ច្នៃប្រឌិត ក្នុង​នោះ UNESCO សម្លឹង​ឃើញ​ទីក្រុង​មួយ​ចំនួន​របស់​កម្ពុជា ជា​ពិសេស​ទីក្រុង​បាត់ដំបង​, ទីក្រុង​ក្រចេះ…

រាជធានី​ភ្នំពេញ​៖ អង្គការ UNESCO បាន​សម្រេច​គាំទ្រ​ឲ្យ​កម្ពុជា​ជ្រើសរើស​ទីក្រុង​មួយ​ចំនួន ដើម្បី​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ទីក្រុង​ដែល​មាន​ភាព​ច្នៃប្រឌិត ក្នុង​នោះ UNESCO សម្លឹង​ឃើញ​ទីក្រុង​មួយ​ចំនួន​របស់​កម្ពុជា ជា​ពិសេស​ទីក្រុង​បាត់ដំបង​, ទីក្រុង​ក្រចេះ និង​ទីក្រុង​កំពត ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ឆ្លើយ​តប​តាម​លក្ខណៈ​វិ​ច្ឆ័​យ ក្នុង​ការ​ជាប់​ជា​បញ្ជី​ទីក្រុង​មាន​ភាព​ច្នៃប្រឌិត​របស់​អង្គការ UNESCO​។
ការ​គាំទ្រ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ជាមួយ​គណៈប្រតិភូរ​អង្គការ UNESCO ដឹកនាំ​ដោយ​លោក Sardar Umar Alam នាយក​អង្គការ UNESCO ប្រចាំ​កម្ពុជា នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ នា​រសៀល​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២០​។

លោក​ថោ​ង ខុន រដ្ឋ​មន្ត្រីក្រសួងទេសចរណ៍​បាន​បញ្ជាក់​ថា កិច្ចប្រជុំ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ពង្រឹង​នូវ​កិច្ចសហការ​រវាង​ស្ថាប័ន​ទាំង​ពីរ លើ​ការងារ​ទេសចរណ៍ និង​ទេសចរណ៍វប្បធម៌ អេកូ​ទេសចរណ៍ ទេសចរណ៍​ទីក្រុង និង​ទេសចរណ៍​ម្ហូបអាហារ និង​ការងារ​មួយ​ចំនួន​ផ្សេង​ទៀត​។ លោក​ថា​អង្គប្រជុំ​បាន​ឯកភាព​គ្នា​លើ​ចំណុច​ការ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​អេកូ​ទេសចរណ៍ តាម​រយៈ​ការ​រួម​គ្នា​សិក្សា​កំណត់​តំបន់​អេកូ​ទេសចរណ៍​ទូ​ទាំង​ប្រទេស ដោយ​ប្រើប្រាស់​យន្តការ​ក្រោម​ការងារ​អន្តរក្រសួង​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេស ចរណ៍ ដើម្បី​ស្នើ​សុំ​រាជរដ្ឋាភិបាល​កំណត់ ជា​តំបន់​អេកូ​ទេសចរណ៍​អាទិភាព ដែល​ត្រូវ​អភិវឌ្ឍ​ដោយ​ឈរ​លើ​គោលការណ៍​ណែនាំ​មួយ​ច្បាស់លាស់ (Guideline) និង​យន្តការ​កិច្ច​សហប្រតិបត្តិការ 4P​។

លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បន្ត​ថា អង្គការ UNESCO បាន​គាំទ្រ​ការ​ដាក់​ចេញ​ឲ្យ​ឆាប់រហ័ស​នូវ​ផែនការមេ​អភិវឌ្ឍន៍​ខេត្តសៀមរាប ដែល​ក្រសួងទេសចរណ៍ និង​ក្រុមការងារ​អន្តរក្រសួង​បាន​កំពុង​រៀបចំ ដោយ​ផ្តោត​លើ​តំបន់​៦​ជា​អាទិភាព គឺ​តំបន់​ប្រាសាទ​អង្គរ ក្រុង​សៀមរាប ទន្លេសាប​-​ព្រែក​ទាល់ ភ្នំ​គូលែន បន្ទាយស្រី និង​តំបន់​សៀមរាប​ថ្មី ដោយ​អង្គការ UNESCO នឹង​ផ្តល់​អ្នក​ជំនាញការ​ដើម្បី​ពិនិត្យ និង​ឲ្យ​យោបល់​លើ​សេចក្តី​ព្រាង​ផែនការ​នេះ​។

លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​លើក​ឡើង​ថា «​អង្គការ UNESCO គាំទ្រ​ឲ្យ​កម្ពុជា​ជ្រើស​ទីក្រុង​មួយ​ចំនួន ដើម្បី​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ទីក្រុង​ដែល​មាន​ភាព​ច្នៃប្រឌិត​របស់​អង្គការ UNESCO (Creative City) ដោយនៅ​ក្នុង​នោះ UNESCO សម្លឹង​ឃើញ​ទីក្រុង​មួយ​ចំនួន​របស់​កម្ពុជា ជា​ពិសេស​ទីក្រុង​បាត់ដំបង ទីក្រុង​ក្រចេះ និង​ទីក្រុង​កំពត មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ឆ្លើយ​តប​តាម​លក្ខណ​វិ​ច្ឆ័​យ ក្នុង​ការ​ជាប់​ជា​បញ្ជី​ទីក្រុង​មាន​ភាព​ច្នៃប្រឌិត​របស់​អង្គការ UNESCO»​។

ក្រៅពី​នេះ អង្គប្រជុំ​បាន​ឯកភាព​គ្នា​បាន​គាំទ្រ​ឲ្យ​មានការ​ដាក់​បញ្ចូល​នូវ​ម្ហូបអាហារ​ខ្មែរ (Cambodian Gastronomy) ជា​ពិសេស​នំ​បញ្ចុក ប្រហុក អា​មុ​ក និង​អំបុក​ជាដើម និង​បេតិកភណ្ឌ​អរូបី​ផ្សេង​ទៀត ដើម្បី​ដាក់​ក្នុង​បញ្ជី​ត្រៀម (Tentative List) សម្រាប់​ស្នើ​សុំ​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO​។ ហើយ​អង្គប្រជុំ​ក៏​បាន​ឯកភាព​បង្កើត​នូវ​ក្រុមការងារ​ចម្រុះ​មួយ​ដែល​មាន​ក្រសួងទេសចរណ៍ និង​អង្គការ UNESCO ដើម្បី​អនុវត្ត​នូវ​ផែនការ​ដែល​បាន​លើក​ឡើង​ក្នុង​អង្គប្រជុំ​នេះ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ