ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ដី​ចោទ​អាជ្ញាធរ​ឃុំ​ថា មិន​បញ្ជាក់​ប្រវត្តិ​ដី​ឱ្យ​គាត់ និង​មិន​ព្រម​ធ្វើ​ប្លង់​ដី​ឱ្យ (មានវីដេអូ​)

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ពលរ​ដ្ធ​មួយ​គ្រួសារ​ដែល​មាន​ប្តី​ឈ្មោះ ឡឹ​ក ធន អាយុ​៧២​ឆ្នាំ និង​ប្រពន្ធ ឈ្មោះ ពាំង សុខ…

ខេត្តកណ្តាល ៖ ពលរ​ដ្ធ​មួយ​គ្រួសារ​ដែល​មាន​ប្តី​ឈ្មោះ ឡឹ​ក ធន អាយុ​៧២​ឆ្នាំ និង​ប្រពន្ធ ឈ្មោះ ពាំង សុខ អាយុ​ប្រហាក់ប្រហែល​គ្នា ព្រមទាំង​កូនចៅ រស់នៅ​ក្នុងភូមិ​ពពាលខែ ឃុំ​ដី​ឥ​ដ្ធ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​ធ្វើការ​ចោទប្រកាន់​ទៅ​លើ​លោក ស៊ុត តូ មេឃុំ​ដីឥដ្ឋ​ថា មិន​ព្រម​បញ្ជាក់​ប្រវត្តិ​ដី​ជូន​គ្រួសារ​របស់​គាត់ ស្រប​ពេល​មន្ត្រី​ជំនាញ​សុរិយោដី​ចុះ​មក​ពិនិត្យ​បញ្ជី​ប្រវត្តិ​ដី ដើម្បី​វាស់វែង​ចេញ​ប្លង់​ប្រព័ន្ធ​កម្មសិទ្ធិ​អោយ​ពលរ​ដ្ធ​ទូ​ទាំង​ឃុំ​ដីឥដ្ឋ​។

បើ​តាម​គ្រួសារ​លោកតា​ឡឹ​ក ធន បាន​រៀបរាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ដី​របស់​គាត់​នៅ​ចំណុច​មាត់បឹង​តូច ស្ថិត​ក្នុងភូមិ​ពពាលខែ ឃុំ​ដី​ឥ​ដ្ធ​នេះ​មាន​ទំហំ​១០​ហិ​កតា​ដែល​គ្រួសារ​គាត់​អាស្រ័យ​ផល​ដាំ​ដំណាំ​ឈូក​ចិញ្ចឹមជីវិត​កូនចៅ​តាំងពី​ឆ្នាំ​១៩៧៩​មក​ម្ល៉េះ ។ ហើយ​នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០០៧ គ្រួសារ​គាត់​ក៏​បាន​ព្រមព្រៀង​គ្នា​លក់​ដី​ទំហំ​១០​ហិ​កតា​នេះ​ទៅ​អោយ​ឈ្មួញ​ឈ្មោះ បាន ប្រាក់ រស់នៅ​ភូមិ ឃុំ​ជាមួយ​គ្នា ក្នុង​តម្លៃ​៣៥០០០​ដុល្លារ​សហរ​ដ្ធ​អា​មេ​រិ​ក ដោយ​ឈ្មោះ បាន ប្រាក់ បាន​កក់​លុយ​មុន​ចំនួន​៩០០​ដុល្លារ ចំណែក​លុយ​នៅ​សល់​ចំនួន​៣៤១០០​ដុល្លារ​ទៀត ឈ្មោះ បាន ប្រាក់ សន្យា​យក​មក​ប្រគល់​អោយ​នៅ​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០០៨ ។ លុះដល់​ថ្ងៃខែ​ឆ្នាំ​កំណត់ ឈ្មោះ បាន ប្រាក់ មិន​បាន​យក​លុយ​មក​ប្រគល់​អោយ​លោកតា​ឡើយ ។ ដោយសារ​ដាច់​ប្រាក់​កក់ ហើយ​ឈ្មោះ បាន ប្រាក់ បាន​ធ្វើ​លិខិត​ប្រគល់​ដី​មក​អោយ​គ្រួសារ​លោកតា​វិញ មិន​ទាមទារ​អ្វី​ទាំងអស់​។

គ្រួសារ​លោកតា​បាន​បន្ត​ថា ដល់​ពេល​ថ្មី​ៗ​នេះ គ្រួសារ​របស់​លោកតា​បាន​ទៅ​ជួប​លោក ស៊ុត តូ មេឃុំ​ដី​ឥ​ដ្ធ អោយ​គាត់​ជួយ​បញ្ជាក់​ពី​ប្រវត្តិ​ដី ដើម្បី​គាត់​សុំ​ធ្វើ​ប្លង់​ប្រព័ន្ធ​កម្មសិទ្ធិ​នឹង​គេ បែរជា​លោក​មេឃុំ​រូប​នោះ​មិន​បញ្ជាក់​អោយ​ទេ ដោយ​ប្រាប់​ថា ដី​នេះ​គឺជា​ដី​របស់ ទេស សុ​ផា ខណៈ​គ្រួសារ​លោ​តា​មិន​ដែល​ស្គាល់​មុខ​ឈ្មោះ​ទេស សុ​ផា នេះ​ប្រុស​ឬក៏ស្រី​ផង​។

ហេតុ​ដូច្នេះ​ទើប​លោកតា លោកយាយ នាំ​កូនចៅ​មក​ឈរ​នៅ​កន្លែង​ដី​កាន់​រូបថត​សម្តេច​ទាំង​ពីរ សូម​ធ្វើការ​អំពាវនាវ​សំណូមពរ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អោយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន មេត្តា​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ដល់​គ្រួសារ​លោកតា​លោកយាយ​ផង​។

ពាក់ព័ន្ធ​ការ​ចោទប្រកាន់​ខាងលើ លោក ស៊ុត តូ មេឃុំ​ដី​ឥ​ដ្ធ បាន​និយាយ​តាម​ទូរស័ព្ទ​អោយ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែមករា ២០២០ នេះ​ថា រូប​លោក​មិន​បាន​និយាយ​ដូច្នេះ​ទេ តែ​លោក​អភិបាលស្រុក​ប្រាប់​ថា ដី​នឹង​ជាប់​ចូល​ក្នុង​ចំណុច​០៧៥ ស​.​ជ​.​ណ របស់​ខេត្ត អ​ញ្ចឹ​ង​សូម​ទាក់ទង​សួរ​ខាង​ស្រុក​ទៅ​ឃុំ​មិន​ហ៊ាន​លូក​ទេ​។

លោក កេ​ត សុផល ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក ក៍បាន​អោយ​ដឹង​ថា នៅ​ក្នុង​ឃុំ​ដី​ឥ​ដ្ធ​មន្ត្រី ជំនាញ​របស់​លោក ទើបតែ​ចុះ​ភូមិ​ពពាលខែ ភូមិ​ពពាលខែ​២ ភូមិ​ដី​ឥ​ដ្ធ​កោះ​ផុស ភូមិ​ដី​ឥ​ដ្ធ​កោះ​ផុស​២ និង​ភូមិ​ដី​ឥ​ដ្ធ​កោះ​ផុស​៣ ។ ហើយ​ការ​ចុះ​នេះ​គឺ​ចុះ​តែ​ដី​ណា​មិន​ជាប់​នៅ​ក្នុង​អនុក្រឹត្យ​របស់​ទីស្តីការ​ដែល​មាន​ទំហំ​១៥០០​ហិ​កតា ។ ហើយ​រឿង​អាជ្ញាធរ​មិន​បញ្ជាក់​អោយ​នេះ ក្រែងលោ​ដី​គាត់​ជាប់​នៅ​ក្នុង​អនុក្រឹត្យ ។ តែបើ​ចង់​ដឹង​ច្បាស់​ទៅ​សួរ​មន្ត្រី​ជំនាញ​ដែល​កំពុង​ចុះ​ធ្វើការ​នោះ​ទៅ ។ ចំណែក​លោក អ៊ូ ឈាង អភិបាលស្រុក​កៀនស្វាយ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ព្រោះ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​លើក​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ