ខេត្តត្បូងឃ្មុំ ៖ ភ្ញៀវ២ក្រុមបានចូលរួមមង្គលការសង្ស័យផឹកស្រវឹងស្រាប់តែវាយតប់គ្នាបង្កការភ្ញាក់ផ្អើលពេញរោងការ បណ្តាលឱ្យរងរបួសទាំងសងខាងសរុបចំនួន១០នាក់ ហើយត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលា៩និង៥នាទីយប់ថ្ងៃទី៣១ មករា ឆ្នាំ២០២០ នៅចំណុចរោងការក្នុងផ្ទះឈ្មោះយាន ធូ ភេទប្រុស អាយុ៤៥ឆ្នាំ ស្ថិតនៅភូមិត្រពាំងខ្លា ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ។
លោកវរសេនីយ៍ត្រីសេង មិ អធិការរងនគរបាលស្រុកត្បូងឃ្មុំទទួលផែនព្រហ្មទណ្ឌប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ អ្នកភូមិខាងលើមានរៀបចំពិធីមង្គលការកូន ដោយមានសាច់ញាតិជិតឆ្ងាយរួមទាំងប្រជាពលរដ្ឋនៅក្នុងភូមិបានចូលរួមយ៉ាងច្រើនកុះករក្នុងពិធីហែជំនូននិងពេលល្ងាចមានរៀបចំទទួលភ្ញៀវដែលមកចូលរួមពិសារអាហារ ដោយមានក្រុមតន្ត្រីប្រគុំបទចម្រៀងយ៉ាងពិរោះៗទៀតផង។
លោកអធិការរងនគរបាលស្រុកត្បូងឃ្មុំប្រាប់បន្តថា រហូតដល់ពេលយប់ ភ្ញៀវដែលមកចូលរួមបាននាំគ្នារាំលេងកំសាន្តយ៉ាងសប្បាយជាច្រើនបទ ស្រាប់តែនៅវេលាម៉ោងកើតហេតុ សង្ស័យភ្ញៀវ២ក្រុមផឹកស្រវឹងក៏មានការវាយតប់គ្នាកើតឡើងបង្កការភ្ញាក់ផ្អើលពេញរោងការ ក្នុងនោះមានភ្ញៀវខ្លះបានដកខ្សែក្រវាត់មកវាយលើគេឯងជាហេតុបណ្ដាលឲ្យរងរបួស ក្នុងនោះភាគីភ្ញៀវខាងភូមិមុខភ្នំ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ បានរងរបួសចំនួន៦នាក់រួមមាន ១-ឈ្មោះ យ៉ន វី ភេទប្រុស អាយុ៣០ឆ្នាំ រងរបួសបែកក្បាលធ្ងន់ ២-ឈ្មោះ ស្រ៊ាង ឃឿន ភេទប្រុស អាយុ៣៥ឆ្នាំ រងរបួសស្រាល ៣-ឈ្មោះ ចាន់ ល័ក្ខ ភេទប្រុស អាយុ២៨ឆ្នាំ រងរបួសស្រាល ៤-ឈ្មោះចាន់ ឌីណា ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសស្រាល ៥-ឈ្មោះ ចាន់ ជ្រុយ ភេទប្រុស អាយុ២៣ឆ្នាំ រងរបួសស្រាល និង៦-ឈ្មោះអ៊ិត ម៉េងអ៊ាង ភេទប្រុស អាយុ៣៩ឆ្នាំ រងរបួសស្រាល ។
ចំណែកភាគីភ្ញៀវខាងភូមិត្រពាំងខ្លា ឃុំរកាពប្រាំ ដែលរងរបួសចំនួន៤នាក់រួមមាន ១-ឈ្មោះ យ៉ុន ហើម ភេទប្រុស អាយុ២០ឆ្នាំ រងរបួសមធ្យម ២-ឈ្មោះ បាវ ខា ភេទប្រុស អាយុ៤២ឆ្នាំ រងរបួសមធ្យម ៣-ឈ្មោះ ធឿន អ៊ុយ ភេទប្រុស អាយុ៣៥ឆ្នាំ រងរបួសស្រាល និង៤-ឈ្មោះ ឃន់ ប្រុស ភេទប្រុស អាយុ៣១ឆ្នាំ រងរបួសមធ្យម ។ អ្នករងរបួសទាំង១០នាក់ខាងលើបានទៅព្យាបាលរបួសនៅមន្ទីរពេទ្យរៀងៗខ្លួន ខណៈសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត។
លោកវរសេនីយ៍ត្រីសេង មិ អធិការរងនគរបាលស្រុកត្បូងឃ្មុំបានបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី១ កុម្ភៈ ឆ្នាំ២០២០ កម្លាំងជំនាញព្រហ្មទណ្ឌស្រុកសហការជាមួយប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាននឹងធ្វើការកោះហៅភាគីទាំងសងខាងមកធ្វើការសួរនាំដើម្បីឱ្យដឹងមូលហេតុ ។ ក្រោយពីធ្វើការសាកសួររួច ទើបដឹងមូលហេតុហិង្សាខាងលើនេះគឺដោយសារតែភាគីទាំងសងខាងស្រវឹងស្រា ហើយកន្លងមកភាគីទាំងសងខាងនេះក៏មិនត្រូវគ្នាទៀតផង ក្នុងចំ ណោមអ្នករងរបួសទាំង១០នាក់ខាងលើ ក្នុងនោះមានម្នាក់ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាមទាំងយប់៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ