ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​កម្ពុជា​អាច​ជួប​ឧបសគ្គ​ធំ​ក្នុង​ឆ្នាំ​២០២០ ខណៈ​វិស័យ​សំខាន់​បី​គាំទ្រ​ដល់​កំណើន​កំពុង​ជួប​បញ្ហា​ព្រម​គ្នា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ ២០២០​នេះ អាច​នឹង​មិន​រលូន​ល្អ​ដូច​កាលពី​ឆ្នាំ​មុន​ៗ​ទៀត ឬ​យ៉ាងណា ខណៈ​វិស័យ​សំខាន់​ៗ​ចំនួន​បី ដែល​ធ្លាប់​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​កម្ពុជា​កន្លង​មក​កំពុង​ជួប​បញ្ហា​ដូច​គ្នា ក្នុង​នោះ រួម​មាន​វិស័យ​ទេសចរណ៍…

រាជធានី​ភ្នំពេញ ៖ សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ ២០២០​នេះ អាច​នឹង​មិន​រលូន​ល្អ​ដូច​កាលពី​ឆ្នាំ​មុន​ៗ​ទៀត ឬ​យ៉ាងណា ខណៈ​វិស័យ​សំខាន់​ៗ​ចំនួន​បី ដែល​ធ្លាប់​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​កម្ពុជា​កន្លង​មក​កំពុង​ជួប​បញ្ហា​ដូច​គ្នា ក្នុង​នោះ រួម​មាន​វិស័យ​ទេសចរណ៍ ការ​នាំ​ចេញ​ទៅ​កាន់​សហភាព​អឺរ៉ុប និង​វិស័យ​សំណង់ ។

​បើ​តាម​ការ​បញ្ជាក់​ពី​លោក​វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ថ្លែង​ក្នុង​វេទិកាសាធារណៈ​កាលពី​ព្រឹក​ថ្ងៃ​ទី ៣០ ខែមករា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង បានអោយ​ដឹង​ថា ក្នុង​ឆ្នាំ ២០២០​នេះ វិស័យ​ទេសចរណ៍ ដែល​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​នោះ កំពុង​ជួប​ទុក្ខ​ធ្ងន់ ខណៈ​ជំងឺ​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា មាន​ប្រភព​ពី​ប្រទេស​ចិន ។ ការ​ផ្ទុះ​ជំងឺ​នេះ មិនមែន​បណ្ដាល​អោយ​តែ​កម្ពុជា​ទេ​ដែល​ត្រូវ​ជួប​គ្រោះ​នោះ ពោល​គឺ​ពិភពលោក​ទាំងមូល ព្រោះ​ចិន​មាន​ប្រជាជន​ច្រើន​ដែល​ត្រូវ​ហៅ​ចេញពី​ប្រទេស​ខ្លួន​ទៅ
ទស្សនា​នៅ​ប្រទេស​ផ្សេង​ៗ ។​លោក​បាន​បន្ត​ថា វិស័យ​ទេសចរណ៍​មាន​ចំណែក​ប្រមាណ​១៣​ភាគរយ​នៃ​ផលិតផល​ជាតិ​សរុប (GDP) ដូច្នេះ បើសិនជា​វា​មាន​បញ្ហា​វា​នឹង​ប៉ះពាល់​ដល់​អ្នក​ដែល​ធ្លាប់​ទទួល​បាន​ប្រយោជន៍​ពី​ឧស្សាហកម្ម​នេះ ។

​លោក​វ​ង្សី វិស្សុត បាន​មាន​ប្រសាសន៍​បន្ថែម​ថា «​អ្វី​ដែល​ត្រូវធ្វើ​ដើម្បី​ទប់ទល់​នឹង​បញ្ហា​នេះ ក្រសួងទេសចរណ៍​ត្រូវ​រក​វិធី​ផ្សព្វផ្សាយ និង​កែ​លម្អ តំបន់​ទេសចរណ៍​សំខាន់​ៗ ជាក់ស្ដែង សៀមរាប ជា​ប៉ូ​ល​សំខាន់​ក្នុង​ការ​ទាក់ទាញ​ទេសចរ ក៏​ប៉ុន្តែ​ក្នុង​ខេត្តសៀមរាប​ហាក់​មិន​មានការ​កែ​ច្នៃ​អ្វី​បន្ថែម​ទៀត​នោះ​ឡើយ ។ ការ​មិន​កែ​លម្អ ច្នៃប្រឌិត​ថ្មី​នេះ​ហើយ ធ្វើ​អោយ​ភ្ញៀវ​ទេសចរ​ដែល​មក​សៀមរាប​ហើយ​មិន​ចង់​មក​ម្ដងទៀត ដោយសារ​តែ​វា​ដដែល » ។

លោក​បាន​ផ្ដល់​ជា​យោ​ដល់​ដល់​វិស័យ​នេះ​គួរតែ​កែ​លម្អ​ថ្មី​ទៅ​លើ​តំបន់​បួន​ក្នុង​ខេត្តសៀមរាប រួម​មាន តំបន់​អង្គរ រមណីយដ្ឋាន​គូ​លេ​ន ភ្នំ​ក្រោម និង​ទីប្រជុំជន​ក្នុង​នៃ​ទីក្រុង​សៀមរាប ដូច​ជា​ផ្សារ​រាត្រី​ក្រុង​សៀមរាប និង​ទីប្រជុំជន ក្នុង​តំបន់​នោះ ត្រូវ​រៀបចំ​អោយ​បាន​ស្អាតបាត ។ ពាក់ព័ន្ធ​នឹង​ការ​នាំ​ចេញ​របស់​កម្ពុជា ក្នុង​ឆ្នាំ​២០២០​នេះ ក៏​អាច​នឹង​ជួប​បញ្ហា​មួយ​ចំនួន​ផង​ដែរ ក្នុង​ពេល​ដែល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់មុខ​ទំនិញ​លើកលែងតែ​សព្វាវុធ (Everything but Arms—BA) របស់​សហភាព​អឺរ៉ុប​ផ្ដល់​មក​កម្ពុជា​នៅ​មាន​ភាព​មិន​ទាន់​ច្បាស់លាស់​នៅឡើយ ហើយ​រដ្ឋាភិបាល​ក៏​បាន​ត្រៀម​រួច​ជា​ស្រេច ដើម្បី​ទប់ទល់​នឹង​នឹង​ការ​ដក​ឬ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ពី​កម្ពុជា ។ ការ​នាំ​ចេញ​របស់​កម្ពុ​ជានា​ឆ្នាំ ២០១៩ និង​ឆ្នាំ ២០២០​នេះ គឺ​ពឹង​លើ​ទីផ្សារ​អឺរ៉ុប​និង​សហរដ្ឋអាមេរិក ហើយ​បើសិនជា​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ចេញ​នោះ មិនមែន​មាន​ន័យ​ថា​កម្ពុជា​មិន​អាច​នាំ​ចេញ​ទៅ​អឺរ៉ុប​បាន​នោះ​ទេ តែ​កម្ពុជា នឹង​ត្រូវ​បង់ពន្ធ​ទៅ​សហភាព​អឺរ៉ុប​រាល់​ការ​នាំ​ចូល​ទំនិញ​ទៅ​កាន់​ទីផ្សារ​នេះ ។

លោក​វ​ង្សី វិស្សុត ក៏​បាន​បញ្ជាក់​ថា​កម្ពុជា​បាន​ត្រៀម​ថវិកា​ប្រមាណ​៣​ភាគរយ​នៃ GDP ដើម្បី​ទប់ទល់​នឹង​ការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប ។ ហើយ​កម្ពុជា​នៅ​តែ​មាន​សុទិដ្ឋិនិយម​ចំពោះ​ការ​នាំ​ចេញ ហើយ​កម្ពុជា​នឹង​ស្វែងរក​ទីផ្សារ​ថ្មី​ៗ​បន្ថែម​ទៀត​សម្រាប់​ផលិតផល​និង​ទំនិញ​ពី​កម្ពុជា ។ ​លោក​បាន​បន្ថែម​ថា « យើង​មិន​អាច​បដិសេធ​ថា​មិន​ប៉ះពាល់​នោះ​ទេ ចំពោះ​ការ​នាំ​ចេញ​របស់​កម្ពុជា ហើយ​បើសិនជា​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ពី​កម្ពុជា​មែន​នោះ យើង​ប៉ាន់​ប្រមាណ​ថា​នឹង​អាច​បាត់បង់​ការងារ​ចំពោះ​ពលរដ្ឋ​ខ្មែរ​ប្រមាណ​៣​ម៉ឺន​៥​ពាន់នាក់ » ។

​សម្រាប់​វិស័យ​សំណង់​ដែល​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​កម្ពុជា និង​ជា​វិស័យ​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​នោះ ត្រូវ​បាន​ព្យាករណ៍​ថា​មាន​ហានិភ័យ​ខ្ពស់ ផង​ដែរ ដោយសារ​តែ​ប្រភព​វិនិយោគទុន​ក្នុង​វិស័យ​នេះ មក​ពី​ប្រទេស​ចិន​ហើយ​ក្នុង​ពេល​ចិន​កំពុង​ផ្ទុះ​ជំងឺ​បង្ក​ដោយ​វីរុស​កូ​រ៉ូ​ណា​នោះ រដ្ឋាភិបាល​ចិន​បាន​ហាម​ប្រាណ​ជនជាតិ​ខ្លួន​ចេញចូល​ក្រៅប្រទេស​មួយ​រយៈ ដូច្នេះ​ហើយ​ដែល​ជា​ហានិភ័យ​ខ្ពស់​មួយ ក្នុង​ការ​ទាក់ទាញ​ប្រភព​ទុន​ពី​ប្រទេស​នេះ​មក​កាន់​កម្ពុជា​ក្នុង​វិស័យ​សំណង់ ។ លោក​វ​ង្សី វិស្សុត បាន​បន្ថែម​ថា វិស័យ​សំណង់​ក្នុង​ឆ្នាំ​កន្លង​មក​គឺ​បាន​ផ្ទុះ​ងើប​ខ្លាំង​ពេក ដែល​ជា​ហានិភ័យ​មួយ​សម្រាប់​ការ​ទប់ទល់​នឹង​កំណើន​នេះ ។

ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន ដូច​ជា ធនាគារពិភពលោក ធនាគារ អភិវឌ្ឍន៍​អាស៊ី ក៏​បាន​ផ្ដល់​ជា​ទស្សន​ដោយ​ព្រមាន​ពី​ការ​ថមថយ កំណើន​នៃ​វិស័យ​សំណង់​នេះ​ដែរ ដោយ​ជំរុញ​អោយ​ធនាគារ​រឹត​បន្តឹង​ចំពោះ​ការ​ផ្ដល់​ឥណទាន​ទៅ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ