ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បីឈ្មោះ​តាម​ចម្រៀង​គ​ម្បី​ទៅ​ស្គាល់​ទឹកធ្លាក់​អូរ​តាវៅ ហៅ​ភ្នំ​ខៀវ

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​អ្នកទេសចរ​ចង់ទៅ​លេង​ទឹកជ្រោះ​អូរ​តាវៅ ហៅ​ភ្នំ​ខៀវ គឺ​ចេញពី​ទីរួមខេត្ត​ចម្ងាយ​ប្រមាណ​៧​ទៅ​៨​គីឡូម៉ែត្រ ដោយ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​៥៧ ឆ្ពោះទៅ​ទិស​ខាងត្បូង ស្ថិត​ក្នុងភូមិ​ខ្លុង សង្កាត់​អូរ​តាវៅ ក្រុងប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ បើ​អ្នកទេសចរ​ចង់ទៅ​លេង​ទឹកជ្រោះ​អូរ​តាវៅ ហៅ​ភ្នំ​ខៀវ គឺ​ចេញពី​ទីរួមខេត្ត​ចម្ងាយ​ប្រមាណ​៧​ទៅ​៨​គីឡូម៉ែត្រ ដោយ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​៥៧ ឆ្ពោះទៅ​ទិស​ខាងត្បូង ស្ថិត​ក្នុងភូមិ​ខ្លុង សង្កាត់​អូរ​តាវៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ ដងផ្លូវ​អម​ដោយ​ផ្ទះ​ប្រជាពលរដ្ឋ និង​ចម្ការ​ដំណាំ​ដាំ​ដុះ​ដូច​ជា ពោត ដំឡូង​មី ដើម​ស្វាយកែវ​រមៀត និង​ដំណាំ​ធុ​រ៉េ​ន​ជាដើម ។

បើ​គេ​បើកបរ​ម៉ូតូ ឬ​រថយន្ត​រហូត​ទៅ​ដល់​កៀក​នឹង​កន្លែង​ឡើង​លេង​ទឹកធ្លាក់ ហើយ​ក្រឡេក​មើល​ទេសភាព​ព្រៃ​ភ្នំ គឺ​ឃើញ​ពណ៌​ខៀវស្រងាត់​គួរ​ឱ្យ​ទាក់ទាញ​ដួងចិត្ត និង​ធ្វើ​ឱ្យ​អារម្មណ៍​ស្រស់​ស្រាយ​បាត់​អស់​ទុក្ខ​កង្វល់​ទាំងពួង ។ ពេល​ទៅ​ដល់​មាត់ច្រក​ទ្វារ សូមកុំ​ភ្លេច​បង់ប្រាក់​ថ្លៃ​សំបុត្រ​ចូល​ទស្សនា ឬ​លេង ទឹកជ្រោះ ម៉ូតូ​១​គ្រឿង​៣០០០​រៀល រថយន្ត​តូច​១០០០០​រៀល រថយន្ត​ទួ​រី​ស​ទេសចរណ៍​១៥០០០​រៀល រថយន្តក្រុង​២៥០០០​រៀល និង​ភ្ញៀវ​ទេសចរ​បរទេស​ម្នាក់​១​ដុល្លារ​។ ដោយឡែក​ភ្ញៀវ​ទេសចរ​ខ្មែរ​អត់​តម្រូវ​ឲ្យ​បង់ប្រាក់​ចូល​ទៅ​លេង​ទេ ដោយ​គ្រាន់តែ​បង់ថ្លៃ​ម៉ូតូ​ប៉ុណ្ណោះ ។

បើ​តាម​ការ​រៀបរាប់​ពី​យុវជន​ឈី​វ វ៉ា​ន់​ណែ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​មេការ​លក់ដូរ​ប្រចាំ​រមណីយ​ដ្ឋាន​ទឹកធ្លាក់​អូរ​តាវៅ​ហៅ​ភ្នំ​ខៀវ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា ពួក​គេ​ជួល​កន្លែង​គេ​លក់ដូរ​នៅ​ក្នុង​រមណីយដ្ឋាន ដោយ​ថ្ងៃ​ធម្មតា​ជួនកាល​មាន​ភ្ញៀវ​ច្រើន ជួនកាល​មាន​តិចតួច ថ្ងៃ​ខ្លះ​មាន​ភ្ញៀវ​៥​ទៅ​៦​រថយន្ត ថ្ងៃ​សៅរ៍​-​អាទិត្យ​ចុង​ស​ប្តា​ហ៍​មាន​១០​ទៅ​២០​រថយន្ត ដោយសារ​ភ្ញៀវ​នាំ​គ្នា​ទៅ​លេង​តាម​រមណីយដ្ឋាន​ផ្សេង​ទៀត​នៅ​ក្នុង​ក្រុងប៉ៃលិន ។

ចំណែក​នៅ​រដូវ​បុណ្យ​ទាន​វិញ មាន​ភ្ញៀវ​ទេសចរ​ចូល​ទៅ​លេង​ជា​ច្រើន​កុះករ មាន​រថយន្ត​ចាប់ពី​៥០​ទៅ​៦០​រថយន្ត និង​រាប់រយ​ផង​ដែរ​ពី​តាម​បណ្តា​ខេត្ត​នានា ដូច​ជា​បន្ទាយ​មាន​ជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ និង​រាជធានី​ភ្នំពេញ ។

ប្រភព​ដដែល​បន្ត​ថា ម្ហូបអាហារ​នៅ​រមណីយដ្ឋាន​មួយ​នេះ ថ្ងៃ​ធម្មតា​ក៏​ដូច​ជា​ថ្ងៃ​បុណ្យ​ទាន​ដែរ គឺ​តម្លៃ​មិន​ប្រែប្រួល​ឡើយ ដូច​ជា មាន់​ស្រែ​ដុត​១​ក្បាល​តម្លៃ​៥០០០០​រៀល ត្រី​ដុត​ក្រវាញ ៣០០០០​រៀល ត្រី​បំពង​៣០០០០​រៀល ។

ចំណែក​ឆា​ក្តៅ​សាច់​គោ និង​សាច់​មាន់ ឆា​ក្រវាញ​សាច់​គោ និង​សាច់​មាន់ ឆា​ព្រៃ​សាច់​គោ និង​សាច់​មាន់ ឆា​ង៉ាំ​ង៉ូ​វ​សាច់​មាន់ ឆា​ខ្ញី​សាច់​មាន់ ឆា​កែង​សាច់​គោ និង​សាច់​មាន់ ឆា​ឆ្អឹងជំនីរ​ជ្រូក​ជូរអែម ឡុកឡាក់​សាច់​គោ ឆា​បន្លែ​គ្រប់មុខ​សាច់​គោ លីង​មាន់​អំបិលម្ទេស ពង​ទា​ត្រី​ប្រមា ឆា​ដើម​ប្រមោយដំរី​សាច់​គោ សម្លម្ជូរ​មិត្តភាព​សាច់​ត្រី ស្ងោរ​ង៉ាំ​ង៉ូ​វ​មាន់ តុង​យ៉ាំ​សាច់​មាន់ ស្ងោរជ្រក់​សាច់​មាន់ និង​ត្រី សម្លម្ជូរគ្រឿង​ក្រវាញ​សាច់​គោ សម្លម្ជូរគ្រឿង​សាច់​គោ និង​មាន់ សម្លម្ជូរ​ព្រៃ​សាច់​គោ និង​មាន់ សម្លម្ជូរ​ស្រែ​ត្រី សាច់​គោ​អាំង​អំបិលម្ទេស សាច់​មាន់​អាំង​អំបិលម្ទេស ភ្លាសាច់គោ ឡាប​សាច់​គោ ញាំ​ស្វាយ​បង្គារ​ក្រៀម ញាំ​ស្វាយ​ត្រីឆ្អើរ បុក​សណ្តែក​ត្រីឆ្អើរ បុក​សណ្តែក​សាច់​គោ ខាត់ណា​ទឹកភ្នែក​សាច់​គោ ទាំង​អស់នេះ​ត្រឹមតែ​តម្លៃ​២៥០០០​រៀល​ក្នុង​១​ចាន​ប៉ុណ្ណោះ ។

ក្រៅពី​នេះ​មាន​ម្ហូប​ខាត់ណា​ប្រេងខ្យង ឆា​បន្លែ​គ្រប់មុខ បាយ​ឡុកឡាក់​សាច់​គោ ១​ចាន​ត្រឹមតែ​១៥០០០​រៀល ក៏​មាន​បុកល្ហុង​ក្តាមប្រៃ ១​ចាន​៥០០០​រៀល បុក​មឹក​១​ចាន​៥០០០​រៀល បាយ​ឆា​សាច់​គោ បាយ​ឆា​សាច់​ជ្រូក​១​ចាន​៧០០០​រៀល បាយ​ឆា​ផាត់​កា​ផាវ​១​ចាន​១០០០០​រៀល និង​បាយ​ឆា​ម្រះព្រៅ​១​ចាន​៧០០០​រៀល ។ ម្ហូប​ដែល​ពិសេស ពេញ​និយម និង​លក់ដាច់​ជាងគេ​បំផុត​នៅ​ក្នុង​រមណីយដ្ឋាន​នេះ គឺ​សម្លម្ជូរ​ដើម​ចេក​ព្រៃ​សាច់​ត្រី និង​ញាំ​ចេក​ព្រៃ​សាច់​មាន់ ១​ចាន​២៥០០០​រៀល ។

ចំពោះ​ម៉ូតូ ឬ​រថយន្ត​ដែល​ភ្ញៀវ​ទេសចរ​ជិះ​ទៅ​លេង​រមណីយដ្ឋាន​នេះ មិន​ធ្លាប់​មាន​បាត់ ឬ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នោះ​ឡើយ ព្រោះ​មាន​សន្តិសុខ​ឈរ​ចាំ​យាម​តាំង​ពីមុខ​ផ្លូវ​ចូល​រហូត​ដល់​កន្លែង​លេង ។ នៅ​រដូវ​បុណ្យ​ទាន​មាន​នគរបាល​ផ្នែក​ទេសចរណ៍​ជួយ​សម្រួល​ដល់​ភ្ញៀវ​រហូត​ដល់​ចប់​ថ្ងៃ​បុណ្យ ។ ត្រូវ​បង់ប្រាក់​ថ្លៃ​ភ្ញៀវ​ម៉ូតូ​១​គ្រឿង​២០០០​រៀល និង​រថយន្ត​១​គ្រឿង​៣០០០​រៀល ដើម្បី​ឱ្យ​សន្តិសុខ​ការពារ ខណ​:​ចូល​ទៅ​លេង​ទឹកជ្រោះ​។

ប្រភព​ដដែល​បញ្ជាក់​ថា​ផ្លូវ​មាន​លក្ខណ​:​ធំ​ទូលាយ​ជាង​មុន តែ​ហុយ​បន្តិច ព្រោះ​អាជ្ញាធរ​ឈូស​ឆាយ​អស់​រយ​:​ពេល​ជិត​១​ឆ្នាំ​មក​ហើយ ។ ផ្លូវ​ហុយ​ពេល​រាំង​ស្ងួត និង​រអិល​បន្តិច​ពេល​មាន​ភ្លៀង​ធ្លាក់ ។

បើ​តាម​ស្ត្រី​ឈ្មោះ​ហន ហឿ​ន អាយុ​៥៩​ឆ្នាំ ជា​អ្នក​ដាំបាយ​លក់​ឱ្យ​ដឹង​ថា គាត់​ធ្វើការ​រយៈពេល​១​ឆ្នាំ​មក​ហើយ បើ​ថ្ងៃ​ធម្មតា​គាត់​ដាំបាយ​ក្នុង​១​ថ្ងៃ​ដាច់​អស់​ត្រឹម​១០​ទៅ​២០​កំប៉ុង តែបើ​ថ្ងៃ​បុណ្យ​វិញ​លក់ដាច់​៦០​ទៅ​៨០​កំប៉ុង និង​រហូត​ដល់​១០០​កំប៉ុង​ក៏​មាន​ដែរ ។

លោក​លឹ​ម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន ឱ្យ​ដឹង​ថា ទឹកធ្លាក់​អូរ​តាវៅ នា​ពេល​បច្ចុ​ប្បន្ន​កំពុង​អភិវឌ្ឍ ដោយ​ពង្រីក​ផ្លូវ​ធំ ជាង​មុន ហើយ​អាជ្ញាធរ​ខេត្ត​មាន​គម្រោង​ក្រាល​កៅស៊ូ​សម្រាប់​​បង្ក​ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ ។ កាលពីមុន​រមណីយដ្ឋាន​នេះ​គ្រប់គ្រង​ដោយ​ក្រម​ហ៊ុន​ឯកជន តែ​រហូត​ដល់​បច្ចុប្បន្ន​ហួស​សុពលភាព ហើយ​ត្រូវ​ខេត្ត​យក​មក​វិញ ត្រៀម​ដាក់​ដេញថ្លៃ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ផ្សេង​ចូល​គ្រប់គ្រង​ដើម្បី​បន្ត​អភិវឌ្ឍ​យក​ថវិកា​ចូលជាតិ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ