រាជធានីភ្នំពេញ ៖ មិនខុសពីការប្រកួតអន្តរជាតិដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍ ដែលមានគូខ្មែរ និងបរទេសទាក់ទាញ សម្រាប់ការប្រកួតនៅល្ងាចថ្ងៃអាទិត្យទី២ កុម្ភៈ ឆ្នាំ២០២០នេះ សង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ ក៏មានការប្រកួតជាលក្ខណៈអន្តរជាតិ ដោយមានវត្តមានកីឡាករកម្ពុជា និងថៃសរុបចំនួន៤រូបប៉ះគ្នាផងដែរ ។ កីឡាករម្ចាស់ផ្ទះ២រូបគឺឡុង សំណាង និងលី ភា ដែលជាកីឡាករទើបតែឡើងកូដបានប្រកាសស្វាគមន៍កីឡាករថៃដែលសុទ្ធតែជាជើងខ្លាំងដូចគ្នានៅក្នុងពិភពប្រដាល់ ។
ការប្រកួតដែលនឹងចាប់ផ្ដើមឡើងនៅម៉ោង៥និង៣០នាទីល្ងាចស្អែកនេះ ត្រូវគេឃើញមានការរំពឹងខ្ពស់មិនខុសពីការប្រកួតអន្តរជាតិមុនៗនោះទេ ដោយសារប៉ុស្តិ៍អាស៊ីអាគ្នេយ៍មានអ្នកទស្សនាច្រើនស្រាប់ព្រោះតែស្ថានភាពទីតាំង ស្របគ្នាដែលការប្រកួតធ្វើឡើងត្រូវចំល្ងាចថ្ងៃសម្រាកផងកាន់តែមានអ្នកទស្សនាកកកុញជាប្រចាំ ។
លោកញាណ សុធី អ្នករៀបចំការប្រកួតប្រចាំនៅទូរទស្សន៍អាស៊ីអាគ្នេយ៍បានថ្លែងប្រាប់ថា ក្នុងចំណោមកីឡាករកម្ពុជា២រូបដែលមានឈ្មោះឡើងប្រកួតមិត្តភាពអន្តរជាតិក្នុងព្រឹត្តិការណ៍ប្រដាល់នោះ ឡុង សំណាង គឺជាកីឡាករជើងខ្លាំងម្នាក់ដែលលោករំពឹងខ្ពស់សម្រាប់ការប៉ះគ្នា ដោយសារតែគេទើបផ្ដួលកីឡាករជើងខ្លាំងថៃមួយចំនួន ដ្បិតថាមិនទាន់មានឈ្មោះបោះសំឡេងខ្លាំង ។ គេត្រូវប៉ះប្រកួតជាមួយកីឡាករថៃឈ្មោះ កង ណាផា ក្នុងនាមជាគូឯកសម្រាប់ប្រដាល់អន្តរជាតិនៅល្ងាច ថ្ងៃអាទិត្យស្អែកនេះ ។
លោកយល់ថា ភាគីទាំង ពីរពិតជាចង់ឈ្នះដាច់ខាតដោយសារអ្នកណាឈ្នះក្រៅពីបានមុខមាត់ និងទឹកប្រាក់តម្លៃខ្លួនក្នុងនាមជាអ្នកឈ្នះ ក៏បានទទួលទំនុកចិត្តពីអ្នកគាំទ្រជាងមុនបន្ថែម ។ ប៉ុន្តែបើការប្រកួតនេះ បែរជាចាញ់ព្រោះតែប្រកួតមិនបានល្អវិញ មិនខុសពីត្រូវបាក់មុខ និងរងការរិះគន់ពីអ្នកគាំទ្រនោះទេ ។ លោកជឿជាក់ថា កីឡាករកម្ពុជាគូនេះ នឹងបញ្ចេញសមត្ថភាពល្អដូចជាពូកែគេច និងវាយសន្ធាប់ដែលគេធ្លាប់បញ្ចេញឡើងនាពេលកន្លងមក ។ អ៊ីចឹងហើយទើបលោកយល់ថា ជំនួបរវាងជើងខ្លាំងជាមួយកីឡាករថៃជាដៃគូនឹងមិនធម្មតាសម្រាប់ការប្រកួតទាំងមូល ។
យោងតាមប្រវត្តិប្រកួតលោកថាកីឡាករកម្ពុជា ធ្លាប់ប្រកួតបាន៩៧លើក ឈ្នះ៨៣លើក ចាញ់១១លើក និងស្មើ៣លើក ឯកីឡាករថៃប្រកួតបាន៧៥ដង ឈ្នះ៦២ដង ចាញ់១២ដង និងស្មើ១ដង ។
សម្រាប់កីឡាករជើងខ្លាំងមួយរូបទៀត គឺកីឡាករលី ភា ត្រូវបានគណៈកម្មការផ្គូផ្គងឱ្យប៉ះប្រកួតជាមួយកីឡាករថៃភេត ម៉ាឡាកត់ ក្នុងនាមជាគូរងឯក ។ លោកថា ការប្រកួតរបស់ពួកគេនៅមិនទាន់ដឹងថាអ្នកណាល្អជាងអ្នកណានោះទេ ក្នុងពេលដែលកីឡាករកម្ពុជារូបនេះ នៅតែមានក្រេឌីត តែពិបាកទុកចិត្តពីភាពខ្លាំង១០០ភាគរយ ដោយសារកីឡាករថៃក៏មិនធម្មតា ។
លោកយល់ថា កីឡាករថៃជាដៃគូខ្លាំងម្នាក់ តែគេក៏មិនទាន់ប្រាកដដូចគ្នាថានឹងទទួលបានជ័យជម្នះសម្រាប់ការប្រកួតជាមួយជើងខ្លាំងកម្ពុជានោះដែរ ដោយសារតែបទពិសោធន៍ប្រហាក់ប្រហែលគ្នា ។ កីឡាករកម្ពុជាធ្លាប់ប្រកួតផ្លូវការបាន៨៧លើក ឈ្នះ៧២លើក ចាញ់១៥លើក និងស្មើ០ ក្នុងពេលកីឡាករថៃប្រកួតបានដល់៦០លើក ឈ្នះ៥២លើក ចាញ់៨លើក និងមិនធ្លាប់ស្មើ ៕ (កែសម្រួលដោយ៖ បុប្ផា)
ចែករំលែកព័តមាននេះ