ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ា​ណែ​ត ៖ ចក្ខុវិស័យ​រយៈពេល​វែង​របស់​កងទ័ពជើងគោក​គឺ​ការ​កសាង​ទ័ព​ជំនាញ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អគ្គមេបញ្ជាការ​រង​កង​ខេមរភូមិន្ទ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​បាន​ថ្លែង​បញ្ជាក់​ថា ពី​នេះ​ទៅ​មុខ ចក្ខុវិស័យ​រយៈពេល​វែង​របស់​កងទ័ពជើងគោក​គឺ​ការ​កសាង​មូលដ្ឋាន​នៃ​ការ​បណ្តុះបណ្តាល​ជា​ពិសេស​នៅ​ក្នុង​កងទ័ព​ជំនាញ ។ តាម​រយៈ​ការ​កសាង​សាលា​បណ្តុះបណ្តាល​ទ័ព​ជំនាញ…

ខេត្តបាត់ដំបង ៖ អគ្គមេបញ្ជាការ​រង​កង​ខេមរភូមិន្ទ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​បាន​ថ្លែង​បញ្ជាក់​ថា ពី​នេះ​ទៅ​មុខ ចក្ខុវិស័យ​រយៈពេល​វែង​របស់​កងទ័ពជើងគោក​គឺ​ការ​កសាង​មូលដ្ឋាន​នៃ​ការ​បណ្តុះបណ្តាល​ជា​ពិសេស​នៅ​ក្នុង​កងទ័ព​ជំនាញ ។ តាម​រយៈ​ការ​កសាង​សាលា​បណ្តុះបណ្តាល​ទ័ព​ជំនាញ ហើយ​តាម​រយៈ​ការ​កសាង​សាលា​បណ្តុះបណ្តាល​ទ័ព​ជំនាញ​ដែល​តម្រូវ​ឱ្យ​មានការ​ខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សម​ស្រប​, យោធា​ចា​រ្យ​ដែល​មានចំណេះ​ដឹង និង​បទ​ពិសោធន៍ និង​ឯកសារ​មេ​រៀន​ដែល​មានគុណ​ភាព ដើម្បី​ធានា​នូវ​ប្រសិទ្ធិ​ភាព​, ឯកភាព និង​ស្តង់ដា​នៃ​កង​យោធពលខេមរភូមិន្ទ​។

ការ​ថ្លែង​របស់​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​ចូលរួម​ក្នុង​ពិធី សម្ពោធ​រូបសំណាក​ហ្លួង​ព្រះស្តេច​កន បញ្ចុះ​បឋមសិលា​សាងសង់​អគារ និង​បិទ​វគ្គ​ហ្វឹកហ្វឺន ជំនាញ​រថក្រោះ រថពាសដែក ប្រចាំឆ្នាំ​២០១៩ របស់​បញ្ជាការដ្ឋាន​រថក្រោះ កងទ័ពជើងគោក នា​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២០ នៅ​ខេត្តបាត់ដំបង ។

អគ្គមេបញ្ជាការ​រង​រូប​នោះ​ក៏​បាន​សម្តែង​នូវ​ការ​ចូលរួម​អបអរសាទរ​ចំពោះ​លទ្ធផល​នៃ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​រថក្រោះ​រថពាសដែក​ប្រចាំឆ្នាំ​២០១៩ របស់​បញ្ជាការដ្ឋាន​រថក្រោះ​កងទ័ព ជើង​គោក សម្រេច​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ទាំង​ការ​រៀនសូត្រ​ផ្នែក​ទ្រឹស្តី​ក្នុង​ថ្នាក់ និង​ការ​អនុវត្ត​នៅ​លើ​ទីលាន ដោយ​ពិតជា​បាន​ឆ្លើយតប​ទៅ​នឹង​គោលបំណង​ក្នុង​ការ​លើក​កម្ពស់​សមត្ថភាព​ដល់​យោធិន​ឱ្យ​យល់​ច្បាស់​អំពី​តួនាទី និង​ភារកិច្ច​ក្នុង​ការ​បញ្ជា​, គ្រប់គ្រង និង​ប្រើប្រាស់​រថក្រោះ រថពាសដែក​ឱ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខការណ៍​ក្នុង​ការ​ប្រយុទ្ធ ក៏​ដូច​ជា ការងារ​បច្ចេកទេស​ថែទាំ​ជួសជុល​រថក្រោះ​រថពាសដែក​ឱ្យ​បាន​ល្អ​។

លោក​បញ្ជាក់​បន្ថែម​ថា បច្ចុប្បន្ន ថ្នាក់ដឹកនាំ​អគ្គ​បញ្ជាការដ្ឋាន​នៃ​កង​យោធពលខេមរភូមិន្ទ​និង​ថ្នាក់ដឹកនាំ​កងទ័ពជើងគោក បាន​និង​កំពុង​យកចិត្តទុកដាក់​លើ​ការងារ​ហ្វឹកហ្វឺន​ទ័ព ជំនាញ ដែល​ជា​អាទិភាព​ចាំបាច់​បំផុត ដើម្បី​ពង្រឹង​និរន្តរភាព​សមត្ថភាព​ក្នុង​ការ​ឆ្លើយ​តប​ក្នុង​ពេល​ចំពោះ​មុខ និង​រយៈពេល​វែង​។ ការ​ហ្វឹកហ្វឺន​ទ័ព​ជំនាញ​ខុស​ពី​ការ​ហ្វឹកហ្វឺន​ទ័ពថ្មើរជើង ដោយសារ​ការ​ហ្វឹកហ្វឺន​ទ័ព​ជំនាញ​ត្រូវ​ប្រើប្រាស់​រយៈពេល​វែង និង​ជំនាញ​បច្ចេកទេស​ខ្ពស់​។

លោក​បញ្ជាក់​បន្ត​ថា ការ​កែទម្រង់​កងទ័ព​រយៈពេល​វែង​របស់​រាជរដ្ឋាភិបាល និង​ក្រសួងការពារជាតិ គឺ​ការ កំណត់​យក​ចក្ខុវិស័យ​ធ្វើ​យ៉ាង​ឱ្យ​កង​យោធពលខេមរភូមិន្ទ ឈាន​ទៅ​ម្ចាស់​ការ​លើ​ការ​បណ្តុះបណ្តាល និង​ការ​ផលិត​សម្ភារ​បច្ចេកទេស​ធុន​ស្រាល ។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ទៀត​ថា ចំពោះ​កងទ័ពជើងគោក ក្នុង​ពេល​ចំពោះ​មុខ​នេះ ទោះ​យើង​មិន​ទាន់​មាន​ថវិកា​ក្នុង​ការ​បំពាក់ ឬ​ធ្វើ​ទំនើប​កម្មទ័ពជំនាញ​របស់​យើង ប៉ុន្តែ​កងទ័ពជើងគោក​កំពុង​ពិនិត្យ​លទ្ធភាព និង​រៀបចំ​ផែនការ​ដើម្បី​ពង្រឹង​និរន្ត​ភាព​ក្នុង​ការ​ធានា​ចំនួន​ទ័ព​ជំនាញ​តាម​រយៈ​ការ​បន្ត​ហ្វឹកហ្វឺន ដោយ​ដើរ​ទន្ទឹម​នឹង​ការ​ជំរុញ​ការ​ថែទាំ​បច្ចេកទេស​លើ​សម្ភារ​បច្ចេកទេស​ដែល​យើង​មាន​ស្រាប់ ហើយ​ទៅ​ថ្ងៃ​មុខ យើង​នឹង​មាន​ទំនើប​កម្ម​ជា​ជំហាន​ៗ ដោយហេតុ​ថា នៅ​ក្នុង​ការ​កំណត់​ជោគ​ជ័យ​នៃ​ប្រតិបត្តិការ​សឹក អ្វី​ដែល​សំខាន់​បំផុត គឺ​ការ​ហ្វឺ​ក​ហ្វឺ​ន​កម្លាំង​, ការ​ថែទាំ​បច្ចេកទេស​មូលដ្ឋាន​សម្ភារៈ និង​ការ​បំពាក់​នូវ​ឆន្ទៈ​មោះមុត​។

លោក​រំលឹក​ឡើង​វិញ​ថា គិត​ចាប់តាំងពី​១៩៥៣​មក ប្រវត្តិ​នៃ​កង​យោធពលខេមរភូមិន្ទ យើង​មានការ​ប្រែប្រួល​ច្រើន​។ មូលដ្ឋាន​ចម្បង​នៃ​កង​យោធពលខេមរភូមិន្ទ​យើង​បច្ចុប្បន្ន កើតឡើង​ពី​អ៊ំ​ពូ​មីង​យោធិន​ជំនាន់​ឆ្នាំ​១៩៧៨ ហើយ​ក្រោយមក​មានការ​ចូលរួម​ផង​ដែរ ពី​កងទ័ព​ខ្មែរ​គ្រប់​ភាគី​ទាំងអស់​។ ដូច្នេះ​បញ្ហា​ប្រឈម​ទៅ​អនាគត គឺ​បញ្ហា​សមត្ថភាព​នាយ ទាហាន​របស់​យើង ដែល​មិន​ធ្លាប់​ឆ្លងកាត់​បទ​ពិសោធន៍​លើ​សមរភូមិ​។

លោក​បន្ត​ថា ផ្តើម​ពី​អ្វី​ដែល​បាន​លើក​ឡើង​ខាងលើ​នេះ​គឺ មាន​តែ​ការ​ហ្វឹកហ្វឺន ដែល​មាន​ប្រសិទ្ធិ​ភាព និង​ត្រឹមត្រូវ​តែ​មួយ​គត់ ដែល​អាច​ធានា​នូវ​និរន្ត​ភាព​នៃ​សមត្ថភាព នៅ​ក្នុង​ការ​ប្រយុទ្ធ ក្នុង​នោះ​គុណភាព​នៃ​ការ​ហ្វឹកហ្វឺន និង​ការ​ហ្វឹកហ្វឺន​ឱ្យ​ចំ​ជំនាញ​ត្រឹមត្រូវ គឺជា​អាទិភាព​ធំ​បំផុត​ដែល​ត្រូវ​ផ្តោត​ការ​យកចិត្តទុកដាក់ ហើយ​ចៀសវាង​ដាច់ខាត​ការ ធានា​តែ​បរិមាណ តាម​រយៈ​ផែនការ​ហ្វឹកហ្វឺន​ដែល​គ្រាន់តែ​ជា​រូបភាព ប៉ុន្តែ​ខ្វះ​ការ​ពិនិត្យ​លើ​ស្ថាន​ភាព​ជាក់ស្តែង​នៃ​គុណភាព ។

លោក​ថា ការងារ​ទាំង​អស់នេះ​ត្រូវការ​ការ​ចូលរួម​ពី​អ៊ំ​ពូ​មី​យោធិន​ជំនាន់​ទី​១ ដើម្បី​បណ្តុះបណ្តាល​នាយទាហាន​ជំនាន់​ក្រោយ​ៗ​ឱ្យ​កាន់តែ​ខ្លាំង ដើម្បី​ការពារ​ជាតិ ហើយ​វា​ក៏​ជា​កិច្ចការ និង​ភារកិច្ច​រួម​របស់​យើង​ទាំងអស់​គ្នា ដើម្បី​ឱ្យ​កងទ័ព​ជាតិ​មួយ​កាន់តែ​រឹង​មាំ​និង​មានការ​បន្សល់​ទុក​នូវ​ប្រព័ន្ធ​ការងារ​មួយ ជា​កេរតំណែល​របស់​នាយទាហាន​ជំនាន់​មុន​។

លោក​ឧត្តមសេនីយ៍ឯក​មេ​ទ័ពជើងគោក​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី រាជការ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​ដូច​ជា​សប្បុរសជន ជា​ច្រើន ចំពោះ​ការ​លះបង់​ជួយ​ដល់​កងទ័ព ដោយ​កន្លង​មក​តែង​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ ទាំង​ស្មារតី ថវិកា និង​សម្ភារ​ដល់​បញ្ជាការដ្ឋាន​រថក្រោះ កងទ័ពជើងគោក ក្នុង​នាម​ជា​ស្ថាប័ន ចងសម្ព័ន្ធ​មេត្រីភាព រហូត​អង្គភាព​មានការ​រីក​ចម្រើន​ជា​លំដាប់ និង​ដោះស្រាយ​បាន​នូវ បញ្ហា​លំបាក និង​តម្រូវការ​ជាក់ស្តែង ចំពោះ​មុខ​នានា ដែល​នេះ​គឺជា​ការ​ចូលរួម​ចំណែក មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង កង​យោធពលខេមរភូមិន្ទ ដែល​ជា​កម្លាំង​ស្នួល​នៃ​ខឿន​ការ ពារ​ជាតិ «​ប្រជាជន​ដើម្បី​ការពារ​ជាតិ ការពារ​ជាតិ​ដើម្បី​ប្រជាជន​»៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ