ខេត្តប៉ៃលិន ៖ ក្នុងឱកាសជួបសួរសុខទុក្ខក្មេងស្រីរងគ្រោះ ដោយសារចាញ់បោកជនខិលខូចយកទៅលក់នៅប្រទេសថៃ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅមណ្ឌលគ្រួសារខេត្តប៉ៃលិន លោកផាន់ ចាន់ធុល អភិបាលខេត្ត បានជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាទប់ស្កាត់ឲ្យបានដាច់ខាតនូវគ្រប់រូបភាពគ្រប់ទីកន្លែង ចំពោះការឆបោកដែលឈានដល់ការប្រព្រឹត្តបទល្មើសជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ គឺចាត់វិធានការស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបឲ្យបានទាន់ពេលវេលា ខណៈអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាបរិបទសាកល ដែលនៅតែបន្តកើតមាន ។
អាស្រ័យដោយកត្តាសំខាន់៣ គឺការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មើស ។
លោកអភិបាលខេត្ត ក៏បានណែនាំដល់ក្មេងស្រីទាំង៣នាក់ ដែលបានរំដោះរួចផុតពីការបោកប្រាស់របស់ជនខិលខូច ហើយពេលត្រឡប់ទៅស្រុកកំណើតវិញ ត្រូវមានការប្រុងប្រយ័ត្នកុំឱ្យចាញ់បោកគេទៀត និងត្រូវខិតខំរៀនសូត្រយកចំណេះជំនាញ តាមរយៈការគាំទ្រពីមន្ទីរកិច្ចការនារីខេត្ត មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងអង្គការឧបត្ថម្ភគ្រួសារកម្ពុជា ដែលជាគ្រូបង្គោល ដើម្បីយកចំណេះដឹង ជំនាញយកទៅអនុវត្ត ប្រកបមុខរបរចិញ្ចឹមជីវិត និងបង្កើនសេដ្ឋកិច្ចគ្រួសារទាំងមូលឱ្យបានការរីកចំរើនជាបន្តបន្ទាប់ ។
លោកស្រី ចន្ទ ថាវី ប្រធានមន្ទីរកិច្ចការនារីខេត្តប៉ៃលិន បានឱ្យដឹកថា ក្មេងស្រីរងគ្រោះទាំង០៣នាក់នេះ ត្រូវបានជនខិលខូចលួងលោមយកទៅលក់ឱ្យថៅកែនៅប្រទេសថៃ ដោយឆ្លងកាត់តាមច្រកស្រុកកំរៀង ហើយត្រូវបានសមត្ថកិច្ចស្រុកកំរៀងឃាត់ខ្លួន ។ ក្រោយមកក៏បានប្រគល់ជនរងគ្រោះឱ្យមកស្នាក់នៅមណ្ឌលគ្រួសារខេត្តប៉ៃលិន ដើម្បីធ្វើការប្រគល់ជនរងគ្រោះជូនដល់ឱពុកម្តាយត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ។
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ