ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច ស ខេ​ង ៖ មន្ត្រី​ច្រកព្រំដែន​ត្រូវ​ប្រើ​ស្នាមញញឹម ដើម្បី​ទាក់ទាញ​ជនបរទេស​មក​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ថា​ការ​ផ្តល់​ស្នាមញញឹម និង​កាយវិការ​ទន់ភ្លន់​ប្រកបដោយ​ភាព​រាក់ទាក់​របស់​មន្ត្រី​តាម​ច្រកព្រំដែន​ស្មើនឹង​ផ្ញើ​សារ​ដ៏​ល្អ​របស់​កម្ពុជា​ទៅ​កាន់​ជនបរទេស​ជា​ច្រើន ។ សម្តេច…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ថា​ការ​ផ្តល់​ស្នាមញញឹម និង​កាយវិការ​ទន់ភ្លន់​ប្រកបដោយ​ភាព​រាក់ទាក់​របស់​មន្ត្រី​តាម​ច្រកព្រំដែន​ស្មើនឹង​ផ្ញើ​សារ​ដ៏​ល្អ​របស់​កម្ពុជា​ទៅ​កាន់​ជនបរទេស​ជា​ច្រើន ។ សម្តេច ស ខេ​ង បាន​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​ការងារ ឆ្នាំ​២០២០ របស់​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែមករា​នេះ នៅ​ទីស្តីការក្រសួង​បាន​គាំទ្រ​ពេញទំហឹង​ចំពោះ​គោលការណ៍​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដែល​ណែនាំ​ឱ្យ​មន្ត្រី​អន្តោប្រវេសន៍​គ្រប់​រូប​អនុវត្ត​នូវ​ពាក្យស្លោក «​ផ្តល់​សេវា​ដោយ​ស្នាមញញឹម​» ។

សម្ដេច​បាន​បន្ត​ថា ការ​ផ្តល់​សេវា​ស្នាមញញឹម​នេះ​ជា​ការ​ចូលរួម​យ៉ាង​ប្រពៃ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ស្រូប​ទាញ​ទេសចរណ៍​របស់​ជាតិ និង​អន្ដរជាតិ ព្រមទាំង​ស្រប​ទៅ​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ដែល​ជម្រុញ​ឱ្យ​គ្រប់​ក្រសួង​ស្ថាប័ន​បន្ត​លើកកម្ពស់​ការ​ផ្តល់​សេវា​សាធារណៈ និង​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​បាន​លឿន​រហ័ស និង​ប្រកបដោយ​តម្លាភាព ។ ប្រមុខ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​នៅ​ក្នុង​សកម្មភាព​ជាក់ស្តែង ការ​ផ្តល់​ស្នាមញញឹម និង​កាយវិការ​ទន់ភ្លន់​ប្រកបដោយ​ភាព​រាក់ទាក់​របស់​បងប្អូន ជា​ពិសេស​មន្ត្រី​ដែល​ធ្វើការ​នៅ​តាម​ច្រក​ទ្វារ គឺ​មាន​ន័យ​ស្មើនឹង​ការ​ផ្ញើ​សារ​ដ៏​ល្អ​របស់​កម្ពុជា​ទៅ​កាន់​ជនបរទេស​ជា​ច្រើន​ទៀត​ដែល​សារ​នោះ​នឹង​ជួយ​អន្ទង​ឱ្យ​ពួក​គេ​ចង់​មក​ឃើញ​មក​ស្គាល់​មក​ទស្សនៈកិច្ច​ព្រះរាជាណាចក្រ​កម្ពុជា​យើង​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ក៏​បាន​លើក​ឡើង​ថា ត្រូវ​បន្ត​លើកកម្ពស់​តួនាទី​ជា​កងកម្លាំង​ជួរ​មុខ​របស់​ប៉ុស្តិ៍ ច្រក​ទ្វារ​អន្តរជាតិ និង​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ទាំងអស់ ក្នុង​ការ​បង្ការ រារាំង​សមាសភាព​អាក្រក់​មិន​ទុក​ឱ្យ​ពួក​ភេរវកម្ម មាន​លទ្ធភាព​យក​កម្ពុជា​ធ្វើ​ជាទី​ជម្រក ដើម្បី​លាក់ខ្លួន​ចាត់តាំង​សកម្មភាព​ភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លង​ដែន គ្រប់​ប្រភេទ ឬ​គេច​ពី​សំណាញ់​ច្បាប់ នៅ​ប្រទេស​ក្រៅ ។ ឆ្លៀតឱកាស​នោះ​ដែរ សម្ដេច​ក្រឡាហោម ស ខេ​ង ក៏​បាន​ផ្ដាំផ្ញើ​ទៅ​មន្ត្រី​នគរបាល​ច្រក​ទ្វារ ក្នុង​ការ​ត្រួតពិនិត្យ​អ្នកដំណើរ​ចេញ​-​ចូល ការ​រក​ឃើញ​ឯកសារ​មិន​ប្រក្រតី និង​បណ្តា​មុខសញ្ញា​ផ្សេង​ៗ​ក្នុង​បញ្ជីខ្មៅ​អន្តោប្រវេសន៍ ដើម្បី​វិនិច្ឆ័យ​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​ជាមួយ​នេះ​ត្រូវ​លើកកម្ពស់​ការ​ប្រើប្រាស់ និង​ការ​ថែទាំ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ដែល​ក្រសួង​បំពាក់​ជូន​ឱ្យ​បាន​ល្អ​ប្រសើរ និង​អស់​លទ្ធភាព ដើម្បី​មាន​ទិន្ន័យ​គ្រប់គ្រាន់​សម្រាប់​ការ​វិភាគ​តាមដាន និង​ការ​ដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​នានា​ទៅ​តាម​សំណូមពរ​ការងារ​ជាក់ស្តែង ។

សម្ដេច ស ខេ​ង បាន​សង្កត់ធ្ងន់​ថា ៖«​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ពិតជា​ត្រូវការ​វត្តមាន​ជនបរទេស និង​ចង់បាន​ឱ្យ​ចំនួន​មានការ​កើនឡើង​ខ្ពស់ ប៉ុន្តែ​សមាសភាព​ដែល​ចង់បាន​នោះ គឺ​អ្នក​ទេសចរណ៍​ពាណិជ្ជករ អ្នក​វិនិយោគ និង​អ្នកឯកទេស​ពិតប្រាកដ ដែល​អាច​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​» ។

ឆ្លៀតឱកាស​នោះ​ដែរ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បញ្ជាក់ ថា ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏​ដោយ​តាម​ការ​ពិនិត្យ​ឃើញ​ថា មាន​កត្តា​អសកម្ម​មួយ​ចំនួន​បង្ក​ឡើង​ដោយ​ជនបរទេស​លើ​ជនបរទេស​ក្នុង​នោះ​មាន​ករណី​បាញ់​សម្លាប់​មនុស្ស ករណី​ឃា​ដ​កម្ម​ចាប់ជម្រិត​ទារប្រាក់​វាយតប់ ឆក់​ប្លន់ បង្ក​ឡើង​នូវ​ការ​បាត់បង់​សណ្តាប់ធ្នាប់ និង​ក្តី​បារម្ភ​ក្នុង​សង្គម ការ​ប្រព្រឹត្ត​បទល្មើស VOIP Game Online ការ​ចរាចរ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ការ​ប្រកប​មុខរបរ​ដោយ​គ្មាន​សៀវភៅ​ការងារ ការ​លួច​ជ្រៀតចូល​ដោយ​ខុសច្បាប់ និង​ស្នាក់​នៅ​ហួស​រយៈពេល​កំណត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ