រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំនៃអាជ្ញាធរអគ្គិសនីកម្ពុជាបានអះអាងកាលពីថ្ងៃទី ២៩ ខែមករា ម្សិលមិញនេះថា ឆ្នាំ២០២០នេះ ការផ្គត់ផ្គង់អគ្គិសនី នៅក្នុងប្រទេសកម្ពុជា នឹងមានការខ្វះខាតដូចកាលឆ្នាំ ២០១៩ទៀតឡើយ ដោយកម្ពុជាបានត្រៀមលក្ខណៈរួចរាល់ក្នុងការផ្គត់ផ្គង់បំពេញតម្រូវការអោយគ្រប់គ្រាន់ ។ នេះជាការលើកឡើងរបស់លោក លោកយឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា នៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ ២០១៩ របស់អាជ្ញាធរអគ្គិសនីកម្ពុជា ។
លោកបានមានប្រសាសន៍ថា កាលពីឆ្នាំកម្ពុជាមិនបានត្រៀមនិងមិនដឹងមុន ធ្វើអោយទឹកអាងក្នុងទំនប់វារីអគ្គិសនី នៅសល់តិច តែសម្រាប់ឆ្នាំ២០២០នេះ រហូតមកដល់ពេលនេះហើយ ទឹកក្នុងទំនប់វារីអគ្គិសនីដែលជាសម្រាប់ផលិតថាមពលនៅពេញនៅឡើយ ពោលគឺនៅ ១០០ភាគរយ ដូច្នេះថាមពលដែលផលិតចេញពីវារីអគ្គិសនីនៅតែខ្លាំង បូករួមជាមួយនឹងការផលិតចេញ ប្រភពផ្សេងទៀតដូចជារោងចក្រដើរដោយប្រេងខ្មៅរោងចក្រដើរដោយធ្យូងថ្ម និងថាមពលបានមកពី ពន្លឺព្រះអាទិត្យជាដើម ។ ក្រៅពីនោះ កម្ពុជា ក៏បានចរចាទិញថាមពលអគ្គិសនីបន្ថែមពីប្រទេសជិតខាងផងដែរ ដូច្នេះធ្វើអោយថាមពលអគ្គិសនីនៅក្នុងឆ្នាំ២០២០នេះ នឹងគ្រប់គ្រានតាមតម្រូវការ ។
លោកយឹម វិសិដ្ឋ បានមានប្រសាសន៍បញ្ជាក់ថា « វិនិយោគិននិងប្រជាពលរដ្ឋសូមលែងបារម្ភពីការខ្វះខាតភ្លើងដូចកាលពីឆ្នាំ២០១៩ទៀតទៅ ហើយការដាច់ភ្លើងនៅពេលបច្ចុប្បន្ននេះ មិនមែនដោយសារតែខ្វះភ្លើងនោះទេ តែជាបច្ចេកទេសរបស់អគ្គិសនីកម្ពុជា ក្នុងការជួសជុលនិងថែទាំ ឬក៏ជាឧបទ្ទវហេតុផ្សេងដូចជាការធ្វើសំណង់ហើយលើកដែកប៉ះពាល់បង្គោលបណ្ដោយអោយដាច់ចរន្តជាដើម » ។ លោកបានបន្តថា ប្រភពអគ្គិសនីដែលកម្ពុជាមាននៅក្នុងឆ្នាំ ២០២០ និងឆ្នាំបន្តបន្ទាប់ គឺមានខ្ពស់ជាងតម្រូវការខ្ពស់បំផុតដែលបានសិក្សាសម្រាប់ការប្រើប្រាស់ ។ ការសិក្សាបានបង្ហាញថា តម្រូវការសម្រាប់ការប្រើប្រាស់ភ្លើងក្នុងឆ្នាំ២០២០នេះមានប្រមាណ២២០០មេហ្កាវ៉ាត់ ប៉ុន្តែការផ្គត់ផ្គង់ត្រូវបន្ថែមពីលើនេះប្រមាណ២០ភាគរយទៀតដើម្បីត្រៀមនៅពេលដែលមានការប្រើប្រាស់លើសពីការសិក្សា ដូច្នេះហើយទើបអាជ្ញាធរអគ្គិសនីហ៊ានអះអាងថា នឹងមិនមានការខ្វះខាតភ្លើងទៀតនោះទេ ។
លោកបានបន្ថែមថា បើទោះបីជាបច្ចុប្បន្ននេះ ការផ្គត់ផ្គង់មិនមានការខ្វះខាតក៏ដោយក្ដី ក៏កម្ពុជាត្រូវការអោយមានការវិនិយោគលើវិស័យថាមពលបន្ថែមទៀតផងដែរ ព្រោះ កំណើននៃតម្រូវការថាមពលក្នុងប្រទេសនីមួយៗតែងតែមានកំណើនជារៀងរាល់ឆ្នាំ ដូច្នេះហើយត្រូវការមានការវិនិយោគបន្ថែមទៀត ។
ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាទទួលស្គាល់ថាគុណភាពនៃការប្រើប្រាស់ភ្លើងនៅមានកម្រិត ដោយជំហានដំបូង កម្ពុជាត្រូវការតភ្ជាប់បណ្ដាញទៅគ្រប់ភូមិ លំនៅឋានរបស់ពលរដ្ឋ បន្ទាប់មកទៀតទើបត្រូវការពង្រឹងគុណភាពដើម្បីធានាដល់ការប្រើប្រាស់អោយមានប្រសិទ្ធភាព ។ ចំណែកតម្លៃនៃការប្រើប្រាស់ភ្លើងនៅកម្ពុជាវិញ គឺមានលក្ខណៈខុសពីប្រទេសជិតខាង ដោយកម្ពុជាមាននិន្នាការបញ្ចុះតម្លៃភ្លើងពីមួយឆ្នាំទៅមួយ ជាក់ស្ដែងក្នុងឆ្នាំ ២០២០នេះ តាមគោលការណ៍រដ្ឋាភិបាលគ្រោងនឹងបញ្ចុះបន្ថែមទៀតទៅតាមលទ្ធភាព។
បើតាមលោកស៊ុយ សែន រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានអោយដឹងផងដែរថា មេរៀននិងបទពិសោធន៍ ដែលបានរៀនសូត្រ និងទទួលបាន ពីការជួបប្រទះ ការខ្វះខាតអគ្គិសនីនៅរដូវប្រាំងកាលពីឆ្នាំ ២០១៩ បានធ្វើអោយក្រសួងរ៉ែនិងថាមពល បង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំង លើសកម្មភាពនៃការអភិវឌ្ឍបន្តទៀត ដែលក្នុងនោះមានការរៀបចំផែនការមេ ការបន្ថយអតុល្យការនៃអានុភាពប្រភពអគ្គិសនី រវាងរដូវប្រាំងនិងរដូវវស្សា ការអនុវត្តគម្រោងអភិវឌ្ឍន៍ ដែលមានក្នុងផែនការមេអោយទាន់ពេលវេលា និងវិធានការណ៍ដើម្បីធានាថានៅរដូវប្រាំងឆ្នាំបន្តបន្ទាប់ទៀត កម្ពុជានឹងមិនជួបបញ្ហាខ្វះអគ្គិសនី ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានប្រភពថាមពលសំខាន់ៗពីវារីអគ្គិសនី ពីរោងចក្រដើរដោយធ្យូងថ្ម ពី រោងចក្រដើរដោយប្រេងខ្មៅ ពីពន្លឺព្រះអាទិត្យ ប្រភពនាំចូលពីប្រទេសជិតខាងដើម។
លោកស្រីឧកញ៉ា កែវ មុំ នាយិកាក្រុមហ៊ុនផលិតនំស្រួលីលី ធ្លាប់បញ្ជាក់ឲ្យដឹងកន្លងមកថា ក្នុងនាមជាម្ចាស់ឧស្សាហកម្មមួយរូបមានការព្រួយបារម្ភខ្លាំងមែនទែនចំពោះការកង្វះខាតថាមពលអគ្គិសនីផ្គត់ផ្គង់នៅតាមអគាររោងចក្រ ព្រោះវាពិតជាធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្វាក់ផលិតកម្ម និងថ្លៃដើម ដូច្នេះលោកស្រីពិតជារីករាយបើសិនជាមិនមានបញ្ហាកង្វះអគ្គិសនីសម្រាប់ឆ្នាំ ២០២០ នេះ ។ លោកស្រីឧកញ៉ាបានបញ្ជាក់ថា «អីចឹងវាមិនមែនតែរូបខ្ញុំម្នាក់នោះទេសូម្បីតែប្រជាជននៅទូទាំងប្រទេសមានការព្រួយបារម្ភនូវការកង្វះខាតអគ្គិសនីនេះដែរ ។
កាលពីចុងឆ្នាំ២០១៩ ឃើញប្រកាសរបស់សម្តេចចេញមកថា បច្ចុប្បន្នអគ្គិសនីដែលដើរដោយកំលាំងទឹកគឺមានការខ្វះខាតទឹក ហើយការផលិតអគ្គិសនីក៏មានការខ្វះខាត អីចឹងវាជាការបារម្ភរបស់ខ្ញុំក៏ដូចជាឧស្សាហករដទៃទៀតផងដែរ» ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ