ខេត្តព្រៃវែង ៖ ក្រុមអាជីវករទិញស្រូវ និងម្ចាស់រថយន្តដឹកស្រូវរាប់សិបនាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មដុតសំបកកង់ឡាន និងវាយកម្ទេចស្នាក់ការបេនចំណតរថយន្ត នៅមាត់ច្រកទ្វារអន្តរជាតិបន្ទាយចក្រី កាលពីព្រឹកថ្ងៃទី២៩ មករា ដែលហេតុការណ៍បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវជាតិ-អន្តរជាតិ ក៏ដូចជាកម្លាំងសមត្ថកិច្ចនាំគ្នាចុះទៅអន្តរាគមន៍យ៉ាងកកកុញ នៅមាត់ច្រកទ្វារអន្តរជាតិមួយនេះ ។
ក្រុមអាជីវករទាំងនោះ បានលើកឡើងថា មូលហេតុដែលពួកគាត់នាំគ្នាធ្វើបាតុកម្មនេះ គឺដោយសារតែខឹងនិងម្ចាស់បេនចំណតរថយន្តបន្ទាយចក្រី កំណត់យកលុយពីពួកគាត់ស្រេចតែអំពើចិត្ត រថយន្តដឹកស្រូវមួយគ្រឿង ពេលខ្លះ គេទារយក១ម៉ឺន៥ពាន់រៀល ពេលខ្លះគេទារយក២ម៉ឺនរៀល ស្រេចតែចិត្តរបស់គេ ។ ហើយពេលក្រុមអាជីវករតវ៉ា គេថាអភិបាលខេត្តជាអ្នកកំណត់អោយគេយកបែបនេះ បើក្រុមអាជីវករមិនសុខចិត្ត ចង់ប្តឹងទៅណាក៏ប្តឹងទៅ ទើបធ្វើអោយក្រុមអាជីវករក្តៅឆួល ហើយនាំគ្នាធ្វើបាតុកម្មដុតសំបកកង់ឡាន និងវាយកំទិញស្នាក់ការបេនចំណតនោះចោលតែម្តងទៅ ។
ទោះជាយ៉ាងណាក៏ដោយ ក្រោយកើតមានហេតុការណ៍បាតុកម្មហឹង្សានេះឡើង កំលាំងសមត្ថកិច្ចបានចុះទៅធ្វើអន្តរាគមន៍ភ្លាមៗ ដោយមានខាងអាជ្ញាធរស្រុកចុះទៅសម្របសម្រួល និងបានសន្យាជាមួយក្រុមអាជីវករថា នៅល្ងាចថ្ងៃដដែលនោះ តំណាងអភិបាលខេត្តនិងចុះមកដោះស្រាយជូនបងប្អូនក្រុមអាជីវករ ទើបក្រុមបាតុករព្រមបំបែកគ្នាទៅវិញអស់។
រហូតដល់ម៉ោង៤ល្ងាចថ្ងៃដដែល លោក សួន សុម៉ាលីន អភិបាលរងខេត្ត បានដឹកនាំគណៈកម្មការខេត្ត ចុះមកដោះស្រាយដោយផ្ទាល់ ដោយបានអញ្ជើញភាគីម្ចាស់បេនចំណត និងក្រុមអាជីវករទាំងអស់ ទៅជួបដោះស្រាយគ្នានៅស្នាក់ការប៉ូលីសព្រំដែន ហើយក្នុងពេលជួបដោះស្រាយនោះ ភាគីខាងម្ចាស់បេនបានអះអាងថា ខ្លួនមិនបានកំណត់ទារយកលុយដូចការចោទប្រកាន់នោះទេ គឺកំណត់យកទៅតាមតែសៀវភៅបន្ទុកប៉ុណ្ណោះ ហើយកន្លងមកតែងតែសម្រួល អនុគ្រោះទៅតាមការស្នើសុំរបស់ក្រុមអាជីវកររហូត ប៉ុន្តែក្រុមអាជីវករខ្លួនឯងគឺមានអ្នកនៅពីក្រោយខ្នង ចាំញុះញង់ រហូតផ្ទុះកើតមានបាតុកម្មបែបនេះតែម្តង។
ដោយឡែក ខាងអាជីវករនៅតែអះអាងថា ពួកគាត់ទាមទារអោយអាជ្ញាធរខេត្ត រំលាយបេនចំណតរថយន្តច្រកបន្ទាយចក្រីនេះចោលតែម្តង ព្រោះបេន១នេះមិនបានជួយអ្វីដល់ប្រជាពលរដ្ឋទេ មានតែធ្វើអោយពលរដ្ឋខាតបង់ទៅវិញទេ ។ ឆ្លើយតបចំពោះការទាមទារនេះ លោកសួន សុម៉ាលីន អភិបាលរងខេត្តបានលើកឡើងថា បេនចំណតរថយន្តច្រកបន្ទាយចក្រីនេះ គឺជាបេនស្របច្បាប់ ដែលមានអាជ្ញាបណ្ណ័ពីក្រសួងត្រឹមត្រូវ ហើយម្ចាស់បេនក៏បានបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ជាបន្តបន្ទាប់ផងដែរ ដូច្នេះគឺមិនអាចរំលាយបេនចោលបាននោះទេ។
ទោះជាយ៉ាងណាក៏ដោយ ឯកឩត្តម សួន សុម៉ាលីន បានបញ្ជាក់ថា ឯកឩត្តមនិងនាំយកការស្នើសុំរបស់ក្រុមអាជីវករ ដាក់ជូនទៅលោកជា សុមេធី ដើម្បីពិចារណា និងរកដំណោះស្រាយជូនបងប្អូនក្រុមអាជីវករ ប៉ុន្តែស្នើសុំពេលវេលាមួយរយៈពេលខ្លីសិន ហើយក្នុងអំឡុងពេលនេះ ក៏សុំអោយបងប្អូនក្រុមអាជីវករទាំងអស់ រក្សាស្ថានភាពស្ងប់ស្ងាត់ និងរកស៊ីតាមធម្មតាសិន ដោយឡែកខាងបេនចំណត គឺមិនអោយបន្តយកលុយពីឡានស្រូវទៀតទេ គឺរងចាំរហូតដល់បញ្ហានេះ ត្រូវបានដោះស្រាយចប់សិន។
ថ្លែងក្នុងពេលនោះដែរ លោក សួន សុម៉ាលីន បានបញ្ជាក់ថា នៅមាត់ច្រកទ្វារអន្តរជាតិបន្ទាយចក្រីនេះ មិនមែនមានបេនចំណតតែ១នេះទេ គឺនៅមានបេនចំណតជាច្រើនទៀត ដែលបេនចំណតទាំងនោះ សុទ្ធតែជាបេនចំណតអនាធិបតេយ្យខុសច្បាប់ ដូច្នេះ ក្រោយពីដោះស្រាយបញ្ចប់បញ្ហាខាងលើរួចហើយ លោកនិងចាត់វិធានការរំលាយបេនចំណតអនាធិបតេយ្យទាំងអស់នោះចោលតែម្តង៕
ចែករំលែកព័តមាននេះ