ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ដាក់​ឲ្យ​ប្រើប្រាស់​ក្រមសីលធម៌​សម្រាប់​ទីភ្នាក់ងារ​ជ្រើស​ពលករ​ផ្តល់​សារៈសំខាន់​ដល់​ពលករ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បានការ​ដាក់​ឲ្យ​ប្រើប្រាស់​ក្រមសីលធម៌​សម្រាប់​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា​ដែល​មាន​សារៈសំខាន់​ណាស់ ដើម្បី​ធានា​ការ​ធ្វើ​ទេសន្តរប្រវេសន៍​ការងារ​របស់​ពលករ​ទេស​ន្ត​ប្រវេសន៍ ។ លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​ពិធី​ផ្សព្វផ្សាយ​ដាក់​ឲ្យ​ប្រើប្រាស់​ក្រមសីលធម៌​សម្រាប់​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា​បាន​លើក​ឡើង​ក្នុង​ពិធី​ប្រកាស​ឲ្យ​ប្រើប្រាស់​ក្រម​នេះ…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បានការ​ដាក់​ឲ្យ​ប្រើប្រាស់​ក្រមសីលធម៌​សម្រាប់​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា​ដែល​មាន​សារៈសំខាន់​ណាស់ ដើម្បី​ធានា​ការ​ធ្វើ​ទេសន្តរប្រវេសន៍​ការងារ​របស់​ពលករ​ទេស​ន្ត​ប្រវេសន៍ ។

លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​ពិធី​ផ្សព្វផ្សាយ​ដាក់​ឲ្យ​ប្រើប្រាស់​ក្រមសីលធម៌​សម្រាប់​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា​បាន​លើក​ឡើង​ក្នុង​ពិធី​ប្រកាស​ឲ្យ​ប្រើប្រាស់​ក្រម​នេះ នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមករា​នេះ នៅ​សណ្ឋាគា​ភ្នំពេញ​ថា ក្រម​នេះ​នឹង​ជួយ​ពលករ​ទទួល​បាន​លទ្ធផល​ជោគជ័យ និង​បទ​ពិសោធន៍​ជា​វិជ្ជមាន​ក៏​ដូច​ជា ទទួល​បាន​នូវ​ការ​ការពារ​សិទ្ធិ និង​គាំទ្រ​ដល់​ពួក​គេ​ក្នុង​ការ​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​សម្រាប់​ពលករ​ផ្ទាល់ខ្លួន​សមាជិកគ្រួសារ សហគមន៍ និង​ប្រទេស​ជាតិ​ទាំងមូល ។

លោក​បន្ត​ថា ក្រមសីលធម៌​នេះ គឺជា​ឧបករណ៍​មួយ​ដែល​អាច​អនុវត្ត​បាន​ដោយ​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា​ទាំងអស់​ដោយ​បាន​ដាក់​ចេញ​នូវ​គោលការណ៍​គ្រឹះ ជា​មូលដ្ឋាន​ស្រប​តាម​ច្បាប់​ជាតិ និង​បទដ្ឋាន​ការងារ​អន្តរជាតិ​សម្រាប់​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា​ទាំងអស់​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ការ​ទទួលខុសត្រូវ និង​គោរព​ក្រមសីលធម៌​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​ការ​ជ្រើសរើស​ការ​បណ្តុះបណ្តាល ការ​បញ្ជូន និង​ការ​គ្រប់គ្រង​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស ។

លោក​បន្ថែម​ថា ក្រមសីលធម៌​នេះ​នឹង​រួមចំណែក​ពង្រឹង​ប្រសិទ្ធិ​ភាព​នៃ​ការ​ការពារ​ការ​លើកកម្ពស់​សិទ្ធិ​ការងារ​ក៏​ដូច​ជា សុខុមាលភាព​របស់​ពលករ​ទាំង​នៅ​ក្នុងស្រុក និង​នៅ​បរទេស ។ លើស​ពី​នេះ​ទៀត​នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​ការ​អនុវត្ត​របស់​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា​ប្រកបដោយ​គណនេយ្យ​ភាព​ផង ហើយ​ក៏​ជា​ប្រភព​ដែល​មាន​សារៈ​ប្រយោជន៍​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​អាច​បញ្ជាក់​បាន​អំពី​ការ​រំពឹង​ទុក​របស់​ពលករ​ពី​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ដែល​ទាក់ទង​ទៅ​នឹង​បទ​ពិសោធន៍​ទេសន្តរប្រវេសន៍​ការងារ​របស់​ពួក​គេ ។

លោក អ៊ិ​ត សំ​ហេង ក៏​បាន​លើក​ឡើង​ពី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដ៏​ឆ្លៀសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​នាំ​កម្ពុជា​ទទួល​បាន​នូវ​សុខ​សន្តិភាព​ពេញលេញ​ស្ថិរភាព​នយោបាយ​សម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​៧%​ក្នុង​មួយ​ឆ្នាំ​កំណើន​វិនិយោគិន​ទុន និង​ពាណិជ្ជកម្ម​បាន​បង្កើត​នូវ​ការងារ​ក្នុងស្រុក​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​១០​លាន​នាក់ ទន្ទឹម​នឹង​នេះ​រាជរដ្ឋាភិបាល​ក៏​បាន​ខិតខំ​បើក​ច្រក​ទីផ្សារ​ការងារ​នៅ​បរទេស​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​ផ្តល់​ឱកាស​ក៏​ដូច​ជា ជម្រើស​ជូន​ពួក​គាត់​ស្វែងរក​ការងារ​ដែល​ពួក​គាត់​ពេញចិត្ត និង​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់ ហើយ​ថែម​ទាំង​បាន​ដាក់​ចេញ និង​អនុវត្ត​នូវ​គោលនយោបាយ និង​យន្តការ​គាំពារ​ពលករ ទេសន្តរប្រវេសន៍​ប្រកបដោយ​ជោគជ័យ ។

ទន្ទឹម​នឹង​នេះ រាជរដ្ឋាភិបាល​ក៏​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ក្នុង​ការ​គាំពារ​ការ​ការពារ​សិទ្ធ និង​ផលប្រយោជន៍​ពលករ​ខ្មែរ​យើង​នៅ​បរទេស​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​នៃ​ប្រទេស ទទួល និង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​បទដ្ឋាន​នានា​ដោយ​ប្រើប្រាស់​គោលការណ៍​យន្តការ និង​នីតិវិធី​នានា​ផង​ដែរ ។ តំណាង​ជាន់ខ្ពស់​របស់​អង្គការ ILO លោកស្រី Anna Engblom បាន​លើក​ឡើង​ថា ពិធី​ដាក់​ឲ្យ​ផ្សព្វផ្សាយ​ក្រមសីលធម៌​សម្រាប់​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​នៅ​កម្ពុ​ជានា​ថ្ងៃនេះ​ថា ផលប្រយោជន៍​នឹង​ទទួល​បាន​ដល់​ប្រទេស​ដែល​បញ្ជូន​ទៅ​ផង និង​ប្រទេស​ដែល​ជា​គោលដៅ​ទទួល​ផង ។ ប្រទេស​បញ្ជូន​នោះ​ដូច​ជា ប្រទេស​កម្ពុជា វា​អាច​កាត់​បន្ថយ​ភាព​ក្រីក្រ ចំណែក​ប្រទេស​គោលដៅ​វិញ​អាច​ជួយ​ដល់​សកម្មភាព​សេដ្ឋកិច្ច ផ្ទុយ​ទៅ​វិញ​ប្រទេស​គោលដៅ​មិន​អាច​រីក​ចម្រើន​បាន​ឡើង បើសិន​គ្មាន​ការ​បញ្ជូន​ពលករ​ទៅ ។

ចំណែក​លោក Pablo Kang ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​បាន​លើក​ឡើង​ដែរ​ថា ការ​ដាក់​ឲ្យ​ប្រើប្រាស់​ក្រមសីលធម៌​សម្រាប់​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា​នៅ​ពេល​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់ ហើយ​ប្រទេស​អូស្ត្រាលី​ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន​បាន​ខិតខំ​លុប​បំបាត់​ពលករ​ទេស​ន្ត​ប្រវេសន៍​ដូច​ជា ការ​យក​ថ្លៃ​ហួសហេតុ ការ​យក​ជំនួស​កិច្ចសន្យា ពលកម្ម​ដោយ​បង្ខំ និង​ការ​ជួញដូរ​មនុស្ស​ជាដើម ។

លោក​សង្ឃឹមថា ពលករ​ទេស​ន្ត​ប្រវេសន៍​អាច​មានឱកាស​ចូលរួម​នូវ​កម្លាំង​ពលកម្ម​ប្រកបដោយ​អត្ថន័យ និង​អាច​ផ្លាស់​ទី​ដោយ​សេរី​ក្នុង​តំបន់​នេះ ដើម្បី​ច្បាម​យក​ឱកាស​ការងារ​នៅ​ពេល​មានការ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព ។ ម្យ៉ាងវិញទៀត ពលករ​ទេស​ន្ត​ប្រវេសន៍​ក៏​អាច​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស និង​ក្រុម​គ្រួសារ​ផង​ដែរ ។ លោក​បញ្ជាក់​ថា ៖«​អូស្ត្រាលី​សង្ឃឹមថា ក្រមសីលធម៌​នេះ គឺជា​ឧបករណ៍​ធានា​យ៉ាងណា​ឲ្យ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ការ​ចាំបាច់ និង​លើកកម្ពស់​សិទ្ធិ​ពលករ​ទេស​ន្ត​ប្រវេសន៍​លើស​ពី​នេះ​ទៀត​វា​ក៏​ជា​ឧបករណ៍​ដ៏​មាន​អនុភាព​ដល់​ពលករ​ដឹង​ពី​អ្វី​ដែល​ពួក​គេ​អាច​ទទួល​បាន​ពី​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ផង​ដែរ​» ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ