តើ​លើ​លោក​នេះ​មាន​អ្វី​ចម្លែក​ៗ និង​មាន​តម្លៃ​ថ្លៃ​ជាងគេ?


តើ​អ្នក​ហ៊ាន​ចំណាយ​ប៉ុន្មាន​លើ​រថយន្ត​មួយ​គ្រឿង? ចិញ្ចៀន​មួយ​វង់? ឬ​កន្លែង​ចត​រថយន្ត​មួយ​កន្លែង? សម្រាប់​សេដ្ឋី និង​មហាសេដ្ឋី បញ្ហា​លុយ​មិន​សំខាន់​ដូច​បញ្ហា​ចំណូលចិត្ត និង​សម្ភារៈ​ដែល​ខ្លួន​ស្រលាញ់​ទេ ។ មនុស្ស​មួយ​ចំនួន​ថែម​ទាំង​ហ៊ាន​ឲ្យ​តម្លៃ​មិន​សម​ហេតុ​សម​ផល​សម្រាប់​អ្វី​ដែល​ខ្លួន​ស្រលាញ់​ថែម​ទៀត​ផង ។ ខាងក្រោម​នេះ គឺជា​អ្វី​ចម្លែក​ៗ​ដែល​មាន​តម្លៃ​ថ្លៃ​ជាងគេ​ជុំវិញ​ពិភពលោក​៖

១. នាឡិកា​ពេជ្រ Graff Diamonds Hallucination ដែល​មាន​តម្លៃ ៥៥​លាន​ដុល្លារ​៖
នាឡិការ​នេះ​ត្រូវ​បាន​ផលិត​ឡើង​ក្នុង​ឆ្នាំ ២០១៤ ដោយ​ក្រុមហ៊ុន Graff Diamonds ក្នុង​ទីក្រុង​ឡុ​ង​ដ៍ ។ យោង​ទៅ​តាម Money Inc. បាន​ឲ្យ​ដឹង​ថា នាឡិកា​នេះ​ត្រូវ​បាន​ផលិត​ឡើង​បន្ទាប់​ពី​ចំណាយ​អស់​រាប់​ពាន់​ម៉ោង និង​ប្រើប្រាស់​ពេជ្រ ១១០​កា​រ៉ាត់​ដែល​មាន​ទាំង​ពណ៌​លឿង ផ្កាឈូក ខៀវ និង​ទឹកក្រូច​ក្នុង​ទំហំ​ខុស​ៗ​គ្នា ។

២. រថយន្ត Ferrari 250 GTO ឆ្នាំ ១៩៦៣ ដែល​មាន​តម្លៃ ៧០​លាន​ដុល្លារ​៖
កាលពី​ឆ្នាំ ២០១៨ រថយន្ត​នេះ​បាន​បំបែក​ឯតទគ្គ​កម្ម​ពេល​ដែល​លោក ដា​វី​ដ មេ​ក​នៀល (David MacNeil) ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន WeatherTech បាន​ទិញ​វា​ក្នុង​តម្លៃ ៧០​លាន​ដុល្លារ ។ រថយន្ត​នេះ​មាន​ចំនួន​តែ ៣៩​គ្រឿង​ប៉ុណ្ណោះ​ពេល​ដែល​ត្រូវ​បាន​ផលិត ។

៣. ត្រី​ធូ​ណា Bluefin ដែល​មាន​តម្លៃ ៣.១​លាន​ដុល្លារ​៖
កាលពី​ឆ្នាំ ២០១៩ ម្ចាស់​ភោជនីយដ្ឋាន​លក់​ស៊ូ​ស៊ី​មួយ​ឈ្មោះ​ថា គី​យ៉ូ​ស៊ី គី​មូរ៉ា (Kiyoshi Kimura) បាន​សម្រេចចិត្ត​ទិញ​ត្រី​ធូ​ណា Bluefin មួយ​ពី​ផ្សារ Toyosu ក្នុង​ប្រទេស​ជប៉ុន​ក្នុង​តម្លៃ ៣.១​លាន​ដុល្លារ ។

៤. ចំណតរថយន្ត​នៅ​សហរដ្ឋអាមេរិក​ដែល​មាន​តម្លៃ​១​លាន​ដុល្លារ​៖
ក្នុង​កំឡុង​ពី​ឆ្នាំ ១៩៧៨ ដល់​ឆ្នាំ ២០១០ តំបន់ Manhattan ក្នុង​ទីក្រុង​ញូយ៉ក​នៅ​សហរដ្ឋអាមេរិក​បាន​បាត់បង់​ចំណតរថយន្ត​ប្រមាណ ២៥,០០០​កន្លែង ហើយ​អគារ​ភាគច្រើន​មាន​កន្លែង​ចត​រថយន្ត​សម្រាប់​អ្នក​រស់នៅ​ក្នុង​អគារ​តែ​ប្រមាណ ២០%​ប៉ុណ្ណោះ ។ កន្លែង​ចត​រថយន្ត​បាន​ក្លាយជា​ដី​ទំនេរ​ដែល​មាន​តម្លៃ​យ៉ាង​ខ្លាំង​ដែល​ធ្វើ​ឲ្យ​មានការ​លក់​មួយ​ក្នុង​ឆ្នាំ ២០១៥ ដែល​តម្លៃ​បាន​កើន​ដល់ ១​លាន​ដុល្លារ​សម្រាប់​ចំណតរថយន្ត​បី​កន្លែង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ