តើអ្នកធ្លាប់ឲ្យមិត្តភក្តិខ្ចីលុយមួយចំនួន តែនៅតែមិនឮដំណឹងបន្ទាប់ពីប៉ុន្មានខែបានកន្លងផុតមកដែរទេ? ហើយខណៈដែលអ្នកចង់ទាមទារលុយទាំងនោះមកវិញ តើអ្នកភ័យខ្លាចថាអ្នកអាចប៉ះពាល់ដល់ទំនាក់ទំនងរវាងអ្នកទាំងពីរដែរទេ? ប្រសិនបើអ្នកស្ថិតក្នុងចំណោមមនុស្សដែលធ្លាក់ខ្លួនក្នុងស្ថានការទាំងនេះនោះ អ្នកគួរដឹងថាមានវិធីសាស្ត្រមួយចំនួនដែលអាចជួយឲ្យអ្នកទាមទារលុយមកវិញបានដោយចៀសវាងប៉ះពាល់ដល់មិត្តភាពរបស់អ្នកដែលមានដូចខាងក្រោមនេះ៖
១. សួរដោយសមរម្យ៖
មិត្តរបស់អ្នកជាអ្នកសម្រេចចិត្តមុនគេថាមកខ្ចីលុយអ្នក ដូច្នេះវាមិនមានអ្វីខុសប្រក្រតីដែលពួកគេត្រូវសងអ្វីដែលជំពាក់អ្នកដទៃវិញទេមិនថាអ្នកទាំងពីរជាមិត្តភក្តិ ឬបងប្អូនឡើយ ។ ដូច្នេះអ្នកគួរដឹងថាអ្នកគួរតែមានសិទ្ធិក្នុងការទាមទារអ្វីដែលអ្នកដទៃខ្ចីអ្នកវិញ ប៉ុន្តែអ្នកអាចសាកសូរដោយគួរសមដូចជា «ខ្ញុំកំពុងតែមានបញ្ហាលុយដែរនៅពេលនេះ តើអ្នកអាចរកវិធីសងលុយដែលអ្នកខ្ចីពីខ្ញុំបានទេ?»
២. ជួយរកវិធីឲ្យពួកគេរកលុយសងអ្នកវិញបាន៖
ប្រសិនបើពួកគេមានបញ្ហាក្នុងការប្រមូលថវិកាគ្រប់គ្រាន់ ដើម្បីសងអ្នកនោះ អ្នកក៏អាចផ្តល់យោបល់ពីវិធីផ្សេងៗដែលអាចឲ្យពួកគេរកលុយសងអ្នកបានលឿនដែរ ។ លើសពីនេះទៅទៀតតើមានកិច្ចការណាដែលពួកគេអាចធ្វើដើម្បីជួយឲ្យអ្នកសន្សំថវិកាបានទេ? ឧទាហរណ៏ដូចជា ប្រសិនបើពួកគេជាអ្នក Design នោះពួកគេអាចជួយច្នៃម៉ូដឲ្យអ្នកដោយមិនគិតថ្លៃហើយអ្នកអាចកាត់ថ្លៃខ្ចីតាមនោះជាដើម ។
៣. ឧស្សាហ៍ផ្តល់ការរំឭកដល់ពួកគេ៖
ជាទូទៅមនុស្សតែងតែមានមូលហេតុជាក់ស្តែងសម្រាប់ការខ្ចីលុយ ហើយអ្នកអាចសាកសួរពីមូលហេតុទាំងនោះដើម្បីផ្តល់ជាការរំលឹកដល់មិត្តរបស់អ្នកបាន ។ ឧទាហរណ៍ដូចជា ពួកគេខ្ចីលុយអ្នកដើម្បីជួសជុលរថយន្តជាដើម អ្នកអាចសាកសួរថា រថយន្តរបស់ពួកគេត្រូវបានជួសជុលឬនៅ?តើវានៅមានបញ្ហាទៀតទេ?
៤. ឧស្សាហ៍បដិសេធនឹងការចាយលុយនៅមុខពួកគេ៖
វិធីងាយមួយទៀតក្នុងការផ្តល់មុខសញ្ញាថាអ្នកចង់ទាមទារលុយដែលពួកគេខ្ចីវិញ គឺឧស្សាហ៍បដិសេធនឹងការចាយលុយផ្សេងៗនៅមុខពួកគេ និងផ្តល់មូលហេតុថាអ្នកកំពុងតែមានបញ្ហាលុយក្នុងពេលបច្ចុប្បន្ន ឬកំពុងចង់សន្សំដើម្បីធ្វើអ្វីមួយជាដើម ។ មនុស្សសាមញ្ញទូទៅនឹងយល់ដឹងថាវាជាសញ្ញាបង្ហាញថាពួកគេត្រូវតែសងអ្វីដែលខ្លួនជំពាក់ហើយ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ