ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​មន្ទីរពេទ្យ​រុ​ស្ស៊ី​ថា ​គ្មាន​អ្នក​កើត​​វីរុស​កូ​រ៉ូ​ណានៅ​ក្នុង​មន្ទីរពេទ្យឡើយ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​កើត​មាននូវ​ព័ត៌មាន​ច​ចាម​អារ៉ាម​មិនពិត​នៅ​លើ​បណ្តាញ​​សង្គម​ហ្វេ​ស​ប៊ុកថាមាន​អ្នក​កើត​ជំងឺ​​រលាកសួត​ប្រភេទ​ថ្មី (កូ​រ៉ូ​ណាវីរុស) រួច​មក នៅ​វេលា​ម៉ោង១១​និង​៣០​នាទី​ថ្ងៃ​ត្រង់ថ្ងៃទី​២៩ មករា ឆ្នាំ​២០២០​នេះ នាយក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​កើត​មាននូវ​ព័ត៌មាន​ច​ចាម​អារ៉ាម​មិនពិត​នៅ​លើ​បណ្តាញ​​សង្គម​ហ្វេ​ស​ប៊ុកថាមាន​អ្នក​កើត​ជំងឺ​​រលាកសួត​ប្រភេទ​ថ្មី (កូ​រ៉ូ​ណាវីរុស) រួច​មក នៅ​វេលា​ម៉ោង១១​និង​៣០​នាទី​ថ្ងៃ​ត្រង់ថ្ងៃទី​២៩ មករា ឆ្នាំ​២០២០​នេះ នាយក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី បាន​ធ្វើការ​បដិសេធ​ទាំងស្រុង​ចំពោះ​ព័ត៌មាន​ខាងលើ​នេះ ខណៈ​​បច្ចុប្បន្ន​នៅ​ក្នុង​មន្ទីរពេទ្យ​ពុំ​មាន​អ្នកកើត​​ជំងឺរលាក​សួត​ប្រភេទ​ថ្មី​(កូរ៉ូណាវីរុស)នេះ​ឡើយ ។

ការ​បដិសេធ និង​ច្រាន​ចោល​ព័ត៌មាន​មិន​ពិត​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ស​ន្និ​សី​ទ​ជា​សាធារណៈ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ជាតិ​ជា​ច្រើន​នៅ​ក្នុង​មន្ទីរពេទ្យ​រុ​ស្ស៊ី ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ, ​មន្ត្រី​អាជ្ញាធរ​រាជធានី​ភ្នំពេញ, ​លោក​អភិបាល​ខណ្ឌ​បឹង​កេងកង និង​ក្រុម​គ្រូពេទ្យ​ជំនាញ​ៗ នៅ​ក្នុង​មន្ទី​ពេទ្យ​រុ​ស្ស៊ី​ជា​ច្រើន​នាក់​ទៀត​ផង​ដែរ ។

លោក​វេជ្ជបណ្ឌិត​សាស្ត្រាចារ្យ ងី ម៉េ​ង ប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី បានអោយ​ដឹង​ថា មន្ទីរពេទ្យ​បាន​ត្រៀមលក្ខណៈ​រួចរាល់ នៅ​ពេល​​ទទួលព័ត៌មាន​ថា ​មានជំងឺរលាកសួត​ប្រភេទ​ថ្មី​(កូរ៉ូណាវីរុស)ខាងលើ​នេះ​កើត​ឡើង ។ ក្នុង​នោះ មន្ទីរពេទ្យ​ក៏​បាន​ត្រៀម​ក្រុម​គ្រូពេទ្យ និង​សម្ភារៈ​បច្ចេកទេស​ជា​សម្ព័ន្ធ​សម្រាប់​អ្នកជម្ងឺ ដើម្បី​បង្កា​រ​ការពារ​ធ្វើ​យ៉ាងណា​កុំ​ឱ្យ​​​ជំងឺប្រភេទ​​នេះ​រីក​រាលដាល​កាន់តែ​ធំ​បន្ថែម​ទៀត ។ ​មន្ទីរពេទ្យ​ក៏​បាន​ត្រៀម​បន្ទប់​ដាច់​ដោយឡែក​សម្រាប់​អ្នកជំងឺ​​ប្រភេទនេះ​​ក្នុង​ការ​តាមដាន​ស្ថានភាព​ជំងឺ​កំឡុង​ពេល​កើត​មាន​វិ​រុស​ថ្មី​នោះ ។

លោក​ប្រធាន​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត​បាន​អំពាវនាវ​ដល់​បងប្អូន​​ប្រជា​ពលរដ្ឋ​ សូម​មេត្តា​កុំ​ជឿ​នូវ​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ ដែល​ជា​ហេតុ​ធ្វើ​អោយ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គម ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ជា​អ្នក​ជំងឺដែលកំពុងសម្រាកព្យាបាល​​​នៅ​ក្នុង​មន្ទីរពេទ្យ​មានការ​ភ័យ​ខ្លាច​ចំពោះ​​ជំងឺ​រលាកសួត​ប្រភេទ​​ថ្មី​នេះ​ជាដើម ។

លោក​ប្រធាន​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀតបាន​​បន្ថែម​ថា ក្នុង​ករណី​មាន​អ្នកកើត​​ជំងឺរលាកសួត​ប្រភេទ​ថ្មី​ពិត​ប្រាកដ​មែន​នោះ ក្រុម​គ្រូពេទ្យ​នឹង​រាយ​ការ​ណ៍​ជូន​ទៅ​ក្រសួងសុខាភិបាល ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ជូន​សាធារណជន​​ឱ្យ​​បានដឹង ។ ​ទន្ទឹម​នឹង​នោះ​ដែរ លោក​ស្នើដល់​បងប្អូន​​ប្រជា​ពលរដ្ឋ​ទាំងអស់​​កុំ​មានការ​ភិត​ភ័យ ព្រោះ​មន្ទីរពេទ្យ​បាន​ត្រៀមលក្ខណៈ​គ្រប់យ៉ាង​ទាំងអស់​សម្រាប់​ថែ​ទាំ​អ្នក​ជំងឺ​​ដែល​កើត​មាន​វីរុស​ប្រភេទ​ថ្មី​នេះ ទាំង​ក្រុម​គ្រូពេទ្យ​ជំនាញ សម្ភារៈ​បច្ចេកទេស និង​បន្ទប់​ដាច់​ដោយឡែក ​មិន​ឱ្យ​​មានការ​ចម្លង​ទៅ​កាន់​អ្នក​ជំងឺផ្សេង​ទៀត​ ឬ​​ប្រជា​ពលរដ្ឋ​ដទៃ​បាន​នោះ​ឡើយ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ