១២​គ្រួសារ​មិន​ព្រម​ចាក​ចេញពីផ្ទះ​មាន​សភាព​ទ្រុឌទ្រោម តាម​ការ​ជូនដំណឹង​របស់​អាជ្ញាធរ


ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បើ​គិត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​ជាង​៧​ខែ​ហើយ ដែល​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង បាន​ដាក់​កំណត់​ឱ្យ​ប្រជាពលរដ្ឋ​១២​គ្រួសារ ដែល​កំពុង​រស់នៅ​ផ្ទះល្វែង​ដែល​កសាង​ក្នុង​ឆ្នាំ​១៩៣១ នៅ​ចំណុច​ផ្សារឆ្នាំង ចាក់ចេញ​ជា​បន្ទាន់ ព្រោះតែ​សំណង់ផ្ទះ​លែ្វ​ង ដែល​សាងសង់​ក្នុង​សម័យ​អាណានិគម​ន៍​បារាំង​មាន​សភាព​ទ្រុឌ​ទ្រោម ក្រែង​កើត​មាន​គ្រោះថ្នាក់​ថ្ងៃ​ណាមួយ​ជាយថាហេតុ ។

សេចក្តីរាយការណ៍​បន្ត​ថា ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​ទាំង​១២​គ្រួសារ​នៅ​មិន​ទាន់​ចាកចេញ​អស់​នៅឡើយ​ទេ ។ យ៉ាងនេះ​ក្តី អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង ក៏​មិនដឹង​ធ្វើ​ម្តេច​ដែរ ព្រោះតែ​ពួក​គាត់​អះអាង​ថា ជា​កម្មសិទ្ធិ​របស់​គាត់ តែ​ពួក​គាត់​គ្មាន​លទ្ធភាព​ធ្វើ​ថ្មី​បាន ។

សូម​រំ​ឮ​កថា យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​សាលាក្រុង​កំពង់ឆ្នាំង បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​លើ​សំណង់​អគារ​លេខ​១៣​ល្វែង ចាប់ពី​អគារ​លេខ B134 ដល់​B 147 ដែល​មាន​ប្រជាពលរដ្ឋ​១២​គ្រួសារ​កំពុង​រស់នៅ បាន​បញ្ជាក់​ថា តាម​មន្ត្រី​ជំនាញ​ដែល​​បាន​ចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​នៅ​អគារ​ខាងលើ​នេះ អាច​នឹង​បាក់​ស្រុត រលំ​នៅ​ថ្ងៃ​ណាមួយ​ជា​មិន​ខាន ព្រោះតែ​អគារ​នេះ​មាន​អាយុកាល​ប្រមាណ​ជិត​១០០​ឆ្នាំទៅ​ហើយ ថែម​ទាំង​មាន​សភាព​ពុក​ផុយ​ដោយ​កន្លែង​ទៀត​ផង ។

ហេតុនេះ​ហើយ​សូម​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​តែ​ស្នាក់​នៅ​ត្រូវ​ចាកចេញ ដោយ​មិន​ត្រូវ​ដេក មិន​ត្រូវ​ចូល​ជ្រក ឬ​សម្រាក​ឡើយ និង​សូម​ផ្អាក​ធ្វើ​អាជីវកម្ម​លក់ដូរ​ចាប់ពី​ថ្ងៃ​ទី​២៨​ខែមិថុនា ឆ្នាំ​២០១៩ តទៅ ។ ក៏​ប៉ុន្តែ​គិត​មក​ដល់​ពេល​នេះ​ជាង​៧​ខែ​ទៅ​ហើយ ប្រជាពលរដ្ឋ​ទាំងនោះ​នៅ​មិន​ទាន់​ចាកចេញ​នៅឡើយ​ទេ ។

អភិបាលក្រុង​កំពង់ឆ្នាំង លោក យិ​ន សា​វ៉េ​ន កាលពី​រសៀល​ថ្ងៃ​ទៅ​២៨ មក​រា ២០២០ បាន​ប្រាប់​ភ្នាក់ងារ​យើង​តាម​ទូរស័ព្ទ​ថា រដ្ឋបាល​សាលាក្រុង​កំពង់ឆ្នាំង បាន​ជូនដំណឹង​ដល់​អ្នក​រស់នៅ​លើ​ផ្ទះល្វែង​ដែល​មាន​អាយុកាល​ដ៏​ចំណាស់​នេះ​ហើយ ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ​មិន​ព្រម​ចេញ លោក​មិនដឹង​ធ្វើ​ម៉េច​ដែរ បើ​មាន​គ្រោះថ្នាក់​សូមកុំ​បន្ទោស​អាជ្ញាធរ ព្រោះ​អាជ្ញាធរ​បាន​ជូនដំណឹង​ដល់​ពួក​គាត់​រួច​ហើយ ។

យ៉ាងនេះ​ក្តី​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ លោក​នៅ​តែ​អំពាវនាវ​ជា​ថ្មី​ដល់​ប្រជាពលរដ្ឋ​កំពុង​ស្នាក់​នៅ​ក្នុង​អគារ​ខាងលើ​នេះ សូម​មេត្តា​ចាកចេញ​រក​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន ហើយ​សហការ​គ្នា​វាយ​អគារ​ចាស់​ចោល រួច​ធ្វើ​អគារ​ថ្មី​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ចុះ ព្រោះ​ក្នុង​ចំណោម​ផ្ទះ​ទាំង​១៣​ល្វែង មាន​មួយ​ភាគ​ជា​អគារ​របស់​រដ្ឋ ដែល​អាជ្ញាធរ​ខេត្ត​ទើប​សុំ​កាត់​ចេញពី​បញ្ជីសារពើភ័ណ្ឌ​រួច​ហើយ​ដែរ ដើម្បី​ប្រគល់​ជូន​អ្នក​ដែល​បាន​កាន់កាប់​តាំងពី​ដើម​មក ។

គួរ​រំលឹក​ដែរ​ថា អគារ​ផ្ទះល្វែង​១៣​ល្វែង​ខាងលើ​នេះ គឺ​កសាង​សម័យ​អាណានិគមនិយម​បារាំង​ក្នុង​ឆ្នាំ​១៩៣១ មក​ដល់​ពេល​នេះ​មាន​អាយុកាល​៨៩​ឆ្នាំ​ហើយ កំពុង​មាន​សភាព​ទ្រុឌទ្រោម​ជា​ខ្លាំង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៣:២៤ | ក្នុងស្រុក

ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន និង អ៊ូ​រី ហ្វា​យ​នែ​ន បាន​គួប​បញ្ចូល​គ្នា​ដោយ​ជោគ​ជ័យ​ទៅ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​​ប្រាក់​បញ្ញើ​មួយ​កាន់តែ​ធំ និង​រឹង​មាំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ