ខេត្តមណ្ឌលគិរី ៖ រដ្ឋបាលខេត្តមណ្ឌលគិរីកាលពីថ្មីៗនេះ បានចេញលិខិតជូនដំណឹងដល់មន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ឱ្យចុះពិនិត្យលក្ខណៈបច្ចេកទេស ពង្រឹងគុណភាព សុវត្ថិភាពសំណង់នានាទូទាំងខេត្ត ខណៈមន្ទីរជំនាញមួយនេះ ហាក់ត្រូវគេមើលឃើញថា កំពុងបណ្តែតបណ្តោយឲ្យម្ចាស់ការដ្ឋានសាងសង់សំណង់ធំៗជាច្រើន សង់ដោយរំលោភច្បាប់អនុញ្ញាត ។
យោងតាមលិខិតដែលចេញផ្សាយដោយរដ្ឋបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២១ មករា ២០២០ មានខ្លឹមសារថា រដ្ឋបាលខេត្តសូមជម្រាបជូនលោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងអភិបាលក្រុងស្រុកទាំងប្រាំឲ្យបានជ្រាបថា រដ្ឋបាលខេត្តបានសង្កេតឃើញថា ក្នុងទីប្រជុំជនក្រុងស្រុក ជាពិសេស ទីប្រជុំជនក្រុងសែនមនោរម្យ មានការអភិវឌ្ឍលើវិស័យសំណង់ជាច្រើនគួរឱ្យកត់សម្គាល់ ។ ដែលបង្ហាញពីការរីកចម្រើនរបស់ខេត្តក្នុងការសាងសង់លំនៅឋាន ដូចជា អាជីវកម្មអគារផ្សេងៗ ខេត្តក៏បានសង្កេតឃើញមានសំណង់មួយចំនួន មិនទាន់មានរបៀបរៀបរយ មិនមានច្បាប់អនុញ្ញាត និងខ្វះការត្រួតពិនិត្យលក្ខណៈបច្ចេកទេសត្រឹមត្រូវពីមន្ត្រីជំនាញឡើយ។
ករណីនេះ អាចបង្កឲ្យមានហានិភ័យជាយថា ហេតុណាមួយនៅពេលខាងក្រោយ ។ ដើម្បីធានាបាននូវសុវត្ថិភាពលើវិស័យសំណង់ប្រកបដោយសុវត្ថិភាព គុណភាពនៃការសាងសង់សំណង់នានា រដ្ឋបាលខេត្តសូមធ្វើការណែនាំលោកប្រធានមន្ទីររៀបចំដែនដី និងអភិបាលក្រុងស្រុកទាំង៥ ទទួលខុសត្រូវចាត់វិធានការពង្រឹងលើការត្រួតពិនិត្យច្បាប់អនុញ្ញាត បទដ្ឋានបច្ចេកទេស គុណភាពសំណង់ ជាពិសេសសំណង់កំពុងសាងសង់ ត្រូវអនុវត្តតាមគំនូសប្លង់បច្ចេកទេសបានត្រឹមត្រូវ ក្នុងករណីរកឃើញថា មានភាពមិនប្រក្រតីមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ត្រូវមានវិធានការបញ្ឈប់ជាបន្ទាន់ ដើម្បីឱ្យម្ចាស់សំណង់កែលម្អតាមការណែនាំរបស់ជំនាញក្នុងកាលនោះត្រូវចាត់វិធានការតាមច្បាប់។
មហាជនបានលើកឡើងថា នៅតាមដងផ្លូវជាតិសំខាន់ៗក្នុងក្រុងសែនមនោរម្យ និងតាមស្រុកចំនួន៤ផ្សេងទៀត គេតែងសង្កេតឃើញមានសំណង់ផ្ទះ ឬហាងលក់ដូរ រាប់រយទីតាំងសង់រំលោភចំនីផ្លូវ…សង់ក្រោមបង្គោលខ្សែភ្លើង…ជាដើម។
ជុំវិញបញ្ហាខាងលើនេះ លោក ម៉ៅ ចម្រើន ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី មិនអាចសុំការបកស្រាយបានទេ គិតត្រឹមវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៨ មករា ២០២០។
ចែករំលែកព័តមាននេះ