ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​តារា​កំប្លែង និង​ចម្រៀង​ធ្លាប់​ល្បី ឈ្មោះ សំ ប៉ូ​លី​ដា ដាច់​បាយ​ជិត​១​ខែ ព្រោះ​តែ​ជំងឺ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មិនមែន​ជា​ការ​សម្តែង តែ​នេះ​ជា​រឿង​កើតឡើង​ជាមួយ​អតីត​តារា​កំប្លែង និង​ជា​តារាចម្រៀង​ធ្លាប់​ល្បីឈ្មោះ សំ ប៉ូ​លី​ដា ដែល​ពេល​នេះ​ដំណើរ​ជីវិត​របស់​អ្នក​នាង​ក្លាយទៅជា​រឿង​សោកសៅ នឹក​ស្មាន​មិន​ដល់​។ អ្នក​នាង​បាន​ប្រែជា​ស្រពោន​ទាំង​សិល្បៈ…

រាជធានី​ភ្នំពេញ ៖ មិនមែន​ជា​ការ​សម្តែង តែ​នេះ​ជា​រឿង​កើតឡើង​ជាមួយ​អតីត​តារា​កំប្លែង និង​ជា​តារាចម្រៀង​ធ្លាប់​ល្បីឈ្មោះ សំ ប៉ូ​លី​ដា ដែល​ពេល​នេះ​ដំណើរ​ជីវិត​របស់​អ្នក​នាង​ក្លាយទៅជា​រឿង​សោកសៅ នឹក​ស្មាន​មិន​ដល់​។ អ្នក​នាង​បាន​ប្រែជា​ស្រពោន​ទាំង​សិល្បៈ និង​ជីវិត​រស់នៅ ហើយ​អំឡុង​ពេល​សព្វថ្ងៃ រកតែ​ប្រាក់​ចិញ្ចឹម​កូន​អត់​មាន​ទេ ។

អ្នក​នាង​បាត់បង់​ឱកាស​ដើរ​ច្រៀង ដាច់​លុយ​១​ខែ​រួច​មក​ហើយ ព្រោះ​ជំងឺ​ប៉ុន្មាន​មុខ​មក​ផ្តាច់​យក​ទៅ​សម្រាក​ព្យាបាល ប្រើប្រាស់​ខ្ទង់ចំណាយ​ច្រើន​ពេក​។ មហាជន​មួយ​ចំនួន នៅ​តែ​យល់​ថា សំ ប៉ូ​លី​ដា ធាតុ​ពិត​ធ្វើខ្លួន​ដុនដាបរ​យី​ករយាក ត្អូញ​អត់​ត្អូញ​លំបាក គឺជា​រូបភាព​សម្តែង និង​ជា​ការ​បំភ័ន្ត​ភ្នែក​យក​ឱ្យ​គេ​អាណិត​តែ​ប៉ុណ្ណោះ​។

លើស​ពី​នេះ គេ​នៅ​តែ​លើក​ឡើង​ថា អ្នក​នាង សំ ប៉ូ​លី​ដា ក៏​នៅ​សេសសល់​ទ្រព្យ​មួយ​ចំនួន នៅ​ឡើយ​មិន​ទាន់​អស់ពី​ខ្លួន ។ អ្នក​នាង​ក៏​ធ្លាប់​ធ្វើ​ជា​ថៅកែ​ហាង​បៀ​ហ្គា​ដិ​ន ហ៊ឺហា​កាលពី​អតីត​កាល រឿង​អ្វី​ដែល​មក​ក្រ​រក​ប្រាក់​មើលជំងឺ​មិន​បាន​។ យ៉ាងណាមិញ អ្នក​នាង​ធាតុ​ពិត​មានរឿង​ជា​ច្រើន​ដែល​ស្មុគ​ចិត្ត ហើយ​ការ​អស់ទ្រព្យ​ពី​ខ្លួន​នេះ​ហើយ​ធ្វើ​ឱ្យ​អ្នក​នាង​អាប់អួរ​លែង​ចង់​ធ្វើ​អ្វី​តទៅ​ទៀត​។

តប​ការ​រិះគន់ និង​ការ​យល់​ឃើញ​អ្នក​នាង សំ ប៉ូ​លី​ដា ដែល​ក្នុង​ខ្លួន​ពេល​នេះ​មាន​ជំងឺ​ប្រចាំ​កាយ បាន​រៀបរាប់​ថា អ្នក​នាង​មិន​ខឹង​អ្នក​យល់​ឃើញ​ថា នាង​លាក់​ពត់ ធ្វើ​ជា​ឈឺ​នោះ​ទេ​។ ប៉ុន្តែ​សភាព​ពិត​អំឡុង​ពេល​នេះ សេដ្ឋកិច្ច​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​នាង​ចង់​រលត់​ដូច​ចង្កៀង​ជិត​អស់​ប្រេង​បាត់​ទៅ​ហើយ​។ រាល់ថ្ងៃ​នាង​បានការ​អាណិតអាសូរ​ពី​ថៅកែ​ហៀ​ហ្គា​ដិ​ន​ជ្រោយចង្វា បាន​អាសូរ​ផ្តល់​ទីកន្លែង​ឱ្យ​ច្រៀ ចិញ្ចឹម​កូន រូប​នាង និង​ម្តាយ​ចាស់​ប្រមាណ​មួយ​ឆ្នាំ​ហើយ​។

ជាក់ស្តែង​១​ខែ​កន្លង​ទៅ​នេះ អ្នក​នាង​ឈឺ​ធ្ងន់​ដល់​ថ្នាក់​សម្រាក​ពេទ្យ​ដោយ​ជំងឺ​បេះដូង មេរោគ​ក្នុង​ថ្លើម និង​ជំងឺ​មួយ​ចំនួន​ទៀត​។ រយៈពេល​១​ខែ​អាក់ខាន​ឡើង​ច្រៀង ពេល​ខ្លះ​ធូរ​បន្តិច​ក៏​ស្ទុះ​ទៅ​ច្រៀង បាន​តែ​១​បទ​ឬ​២​បទ​ក៏​ត្រជាក់​ដៃ​ត្រជាក់​ជើង បេះដូង​ធ្វើទុក្ខ​ដឹក​មក​ពេទ្យ​ក៏​មាន​។

អ្នក​នាង​មិន​ចង់​អត់​កន្លែង​ច្រៀង​ទេ ព្រោះ​ទីតាំង​ហាង​ខាងលើ​នេះ​ហើយ​ដែល​ឱ្យ​តម្លៃ​អ្នក​នាង​បានការ​ងារ​ធ្វើ​។ ម្ល៉ោះហើយ​ទើប​ខ្លាចចិត្ត​ថៅកែ បើ​ទោះជា​គាត់​ឱ្យ​សម្រាក​មើលខ្លួន​ឱ្យ​ជា និង​ជួយ​ផ្តល់​ថវិកា​ថ្លៃ​ព្យាបាល​ក៏​អ្នក​នាង​នៅ​តែ​ឆ្លៀត​មក​ច្រៀង​។

អ្នក​នាង​ថា ការ​ធ្លាក់ខ្លួន​ក្រ​ជា​បទ​ពិសោធន៍​មួយ​ដែល​ស្តាយ​បំផុត​ក្នុង​ឆាកជីវិត ។ ពេល​អំឡុង​ល្បីឈ្មោះ​លេង​កំប្លែង គឺ​រក​លុយ​បាន គិតតែ​ពី​ហ៊ឺហា ដើរ​ចាយវាយ​លុយកាក់​ផឹកស៊ី​ភ្លើតភ្លើន មិន​ចេះ​ទិញ​ដីធ្លី​ទុក ដល់​ពេល​ធ្លាក់ខ្លួន​ទើប​ដឹង​។ ទាំងនេះ​ជា​បទ​ពិសោធន៍​សម្រាប់​តារា​ជំនាន់​ក្រោយ​រកបាន កុំ​ដើរ​ខ្ជះខ្ជាយ​សន្សំ​លុយ​ទុកដាក់​ឱ្យ​ល្អ​។

អ្នក​នាង​បែក​ពី​គ្រួសារ​របស់ទ្រព្យ​ចែក​គ្នា​រៀង​ៗ​ខ្លួន ហើយ​អ្នក​នាង​ចេះ​តែ​ដើរ​ចំណាយ​នេះ​ចំណាយ​​នោះ គ្មាន​បាន​ប្រកបការងារ​ទៀត​រឿង​អ្វី​មិន​ស្បើយ​។ សព្វ​ថ្ងៃនេះ លក់​ទ្រព្យ​អស់ពី​ខ្ល​ន មើល​ជំងឺ ហើយ​ស្ថានភាព​ជំងឺ​ក៏​ល្អ​មក​វិញ ។ ពេទ្យ​ថា ឱ្យ​ផ្តាច់​ស្រា សម្រាក​ឱ្យ​ច្រើន កុំ​គិត​ច្រើន​ធ្វើខ្លួន​ឱ្យ​សប្បាយ ។ ជា​ពិសេស​បើ​ហ៊ាន​ប្រើ​គ្រឿង​ស្រវឹង គឺ​ជំងឺរើម​ក​វិញ​ទ្វេ​ដង ទើប​៣​ខែ​មក​ហើយ​​ដែល​នាង​ខំ​អនុវត្តន៍​តាម​តឹងតែង​បំផុត ព្រោះ​មហាជន​ដឹង​ហើយ​ថា​នាង​ញៀន​ស្រា​បែប​ណា​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ