រាជធានីភ្នំពេញ៖ ការនាំចេញផលិតផលដែលផលិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនានា ទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេលមួយឆ្នាំ ២០១៩កន្លងទៅនេះ ទៅកាន់ទីផ្សារអន្តរជាតិ មានកំណើនប្រមាណ ២៧ភាគរយបើធៀបនឹងឆ្នាំ ២០១៨ កន្លងទៅ បើគិតជាទឹកប្រាក់ មានប្រមាណ ២.៦៨៨លានដុល្លារអាមេរិក ។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ។
របាយការណ៍ដដែលបានបង្ហាញថា បច្ចុប្បន្ននេះ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥៤តំបន់ ក្នុងនោះមាន ១៨តំបន់ដែលមានសកម្មភាពការងារជាអចិន្ត្រៃយ៍ ដោយមាន ក្រុមហ៊ុនកំពុងបំពេញការងារវិនិយោគរបស់ខ្លួនចំនួន ៤៦៥ក្រុមហ៊ុន ។ ក្នុងចំណោមតំបន់ សេដ្ឋកិច្ចពិសេសទាំង ១៨ និងក្រុមហ៊ុន ៤៦៥ក្រុមហ៊ុន បានផ្ដល់ការងារដល់ប្រជាពលរដ្ឋ ក្នុងស្រុកប្រមាណ ១២ម៉ឺន ៥ពាន់នាក់ ។
តាមរបាយការណ៍នេះ បានបញ្ជាក់ផងដែរថា តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ជាតំបន់សេដ្ឋ កិច្ចដែលមានសកម្មភាពខ្លាំងជាងគេ ដែលបច្ចុប្បន្ននេះ បានពង្រីកផ្ទៃដីដល់ទៅ ៣៥៣ ហិចតា មានក្រុមហ៊ុនវិនិយោគចំនួន ១២១ក្រុមហ៊ុន និងប្រើប្រាស់កម្លាំងពលកម្មប្រមាណ ជាង ២ម៉ឺននាក់ ១ពាន់នាក់ ។ ក្រុមហ៊ុនដែលកំពុងដំណើរការនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ មានប្រភពមកពីថៃ វៀតណាម ចិន ជប៉ុន ប៊ែលហ្សិក ហុងកុង ម៉ាឡេស៊ី សិង្ហបុរី សហរដ្ឋអាមេរិក និងហ្វីលីពីនជាដើម ។
ក្នុងឆ្នាំ ២០១៩កន្លងទៅនេះដែរការនាំចេញរបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សម្រេច បានទឹកប្រាក់ប្រមាណ ៥១៨លានដុល្លារអាមេរិក ជាទឹកប្រាក់មួយច្រើនជាងតំបន់ សេដ្ឋកិច្ចពិសេសផ្សេងៗ ។
នៅក្នុងដំណើរទស្សនកិច្ចរបស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកាលពីពេលថ្មីៗនេះ លោកបានលើកទឹកចិត្តដល់ក្រុមហ៊ុន ដែលកំពុងដំណើរការក្នុងតំបន់សេដ្ឋកិច្ចនានាបន្តជំរុញការវិនិយោគរបស់ខ្លួនបន្ថែមទៀត ក្នុងពេលដែលរដ្ឋាភិបាលក៏បានសម្របសម្រួល ដល់វិនិយោគិនមកពីគ្រប់ទិសទី ដើម្បី ទាក់ទាញបន្ថែមមកបណ្ដាក់ទុនវិនិយោគ ។
សូមរំឭកថា កាលពីពេលថ្មីៗនេះសារព័ត៌មានបរទេសរបស់ជប៉ុនមួយបានចុះផ្សាយថា កម្ពុជាជាទីតាំងដែលទាក់ទាញបំផុតសម្រាប់ការផ្លាស់ប្តូរក្រុមហ៊ុនពីប្រទេសថៃក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសជាកន្លែងដែលទាក់ទាញជាងគេ ដោយសារតែកម្លាំងពលកម្មនៅក្នុង ប្រទេសកម្ពុជានៅមានកម្រិតទាបជាងប្រទេសជិតខាងជាពិសេសប្រទេសថៃ ដូច្នេះ វិនិយោគិនក៏ដូចជាអ្នកផលិតត្រូវការរកប្រទេសណាដែលមានតម្លៃពលកម្មនៅទាប ដើម្បី ប្រកួតប្រជែងក្នុងការនាំចេញ ។
ម្យ៉ាងវិញទៀត ទំនាស់ពាណិជ្ជកម្មរវាងចិន និងអាមេរិក ក៏បានជំរុញឱ្យក្រុមហ៊ុនផលិត ទំនិញនាំចេញទៅកាន់អាមេរិកក៏បានផ្លាស់ប្តូរពីប្រទេសចិន មកកម្ពុជាមួយចំនួនផងដែរ ដើម្បីគេចចេញពីខ្សែជំលោះពាណិជ្ជកម្ម និងខណៈពេលកម្ពុជាទទួលបានការអនុគ្រោះ ពន្ធនូវទំនិញមួយចំនួនផងដែរ ។
យោងតាមរបាយការណ៍របស់ធនាគារជាតិ នៃ កម្ពុជា បានបង្ហាញផងដែរថា កំណើន សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំនេះរំពឹងថានឹងទទួលបានកំណើនជាវិជ្ជមានក្នុងកម្រិតប្រមាណ ៧ភាគរយ ក្នុងនោះវិស័យ ៣ ដែលនៅតែគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងនោះ វិស័យនាំចេញជាវិស័យសំខាន់ជាងក្នុងការគាំទ្រ បន្ទាប់មកទៀត គឺវិស័យសំណង់ និងទេសចរណ៍ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ