ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​ រ័​ត្ន រចនា កំពុង​តែ​កាក់​កប​​ខ្លាំង​​រហូត​ជិត​បាន​ផ្ទះ​ថ្មី​តម្លៃ​ជាង​៦​ម៉ឺន​​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​តារាចម្រៀង​ដែល​ល្បីល្បាញ​តាម​រយៈ​បទ​«​មេម៉ាយ​សប្បាយចិត្ត​» រ័​ត្ន រចនា កំពុង​តែ​កាក់កប​ខ្លាំង​ទៅ​នឹង​អាជីព​សិល្បៈ​របស់​នាង ហើយ​បាន​កែប្រែ​ជីវភាព​ថ្មី​កាន់តែ​ហ៊ឺហា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ ក្រោយ​ពី​ប្តូរ​មក​ជិះ​រថយន្ត តារាចម្រៀង​រ័​ត្ន រចនា…

រាជធានី​ភ្នំពេញ ៖​តារាចម្រៀង​ដែល​ល្បីល្បាញ​តាម​រយៈ​បទ​«​មេម៉ាយ​សប្បាយចិត្ត​» រ័​ត្ន រចនា កំពុង​តែ​កាក់កប​ខ្លាំង​ទៅ​នឹង​អាជីព​សិល្បៈ​របស់​នាង ហើយ​បាន​កែប្រែ​ជីវភាព​ថ្មី​កាន់តែ​ហ៊ឺហា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

ក្រោយ​ពី​ប្តូរ​មក​ជិះ​រថយន្ត តារាចម្រៀង​រ័​ត្ន រចនា ត្រៀម​ឡើង​នៅផ្ទះ​ថ្មី ឆាប់​ៗ​នេះ​ទៀត ដោយ​នាង​បាន​ទិញ​ក្នុង​តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ​។ រ័​ត្ន រចនា បាន​អះអាង​ថា ផ្ទះ​ថ្មី​ដែល​នាង​បាន​ទិញ​នេះ​គឺជា​ប្រភេទ​ផ្ទះល្វែង​ធម្មតា​ប៉ុណ្ណោះ​នៅ​ម្តុំ​ចោម​ចៅ ខណៈ​តម្លៃ​មិនសូវ​ថ្លៃទេ​ ពោល​គឺ​ប្រមាណ​ជាង​៦​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ។ ផ្ទះ​នេះ​គ្រោង​នឹង​សាងសង់​រួចរាល់​នៅ​អំឡុង​ខែមេសា ឆ្នាំ​២០២០ ចំណែក​ការ​រៀបចំ​ឡើង​គេហដ្ឋាន​ថ្មី​នេះ ឬ​យ៉ាងណា​នោះ​គឺ​នាង​មិន​ទាន់​មាន​គម្រោង​ឡើយ ។

បើ​តាម​នាង រ័​ត្ន រចនា លុយ​ដែល​នាង​យក​ទៅ​ទិញ​ផ្ទះ​នេះ​គឺ​បាន​មក​ពី​ការ​សន្សំ​របស់​នាង​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​នាង​មាន​ទីផ្សារ​សិល្បៈ​ច្រើន​។ យ៉ាងណា​ផ្ទះ​ថ្មី​ដែល​នាង​គ្រោង​នឹង​ឡើង​នៅ​ក្នុង​ពេល​ខាង​មុខ​នេះ​គឺជា​អ្វី​ដែល​នាង​សម្រេច​បាន​នៅ​ក្នុង​ការ​មានផ្ទះ​មួយ​នៅ​សមរម្យ​ជាមួយ​គ្រួសារ​ប៉ុណ្ណោះ មិនមែន​ចង់​បង្អួត​ភាព​ហ៊ឺហា​អ្វី​នោះ​ឡើយ​។

ជា​ការ​កត់សម្គាល់​បន្ទាប់​ពី​ចាប់​ឈោង​ភាព​ល្បីល្បាញ​ពី​ការ​បកស្រាយ​ចម្រៀង​មេម៉ាយ​សប្បាយ​ចិត្ត​នោះ រ័​ត្ន រចនា បាន​ហក់​ទីផ្សារ​យ៉ាង​ខ្លាំង​ស្ទើរ​ដកខ្លួន​មិន​បាន ។ ជាមួយនឹង​ការ​ចេញ​ច្រៀង​នៅ​តាម​មង្គលការ​តូច​-​ធំ​នានា​ស្ទើរ​មិន​ដាច់​រយៈ រ័​ត្ន រចនា ក្នុង​មួយ​ខែ​នាង​អាច​រក​ចំណូល​ពី​អាជីព​បាន​រាប់​ពាន់​ដុល្លារ ។

រ័​ត្ន រចនា ធ្លាប់​បាន​អះអាង​ថា បច្ចុប្បន្ន​នាង​មានការ​មមាញឹក​យ៉ាង​ខ្លាំង​នៅ​ក្នុង​អាជីព​សិល្បៈ​នេះ ដោយ​នាង​បាន​ចេញ​ច្រៀង​តាម​បណ្តា​រោងការ​នានា​ជា​បន្តបន្ទាប់ ដោយសារ​ខែ​នេះ​ជា​ខែ​មង្គល​ការ ហេតុនេះ​នាង​បាន​ចេញ​ច្រៀង​ស្ទើរ​រៀងរាល់ថ្ងៃ ។ នាង​បញ្ជាក់​ថា ដោយសារ​តែ​ម្ចាស់​កម្មវិធី​មានចិត្ត​អាណិត​ស្រឡាញ់​រូប​នាង​នោះ ទើប​ពួក​គាត់​តែងតែ​ហៅ​នាង​ឲ្យ​មក​ច្រៀង និង​នាំ​ការ​សប្បាយ​ដល់​ពិធី​មង្គលការ​របស់​ពួក​គាត់ ធ្វើ​ឲ្យ​នាង​អាច​មាន​លទ្ធភាព​រក​ចំណូល​បាន​ពី​អាជីព​ច្រៀង​នេះ​បាន​គួ​សម ។

បច្ចុប្បន្ន​ក្រៅពី​អាជីព​ច្រៀង​នេះ នាង​ក៏​មាន​រៀបចំ​វង់ភ្លេង​សម័យ​សម្រាប់​បម្រើ​ជូន​ពិធី​មង្គលការ​តូច​ធំ​ផង​ដែរ ខណៈ​ពេល​ដែល​នាង​នឹង​មាន​បទ​ចម្រៀង ថ្មី​ៗ​នៅ​ក្នុង​ផលិតកម្ម​ឡេ​ង​ណា​វ៉ា​ត្រា ដែល​ជា​ទ្រនំ​ដែល​នាង​កំពុង​តែ​ជ្រកកោន​ផង​ដែរ ។

តារាចម្រៀង​ស្រី​វ័យ​៣២​ឆ្នាំ​រូប​នេះ សប្បាយ​ចិត្តជា​ខ្លាំង​នៅ​ពេល​ទីផ្សារ​របស់​ខ្លួន​ផ្ទុះ​ខ្លាំង​បែប​នេះ ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​នាង​កាន់​តែ​​ប្រសើរ​ឡើង​ៗ​ទៅ​១​ថ្ងៃ​ទៅ​១​ថ្ងៃ ដោយ​កន្លង​មក មិន​ដែល​ធ្លាប់​គិត​ឡើយ​ថា អាជីព​សិល្បៈ​មួយ​នេះ​អាច​ឈាន​ដល់​ចំណុច​នេះ​ឡើយ ។

រ័​ត្ន រចនា បន្ត​ឲ្យ​ដឹង​ថា ខ្លួន​ប្រឡូក​លើ​វិស័យ​ចម្រៀង​តាម​វង់ភ្លេង​ការ និង​កម្មវិធី​ផ្សេង​ៗ ជាង​២០​ឆ្នាំ​​ហើយ ដោយ​នាង​មិន​មាន​ឈាមជ័រ​ជា​អ្នកសិល្បៈ​ឡើយ ។ បទ​ចម្រៀង​ដែល​នាង​ចូល​ចិត្ត​ច្រៀង ភាគច្រើន​ជា​បទ ពី​ដើម​ៗ ជា​ពិសេស​បទ​របស់​អ្នកស្រី​ប៉ែន រ៉​ន ព្រោះ​បទ​ចម្រៀង​របស់​អតីត​​តារាចម្រៀង​ជើង​ចាស់​រូប​នេះ​បែប សប្បាយ​ៗ ដែល​ត្រូវ​នឹង​អត្ត​ចរិត​នាង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ